អានតួអត្ថបទ
រុស្ស៊ី-តុលាការព្រហ្មទណ្ឌអន្តរជាតិ-ហូឡង់

ទី​ភ្នាក់ងារ​ចារកិច្ច​ហូឡង់ បាន​រារាំង​មិនឲ្យ​​ចារកិច្ចរុស្ស៊ី ​បន្លំ​ចូល​ធ្វើការ​នៅ​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

​ទីភ្នាក់ងារ​ស៊ើប​ការណ៍សំងាត់ប្រទេស​ហូឡង់ បានប្រកាសថា ខ្លួនបាន​​រារាំងទាន់ពេលវេលា កាលពីខែមេសាកន្លងទៅ​ មិនឲ្យ​មន្ត្រី​​ចារកិច្ចរុស្ស៊ីម្នាក់ បន្លំចូលមកធ្វើការ នៅក្នុង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ទី​ក្រុងឡាអេ។ តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែល​កំពុងតែបើក​ការស៊ើបអង្កេត ស្តីពីឧក្រិដ្ឋកម្ម​សង្គ្រាម​ធ្វើឡើងដោយ​កងទ័ពរុស្ស៊ី នៅអ៊ុយក្រែន។​

ទីតាំងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC/CPI នៅទីក្រុងឡាអេ ប្រទេសហូឡង់
ទីតាំងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC/CPI នៅទីក្រុងឡាអេ ប្រទេសហូឡង់ AP - Peter Dejong
ផ្សាយពាណិជ្ជកម្ម

ជនឈ្មោះ Sergey Vladimirovitch Cherkasov អាយុ៣៦ បាន​បន្លំ​ប្រើប្រាស់​ឯកសារ​អត្តសញ្ញាណ​ក្លែងក្លាយ ជាជនជាតិប្រេស៊ីល ដើម្បីធ្វើ​ដំណើ​រពីប្រេស៊ីល​ មកកាន់ប្រទេសហូឡង់។ ជននេះ បានដាក់​ពាក្យសុំ​ចូលធ្វើ​កម្ម​សិក្សា នៅក្នុង​តុលាការព្រហ្មទណ្ឌអន្តរជាតិទីក្រុងឡាអេ។

នៅខែ​មេសា ទីភ្នាក់ងារស៊ើបការណ៍សំងាត់​ហូឡង់ បាន​តាមដានដឹងទាន់ពេលវេលា ថាជននេះជាមនុស្សធ្វើការឲ្យ​ទីភ្នាក់ងារចារកិច្ចរុស្ស៊ី​ ហើយ​បានជូនដំណឹងទៅ​កាន់​ការិយាល័យអន្តោប្រវេស​ន៍ ដើម្បីរារាំង ហាមឃាត់មិនឲ្យ​ជននេះ ធ្វើដំណើរមកហូឡង់។ ទីភ្នាក់ងារស៊ើបការណ៍សំងាត់​ហូឡង់ ក៏បានជូនដំណឹងនេះ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិទីក្រុងឡាអេផងដែរ។

គួរបញ្ជាក់ថា ការិយាល័យ​អគ្គរដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡេអេ បានចាប់​ផ្តើម​បើកការស៊ើបអង្កេត ស្តីពីឧក្រិដ្ឋកម្មសង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ ដែល​គេសង្ស័យថាកងទ័ពរុស្ស៊ីបានធ្វើ​នៅអ៊ុយក្រែន ក្រោយ​ការវាយ​លុកចូលឈ្លានពាន នៅថ្ងៃទី​២៤កុម្ភៈ។ ថ្វីត្បិត រុស្ស៊ី​ និងអ៊ុយក្រែន មិនមែនជាសមាជិក​តុលាការព្រហ្មទណ្ឌអន្តរជាតិមែន តែអ៊ុយក្រែន បានប្រកាសទទួលស្គាល់យុត្តាធិការរបស់តុលាការនេះ ។

កាលពីខែឧសភាកន្លងទៅ លោក Karim Khan អគ្គរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ បាន​លើកឡើងថា រុស្ស៊ី ត្រូវតែសហការ នៅក្នុង​ការស៊ើបអង្កេតនេះ ក្នុងនាមរុស្ស៊ីដែលត្រូវភាគីជាប់សង្ស័យ ថាបាន​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​សង្រ្គាម និង​ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ​នៅអ៊ុយក្រែន។

យ៉ាងណាក៏ដោយ ភាគីរុស្ស៊ីបានអះអាងថា ការចោទប្រកាន់ទាំងអម្បាលម៉ាន ពីសំណាក់អ៊ុយក្រែន គឺជាចោទមួរបង្កាច់។ ផ្ទុយទៅវិញ គឺ​លោក​ប្រធានាធិបតី​ពូទីនទេ ដែលបានធ្វើរឿងត្រឹមត្រូវសមហេតុផល បើកប្រតិបត្តិការកងទ័ពពិសេសនៅអ៊ុយក្រែន ដើម្បី​បិទបញ្ចប់​អំពើប្រល័យពូជសាសន៍ ដែលអ៊ុយក្រែនធ្វើទៅលើ​ប្រជាជននិយាយភាសា​រុស្ស៊ី នៅតំបន់ដុនបាស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ