អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

រុស្ស៊ីបាញ់​មីស៊ីល​៤គ្រាប់​លើ​​ទី​ក្រុងកៀវ ហើយ​សន្យា​ប្រគល់​មីស៊ីល​​នុយក្លេអ៊ែរ​ឲ្យ​ទៅ​​បេឡារុស

ខ​ណៈដែលកិច្ចប្រជុំ G7 កំពុងតែត្រៀមបើកទ្វារនៅ​ប្រទេសអាល្លឺម៉ង់ ដើម្បីនិយាយពី​បញ្ហាសង្គ្រាមនៅអ៊ុយក្រែន ស្រាប់តែនៅវេលាទាបភ្លឺ ព្រឹកថ្ងៃអាទិត្យនេះ រុស្ស៊ីបានបាញ់ប្លោង គ្រាប់​មីស៊ីល ចំនួន​៤គ្រាប់ មកចំកណ្តាល​ទីក្រុងកៀវ។ រដ្ឋាភិបាលអ៊ុយក្រែន បានចាត់ទុកថា នេះគឺជាទង្វើគំរាមសំឡុតមកលើអ៊ុយក្រែន ពីសំណាក់រុស្ស៊ី ខណៈដែល​ជំនួបកំពូលអូតង់ កានតែខិតជិតមកដល់។ ជាងនេះទៀត លោក​​ពូទីន ទើបតែបាន​ប្រកាសថា រុស្ស៊ីនឹងផ្តល់ប្រព័ន្ធមីស៊ីលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ទៅឲ្យ​បេឡារុស។

លោក​ Vitali Klitschko អភិបាលទីក្រុងកៀវ ឆ្លើយទៅកាន់អ្នកកាសែត នៅព្រឹកថ្ងៃទី​២៦មិថុនា ក្រោយ​ទីក្រុងបានរងមីស៊ីលរបស់រុស្ស៊ី។
លោក​ Vitali Klitschko អភិបាលទីក្រុងកៀវ ឆ្លើយទៅកាន់អ្នកកាសែត នៅព្រឹកថ្ងៃទី​២៦មិថុនា ក្រោយ​ទីក្រុងបានរងមីស៊ីលរបស់រុស្ស៊ី។ AP - Nariman El-Mofty
ផ្សាយពាណិជ្ជកម្ម

យោងតាមអ្នកយកព័ត៌មានបារាំង AFP ដែលស្ថិតនៅផ្ទាល់ក្នុងទីក្រុងកៀវ ផ្សែងខ្មៅបានអណ្តែតឡើង ក្រោយ​មានសំឡេងផ្ទុះ​បានបន្លឺឡើងចំនួន​៤ដង នៅកណ្តាល​ទីក្រុងកៀវ នាវេលាព្រឹកថ្ងៃអាទិត្យទី​២៦មិថុនា ម៉ោងប្រមាណ​៦ និង៣០នាទី។

យោងតាម​លោក​ Vitaly Klitschko អភិបាលទីក្រុងកៀវ បាន​សរសេរ លើTelegram ថា គិតត្រឹមពេលនេះមានមនុស្សរបួស២នាក់ ហើយ​ក្រុមសង្គ្រោះកំពុងតែប្រឹងប្រែងជួយស្រង់មនុស្ស ចេញពី​គំនរបាក់បែក។ គ្រាប់​មីស៊ីលរបស់​រុស្ស៊ី បានកំទេចអាគារ៩ជាន់មួយកន្លែង និងបានបង្កជាអគ្គីភ័យឆាបឆេះ។ មីស៊ីលរុស្ស៊ីមួយគ្រាប់ ត្រូវបាន​ប្រព័ន្ធខែលមីស៊ីលអ៊ុយក្រែន ស្ទាក់កំទេចបាន ហើយផ្ទុះធ្លាក់បំណែកទៅលើ​ភូមិមួយជាយទីក្រុងកៀវ។ ដោយឡែក បើផ្អែកតាម​លោក Oleksiï Gontcharenko សមាជិកសភាអ៊ុយក្រែនម្នាក់ បាន​ឲ្យដឹងថា យ៉ាងហោចណាស់ រុស្ស៊ីបានបាញ់មីស៊ីលចំនួន​១៤គ្រាប់ សំដៅទៅទីក្រុងកៀវ​ និងតំបន់ជុំវិញ។​

គួរបញ្ជាក់ថា ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G7 នឹងបើកជំនួបកំពូលនៅប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី​២៦មិថុនានេះ ដោយ​មានវត្តមាន​ចូលរួមរបស់​លោក ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គីផងដែរ។ លោកអភិបាលទីក្រុងកៀវ បាន​លើកឡើងថា ការបាញ់មីស៊ីលមកលើទីក្រុងកៀវនាពេលនេះ គឺជាចេតនាគំរាមសំឡុត ពីសំណាក់រុស្ស៊ី ខណៈដែលអ៊ុយក្រែននឹងចូលរួម​កិច្ចប្រជុំអូតង់ នៅថ្ងៃទី​២៨មិថុនាខាងមុខនេះ។​

គួរកត់សំគាល់ថា នៅសមរភូមិភាគខាងកើតអ៊ុយក្រែន កងទ័ពរុស្ស៊ីកំពុងតែមានប្រៀបខ្លាំង រុលចូលដណ្តើមបានដែនដីកាន់តែធំ។ ផ្អែកតាមក្រសួងការពារជាតិរុស្ស៊ី លោក Sergueï Choïgou រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានធ្វើដំណើរទៅភាគខាងកើតអ៊ុយក្រែន ដើម្បីត្រួតពិនិត្យកម្លាំង។ ដោយឡែក កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្នុងជំនួបមួយនៅទីក្រុងសាំងប៉េតេសបួរ លោក​ពូទីន បានប្រាប់ទៅលោក​លូកាឆិនកូ ប្រធានាធិបតីបេឡារុស ថារុស្ស៊ីនឹងប្រគល់ប្រព័ន្ធបាញ់មីស៊ីល ដែលអាចបំពាក់​ក្បាលគ្រាប់នុយក្លេអ៊ែរ ទៅឲ្យ​បេឡារុស។ ការប្រកាស ដែលភាគីអ៊ុយក្រែន ចាត់ទុកថា រុស្ស៊ីកំពុងតែចង់អូសទាញបេឡារុសឲ្យចូលរួមនៅក្នុងសង្គ្រាម​នេះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ