អានតួអត្ថបទ
ហុងគ្រី

នាយករដ្ឋមន្រ្តីហុងគ្រីនិយាយការពារខ្លួន បន្ទាប់ពីបាន​រិះគន់​សង្គម​ចម្រុះ​ជាតិ​សាសន៍

នាយករដ្ឋមន្រ្តី​ហុងគ្រី លោក​វិចទ័រ អរបាន បានទាក់ទាញ ការរិះគន់ បន្ទាប់ពី​លោក​ថ្លែងសារ​ប្រឆាំង​នឹង​ការលាយជាតិសាសន៍ ដែលមិនមែនជា​អឺរ៉ុប។ នៅក្នុងទស្សនកិច្ច​ទៅ​ប្រទេស​អូទ្រីស កាលពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ប្រមុខរដ្ឋាភិបាល​ហុងគ្រី​បាននិយាយ​ការពារ​ខ្លួន ដោយថា នៅហុងគ្រី ពាក្យ​ខាងលើ​ស្តែង​ពី​ការយល់ឃើញ ទៅលើ​ផ្នែក​វប្បធម៌ និង​អរិយធម៌។ យ៉ាងណាក៏ដោយ ការនិយាយរិះគន់​សង្គមចម្រុះជាតិ​សាសន៍​របស់​នាយករដ្ឋមន្រ្តីហុងគ្រី បាន​បង្ក​ឲ្យមានប្រតិកម្ម​ថ្កោលទោសពីក្រសួងការបរទេស​អាមេរិក។

នាយករដ្ឋមន្រ្តីហុងគ្រី លោកវិចទ័រ អរបាន នៅក្នុងសន្និសីទកាសែតជាមួយ​នាយករដ្ឋមន្រ្តីអូទ្រីស​កាលពីថ្ងៃទី ២៨ កក្កដា ២០២២
នាយករដ្ឋមន្រ្តីហុងគ្រី លោកវិចទ័រ អរបាន នៅក្នុងសន្និសីទកាសែតជាមួយ​នាយករដ្ឋមន្រ្តីអូទ្រីស​កាលពីថ្ងៃទី ២៨ កក្កដា ២០២២ AP - Theresa Wey
ផ្សាយពាណិជ្ជកម្ម

ទោះរំលងផុត​ទៅ​អស់សប្តាហ៍ សុន្ទរកថា​រើសអើងពូជសាសន៍​របស់​នាយក​រដ្ឋមន្រ្តីហុងគ្រី លោក​វិចទ័រ អរបាន នៅតែ​បន្ត​ទាក់ទាញ​ប្រតិកម្ម​រិះគន់។ នៅក្នុងសន្និសីទកាសែត​កាលពីថ្ងៃ​ព្រហស្បតិ៍ ​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាមេរិកបានថ្កោលទោស​ វោហាសាស្រ្ត​របស់​ប្រមុខរដ្ឋាភិបាល​ហុងគ្រី នៅ ៧៥ឆ្នាំ​ក្រោយការសម្លាប់ប្រល័យពូជសាសន៍ជនជាតិជ្វីហ្វថា ជារឿង​ដែលគេមិនអាចអត់ឱនទោស​ឲ្យ​បាន។

នៅថ្ងៃ​សៅរ៍​សប្តាហ៍មុន លោកនាយករដ្ឋមន្រ្តីហុងគ្រី ជាតិនិយមជ្រុល ដែល​ចេញមុខ​ប្រឆាំង​ជនអន្តោប្រវេសន៍​ខ្លាំង​ជាងគេ​នៅអឺរ៉ុប ​បានឡើង​និយាយ​ប្រឆាំង​សង្គមចម្រុះ​ជាតិសាសន៍ និង​ជាតិសាសន៍ ដែល​មិនមែនជាអឺរ៉ុប។ “យើងមិនចង់បាន​សាសន៍​ដែល​លាយចូលគ្នា​ជាមួយ​សាសន៍ដែលមិនមែនអឺរ៉ុប​នោះទេ”។ ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្រ្តីហុងគ្រី​បាន​ទាក់ទាញ ប្រតិកម្ម​ថ្កោលទោស ខឹងសម្បារ ជាពិសេស​ពី​សហគមន៍ជនជាតិ​ជ្វីហ្វ ដែល​ធ្លាប់រងគ្រោះ​ដោយសារ​ការប្រល័យពូជសាសន៍ របស់​ពួកទាហាន​ណាហ្ស៊ី ហ៊ីត្លែរ។

នៅថ្ងៃ​អង្គារ Zsuzsa Hegedu ទីប្រឹក្សា​ផ្ទាល់ម្នាក់ របស់​លោកនាយករដ្ឋមន្រ្តី​វិចទ័រ អរបាន ដែល​មាន​ឪពុកម្តាយ​រួចរស់ជីវិត​ពី​ការសម្លាប់រង្គាល​របស់​ពួកណាហ្ស៊ី បាន​ដាក់​ពាក្យលាលែង​ពីមុខតំណែង។ លោកស្រី​ចាត់ទុក​សំដី​របស់​នាយករដ្ឋមន្រ្តី ហុងគ្រីដែលជា​មេដឹកនាំ​របស់លោកស្រី​ថា ជា​សំដី​គួរ​ឲ្យខ្មាស់អៀន និង​មាន​លក្ខណៈដូចគ្នាបេះបិទ​នឹង​អត្ថបទរើសអើងពូជសាសន៍​របស់អតីត​ប្រធានឃោសនា​របស់ពួកណាហ្ស៊ី អាល្លឺម៉ង់។

នៅថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាមេរិក​បាន​ស្រង់​សំដី​របស់​លោកស្រី Deborah Lipstadt ប្រេសិត​អាមេរិក​សម្រាប់បញ្ហា​ប្រឆាំង​រើសអើង​ជនជាតិ​ជ្វីហ្វ ដែល​ថា លោកស្រីភ័យខ្លាចជាខ្លាំង ព្រោះថា សុន្ទរកថា​របស់​នាយករដ្ឋមន្រ្តី​ស្តែង​ឲ្យគេ​ឃើញ​យ៉ាង​ច្បាស់​ពី​មនោគមវិជ្ជា​រើសអើង​ពូជសាសន៍​របស់​ពួកណាហ្ស៊ី។

ទោះរងរលករិះគន់ នាយករដ្ឋមន្រ្តី​ហុងគ្រី បាន​ចេញ​មុខ​ការពារ​ខ្លួន នៅក្នុង​ទស្សនកិច្ច​របស់​លោក​ទៅកាន់ប្រទេស​អូទ្រីស ប្រទេស​អឺរ៉ុបមួយទៀត ដែល​កំពុងប្រឈម​នឹង​លំហូរជនអន្តោប្រវេសន៍​ខុសច្បាប់ មកពីអាហ្វ្រិក និង​តំបន់ដើមបូព៌ា។ នៅក្នុងសន្និសីទ​កាសែត​ជាមួយ​នាយករដ្ឋមន្រ្តី​អូទ្រីស កាលពីថ្ងៃ​ព្រហស្បតិ៍ ប្រមុខរដ្ឋាភិបាល​ហុងគ្រី​ស្នើសុំ​ឲ្យ​សមភាគីអូទ្រីស​យល់​ថា សំដី​របស់​លោក​គឺ​ជា​យល់ឃើញ​ផ្នែកវប្បធម៌ និង​ថា ហុងគ្រី​ប្រឆាំង​ដាច់ខាត​នឹង​ការរើសអើង​ពូជសាសន៍ និងការស្អប់ប្រឆាំង​ជនជាតិជ្វីហ្វ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ