អានតួអត្ថបទ
បារាំង-អតិផរណា-បាតុកម្ម

បារាំង​ធ្វើ​បាតុកម្មទូទាំង​ប្រទេស​ទាមទាមឡើ​ងប្រាក់​ខែ ប្រឆាំង​នឹង​ទំនិញ​​ឡើង​ថ្លៃ

អឺរ៉ុប​កំពុង​ឆ្លង​កាត់​វិបត្តិ​អតិផរណា យ៉ាង​ធ្ងន់ធ្ងរ ​៩%​នៅ​អេស្ប៉ាញ ១០%​នៅអាល្លឺម៉ង់ ជាង​៥%​សម្រាប់​ប្រទេស​បារាំង ...។ ប្រឈម​នឹងសន្ទុះ​​អតិផរណា ទំនិញ​គ្រប់​សារពើ​ឡើង​ថ្លៃ​ជា​លំដាប់ ​ប្រទេស​បារាំងបាន​ប្រែក្លាយ​ ថ្ងៃ​ព្រហស្បតិ៍ទី​២៩​កញ្ញានេះ​ ជាថ្ងៃប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម។ សហជីពចំនួន​​បី​​ បាន​​ប្រកូក​ប្រកាស​ហៅ​បុគ្គលិក​គ្រប់​ផ្នែក​ ឱ្យ​ចុះ​ធ្វើ​បាតុកម្ម​​ដើម្បីទាមទារសុំ​​ដំឡើង​ប្រាក់​ខែ​។ បាតុកម្ម​បាន​បង្កឱ្យ​មាន​ការ​រំខាន​ស្ទើរ​គ្រប់​វិស័យ​ ជាពិសេស​វិស័យ​ដឹកជញ្ជូន​សាធារណៈ​។

បារាំង​ធ្វើ​បាតុកម្មទូទាំង​ប្រទេស​ទាមទាមឡើ​ងប្រាក់​ខែ ប្រឆាំង​នឹង​ទំនិញ​​ឡើង​ថ្លៃ
បារាំង​ធ្វើ​បាតុកម្មទូទាំង​ប្រទេស​ទាមទាមឡើ​ងប្រាក់​ខែ ប្រឆាំង​នឹង​ទំនិញ​​ឡើង​ថ្លៃ (Photo : Bertrand Guay/AFP)
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​បាតុកម្ម​ទីមួយ​ ក្នុងអាណត្តិ​ទីពីរ​របស់​ប្រធានាធិបតី​បារាំង​អេម៉ាណុយអែល ម៉ាក្រុង ​ ប៉ុន្តែទំនង​​មិន​មែន​ជា​លើក​ចុងក្រោយ​សម្រាប់​ឆ្នាំ​២០២២​ទេ។ ក្នុង​បរិបទ​ដ៏តាន​តឹង​បង្ក​ឡើង​ដោយ​វិបត្តិ​អតិផរណាយ៉ាង​ធ្ងន់ធ្ងរ (ទំនិញ​ឡើង​ថ្លៃ​ឥតឈប់ ដល់​៥,៩%​នៅ​ខែ​សីហា) និង​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​រដ្ឋាភិបាល​ធ្វើកំណែទម្រង់​របប​ចូល​និវត្តន៍​ដោយ​បង្ខំ​ សហជីព​CGT FSU Solidaires ព្រមទាំង​អង្គការ​យុវជន​ បាន​​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ប្រមាណ​២០០កន្លែង​នៅទូទាំង​ប្រទេស​បារាំង។

នៅរដ្ឋធានី​ប៉ារីស បាតុករ​បាន​បង្ហែក្បួន​នៅពេល​វេលា​២រសៀល​ ពី​រង្វង់​មូល​Denfert-Rochereau ភាគ​ខាង​ត្បូងក្រុង​សំដៅ​ទីលាន​Bastille ដែល​ជា​និម្មិត្តរូប​នៃ​ចលនា​បដិវត្តប្រជាជនបារាំង។ បាតុកម្ម​បាន​បង្ក​ឱ្យ​មាន​ការ​រំខាន​យ៉ាង​ខ្លាំង​ក្នុង​ផ្នែក​សេវាកម្ម សាលា​រៀន និងបាន​ធ្វើ​ឱ្យ​វិស័យ​​ដឹកជញ្ជូនសាធារណៈ ឡាន​ក្រុង រថភ្លើង​ក្រោម​ដី​ និង​រថភ្លើងឆ្លង​តំបន់ មាន​ភាព​រអាក់រអួល​យ៉ាង​ខ្លាំង។

​​កម្មវត្ថុនៃ​បាតុកម្ម ដែល​មាន​សរសេរ​លើ​បដា គឺ​ទាមទារ​ដំឡើង​ប្រាក់​បៀរវត្សរ៍​ ដំឡើង​ប្រាក់​ខែអប្បបរិមា​ឱ្យ​​ដល់​២ពាន់​អឺរ៉ូ និង​កំណត់​អាយុ​ចូលនិវត្តន៍​ត្រឹម​៦០​ឆ្នាំ ព្រមទាំងធ្វើ​ការ​៣២​ម៉ោង​ក្នុង​សប្តាហ៍។

ក្រៅ​ពី​សហជីព គេ​សង្កេត​ឃើញ​ តំណាង​ជាប់​ឆ្នោត ​គណបក្ស​នយោបាយ​អ្នក​ឆ្វេង​និយម ព្រម​ទាំង​តំណាង​អង្គការ​មួយ​ចំនួន​ដូច​ជា​អង្គការ Oxfam Attac មក​ចូល​រួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ឡើង​ថ្លៃ​ទំនិញ​នេះ​ដែរ។ ប៉ុន្តែ​សហជីព​ធំៗ​បី​ផ្សេង​ទៀត (CFDT FO Unsa) អវត្តមាន ដោយ​សំអាង​ថា​បាន​មាន​សកម្មភាព​ទាមទារ​បែប​ផ្សេង និង​ត្រៀមកម្លាំង​​ធ្វើ​បាតុកម្ម​ធំ​នៅ​ថ្ងៃ​ខាង​មុខ ពេល​រដ្ឋាភិបាល​ធ្វើ​កំណែទម្រង់​ច្បាប់​ចូល​និវត្តន៍​។

លោកស្រីនាយករដ្ឋមន្ត្រី អេលីហ្សេប៊ែត ប៊ន បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ថា​រដ្ឋាភិបាល​​ នឹង​ចាប់​ផ្តើម​ពិគ្រោះ​ចរចា​​ជាមួយ​ក្រុម​សហជីព​ កម្មករ និយោជក សភា ​ជុំ​វិញ​ការ​ធ្វើ​កំណែទម្រង់​ច្បាប់​ចូល​និវត្តន៍ ដើម្បី​ឈាន​ទៅ​អនុម័ត​គម្រោង​ច្បាប់​​ឱ្យបាន​​មុន​រដូវ​រងារ​និង​ចូល​ជា​ធរមាន​នៅ​រដូវ​ក្តៅ​ឆ្នាំ​២០២៣​​។ តាម​គម្រោង រដ្ឋាភិបាល​ចង់បង្ខិត​ពេល​ចូល​និវត្តន៍បន្តិចៗ​ម្តង​ ពោល​គឺ​​មួយ​ឆ្នាំឡើង​​បួន​ខែ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​​ចាប់​ពីឆ្នាំ​​​២០៣១ទៅ ពលរដ្ឋ​ត្រូវ​ចូល​និវត្តន៍នៅ​អាយុ​៦៥​ឆ្នាំ។ ម្យ៉ាង​ទៀត រដ្ឋាភិបាល​បារាំង​បាន​អះអាង​ថា​បាន​ព្រមព្រៀង​ដំឡើង​ប្រាក់​ខែ​ដល់​អ្នក​រដ្ឋការ និង​គ្រូបង្រៀន ព្រមទាំង​បាន​ចាត់​វិធានកា​រប្រឆាំង​អតិផរណា​ ដែល​ទូលំទូលាយ​ជាង​គេ​នៅអឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ