អានតួអត្ថបទ
G7-ហេដ្ឋារចនាសម្ព័ន្ធ

G7 ប្រកាសគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ៦០០ពាន់លានដុល្លារ ដើម្បីប្រជែងជាមួយចិន

កាលពីថ្ងៃអាទិត្យ នៅក្នុងអំឡុងជំនួបកំពូល នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ហៅថា « G7 » បាន​ប្រកាស​ អំពី​គម្រោងប្រមូលទុន ៦០០ពាន់លាន​ដុល្លារ ដើម្បី​វិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ នៅ​តាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ។ គម្រោង​ដែល​គេមើលឃើញ​ថា ជា​ការ​ព្យាយាម​ប្រកួតប្រជែង​ជាមួយនឹង​គម្រោង “ផ្លូវមួយខ្សែក្រវាត់​មួយ” របស់ចិន។

ប្រមុខដឹកនាំ​ក្រុមប្រទេស​ឧស្សាហកម្ម​ទាំង ៧ និង​ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប នៅក្នុង​ជំនួបកំពូល G7 នៅប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៦ មិថុនា ២០២២
ប្រមុខដឹកនាំ​ក្រុមប្រទេស​ឧស្សាហកម្ម​ទាំង ៧ និង​ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប នៅក្នុង​ជំនួបកំពូល G7 នៅប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៦ មិថុនា ២០២២ © Reuters
ផ្សាយពាណិជ្ជកម្ម

គម្រោង ដែល​ក្រុមប្រទេស G7 ប្រកាស​ឲ្យដឹង កាល​ពីថ្ងៃអាទិត្យ​កន្លងទៅនេះ ​មានឈ្មោះថា « Partnership for Global Infrastructure and Investment” (PGII) ជាគម្រោង​ដែល​ផ្តួចផ្តើម​គំនិត​ឡើង តាំង​ពី​ក្នុង​អំឡុង​ជំនួបកំពូល​នៅ​អង់គ្លេស​ កាល​ពីឆ្នាំ​ទៅមិញ ក៏ប៉ុន្តែ ទើបតែនៅពេលនេះ ដែល​ប្រទេស​មហាអំណាច​ឧស្សាហកម្មទាំង ៧ បូករួម​ជាមួយ​សហភាព​អឺរ៉ុប បាន​ឯកភាព​គ្នា លើ​ទំហំ​ទុនវិនិយោគ ​គឺ ៦០០ពាន់លានដុល្លារ នៅ​ក្នុងរយៈពេល ៥ឆ្នាំ​ខាងមុខ។

នៅក្នុង​​ទុនវិនិយោគ​ទាំង ៦០០ពាន់លាន​ដុល្លារ​នេះ ២០០ពាន់លានដុល្លារ (១ភាគ៣) បានមកពី​សហរដ្ឋ​អាមេរិក ហើយ ៤០០ពាន់លាន​ដុល្លារ​បានមក​ពី​ប្រទេស​ផ្សេងទៀត​ក្នុងក្រុម G7។

ទុន​នេះ​នឹង​ត្រូវ​វិនិយោគ​នៅ​តាម​បណ្តា​ប្រទេស​ដែលមាន​ចំណូល​ទាប និង​មធ្យម ដោយ​ផ្តោត​​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងវិស័យ​អាទិភាព​មួយ​ចំនួន រួមមានជាអាទិ៍ គម្រោង ដែល​មាន​ទិសដៅ​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ, កែលម្អប្រព័ន្ធសុខាភិបាល, សមភាពខាងយែនឌ័រ និង​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

ថ្វីដ្បិត​តែ​ក្រុមប្រទេស G7 មិនបាន​និយាយ​ចំៗ​ឈ្មោះ​ចិន ក៏ប៉ុន្តែ គេ​អាចមើលឃើញ​បានថា គម្រោង​វិនិយោគ​នេះ​ គឺមាន​គោលដៅ​ប្រជែង​ជាមួយ​នឹង​គម្រោង “ផ្លូវមួយខ្សែក្រវាត់មួយ” របស់​ចិន ដោយ​លោក​ចូ បៃដិន​បាន​លើកឡើង​ថា តាមរយៈគម្រោងវិនិយោគ​ថ្មី​នេះ ប្រទេស​កំពុងអភិវឌ្ឍ​នឹង​អាច​មើល​ឃើញ​ដោយ​ខ្លួនឯង​ អំពី​ផលប្រយោជន៍​ដែល​ទទួលបាន​ពី​ការ​ចាប់ដៃគូ​ជាមួយនឹង​ប្រទេស​ប្រជាធិបតេយ្យ។

លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន ប្រធានគណៈកម្មការអឺរ៉ុបវិញ ក៏បាន​បញ្ជាក់បន្ថែម​ផងដែរ​ថា គោលដៅ​នៃ​គម្រោង​វិនិយោគ​នេះ គឺ​ចង់​បង្ហាញ​ឲ្យ​ប្រទេស​កំពុងអភិវឌ្ឍ​ឃើញ​ថា ពួកគេ​មិនមែន​មាន​ជម្រើសតែមួយនោះទេ ក៏ប៉ុន្តែ អាច​មាន​ជម្រើសច្រើន នៅ​ក្នុងការ​ចាប់ដៃ​គូ​វិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស​របស់​ពួកគេ។

គួរបញ្ជាក់ថា ខុសពី​គម្រោងផ្លូវមួយខ្សែក្រវាត់មួយ ដែល​ទុនវិនិយោគ​មាន​​ប្រភពពីរដ្ឋ ឬ​ស្ថាប័នហិរញ្ញវត្ថុ​របស់​រដ្ឋចិន គម្រោងវិនិយោគ​របស់​ក្រុមប្រទេស G7 នេះវិញ មានប្រភពហិរញ្ញវត្ថុ​ពី​ក្រុមហ៊ុនឯកជន។ នេះ​មានន័យថា ទុនវិនិយោគ​អាច​នឹង​ពិបាក​ទទួល​បាន​ជា​គម្រោង​របស់​ចិន ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា បើយោងតាមមន្រ្តី​រដ្ឋាភិបាល​អាមេរិក ការផ្តល់ទុនវិនិយោគ​ដោយ​មាន​ការប្រយ័ត្នប្រយែង និង​ការពិនិត្យពិច័យច្បាស់លាស់​បែបនេះ វា​អាច​ជួយ ​កុំ​ប្រទេស​កំពុងអភិវឌ្ឍ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់បំណុល រហូត​អាចនឹង​ត្រូវ​បង្ខំចិត្ត​ប្រគល់​ហេដ្ឋារចនាសម្ព័ន្ធ​ទៅ​ឲ្យម្ចាស់បំណុល​គ្រប់គ្រង ដូចជា​នៅ​ក្នុង​គម្រោង​របស់​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ