អានតួអត្ថបទ
លុយរូប្លិ៍-ឧស្ម័នរុស្ស៊ី

លោកពូទីន​ចេញក្រឹត្យ​តម្រូវ​ឲ្យ​ប្រទេស​អមិត្ត​បង់ថ្លៃជាលុយរូប្លិ៍​សម្រាប់​ការទិញឧស្ម័នរុស្ស៊ី

លោក​ប្រធានាធិបតី​រុស្ស៊ី ​វ្លាឌីមៀរ ពូទីន បាន​ចុះ​ហត្ថលេខា កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី​៣១​មីនា លើ​ក្រឹត្យ​មួយ ដែល​ចាប់តម្រូវ​ឲ្យ​ក្រុមប្រទេស​អមិត្តទូទាត់ជា​លុយរូប្លិ៍ សម្រាប់​ការទិញ​ឧស្ម័ន​ពីរុស្ស៊ី។ តាម​ក្រឹត្យ​ប្រធានាធិបតី​ដែល​ចាប់​ចូល​ជាធរមាន ពី​ថ្ងៃ​សុក្រ​ទី ១​មេសា​នេះតទៅ រាល់​អ្នក​ដែល​ចង់​ទិញ​ឧស្ម័ន​រុស្ស៊ី​ត្រូវតែ​មាន​លុយរូប្លិ ទើបអាច​ទិញបាន។ វិធានការតម្រូវ​ឲ្យ​ប្រើលុយរូប្លិសម្រាប់ទិញ​ឧស្ម័ន​រុស្ស៊ី​នឹង​ប៉ះពាល់​ដល់​សហភាពអឺរ៉ុប​ដែល​ពឹងផ្អែក​ខ្លាំងជាងគេ​​លើ​ការទិញនាំចូល​ឧស្ម័នរុស្ស៊ី។

លោកប្រធានាធិបតី​រុស្ស៊ី ពូទីន​ថ្លែងនៅក្រោយ​ចុះហត្ថលេខា​ដែល​តម្រូវ​ឲ្យ​ប្រទេស​អមិត្ត​រុស្ស៊ី​ត្រូវបង់ជាលុយរូប្លិ៍របស់​រុស្ស៊ី បើសិន​ចង់ទិញ​ឧស្ម័ន​រុស្ស៊ី​ចាប់ពីថ្ងៃទី ១​មេសា​ ២០២២
លោកប្រធានាធិបតី​រុស្ស៊ី ពូទីន​ថ្លែងនៅក្រោយ​ចុះហត្ថលេខា​ដែល​តម្រូវ​ឲ្យ​ប្រទេស​អមិត្ត​រុស្ស៊ី​ត្រូវបង់ជាលុយរូប្លិ៍របស់​រុស្ស៊ី បើសិន​ចង់ទិញ​ឧស្ម័ន​រុស្ស៊ី​ចាប់ពីថ្ងៃទី ១​មេសា​ ២០២២ via REUTERS - SPUTNIK
ផ្សាយពាណិជ្ជកម្ម

ថ្លែងតាម​កញ្ចក់​ទូរទស្សន៍​ជាតិ​រុស្ស៊ី នៅក្រោយ​ការចុះហត្ថលេខា​លើក្រឹត្យ​ប្រធានាធិបតី លោក​វ្លាឌីមៀរ ពូទីន​បាន​ប្រកាស​ថា គិតចាប់​តាំងពី​ថ្ងៃ​សុក្រទី​១​មេសានេះ ក្រុមប្រទេស​ដេលមិនមែនជា​មិត្ត​របស់​រុស្ស៊ី ត្រូវតែ​បង់ថ្លៃ​ជា​លុយរូប្លិ៍ ​សម្រាប់​ការទិញ​ឧស្ម័ន​រុស្ស៊ី។

តាម​លក្ខខណ្ឌ​ដែលមាន​ចែងនៅក្នុង​ក្រឹត្យប្រធានាធិបតី រុស្ស៊ី អ្នកទិញ​មកពីបណ្តាប្រទេស​ដែល​ជាអមិត្ត​របស់​រុស្ស៊ី ត្រូវ​បង្កើត​គណនី នៅ​ធនាគារ​រុស្ស៊ី ដូចជា​Gazprom ជាដើម ដែល​ជា​សាខា​មួយ​របស់​ក្រុមហ៊ុន​លក់ឧស្ម័ន​រុស្ស៊ី Gazprom។ អ្នកទិញឧស្ម័ន​រុស្ស៊ី ត្រូវ​បញ្ជូន​លុយ​ជា​រូបិយបណ្ណ​បរទេស ដែល​អាច​ជា​ដុល្លារ ឬ​លុយអឺរ៉ូ​ទៅក្នុង​ធនាគារ​Gazprom ដែលជា​អ្នក​ទទួល​បន្ទុក ប្តូរលុយបរទេស ឲ្យទៅ​ជា​លុយរូប្លិ៍ រូបិយបណ្ណរុស្ស៊ី ដើម្បី​ឲ្យអ្នកទិញ​អាចយក​ទៅប្រើ បង់ថ្លៃ​ឧស្ម័ន ដែល​ទិញ​ក្រុមហ៊ុន​រុស្ស៊ី។

លោក​ប្រធានាធិបតី​ពូទីន​បានបញ្ជាក់​កាលពីថ្ងៃ​ព្រហស្បតិ៍ថា រុស្ស៊ី​នឹង​មិន​ដើរតួ​ជាសុប្បរសជន។ “គ្មានអ្នកណាម្នាក់ដែល​លក់ ដោយឥតគិតលុយនោះទេ។ បើសិន​អ្នកទិញ មិន​ព្រម​ប្រើលុយរូប្លិ៍ទេ នោះ​រុស្ស៊ី​នឹង​មិន​បង្ហូរ លក់​ឧស្ម័ន។ ដូច្នេះ កិច្ចសន្យា​ដែលមានកន្លងមក នឹង​ត្រូវ​ចាត់ទុក​ជា​មោឃៈ។”

តាម​លោកពូទីន ការតម្រូវ​ឲ្យបង់ជា​លុយរូប្លិ៍សម្រាប់​ការទិញ​ឧស្ម័ន​រុស្ស៊ី នឹង​មិនទៅប៉ះពាល់​ដល់​បរិមាណ តម្លៃ ឧស្ម័ន​ដែលមាន​នៅក្នុង​កិច្ចសន្យា​នោះឡើយ ប៉ុន្តែ ផ្ទុយទៅវិញ វា​នឹង​ជួយ​ពង្រឹង​អធិបតេយ្យភាពរបស់​រុស្ស៊ី​នៅចំពោះ​មុខ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ដែល​ប្រទេស​លោកខាងលិច​បាន​ដាក់​លើរុស្ស៊ី ដោយសារ​ប្រតិបត្តិការយោធា​នៅ​អ៊ុយក្រែន។

វិធានការ​ចាប់តម្រូវ​ឲ្យ​ទូទាត់​ជា​លុយរូប្លិ៍ សម្រាប់​ការទិញ​ឧស្ម័ន​រុស្ស៊ី​នឹង​ទៅ​ធ្វើ​ឲ្យ​តម្លៃលុយរូប្លិ៍ កើនឡើង​វិញ បន្ទាប់ពីធ្លាក់ចុះខ្លាំង ដោយសារ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​លោកខាងលិច នៅ​ចុងខែ​កុម្ភៈ។

នៅ​ដើមខែ​មីនា រុស្ស៊ី​ធ្លាប់​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​ក្រុមប្រទេស​អមិត្ត ដែល​បាន​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី ដែលមាន​ដូចជា​អាមេរិក ប្រទេស​សមាជិក​សហភាពអឺរ៉ុប អង់គ្លេស ជប៉ុន កាណាដា តៃវ៉ាន់ ស្វ៊ីស កូរ៉េខាងត្បូង ន័រវែស និង​អូទ្រីស។ ក្រុមប្រទេស ទិញ​ឧស្ម័ន​ពី​រុស្ស៊ីធ្លាប់បានបង្ហាញជំហរ​ប្រឆាំង​នឹង​ការប្រើលុយរូប្លិ​សម្រាប់ទិញ​ឧស្ម័ន។

នៅក្នុង​សន្និសីទ​រួមជាមួយប្រធានាធិបតី​បារាំង ​កាលពីថ្ងៃ​ព្រហស្បតិ៍ នាយករដ្ឋមន្រ្តី​របស់ប្រទេស​អាល្លឺម៉ង់ ដែល​ជាអ្នកទិញ​ឧស្ម័នច្រើនជាងគេ​ពី​រុស្ស៊ី បានបញ្ជាក់ថា អាល្លឺម៉ង់​នឹង​មិន​ទទួល​យក​លក្ខខណ្ឌ​ថ្មី​របស់​រុស្ស៊ី និងថា ក្រុមហ៊ុន​អាល្លឺម៉ង់ នៅ​តែ​បន្ត​បង់ជា​លុយអឺរ៉ូ ឬ​ដុល្លារសម្រាប់ទិញឧស្ម័ន​រុស្ស៊ី ដូចដែលមាន​ចែង​នៅក្នុង​កិច្ចសន្យា។

ដោយ​បារម្ភខ្លាច​ថា រុស្ស៊ី​នឹង​អាច​កាត់ផ្តាច់​គ្រប់​ពេលវេលា ការលក់​បង្ហូរ​ឧស្ម័ន មកអឺរ៉ុប ទាំងអាល្លឺម៉ង់ និងប្រទេស​អឺរ៉ុប​ផ្សេងទៀត​ បាន​ប្រកាស​ជា​បន្តបន្ទាប់​ ផែនការ​បន្ទាន់​ដើម្បីត្រៀម​ដោះស្រាយ​បញ្ហាខ្វះខាត​ថាមពល​នៅក្នុង​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ