អានតួអត្ថបទ
អឺរ៉ុប-ថាមពល

សមាជិក​សហភាព​អឺរ៉ុប ខ្វែង​គំនិតគ្នា ក្នុង​ការ​ដោះស្រាយ​វិបត្តិ​តម្លៃ​ថាមពល​ឡើងថ្លៃ​ខ្លាំង

បណ្តាប្រទេសអឺរ៉ុប កំពុងរងជួបប​ញ្ហា ឡើងថ្លៃថាមពលខ្លាំងណាស់ មិន​ថា​ប្រេងឥន្ធនៈ ភ្លើងអគ្គីសនី និង​ហ្កាស។ កាលពីថ្ងៃអង្គារ ទី​២៦តុលាម្សិលមិញ រដ្ឋមន្ត្រីពាក់ព័ន្ធនៃប្រទេសសមាជិកអឺរ៉ុប បានជួប​ប្រជុំគ្នាបន្ទាន់ នៅប្រទេសលុចហ្សំបួរ ដើម្បី​ស្វែងរកដំណោះស្រាយ​រួមគ្នា ទល់​នឹងបញ្ហានេះ។ ក៏ប៉ុន្តែ ដោយសារតែការខ្វែងគំនិតគ្នា ប្រទេសសមាជិកអឺរ៉ុប មិន​បានសម្រេចវិធានការអ្វីទាល់តែសោះ។

តម្លៃប្រេងឥន្ធនៈ នៅស្ថានីយ៍មួយកន្លែង ក្នុងក្រុងម៉ាកសី ភាគខាងត្បូងប្រទេសបារាំង ថ្ងៃទី ២១ តុលា ២០២១
តម្លៃប្រេងឥន្ធនៈ នៅស្ថានីយ៍មួយកន្លែង ក្នុងក្រុងម៉ាកសី ភាគខាងត្បូងប្រទេសបារាំង ថ្ងៃទី ២១ តុលា ២០២១ AP - Daniel Cole
ផ្សាយពាណិជ្ជកម្ម

តម្លៃថាមពល ទាំងអគ្គីសនី ហ្កាស និងប្រេងឥន្ធនៈ បានឡើងខ្ពស់ស្រឺតៗ ធ្វើឲ្យ​ប្រជាជនអឺរ៉ុប ចាប់ផ្តើមរអ៊ូរទាំ។ រដ្ឋាភិបាល​ប្រទេសមួយចំនួន​ ចាប់ផ្តើមចេញវិធានការផ្សេងៗគ្នា ដូចជា​ការ​កំណត់ តម្លៃអតិបរមា មិន​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់លក់លើសពីនេះ។ នៅបារាំង រដ្ឋាភិបាល​បាន​សម្រេច ផ្តល់ជាថវិកា ចំនួន​១០០អឺរ៉ូ សម្រាប់អ្នកណា ដែល​មាន​ចំណូល​ប្រាក់ខែក្រោម​២០០០អឺរ៉ូ។

តែយ៉ាងណា ទាំងនេះ គ្រាន់តែជាដំណោះស្រាយ​បណ្តោះអាសន្ន សម្រាប់រយៈពេលខ្លី។ ប្រទេសអឺរ៉ុបខ្លះ មានបារាំង អេស្ប៉ាញ ក្រិក និងសាធារណរដ្ឋឆេកជាដើម បាននាំគ្នាអំពាវនាវ ថាត្រូវតែ​ដោះស្រាយ​ក្នុងក្របខណ្ឌសហភាពអឺរ៉ុប។ ពោលគឺ អឺរ៉ុបត្រូវតែរួមគ្នា ពិនិត្យ និង​រៀបចំឡើងវិញ នូវទីផ្សារផ្គត់ផ្គង់ និងចែកចាយថាមពល ដើម្បីការពារកុំឲ្យ​តម្លៃឡើងចុះមិនទៀង​បែបនេះ។

កិច្ចប្រជុំបន្ទាន់មួយ ត្រូវបានរៀបចំឡើង ក្នុងក្របខណ្ឌអឺរ៉ុប ដោយ​មានរដ្ឋមន្ត្រីពាក់ព័ន្ធ នៃប្រទេសសមាជិកទាំង​២៧ នៅឯប្រទេសលុចហ្សំបួរ កាលពីព្រឹកថ្ងៃអង្គារទី​២៦តុលា។ តែកិច្ចប្រជុំនេះ បានបិទបញ្ចប់ ដោយ​ការខ្វែងគំនិតគ្នា យ៉ាងខ្លាំង រវាងប្រទេសសមាជិក។ នេះ បើផ្អែកតាមការបញ្ជាក់ ពីលោកស្រី Kadri Simson ស្នងការអឺរ៉ុប ទទួល​បន្ទុកសំណុំរឿងថាមពល។ ពោលគឺគ្មានវិធានការរួមអ្វីទាំងអស់ នៅក្នុងក្របខណ្ឌអឺរ៉ុប ដើម្បីដោះស្រាយ​បញ្ហា​ថាមពលឡើងថ្លៃនេះ។

គួរបញ្ជាក់ថា នៅមុនពេល​បើកកិច្ចប្រជុំ ប្រទេសអេស្ប៉ាញ បានស្នើឲ្យ​ប្រទេស​សមាជិកអឺរ៉ុប រួមគ្នាចរចាទិញហ្កាសរួមគ្នាតែម្តង ដើម្បីបានតម្លៃថោក ហើយត្រូវបើកលទ្ធភាព​​ឲ្យ​ប្រទេសនីមួយ អាច​ព្យួរប្រព័ន្ធ​កំណត់​អត្រាតម្លៃអគ្គីសនី។ ក៏ប៉ុន្តែ មាន​ប្រទេសចំនួន​យ៉ាងហោច៩ ក្នុងនោះ មានអាល្លឺម៉ង់ បានប្រកាស ថាគេមិនគាំទ្រដាច់ខាត នូវគំនិតចង់ទៅធ្វើ​កំណែទម្រង់ទីផ្សារថាមពលអឺរ៉ុប ព្រោះថាវានឹងមិន​មកជួយ បញ្ចុះតម្លៃថាមពលទេ ព្រោះតម្លៃថាមពល វារងឥទ្ធិពលដោយ​ផ្ទាល់ ពីទីផ្សារពិភពលោក នៃ​តម្លៃវត្ថុធាតុដើមប្រភពថាមពលហ្វូស៊ីល ។

ដោយឡែក​ ប្រទេសអឺរ៉ុបខ្លះទៀត បានសង្ស័យក្រុមហ៊ុន​ផ្គត់ផ្គង់ហ្កាសរបស់រុស្ស៊ី Gazprom ថាបាន​បំប៉ោងតម្លៃ។ គណកម្មការអឺរ៉ុប បានសន្យថាគេនឹងពិនិត្យ​មើលរឿងនេះ។ គណកម្មការអឺរ៉ុប ក៏កំពុងសិក្សាដែរ ក្នុងករណី​ទិញ​ហ្កាសរួមគ្នា ថាតើ អ្នកណាជាអ្នកចំណាយ​លើការស្តុកហ្កាស ហើយ​ត្រូវបែងចែង​ ឲ្យ​គ្នាដោយ​របៀបណា។

គួរកត់សំគាល់ថា វិបត្តិតម្លៃថាមពលឡើងថ្លៃខ្លាំងនេះ កំពុងតែដាក់សំពាធយ៉ាងខ្លាំង នៅតាមប្រទេសអឺរ៉ុប ខណៈដែលសន្និសីទអន្តរជាតិ COP26 កំពុងតែខិតជិតមកដល់។ បញ្ហានេះ បានធ្វើ​ឲ្យ​មាន​ការខ្វែងគំនិតគ្នា រវាងក្រុម​អ្នកចង់​ដំឡើងពន្ធលើប្រភពថាមពល​ ដែលបញ្ចេញឧស្ម័នកាបូនិក និង​អ្នកដែល​ចង់ទាមទារ​បញ្ចុះអត្រា​ពន្ធ ដើម្បី​បន្ថយ​តម្លៃលក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ