អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី-អឺរ៉ុប

រដ្ឋមន្ត្រី​ការបរទេស​បារាំង ចាត់ទុក​សមយុទ្ធ​យោធា​រវាង​រុស្ស៊ី​និង​បេឡារុស​ថាជា ​« កាយវិការ​ដ៏​សែន​​ហិង្សា »

ចាប់ពីថ្ងៃទី១០កុម្ភៈនេះទៅ ទាហានបេឡារុស និង ទាហានរុស្ស៊ីបាន​បើក​ការធ្វើ​សមយុទ្ធយោធារួមគ្នា រយៈពេល​១០ថ្ងៃ នៅភាគខាងត្បូងបេឡារុស ជាប់ព្រំដែនអ៊ុយក្រែន។ កាលពីដើមសប្តាហ៍នេះ លោក​ពូទីន បានសន្យាជាមួយ​លោក​ម៉ាក្រុង ថានឹងមិនធ្វើ​អ្វី​ ឲ្យ​ស្ថានការណ៍ទៅជាធ្ងន់ធ្ងរទេ។ តែយ៉ាងណា ការធ្វើសមយុទ្ធយោធានៅពេលនេះ វាបាន​ម​ក​បន្ថែម​ការ​ព្រួយបារម្ភកាន់តែខ្លាំង​ ទាក់ទិននឹងលទ្ធភាព នៃការឈ្លានពានអ៊ុយក្រែន ពីសំណាក់រុស្ស៊ី។

រូបថតថ្ងៃទី១០ កុម្ភៈ ផ្តល់ឲ្យ​ក្រសួងការពារជាតិរុស្ស៊ី បង្ហាញពីការបញ្ជូន​គ្រឿងសព្វាវុធចូលរួម​ក្នុង​ការធ្វើសមយុទ្ធ​យោធា ក្នុងនោះមាន​ប្រព័ន្ធខែលមីស៊ីល S-400
រូបថតថ្ងៃទី១០ កុម្ភៈ ផ្តល់ឲ្យ​ក្រសួងការពារជាតិរុស្ស៊ី បង្ហាញពីការបញ្ជូន​គ្រឿងសព្វាវុធចូលរួម​ក្នុង​ការធ្វើសមយុទ្ធ​យោធា ក្នុងនោះមាន​ប្រព័ន្ធខែលមីស៊ីល S-400 AP
ផ្សាយពាណិជ្ជកម្ម

នៅតាមរលកធាតុអាកាសវិទ្យុបារាំង France Inter នៅព្រឹកថ្ងៃព្រសហ្បតិ៍ទី១០កុម្ភៈ លោក ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់ រដ្ឋមន្ត្រីការបរទេសបារាំងបានលើកឡើងថា បើពិនិត្យ​ឲ្យ​ល្អិតល្អន់ស្តីពី​ការធ្វើសមយុទ្ធយោធារួមគ្នា​ រវាងកងទ័ពបេឡារុស និង​កងទ័ពរុស្ស៊ី គឺយើងអាចចាត់ទុកបានថា នេះវាគឺជាកាយវិការ​មួយ​ ដ៏សែនហិង្សា។

លោករដ្ឋមន្ត្រីបារាំងរូបនេះ បានសង្កត់បន្ថែមថា សមយុទ្ធយោធានេះ មានរយៈពេលដល់ទៅ​១០​ថ្ងៃ​ ហើយ​ធ្វើឡើងនៅ​ភាគខាងត្បូងបេឡារុស ដែលទីតាំងខ្លះ គឺនៅជាប់ព្រំដែន​អ៊ុយក្រែនតែម្តង។​ ទោះជាយ៉ាងនេះក្តី លោក​ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់ បាន​បញ្ជាក់ថា ភាគីបារាំង ក៏ដូចជាក្រុម​ប្រទេសលោក​ខាងលិច កំពុងរងចាំតាមដានមើល ថាតើ​ក្រោយ​ការបិទបញ្ចប់សមយុទ្ធទ្រង់ទ្រាយ​ធំនៅថ្ងៃទី​២០កុម្ភៈ តើរុស្ស៊ី និងបេឡារុស នឹង​ដកទ័ពថយ​ទៅ​ចូលបន្ទាយវិញដែរ ឬទេ!

គួរបញ្ជាក់ថា យោងតាមលិខិតប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី សមយុទ្ធយោធានេះ មានកម្មវត្ថុ​ការពារខ្លួន និង​​ត្រៀមរុញច្រានសត្រូវ ក្នុងករណី​មានការឈ្លានពានពីខាងក្រៅ។ តែយ៉ាងណា ក្រៅតែពី​បញ្ជាក់ថា មានការប្រើ​ប្រព័ន្ធខែលមីស៊ីល S-400 ទាំងខាងរុស្ស៊ី ទាំងខាងបេឡារុស មិន​បាន​​ឲ្យ​ដឹង​ថា​​ មានទាហានប៉ុន្មានចូលរួមទេ។ បើតាម​ប្រភពពីប្រទេសលោកខាងលិច គឺយ៉ាងហោច​ណាស់ មានទាហានរុស្ស៊ីចំនួន​៣ម៉ឺននាក់ ចូលរួមក្នុង​ប្រតិបត្តិការសមយុទ្ធដ៏ធំនេះ។

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក​ Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានចេញ​លិខិតប្រកាសមួួយ ដោយ​បានលើកឡើងថា ការ​បង្កើនកម្លាំងទ័ពនៅក្បែរព្រំដែនរបស់អ៊ុយក្រែន វាគឺជាមធ្យោបាយ​ដាក់សំពាធផ្លូវចិត្ត សតិអារម្មណ៍ ពីសំណាក់ប្រទេសជិតខាង មកលើអ៊ុយក្រែន។

សូមរំលឹកថា កាលពីដើមសប្តាហ៍នេះ លោក​ម៉ាក្រុង ប្រធានាធិបតីបារាំង បានទៅជួប​និយាយគ្នាដោយ​ផ្ទាល់ ជាមួយ​លោក​ពូទីន នៅឯក្រុងម៉ូស្គូ។ ក្នុងជំនួប​មួយទល់មួយ រយៈពេល៥ម៉ោងនោះ លោក​ពូទីន បាន​សន្យានឹងលោក​ម៉ាក្រុងថានឹងមិនធ្វើ​អ្វី​ឲ្យ​ស្ថានការណ៍ ទៅជាធ្ងន់ធ្ងរជាងនេះឡើយ។ តែយ៉ាងណា សកម្មភាពសមយុទ្ធយោធារវាងរុស្ស៊ី និងបេឡារុស នៅពេលនេះ ហាក់បង្ហាញថា លោកពូទីននៅតែបន្តសង្កត់អ៊ុយក្រែន និង​ក្រុមប្រទេសលោកខាងលិច តាមរយៈការប្រើកម្លាំងកំញើញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ