អានតួអត្ថបទ
នុយក្លេអ៊ែរអ៊ីរ៉ង់

ទីភ្នាក់ងារ​AIEA៖ បច្ចេកវិទ្យាចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់​កាន់តែបោះជំហានលឿនទៅមុខ

អ៊ីរ៉ង់​បាន​បោះ​មួយជំហាន​បន្ថែមទៀត នៅក្នុង​បច្ចេកវិទ្យា​ចម្រើន​សារធាតុអ៊ុយរ៉ាញ៉ូម។ នេះជាកំណត់សំគាល់នៅក្នុងរបាយការណ៍​របស់​ទីភ្នាក់ងារ​ថាមពលបរិមាណូអន្តរជាតិ ហៅកាត់ជាភាសា​បារាំង ថា AIEA ដែល​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស​Reuters​បាន​យកមក​ចុះផ្សាយ​ កាលពីថ្ងៃ​សៅរ៍។ នៅថ្ងៃអាទិត្យ ម្សិលមិញ អ៊ីរ៉ង់ តាមរយៈ​អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​ថាមពល​អ៊ីរ៉ង់​បាន​និយាយ​ចោទប្រកាន់​ប្រព័ន្ធផ្សព្វផ្សាយបរទេស​ថា បាន​សរសេរ​បំប៉ោង​ដើម្បីគោលដៅ​អ្វីមួយ។ នៅក្រោយ ការចុះផ្សាយ​របាយការណ៍​របស់​ទីភ្នាក់ងារ AIEA នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បានអះអាងថា នៅក្នុងជំនួប​ជាមួយ​លោកប្រធានាធិបតី​អាមេរិក ចូ បៃដិន នៅថ្ងៃ​អង្គារស្អែក លោក​នឹង​ទាមទារ​ឲ្យមានការដាក់​ទណ្ឌកម្មអន្តរជាតិឡើងវិញ ទៅ​លើអ៊ីរ៉ង់ ក្នុងបទ​រំលោភកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥។

ម៉ាស៊ីនសម្រាប់ចម្រើនធាតុអ៊ុយរ៉ាញ៉ូម ជំនាន់ថ្មីដែលជាបច្ចេកវិទ្យាចុងក្រោយ​របស់​អ៊ីរ៉ង់  ត្រូវបានដាក់តាំងបង្ហាញ​នៅទីក្រុង​តេហេរ៉ង់ នៅ​ខែមេសា ឆ្នាំ ២០២១។
ម៉ាស៊ីនសម្រាប់ចម្រើនធាតុអ៊ុយរ៉ាញ៉ូម ជំនាន់ថ្មីដែលជាបច្ចេកវិទ្យាចុងក្រោយ​របស់​អ៊ីរ៉ង់ ត្រូវបានដាក់តាំងបង្ហាញ​នៅទីក្រុង​តេហេរ៉ង់ នៅ​ខែមេសា ឆ្នាំ ២០២១។ via REUTERS - IRANIAN PRESIDENCY OFFICE
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ AIEA បាន​បង្ហាញ​ថា អ៊ីរ៉ង់​បានសម្រុក បង្កើន​ការចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម នៅ​មជ្ឈមណ្ឌល​ក្រោម​ដី​ភ្នំ នៅ​Fordo  ជាទី​ដែល អ៊ីរ៉ង់​បានរំលោភកិច្ចព្រមព្រៀង ម្តងហើយ កាលពី​ឆ្នាំ ២០២១ ដោយ​បាន​ប្រកាស​ចាប់ផ្តើមឡើងវិញ សកម្មភាព​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម កម្រិត ២០%។

នៅថ្ងៃសៅរ៍ ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរ​អន្តរជាតិ​បាន​កត់សំគាល់ឃើញ​ថា នៅ​មជ្ឈមណ្ឌល​ក្រោមដី Fordo អ៊ីរ៉ង់​ទើប​ចាប់ផ្តើម​ប្រើ​បច្ចេកវិទ្យា​ទំនើបថ្មី​ចុងក្រោយ​មួយទៀត ដើម្បី​ចម្រើនធាតុអ៊ុយរ៉ាញ៉ូម។ បច្ចេកវិទ្យា​ថ្មី ដែលមាន​ការតភ្ជាប់បណ្តាក់គ្នា នូវម៉ាស៊ីនសម្រាប់​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម​នឹង​ជួយ​ឲ្យ​អ៊ីរ៉ង់​អាច​បង្កើន ការបន្សុទ្ធ​ធាតុអ៊ុយរ៉ាញ៉ូម ក្នុងកម្រិត​ខ្ពស់ ដោយប្រសិទ្ធិភាព និង​ងាយស្រួល។

តាម​របាយការណ៍ ខាងលើ​ អ៊ីរ៉ង់​បាន​ជូនដំណឹងនេះ​ទៅទីភ្នាក់ងារ AIEA នៅថ្ងៃទី ៧ កក្កដាប៉ុន្តែ AIEA ទើបស្រាវជ្រាវ​ស្វែងយល់ នៅ​ថ្ងៃទី ៩កក្កដាកន្លងទៅ។

អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរ លោក​Behrouz Kamalvandi ​បាន​អះអាង នៅថ្ងៃ​អាទិត្យថា អ៊ីរ៉ង់​ទើប​បាន​ប្រើ​ជាលើកទី១ បច្ចេកវិទ្យាថ្មីនេះ កាលពីថ្ងៃ​សៅរ៍ ដើម្បី ចម្រើនធាតុអ៊ុយរ៉ាញ៉ូម ក្នុងកម្រិត ២០%។ វាជាបច្ចេកវិទ្យា សម្រាប់​ចម្រើនធាតុអ៊ុយរ៉ាញ៉ូម ក្នុង​ដំណាក់កាលចុងក្រោយ ដែលមានន័យថា អ៊ីរ៉ង់​មិនបាន​ប្រើបច្ចេកវិទ្យាទំនើបថ្មី​ចុងក្រោយ ដើម្បី ចម្រើនធាតុអ៊ុយរ៉ាញ៉ូម ឲ្យ​លើសពីកម្រិត​២០%។

អ៊ុយរ៉ាញ៉ូម​បន្សុទ្ធ​ដល់​កម្រិត ២០% នេះ គឺ​នៅ​ឆ្ងាយ​នៅឡើយ ​ពី​កម្រិត ៩០%។ ប៉ុន្តែ នៅឆ្នាំ ២០២១ អ៊ីរ៉ង់​ធ្លាប់​បាន​លួច​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម ដល់​កម្រិត ៦០% ពោល​គឺ​មិនឆ្ងាយប៉ុន្មាន ពីកម្រិត​៩០% ដែលគេអាចប្រើ​សម្រាប់​ផលិតគ្រាប់បែកនុយក្លេអ៊ែរ។

ក្រៅពី​បង្កើនបរិមាណស្តុកធាតុអ៊ុយរ៉ាញ៉ូម ដែល​បន្សុទ្ធ​ក្នុង​កម្រិតខ្ពស់​ដែលផ្ទុយនឹង​កិច្ចព្រមព្រៀង អ៊ីរ៉ង់​នៅបាន​កាត់ផ្តាច់​ខ្សែកាម៉េរ៉ា​របស់ ទីភ្នាក់ងារAIEA នៅតាម​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​របស់ខ្លួន ​ដើម្បី សងសឹក​នឹង​សេចក្តីសម្រេច​ថ្កោលទោស របស់​AIEA កាលពីខែ​មិថុនា។ ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​មួយនេះ​បាន​ព្រមានហើយថា បើសិន​អ៊ីរ៉ង់​នៅតែ​កាត់ផ្តាច់​ការថតតាមដាន​សកម្មភាព​នៅ​រោងចក្រ​នុយក្លេអ៊ែររបស់អ៊ីរ៉ង់ នោះ ទីភ្នាក់ងារ​នឹងគ្មានលទ្ធភាព​ផ្តល់​ទិន្នន័យជាក់ច្បាស់ទាក់ទង​នឹង​សកម្មភាព​នុយក្លេអ៊ែរ​របស់អ៊ីរ៉ង់។​

ដោយ​បង្កើនសកម្មភាព​ចម្រើន​សារធាតុអ៊ុយរ៉ាញ៉ូម ក្នុង​កម្រិតខ្ពស់ និង​មិនព្រមសហការជាមួយ ទីភ្នាក់ងារ​AIEA ដែលជា​ការរំលោភកិច្ចព្រមព្រៀង អន្តរជាតិ​ឆ្នាំ ២០១៥ អ៊ីរ៉ង់​ចង់​ដាក់សម្ពាធ ទាមទារ​ឲ្យ​​អាមេរិក​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច។ នៅមុន​ដំណើរទស្សនកិច្ច​ទៅ​កាន់តំបន់ដើមបូព៌ា នៅ​សប្តាហ៍នេះ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន​បាន​និយាយ​ហើយថា រដ្ឋបាលរបស់លោក​នឹង​ដាក់សម្ពាធការទូត និង​សេដ្ឋកិច្ច រហូតដល់​អ៊ីរ៉ង់​យល់ព្រមត្រលប់មក​គោរពកិច្ចព្រមព្រៀងឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ