អានតួអត្ថបទ
G20-រុស្ស៊ី-អ៊ុយក្រែន-ឥណ្ឌូណេស៊ី

លោកប្រធានាធិបតី​ឥណ្ឌូណេស៊ី អញ្ជើញ​លោកពូទីន និង​លោក​ហ្សេឡេនស្គី ជួបគ្នា​នៅ​ជំនួបកំពូល​​G20

ឥណ្ឌូណេស៊ីដែលជាប្រធានវិលជុំ នៃក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G20 នឹងត្រូវរៀបចំជំនួបកំពូល នៅកោះបាលី នៅរវាងខែវិច្ឆិកាខាងមុខ។ លោក​ ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បានបញ្ជាក់កាលពីថ្ងៃសុក្រម្សិលមិញថា លោក​បានអញ្ញើញ​លោក វ្លូឌីមៀរ ហ្សេឡេនស្គី ឲ្យ​ចូលរួមជំនួប​កំពូល​G20 ដែរ ដើម្បីបានជួប​គ្នាជាមួយ​លោក​ប្រធានាធិបតី​ពូទីន។

រូបភាពកាត់ត ៖ លោក វ្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី និង​លោក វ្លូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន
រូបភាពកាត់ត ៖ លោក វ្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី និង​លោក វ្លូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន AP
ផ្សាយពាណិជ្ជកម្ម

យោងតាមការអះអាងរបស់​លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី គឺលោក វ្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី នឹងមានវត្តមាននៅក្នុងជំនួប​កំពូល G20 នៅកោះបាលី នាខែវិច្ឆិកាចុងឆ្នាំនេះ។ លោក​ ចូកូ វីដូដូ បានអះអាងទៀតថា លោក​បានអញ្ជើញលោក វ្លូឌីមៀរ ហ្សេឡេនស្គី ឲ្យចូលរួម​ក្នុងជំនួប​កំពូលនេះដែរ បើទោះបី​អ៊ុយក្រែន មិនមែនជាប្រទេសសមាជិករបស់ G20 ក៏ដោយ។

នៅក្នុង​សារលើ Twitter លោក​វ្លូឌីមៀរ ហ្សេឡេនស្គី បានលើកឡើងថា លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ពិតជាបានអញ្ជើញរូបលោកមែន តាមរយៈការនិយាយទូរស័ព្ទជាមួយគ្នា កាលពីថ្ងៃពុធ។ ហើយនៅថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីឥណ្ឌូណេស៊ី ក៏បានទូរស័ព្ទទៅនិយាយជាមួយ​លោកពូទីនដែរ ដោយលោកពូទីន បាន​អរគុណចំពោះការប្រឹងប្រែងរបស់​ឥណ្ឌូណេស៊ី។

គួរបញ្ជាក់ថា ក្រោយ​ថ្ងៃទី ២៤កុម្ភៈ នៅពេល​ដែល​រុស្ស៊ីបានបើកប្រតិបត្តិការធ្វើសង្គ្រាមនៅអ៊ុយក្រែន ក្រុមប្រទេសលោកខាងលិច បានព្យាយាមរកគ្រប់មធ្យោបាយ​ ដើម្បីដាក់រុស្ស៊ីឲ្យ​នៅឯកោលើ​ឆាកអន្តរជាតិ។ តាម​ប្រភពស្និទ្ធនឹង​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី គឺសហរដ្ឋអាមេរិកបានចេញមុខ ដាក់សំពាធឲ្យ​ឥណ្ឌូណេស៊ី ត្រូវតែហាមឃាត់ កុំឲ្យរុស្ស៊ីមានមុខនៅក្នុងកិច្ចប្រជុំនានារបស់ G20។  កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 កាលពីដើមខែមេសានេះ បានបង្ហាញអំពីការបែកបាក់ជាខ្លាំង ដោយ​ក្រុមប្រទេសលោកខាងលិច បាន​ធ្វើពហិកា មិនចូលប្រជុំ នៅពេលមានវត្តមានរបស់តំណាងរដ្ឋាភិបាលរុស្ស៊ី។

​តែយ៉ាងណា លោកចូកូ វីដូដូ បានមានៈ មិនចាត់វិធានការ​ហាមឃាត់វត្តមានរុស្ស៊ីទេ ដោយ​លើកឡើងអំពី​ហេតុផល « អព្យាក្រិត្យភាព » របស់ឥណ្ឌូណេស៊ី។ ទន្ទឹមគ្នានេះ លោកប្រធានាធិបតីឥណ្ឌូណេស៊ី បានព្យាយាម​អញ្ជើញអ៊ុយក្រែន ឲ្យមានវត្តមានដែរ ដើម្បីឲ្យ​មានតុល្យភាព។ ក្រៅពីឥណ្ឌូណេស៊ី តួកគី ក៏កំពុងប្រឹងប្រែងណាស់ដែរ ដើម្បីបើក​ផ្លូវឲ្យ​មានការចរចា នឹងជំនួប​រវាង​លោកពូទីន និងលោកហ្សេឡេនស្គី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ