អានតួអត្ថបទ
តម្លៃប្រេង

ចិនចាប់ដៃ​ជាមួយ អាមេរិក ដើម្បីចូលរួមដាក់សម្ពាធ​ឲ្យ​គេ​បញ្ចុះតម្លៃ​ប្រេង នៅទីផ្សារ

ប្រឈម​នឹង​វិបត្តិប្រេងឡើងថ្លៃ មហាអំណាច​អាមេរិក និង​ចិន បាន​ទុក​ជម្លោះពាណិជ្ជកម្ម​រវាងគ្នា នៅមួយកន្លែង ដោយ​ងាក​មក​ចាប់ដៃគ្នា ដើម្បី​ពង្រឹងកម្លាំង​ដាក់សម្ពាធ​លើ​ក្រុមប្រទេស​ផលិត នាំចេញប្រេង។ តាម​ការប្រកាស​របស់​សេតវិមាន កាលពី​ថ្ងៃ​អង្គារទី ២៣ វិច្ឆិកា ប្រទេស​ប្រើប្រាស់ប្រេង​ធំៗ​មួយចំនួន ​ដូចជា ចិន ឥណ្ឌា កូរ៉េខាងត្បូង និង​ជប៉ុន​បាន​យល់ព្រម​ចូលរួម​ជាមួយ​អាមេរិក ដែល​បាន​អំពាវនាវ​ឲ្យ​គេ​ប្រើប្រាស់​ប្រេង​ក្នុងស្តុកបម្រុង ក្នុងគោលដៅ​ បញ្ចុះ​តម្លៃប្រេង នៅទីផ្សារ​ប្រេងអន្តរជាតិ។

ដើម្បីទម្លាក់តម្លៃប្រេង​ រដ្ឋបាល​លោក​ចូ បៃដិន​បាន​ប្រកាស​បញ្ចេញប្រេង ៥០លាន​បារីល​ទៅក្នុងទីផ្សារ កាលពី​ថ្ងៃ​អង្គារ​ទី ២២​វិច្ឆិកា ២០២១
ដើម្បីទម្លាក់តម្លៃប្រេង​ រដ្ឋបាល​លោក​ចូ បៃដិន​បាន​ប្រកាស​បញ្ចេញប្រេង ៥០លាន​បារីល​ទៅក្នុងទីផ្សារ កាលពី​ថ្ងៃ​អង្គារ​ទី ២២​វិច្ឆិកា ២០២១ © REUTERS/Dado Ruvic/Illustration/File Photo
ផ្សាយពាណិជ្ជកម្ម

ក្លាយជា​ដៃគូ​សហការគ្នា ដោយសារ​កាលៈទេសៈ​ចាប់តម្រូវ។ តាម​សេតវិមាន ចិន​ដែល​ជា​ប្រទេស​ទិញនាំចូលប្រេង​ដ៏ធំមួយ​ក្នុង​ពិភពលោក បាន​ចូលរួម​ជាមួយ អាមេរិក និង​ក្រុមប្រទេសសម្ព័ន្ធមិត្ត​របស់​អាមេរិកផ្សេងទៀតក្នុង​យុទ្ធនាការ​បញ្ចុះតម្លៃប្រេង។ ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស​Reuters បានចុះផ្សាយ​នៅថ្ងៃ​អង្គារ​ថា ជប៉ុន និង​ឥណ្ឌា​កំពុង​ពិចារណា លើ​ជម្រើស​ប្រើប្រាស់​ប្រេង​ក្នុង​ស្តុកបម្រុង​របស់ខ្លួន ព្រោះថា ក្នុងករណី​ជប៉ុន ច្បាប់​បាន​ហាមដាច់ខាត​មិន​ឲ្យ​គេ​បញ្ចេញប្រេង​ពីក្នុង​ស្តុកបម្រុង ដោយ​លើកលែង​តែករណី​គ្រោះមហន្តរាយធម្មជាតិ ឬ ការខ្វះខាត​ប្រេង​ក្នុងស្រុកតែប៉ុណ្ណោះ។

នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​អង្គារ សេតវិមានបាន​អះអាងថា នៅ​ក្នុង​បក្សសម្ព័ន្ធ ដែល​ទើប​កើតមាន​ជា​លើកទី១ អាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា នឹង​ប្រើប្រាស់​ប្រេង​ក្នុង​ស្តុកបម្រុង​របស់ខ្លួន ក្នុងគោលដៅ បញ្ចុះ​តម្លៃ​ប្រេង។ គំនិតផ្តួចផ្តើម​របស់​អាមេរិក មាន​បំណង​ផងដែរ ដាក់សម្ពាធ​លើ​ក្រុមប្រទេស​ផលិត និង​នាំ​ចេញប្រេង ដូចជា អារ៉ាប៊ី សាអូឌីត និង​រុស្ស៊ី។

អាមេរិក​ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​ប្រេងឡើងថ្លៃ ធ្លាប់​បាន​ស្នើសុំ​ឲ្យ​ក្រុមប្រទេស​បង្កើន​បរិមាណ ផលិតប្រេង​ច្រើន​ជាងមុន ដើម្បីធ្វើ​ឲ្យ​តម្លៃ​ប្រេង​ធ្លាក់ចុះមកវិញ នៅទីផ្សារ​អន្តរជាតិ។ ប៉ុន្តែ សមាជិក​របស់​អង្គការ​ក្រុមប្រទេស​ផលិតប្រេង OPEP ជាពិសេស រុស្ស៊ី បានបដិសេធ ប៉ុន្តែ សុខចិត្ត​បង្កើន​ការផលិត​របស់​ខ្លួន តែត្រឹម ៤សែន​បារីល ក្នុង​មួយ​ថ្ងៃ​តែប៉ុណ្ណោះ។

នៅអាមេរិក តម្លៃប្រេងឡើងថ្លៃ នៅ​ក្នុង​ឱកាស​បុណ្យ Thank giving ពេលវេលា​ដែលប្រជាជន​អាមេរិក​ធ្វើដំណើរផ្លាស់ទីច្រើន​ដោយ​មធ្យោបាយ​រថយន្ត ជាសញ្ញាមិនល្អ​ទេ សម្រាប់​លោកប្រធានាធិបតី​ចូ បៃដិន ដែល​បារម្ភ​ខ្លាច​ចាញ់ឆ្នោត នៅក្នុង​ការបោះឆ្នោតសភា​ពាក់កណ្តាល ដែលត្រូវ​ប្រព្រឹត្ត​ទៅ​ដើម​ឆ្នាំក្រោយ។

ដើម្បី​បញ្ចុះតម្លៃប្រេង​ក្នុង​ស្រុក រដ្ឋបាល​អាមេរិក​នឹង​បញ្ចេញប្រេង​ពី​ក្នុង​ស្តុក​បម្រុង របស់ខ្លួន ប្រមាណ ៥០លាន​បារីល ទៅក្នុង​ទីផ្សារ។ ៣៨លាន​បារីល សម្រាប់​ឲ្យ​ក្រុមហ៊ុន​ខ្ចី​ទៅលក់បន្ត និង​ត្រូវ​សង​មក​រដ្ឋវិញ ចាប់ពីឆ្នាំក្រោយ។ ចំណែក ១២​លាន​បារីល​ផ្សេងទៀត នឹង​ត្រូវ​ដាក់​លក់​ក្នុងទីផ្សារ​ផ្ទាល់តែម្តង ក្នុង​រយៈពេល ១៨ខែ។

អាមេរិក​មាន​ប្រេង​ក្នុង​ស្តុកបម្រុង​ជា​យុទ្ធសាស្រ្ត​របស់ខ្លួន ប្រមាណ ៧៥០លានបារីល។ អាមេរិក​ធ្លាប់អនុវត្ត​យុទ្ធសាស្រ្ត​បញ្ចេញប្រេង​ពីក្នុងស្តុកបម្រុង​៣លើកមកហើយ ដោយ​ចុងក្រោយបំផុត នៅ​ឆ្នាំ ២០១១ នៅពេល លីប៊ី សមាជិក​របស់​ក្រុមប្រទេស​ផលិតប្រេង ធ្លាក់ក្នុង​សង្រ្គាមស៊ីវិល នៅ​ឆ្នាំ ២០១១។

ការប្រកាស​បញ្ចេញប្រេង​ពីក្នុង​ស្តុកបម្រុង​របស់​អាមេរិក ដែលមានការចូលរួម​គាំទ្រ​ពីប្រទេស​ទិញនាំចូលប្រេងធំៗ ដូចជា​ចិន ឥណ្ឌា បាន​ធ្វើ​ឲ្យ​តម្លៃប្រេង​នៅទីផ្សារ​អន្តរជាតិ​ធ្លាក់​ចុះ​បន្តិច នៅ​ថ្ងៃអង្គារ។ តម្លៃប្រេង​នៅទីផ្សារ​អន្តរជាតិ បានធ្លាក់ចុះ​ថ្លៃរួចហើយ នៅ​ប៉ុន្មានថ្ងៃចុងក្រោយនេះ នៅបន្ទាប់ពី​មានការព្រួយបារម្ភ​ពី​ចំណាត់ការបិទខ្ទប់​ប្រទេស​សាជាថ្មី ដោយសារ​ការកើនឡើង​នៃ​ករណី​ឆ្លងជំងឺកូវីដ ១៩។ អ្នកវិភាគវិញ វាយតម្លៃថា យុទ្ធនាការ​របស់​អាមេរិក​ដែលដើរបញ្ចុះបញ្ចូល​ឲ្យ​គេ​បញ្ចេញប្រេង​ពីក្នុង​ស្តុក មកប្រើ ក្នុងគោលដៅ ទម្លាក់តម្លៃប្រេង នឹង​មិនសូវ​មាន​សម្ពាធ​ខ្លាំង​លើ​ក្រុមប្រទេស​ផលិតប្រេង​នោះទេ។ ក្រុមប្រទេស​ផលិតប្រេង​នៅតែអាច​យកលេសថា គេ​នឹង​មិន​បង្កើនការផលិតប្រេង ព្រោះ តម្រូវ​ការប្រេង​នឹង​ធ្លាក់ថយចុះ ដោយសារ​វិធានការ​បិទខ្ទប់​ប្រទេសសាជាថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ