អានតួអត្ថបទ
រុស្ស៊ី-កេណ្ឌទ័ព

អឺរ៉ុបមានជំហរមិនដូចគ្នា​ក្នុងរឿងទទួល​ពលរដ្ឋរុស្ស៊ីដែល​រត់គេចពីការកេណ្ឌទ័ព​របស់​លោកពូទីន

ប្រឈមមុខ​នឹង​លំហូរ ប្រជាជន​រុស្ស៊ីដែលចាកចោលប្រទេស​ដើម្បីគេចចេញ​ពីយុទ្ធនាការកេណ្ឌទ័ព​របស់​លោកប្រធានាធិបតី​រុស្ស៊ី ពូទីន ប្រទេស​សមាជិក​អឺរ៉ុប​មានជំហរមិនដូចគ្នា។ នៅមួយថ្ងៃ​ក្រោយ លោកពូទីន ប្រកាស​កេណ្ឌទ័ពបម្រុង ចំនួន ៣សែននាក់​សម្រាប់​ទៅប្រយុទ្ធនៅក្នុងប្រទេស​អ៊ុយក្រែន រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់​បាន​ប្រកាស​បើកចំហ​ទទួល​ជនជាតិ​រុស្ស៊ី​ដែលមាន​សេចក្តី​ក្លាហាន ​ហ៊ាន​ប្រឆាំង​នឹង​បទបញ្ជា​កេណ្ឌទ័ព​របស់​ប្រធានាធិបតី​រុស្ស៊ី។ សាធារណរដ្ឋឆែក​ឯណោះវិញ ប្រកាស​បិទទ្វារ​មិនទទួល​ជនជាតិរុស្ស៊ីដែល​កំសាក រត់ចោល​ស្រុក។

ប៉ូលិស​ហ្វាំងឡង់​នៅព្រំដែន​ជាមួយ​រុស្ស៊ីត្រួតពិនិត្រថយន្តរបស់​អ្នកដំណើរមកពីប្រទេស​រុស្ស៊ី នៅថ្ងៃ​ទី ២៣​កញ្ញា ២០២២ ​
ប៉ូលិស​ហ្វាំងឡង់​នៅព្រំដែន​ជាមួយ​រុស្ស៊ីត្រួតពិនិត្រថយន្តរបស់​អ្នកដំណើរមកពីប្រទេស​រុស្ស៊ី នៅថ្ងៃ​ទី ២៣​កញ្ញា ២០២២ ​ REUTERS - JANIS LAIZANS
ផ្សាយពាណិជ្ជកម្ម

មួយថ្ងៃ​ក្រោយ​ការប្រកាស​របស់​ប្រធានាធិបតីរុស្ស៊ី លោកពូទីន ដែលថា នឹង​កេណ្ឌទ័ពមួយភាគ​សម្រាប់​បំពេញកាតព្វកិច្ច ធ្វើ​ប្រតិបត្តិការយោធាពិសេស​នៅអ៊ុយក្រែន ពលរដ្ឋ​រុស្ស៊ី កាន់តែច្រើន ដែលរត់​គេច​ចេញ​ពី​យុទ្ធនាការ​កេណ្ឌទ័ព​​របស់​លោក​ពូទីន បាន​ធ្វើដំណើរ​ចាកចោល​ប្រទេស ជាបន្តបន្ទាប់ សំដៅ​ប្រទេស​ជិតខាង ដែល​នៅក្នុងនោះមាន​ផងដែរ​ប្រទេស​សមាជិក​អឺរ៉ុប។

ពលរដ្ឋរុស្ស៊ី​កាន់តែច្រើន បានធ្វើដំណើរ​ទៅ​អាមេនី និង​ហ្សកហ្ស៊ី ព្រោះជាប្រទេស​ដែលមិនទាមទារ ទិដ្ឋាការស្នាក់នៅ។ ក្រៅពីនោះ គេឃើញ​ពលរដ្ឋ​រុស្ស៊ី សម្រុកធ្វើដំណើរ​ចូល​ប្រទេស​សមាជិក​របស់​សហភាពអឺរ៉ុប ដែលមានព្រំដែនជាប់រុស្ស៊ី។

នៅថ្ងៃ​សុក្រ អាជ្ញាធរព្រំដែន​ប្រទេស​ហ្វាំងឡង់​បាន​កត់សំគាល់​ឃើញ ពលរដ្ឋរុស្ស៊ី ធ្វើដំណើរ​ចូល​ទឹកដីហ្វាំងឡង់ កើនឡើងចំនួន​ពីរដង នៅក្រោយ​ការប្រកាស​កេណ្ឌទ័ព​របស់​លោកពូទីន ពីជាង ៣០០០នាក់ ទៅ ៦៤០០នាក់ ក្នុងមួយថ្ងៃ។

កាត់បន្ថយ ១០ដង​ចំនួន​អ្នកទេសចររុស្ស៊ី នៅ​ហ្វាំងឡង់ ចាប់ពីដើម​ខែ​កញ្ញា នាយករដ្ឋមន្រ្តី​ហ្វាំងឡង់ បានបញ្ជាក់កាលពីថ្ងៃ​ព្រហស្បតិ៍ថា ការផ្តល់ទិដ្ឋាការ​ឲ្យ​ជនជាតិ​រុស្ស៊ី សម្រាប់​ទេសចរណ៍ និង​ការឆ្លងកាត់​ហ្វាំងឡង់ ត្រូវ​ផ្អាកបណ្តោះអាសន្ន។ តាមនាយករដ្ឋមន្រ្តីហ្វាំងឡង់ រដ្ឋាភិបាល​នឹង​ពិនិត្យសើរើឡើងវិញ ការប្រឈម​គ្រោះថ្នាក់ ដោយ​អ្នកទេសចរ​រុស្ស៊ី នៅក្រោយ​នយោបាយ​កេណ្ឌទ័ព​នៅ​រុស្ស៊ី។

នៅ​ចំពោះមុខ​ការធ្វើ​ចំណាកស្រុក របស់​ពលរដ្ឋរុស្ស៊ី ដែលចង់​គេច​ពី​ការកេណ្ឌ​ទ័ព​ នៅរុស្ស៊ី ប្រទេស​សមាជិក​អឺរ៉ុប មានជំហរ​មិនដូចគ្នា។ គណៈកម្មការអឺរ៉ុប​ចង់សំដែង​សាមគ្គីភាព ទទួល​ពលរដ្ឋរុស្ស៊ី ក្នុង​ដែល​ក្លាហាន ហ៊ាន សំដែង​ការប្រឆាំង​នឹង​របបលោកពូទីន។

នៅថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​អាល្លឺម៉ង់​ប្រកាស​ថា អាល្លឺម៉ង់​ត្រៀមខ្លួន​ទទួល​យក​ជនជាតិ​រុស្ស៊ី ដែល​រត់គេច​ចេញ​ពី​ការកេណ្ឌ​ទ័ព ដើម្បីធ្វើសង្រ្គាម​នៅ អ៊ុយក្រែន។ សម្រាប់​រដ្ឋមន្រ្តីអាល្លឺម៉ង់ បុគ្គល​ដែលមាន​សេចក្តីក្លាហាន ​ហ៊ាន​ប្រឆាំង​លោក​ពូទីន កំពុង​ស្ថិតក្នុងគ្រោះថ្នាក់។ ដូច្នេះ ពួកគេ​អាចសុំ​សិទ្ធិជ្រកកោន​នយោបាយ​នៅអាល្លឺម៉ង់។ ចាប់តាំងពី​លោកពូទីនចាប់ផ្តើម​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន អាល្លឺម៉ង់ជាប្រទេស​អឺរ៉ុបនាំមុខគេ ដោយផ្តល់ការជ្រកកោន​នយោបាយ​ដល់​ជនជាតិ​រុស្ស៊ី ៤៣៨នាក់ ដែល​ប្រឈម​នឹងការចាប់ខ្លួន ដោយសារ​ជំហរ​រិះគន់ ប្រឆាំងសង្រ្គាមរុស្ស៊ី ឈ្លានពានអ៊ុយក្រែន។

ផ្ទុយពីអាល្លឺម៉ង់ ប្រទេស​នៅ​ព្រំដែនអឺរ៉ុប​ដូចជា​សាធារណរដ្ឋឆែក ឡេតូនី ប្រទេស​បាល់កង់ និង​ប៉ូឡូញ ជាដើម​បាន​បង្ហាញជំហរ​អរិភាព។ នៅថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្រ្តី​ការបរទេស​ឡេតូនី បដិសេធ​មិន សាមគ្គី ស្វាគមពលរដ្ឋរុស្ស៊ី នៅក្រោម​ហេតុផល​សន្តិសុខផ្ទាល់ខ្លួន។ ម្យ៉ាង ឡេតូនីចាត់ទុក​ជនជាតិ​រុស្ស៊ី ដែល​រត់គេចចេញពីការកេណ្ឌទ័ព​លើកនេះ ថា គ្មានមនសិការពិតប្រាកដ ព្រោះ ពួកគេ​ធ្លាប់សំងំស្ងៀម មិន​ចេញ​ប្រឆាំង​នឹង​សង្រ្គាម​ឈ្លានពាន​របស់​លោក​ពូទីន នៅអ៊ុយក្រែន។

សាធារណរដ្ឋឆែកវិញ បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​មនុស្សធម៌​ដល់​ពលរដ្ឋរុស្ស៊ី ដែល​រត់ចេញ​ពី​ប្រទេស ដើម្បីគេច​ពីកាតព្វកិច្ច​យោធា នៅរុស្ស៊ី។ រដ្ឋមន្រ្តីការបរទេស​របស់សាធារណរដ្ឋឆែក លោក Jan Lipavsky និយាយ​ថា លោក​យល់​ពី​ទឹកចិត្ត​របស់​ប្រជាជន​រុស្ស៊ី ដែលមិនចង់ពាក់ព័ន្ធ​នឹង​ការសម្រេចចិត្ត​កាន់តែ គ្មានសង្ឃឹម​របស់​លោកពូទីន។ “ប៉ុន្តែ រាល់អ្នកដែល​រត់ចេញពីប្រទេស ដោយសារ​តែពួកគេ​មិន​ចង់​អនុវត្ត​កាតព្វកិច្ច ដែល​រដ្ឋចាប់តម្រូវ មិន​សក្តិសម​នឹង​ទទួល​បាន​ទិដ្ឋាការ​មនុស្សធម៌" នេះជាប្រសាសន៍​របស់រដ្ឋមន្រ្តីការបរទេស​ឆែក។

ទៅតាម​សេចក្តីព្រាងច្បាប់ដែលនឹង​ត្រូវ​សភាឌូម៉ា បោះឆ្នោត​អនុម័ត បុគ្គលដែល​បដិសេធមិន​ចូលបម្រើទ័ព ឬ​បាក់ទ័ព រត់ចោលជួរត្រូវប្រឈម​នឹងការជាប់ទោសដាក់ពន្ធនាគារ​យ៉ាង​តិច ១០ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ