អានតួអត្ថបទ
បែលហ្ស៊ិក-វៀតណាម-អន្តោប្រវេសន៍

បែលហ្ស៊ិក​៖ សវនាការ​កាត់ទោស​មនុស្ស​២៣នាក់ ពាក់ព័ន្ធ​នឹង​ករណី​សាកសព​ជនជាតិ​វៀតណាម​​៣៩នាក់ ក្នុងរថយន្តកុងទឺនឺ​​កាលពី​ឆ្នាំ២០១៩

ហេតុការណ៍​ប្រទះឃើញសាកសពជនជាតិវៀតណាម៣៩នាក់ នៅក្នុងរថយន្តកុងទឺនឺមួយ នៅជាយ​ទីក្រុងឡុងដ៍ កាលពីខែតុលា ឆ្នាំ​២០១៩ បានធ្វើឲ្យ​មានការតក់ស្លុតជាខ្លាំង នៅទូទាំងពិភពលោក។ នីតិវិធីស៊ើបអង្កេត ដើម្បី​ផ្តន្ទាទោសអ្នកទទួលខុសត្រូវ លើករណី​នេះ បាន​ដំណើរការទៅ​ នៅតាម​ប្រទេសចំនួនយ៉ាងហោច ៤ប្រទេស។ នៅថ្ងៃពុធទី១៥ធ្នូនេះ តុលាការទីក្រុង​ប៊្រុយហ្ស៍ ប្រទេសប៊ែលហ្ស៊ិក បានចាប់ផ្តើម​បើកសវនការ ជំនំជំរះទោស លើជនសង្ស័យចំនួន​២៣នាក់ ដែលពាក់ព័ន្ធនឹងបណ្តាញជួញដូរ ដឹកជញ្ជូនអន្តោប្រវេសន៍ខុសច្បាប់ ជនជាតិវៀតណាម ទាំង៣៩នាក់នេះ។

ថ្ងៃទី ២៣ តុលា ២០១៩ សមត្ថកិច្ច​អង់គ្លេស កំពុងតែពិនិត្យរថយន្ត ដែលគេបានប្រទះឃើញសាកសពជនជាតិវៀតណាម ៣៩នាក់ នៅតំបន់ឧស្សាហកម្ម Grays ជាយខាងកើតទីក្រុងឡុងដ៍​
ថ្ងៃទី ២៣ តុលា ២០១៩ សមត្ថកិច្ច​អង់គ្លេស កំពុងតែពិនិត្យរថយន្ត ដែលគេបានប្រទះឃើញសាកសពជនជាតិវៀតណាម ៣៩នាក់ នៅតំបន់ឧស្សាហកម្ម Grays ជាយខាងកើតទីក្រុងឡុងដ៍​ AP - Alastair Grant
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី២៣ តុលា ២០១៩ សមត្ថកិច្ចអង់គ្លេស បានប្រទះឃើញរថយន្តកុងទឺនឺមួយ ចតចោល នៅតំបន់ឧស្សាហកម្មGrays ជាយខាងលិចទីក្រុងឡុងដ៍។ ក្នុងរថយន្តនោះ មានមនុស្សចំនួន​៣៩នាក់ សុទ្ធតែជាជនជាតិវៀតណាម ប្រុស៣១នាក់ ស្រី៩នាក់ បានស្លាប់ដោយថប់ដង្ហើម គ្មានអ៊ុកស៊ីហ្សែន។

ឆ្លងកាត់ការស៊ើបអង្កេត យ៉ាងហោចជនរងគ្រោះចំនួន​១៥នាក់ ត្រូវបាន​គេដឹកចេញពី សង្កាត់​Anderlecht នៅជាយក្រុងប្រ៊ុយសែល នៅថ្ងៃទី​២២ តុលា ដើម្បីធ្វើដំណើរអង់គ្លេស។ ថ្ងៃទី ២៦ ឧសភា ២០២០ សមត្ថកិច្ចប៊ែលហ្ស៊ិក បានឈានទៅចាប់ខ្លួនជនសង្ស័យជាង​២០នាក់ ដែលពាក់ព័ន្ធនឹងបណ្តាញជួញដូរមនុស្ស​ ដ៏គ្រោះថ្នាក់នេះ។

ថ្ងៃពុធទី​១៥ធ្នូ​ ២០២១ តុលាការទីក្រុងប្រ៊ុយហ្ស៍ បានចាប់​ផ្តើម​បើកសវនាការ កាត់ទោសមនុស្សចំនួន​២៣នាក់ ក្នុងនោះ ភាគច្រើនសុទ្ធសឹងតែជាជនជាតិវៀតណាម។ ជនជាប់ចោទសំខាន់ជាងគេ មានភេទប្រុស អាយុ៤៥ឆ្នាំ ជាជនជាតិវៀតណាម ត្រូវតុលាការសង្ស័យថា គឺជាមេបណ្តាញក្រុមឧក្រិដ្ឋកម្ម​ជួញដូរមនុស្ស។ ជននេះ អាចប្រឈមនឹងទោសជាប់ពន្ធនាគារ​១៥ឆ្នាំ។ ចំណែកជនជាប់ចោទផ្សេងៗទៀត ត្រូវបានតុលាការចោទពីបទចូលរួមសមគំនិត ក្នុងសកម្មភាពដឹកជញ្ជូនជនអន្តោប្រវេសន៍ដោយខុសច្បាប់។

គួររំលឹកថា ករណី​សាកសពជនជាតិវៀតណាម៣៩នាក់​ ស្លាប់ក្នុងកុងទឺនឺនេះ បាន​សបង្ហាញឲ្យ​ឃើញ​នូវ សកម្មភាពដ៏គ្រោះថ្នាក់ របស់បណ្តាញជួញដូរ ដឹកជញ្ជូនជនអន្តោប្រវេសន៍។ ពាក់ព័ន្ធនឹងករណីនេះ តុលាការអង់គ្លេស បាន​កាត់ទោសមនុស្ស​៧នាក់ កាលពីខែមករា ឆ្នាំ២០២១ ដោយជាប់ពន្ធនាគារ ចន្លោះពី ៣ ទៅ ២៧ឆ្នាំ។ នៅវៀតណាមវិញ តុលាការបានផ្តន្ទាទោស មនុស្សចំនួន​៤នាក់ កាលពីខែកញ្ញា ឆ្នាំ​២០២០ ឲ្យជាប់ពន្ធនាគារ ពី២ឆ្នាំ ទៅ៧ឆ្នាំកន្លះ។

ដោយឡែក នៅប៊ែលហ្ស៊ិក ការស៊ើបអង្កេតនៅមិនទាន់ចប់នៅឡើយទេ។ សមត្ថកិច្ចប៊ែលហ្ស៊ិក បានកំណត់មុខសញ្ញាបណ្តាញជួញដូរ ដឹកជញ្ជូនអន្តោប្រវេសន៍ខុសច្បាប់ ដែលមានទំនាក់ទំនង ជាមួយ​បណ្តាញនៅបារាំង នៅហូឡង់ និងអាល្លឺម៉ង់ផងដែរ។ កាលពីពាក់កណ្តាលឆ្នាំ​២០២០ សមត្ថកិច្ចបារាំង និង​ប៊ែលហ្ស៊ិក បានអះអាងថា បណ្តាញទុច្ចរិត បានដឹកជញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ មកពីតំបន់អាស៊ីអាគ្នេយ៍ ជាច្រើនសិបនាក់ ជារៀងរាល់ថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ