អានតួអត្ថបទ
កេណ្ឌទ័ព-រុស្ស៊ី

មនុស្សស្និទ្ធ​លោកពូទីន​ចេញមុខ​រិះគន់​ចំណាត់ការជ្រុលហួសកម្រិត នៅ​ក្នុង​យុទ្ធនាការ​កេណ្ឌទ័ព

នៅក្នុងសេចក្តីថ្លែងការណ៍​ដ៏កម្រមួយ​ផ្ញើទៅកាន់​មន្រ្តីមូលដ្ឋាន ថ្នាក់ដឹកនាំ​សភា​រុស្ស៊ី ដែល​ស្និទ្ធ គាំទ្រ​ជំហរធ្វើសង្រ្គាមរបស់​លោកពូទីន​នៅអ៊ុយក្រែន បានរិះគន់ និង​ណែនាំ​ប្រាប់​ឲ្យគេ​កែកំហុសឆ្គង នៅក្នុង​រឿង​កេណ្ឌកងទ័ព​ដើម្បី​ធ្វើ​សង្រ្គាម នៅអ៊ុយក្រែន។ នៅ​ថ្ងៃ​អាទិត្យ ប្រធាន​សភា​ជាន់ខ្ពស់​របស់​រុស្ស៊ី បាននិយាយ​ថា គេ​បាន​ទទួល​ពាក្យបណ្តឹង​កាន់តែច្រើន​ពីការអនុវត្ត​ជ្រុលហួសកម្រិត ​នៅក្នុង​យុទ្ធនាការ​កេណ្ឌទ័ព។ កាលពីថ្ងៃសៅរ៍ ប្រធានាធិបតី​រុស្ស៊ី បាន​ចុះហត្ថលេខា​លើបញ្ជីឈ្មោះមុខរបរ​មួយចំនួន ដែល​ទទួលបានករណី​លើកលែង ដូចជា អ្នកធ្វើការ​នៅធនាគារ អ្នកកាសែត​របស់​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និង​អ្នកធ្វើការ​ក្នុងផ្នែកព័ត៌មានវិទ្យា។

ប៉ូលិស​រុស្ស៊ី​ចាប់ឃាត់បុរស​ដែលចូលរួម​ក្នុងបាតុកម្ម​ប្រឆាំង​នឹង​យុទ្ធនការ​កេណ្ឌទ័ព​ទៅធ្វើ​សង្រ្គាមនៅអ៊ុយក្រែន។ បាតុកម្ម​នៅថ្ងៃទី ២១​កញ្ញា នៅក្រោយ​លោកពូទីន​ប្រកាស​កេណ្ឌទ័ពបម្រុង​៣សែន​ទៅប្រយុទ្ធនៅអ៊ុយក្រែន។
ប៉ូលិស​រុស្ស៊ី​ចាប់ឃាត់បុរស​ដែលចូលរួម​ក្នុងបាតុកម្ម​ប្រឆាំង​នឹង​យុទ្ធនការ​កេណ្ឌទ័ព​ទៅធ្វើ​សង្រ្គាមនៅអ៊ុយក្រែន។ បាតុកម្ម​នៅថ្ងៃទី ២១​កញ្ញា នៅក្រោយ​លោកពូទីន​ប្រកាស​កេណ្ឌទ័ពបម្រុង​៣សែន​ទៅប្រយុទ្ធនៅអ៊ុយក្រែន។ REUTERS - REUTERS PHOTOGRAPHER
ផ្សាយពាណិជ្ជកម្ម

ជារឿងដ៏កម្រ ដែលមនុស្សជុំវិញ​លោក​ពូទីន​បាន​ចេញមុខ​សំដែងក្តីបារម្ភ​ជាសាធារណៈ ពី​ការអនុវត្តជ្រុលហួសហេតុ នៅក្នុង​យុទ្ធនាការ​កេណ្ឌទ័ព សម្រាប់​ធ្វើសង្រ្គាម​នៅអ៊ុយក្រែន។ បន្ទាប់ពី​លោក​ពូទីន​ចុះហត្ថលេខា​លើក្រឹត្យ​កេណ្ឌទ័ពបម្រុង​មួយភាគ ដើម្បី​ទៅជួយ​ធ្វើ​សង្រ្គាមនៅអ៊ុយក្រែន រដ្ឋមន្រ្តីការពារជាតិ​រុស្ស៊ី ដែល​ប្រកាស​បើកយុទ្ធនាការ​កេណ្ឌទ័ព ៣សែននាក់ បាន​បញ្ជាក់ថា មានតែ​ទាហានបម្រុង អ្នកដែល​ធ្លាប់មាន​បទពិសោធន៍ ក្នុងសមរភូមិប្រយុទ្ធ និង​អ្នកមាន​សមត្ថភាព​យោធាពិសេស ទើប​មានឈ្មោះ ក្នុងបញ្ជីកេណ្ឌទ័ព​របស់​លោកពូទីន។

ប៉ុន្តែ នៅថ្ងៃ​អាទិត្យ ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​រុស្ស៊ី ដែលជា​សភាជាន់ខ្ពស់​របស់រុស្ស៊ី គឺ​លោកស្រី Valentina Matvienko ដែលជា​មនុស្ស​ស្និទ្ធ​នឹង​លោក​ពូទីន បានសរសេរ​នៅក្នុងសារតេឡេក្រាមថា លោកស្រីបានទទួល​ពាក្យបណ្តឹង​កាន់តែច្រើន​ដែល​ថា បុរស​ដែលមិនឆ្លើយតបនឹង​លក្ខខណ្ឌ​កេណ្ឌទ័ព ពោល គឺ​មិនមែនជាទាហានបម្រុង ឬ​មានបទពិសោធន៍​ធ្វើសង្រ្គាមពីមុនមក ក៏​បាន​ទទួល​លិខិត​កោះហៅ​ឲ្យទៅចុះឈ្មោះ ​នៅមណ្ឌល​រើសកងទ័ពដែរ។

នៅក្នុងលិខិត​ផ្ញើទៅកាន់​រដ្ឋមន្រ្តីការពារ​ជាតិ​រុស្ស៊ី ប្រធាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​រុស្ស៊ី បាន​ទាមទារ​ឲ្យ​ក្រសួង​ស្វែងរក​ដំណោះស្រាយ​បន្ទាន់ ដើម្បី ជៀសវាង​ការបាត់បង់ទំនុកចិត្ត​របស់​ប្រជាជន។ ​ប្រធានក្រុមប្រឹក្សា​សិទ្ធិមនុស្ស​រុស្ស៊ី លោក Valeriy Fadeev បានលើកករណី​មិន​ប្រក្រតី​មួយចំនួន ដូចជា ទាហាន​ចាស់​ចូលនិវត្ត ឆ្មប គិលានុបដ្ឋាយិកា ឪពុក​ដែល​មាន​កូនច្រើនក្នុងបន្ទុក គ្រូបង្រៀន ឬ​អ្នកជម្ងឺ ដែលគ្មានសមត្ថភាព ជំនាញ និង​បទពិសោធ​ប្រយុទ្ធ​ទាល់តែសោះ បែរជាបានទទួលលិខិតកោះហៅឲ្យទៅចុះឈ្មោះ​ធ្វើ​សង្រ្គាម​នៅអ៊ុយក្រែន។

ការប្រកាស​របស់​លោកពូទីន ដើម្បី កេណ្ឌទ័ពបម្រុង កាលពីថ្ងៃ ពុធ​បាន​បង្ក​ឲ្យមាន​បាតុកម្ម​តវ៉ា និង​ចំណាកស្រុក​របស់​ពលរដ្ឋរុស្ស៊ី ដែល​ចង់គេច​ចេញ​ពីការចាប់កេណ្ឌទ័ពដើម្បីធ្វើ​សង្រ្គាមនៅអ៊ុយក្រែន។ នៅក្នុង​សារ​ផ្ញើទៅកាន់​ថ្នាក់ដឹកនាំ​តំបន់​ដែល​ទទួល​បន្ទុកការរើសបញ្ចូល​កងទ័ព ប្រធានព្រឹទ្ធសភា​រុស្ស៊ី​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ទទួល​ខុសត្រូវទាំងស្រុង និង​កែកំហុស​ឆ្គងឡើង​វិញ ព្រោះថា ការអនុវត្តខ្លាំង​ជ្រុលហួសហេតុ ហួសកម្រិត​ដែលបាន​កំណត់ ជារឿងធម្មតា​ដែលធ្វើ​ឲ្យ​កើតមាន​ប្រតិបត្តិការ​រស់រវើក​នៅក្នុង​សង្គម។

តាម​អង្គការ​ការពារ​សិទ្ធិមនុស្ស ការប្រកាសកេណ្ឌទ័ពរបស់​លោកពូទីន បាន​បណ្តាល​ឲ្យ​មានបាតុកម្ម​ប្រឆាំងសឹង​នៅគ្រប់ទីក្រុង​របស់​រុស្ស៊ី។ គិតមកដល់​ថ្ងៃអាទិត្យ បាតុករ​ជាង ២០០០នាក់ ​ត្រូវបាន​ចាប់ឃុំខ្លួន ដែលនៅក្នុងនោះភាគច្រើន បាន​ទទួល​ភ្លាមៗ លិខិត កោះហៅ​ឲ្យចូលបម្រើទ័ព។ នៅពេល​និស្សិត និង​សិស្ស​វិជ្ជាជីវៈ ត្រូវ​បាន​លើកលែង រួចខ្លួន​ពីយុទ្ធនាការ​កេណ្ឌទ័ព ម៉ូស្គូ​បាន​និយាយការពារ​ខ្លួន​ថា វា​ជារឿង​ស្របច្បាប់ ដែល​បាតុករ ​ចាប់ខ្លួន ​ក្នុងអំឡុង​បាតុកម្ម ត្រូវជាប់ឈ្មោះក្នុង​បញ្ជីរើសទ័ពលើកនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ