អានតួអត្ថបទ
រុស្ស៊ី-អាកទិក

រុស្ស៊ីនឹង​ពង្រឹក​យុទ្ធសាស្ត្រ ឈរជើង​នៅ​តំបន់​មហាសមុទ្រ​ទឹកកក​អាកទិក

កាលពីថ្ងៃអាទិត្យ ទី​៣១កក្កដា រុស្ស៊ីបានរៀបចំកម្មវិធីព្យុះហយាត្រាកងទ័ពជើងទឹក ដ៏ធំគគ្រឹកគគ្រេង នៅ​ដែនសមុទ្រក្រុងសាំងប៉េតេសបួរ។ ជាកម្មវិធីដែលកងទ័ពជើងទឹករុស្ស៊ី បានបញ្ចេញបង្អួតនូវគ្រឿងសព្វា នាវាចម្បាំង និងនាវាមុជទឹកបាតសមុទ្រជាដើម។ នៅក្នុងឱកាសនោះ លោក​ប្រធានាធិបតីពូទីន បាន​ចុះហត្ថលេខាលើ​ផែនការ​យុទ្ធសាស្ត្ររបស់រុស្ស៊ី ដែល​ប្រកាសថារុស្ស៊ីនឹងពង្រឹងការឈរជើង នៅតំបន់មហាសមុទ្រទឹកកកអាកទិក មិនថាក្នុងវិស័យយោធា ស្រាវជ្រាវ និង​វិស័យសេដ្ឋកិច្ច។​

លោក​ពូទីន​ កំពុងចុះហត្ថលេខា​លើ​ផែនការយុទ្ធសាស្ត្ររបស់​រុស្ស៊ី នៅតំបន់​មហាសមុទ្រអាកទិក។ ក្រុងសាំងប៉េតេសបួរ ថ្ងៃទី ៣១ កក្កដា ២០២២
លោក​ពូទីន​ កំពុងចុះហត្ថលេខា​លើ​ផែនការយុទ្ធសាស្ត្ររបស់​រុស្ស៊ី នៅតំបន់​មហាសមុទ្រអាកទិក។ ក្រុងសាំងប៉េតេសបួរ ថ្ងៃទី ៣១ កក្កដា ២០២២ AP - Mikhail Klimentyev
ផ្សាយពាណិជ្ជកម្ម

លោកប្រធានាធិបតីពូទីន បានចុះហត្ថលេខា ប្រកាសទ្រឹស្តីយុទ្ធសាស្ត្រនយោបាយថ្មី ដែលរុស្ស៊ីនឹងអនុវត្ត​​នៅ​​តំបន់មហាសមុទ្រទឹកកកអាកទិក។ ទ្រឹស្តីនេះបាន​ចែងថា “តំបន់អាកទិក កំពុងតែក្លាយជា​តំបន់ដែលមាន​ការប្រជែងគ្នា ជាលក្ខណៈអន្តរជាតិ ទាំងលើកត្តា​សេដ្ឋកិច្ច និងទាំងផ្នែកយោធា។ ដោយយោងទៅលើហេតុផលទាំងនេះ រុស្ស៊ីនឹងពង្រឹង​គោលជំហរ ការឈរជើងរបស់ខ្លួន ក្នុងនាមជាមេដឹកនាំ នៅក្នុង​វិស័យស្រាវជ្រាវរុករកធនធានរ៉ែនានា ព្រមទាំងធ្វើយ៉ាងណា ធានាការ​ពារ​ស្ថិរភាពយុទ្ធសាស្ត្រ ​នៅក្នុងតំបន់នេះ តាមរយៈការពង្រឹងវត្តមាន​យោធា កងទ័ពជើងទឹករបស់រុស្ស៊ី។”

ឯកសារយុទ្ធសាស្ត្រថ្មីនេះ បាន​លើកឡើងផងដែរថា រុស្ស៊ីក៏មានបំណង​អភិវឌ្ឍន៍​ឲ្យ​បានពេញទំហឹង នូវច្រកផ្លូវ​ឆ្លងកាត់ពាណិជ្ជកម្មភាគខាងជើង ឬហៅថា ផ្លូវឆ្លងកាត់ឧត្តរ-បូព៌ា ដែលភ្ជាប់អឺរ៉ុបទៅនឹងអាស៊ី។ តាមរយៈយុទ្ធសាស្ត្រនេះ រុស្ស៊ីនឹង​ រៀបចំស្ថាបនា ការពារសន្តិសុខបណ្តោយ​ផ្លូវប៉ូលខាងជើង​​ ដែល​ស្ថិតនៅតាមបណ្តោយឆ្នេរខាងជើងរបស់រុស្ស៊ី ហើយធ្វើ​ឲ្យ​ច្រកផ្លូវនេះ អាចមានដំណើរការឆ្លងកាត់​មួយឆ្នាំ​ទល់មួយឆ្នាំ។​

ឯកសារកម្រាស់​៥៥ទំព័រ ដែលលោក​ពូទីនបាន​ចុះហត្ថលេខា នៅក្នុងឱកាសទិវាកងទ័ពជើងទឹករុស្ស៊ីនេះ ក៏បាន​បរិហារផងដែរ អំពីចេតនាវាទទីអាងយ៉ាង របស់សហរដ្ឋអាមេរិក ដែលចង់គ្រប់គ្រងតែម្នាក់ឯងពាសពេញដែនទឹកពិភពលោក។​ សម្រាប់រុស្ស៊ី ហេដ្ឋារចនាសម្ព័ន្ធយោធារបស់អូតង់ ដែលកាន់តែខិតកៀកចូលមកជិតរុស្ស៊ី វាគឺជា​ការគំរាមសំឡុតដ៏ធំណាស់ មកលើសន្តិសុខរុស្ស៊ី។

គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យទី​៣១កក្កដា លោកពូទីន បានអញ្ជើញជាអធិបតី នៅក្នុងកម្មវិធីដង្ហែរក្បួនកងទ័ពជើងទឹក ដ៏ធំមួយ នៅក្រុងសាំងប៉េតេសបួរ។ នាវាចម្បាំង និងនាវាមុជទឹកបាតសមុទ្រចំនួន​៤០គ្រឿង ព្រមទាំងទាហានជើងទឹករុស្ស៊ីប្រមាណ​៣៥០០នាក់ មានវត្តមានក្នុងកម្មវិធីនេះ។ លោកពូទីនបានប្រកាសផងដែរថា នៅរវាង​ប៉ុន្មានខែខាងមុខ នាវាចម្បាំងរុស្ស៊ីនឹងត្រូវបំពាក់ដោយ​ក្បាលគ្រាប់មីស៊ីលទំនើបបំផុត ឈ្មោះ ​Zircon ដែលជាប្រភេទមីស៊ីល​អ៊ីពែរសូនិក ល្បឿនលឿនជាងសំឡេង គ្មាន​អ្វីអាចមកស្ទាក់ចាប់បានទេ។

តាមរយៈកម្មវិធី​បង្ហាញ​សព្វាវុធ និងឃោសនានយោបាយ​នេះ លោកពូទីន​ចង់ប្រាប់ទៅពិភពលោកថា រុស្ស៊ីគឺជាមហាអំណាច​ទ័ពជើងទឹកដ៏ធំ មិនអាចមើលស្រាលបានទេ។ យ៉ាងណាមិញ អាមេរិកតែងតែបានចោទជារឿយៗ ថារុស្ស៊ីមាន​ចេតនាពង្រីកឥទ្ធិពល ដាក់​ពង្រាយ​ទ័ព​នៅតំបន់មហាសមុទ្រទឹកកក​អាកទិក ខណៈដែល​ផ្ទាំងដុំ​ទឹកកក​កាន់តែរលាយ ខ្លាំងឡើងៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ