អានតួអត្ថបទ
បារាំង

កូដកម្ម​២០​ថ្ងៃ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អយស្ម័យយាន​បារាំង បាត់បង់​ចំណូល ៤០០​លាន​អឺរ៉ូ

កូដកម្ម​ប្រឆាំង​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍ ដែល​បានឈាន​ចូល​ដល់​ថ្ងៃទី ២១ នៅថ្ងៃ ពុធទី ២៥ ធ្នូ បានធ្វើ​ឲ្យ​ក្រុមហ៊ុន អយស្ម័យយាន បារាំង SNCF បាត់បង់​ប្រាក់ចំណូល ប្រមាណ ៤០០​លាន​អឺរ៉ូ។ តាម​ប្រធាន​ក្រុមហ៊ុន​SNCF ដែល​បាន​ផ្តល់​បទសម្ភាសន៍​ដល់​កាសែត Le Monde កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ទំហំ​ខាតបង់​នឹង​អាច​មាន​ច្រើនជាងនេះ ព្រោះ​ថា ក្រុមសហជីព​របស់​អ្នកបើកបរ​រថភ្លើង ប្រកាស​បន្ត ធ្វើ​កូដកម្ម តទៅទៀត ដរាប​ណា រដ្ឋាភិបាល​មិនព្រម ឈប់​ធ្វើ​កំណែទម្រង់ ច្បាប់ ដែល​សំដៅ​លុបចោល របបចូលនិវត្តន៍​ពិសេស​របស់​បុគ្គលិក​ក្រុមហ៊ុន​ដឹកជញ្ជូន។ 

អ្នកធ្វើដំណើរ​តាម​រថភ្លើង​ថយចុះ​នៅ​អំឡុង​បុណ្យ​ណូអែល ដោយសារ​មហាកូដកម្ម​​​
អ្នកធ្វើដំណើរ​តាម​រថភ្លើង​ថយចុះ​នៅ​អំឡុង​បុណ្យ​ណូអែល ដោយសារ​មហាកូដកម្ម​​​ ©REUTERS/Gonzalo Fuentes
ផ្សាយពាណិជ្ជកម្ម

កូដករ បាតុករ ប្រឆាំង​កំណែទម្រង់ ច្បាប់​ចូលនិវត្តន៍ បារាំង​មិន​យល់ព្រម ផ្អាក​សកម្មភាព តវ៉ា​របស់​ខ្លួន នៅក្នុង​រដូវ​បុណ្យទាន បុណ្យណូអែល ទៅតាម​ការស្នើសុំ​របស់​រដ្ឋាភិបាល។ កូដកម្ម​របស់​បុគ្គលិក​ក្រុមហ៊ុន​ដឹកជញ្ជូន​បារាំង ដែល​បាន​ប៉ះពាល់​ខ្លាំង ដល់ ការធ្វើដំណើរ របស់​ប្រជាជន​បារាំង នៅ​ទូទាំង​ប្រទេស បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាតបង់​ផងដែរ ប្រាក់ចំណូល​ដ៏ក្រាសក្រែល។

តាម​ការវាយតម្លៃ​របស់​លោក Jean Pierre Farandou ប្រធាន​ក្រុមហ៊ុន​អយស្ម័យយាន​បារាំង SNCF កូដកម្ម មិនធ្វើការ របស់​បុគ្គលិក​របស់​ក្រុមហ៊ុន នៅក្នុង​រយៈពេល​២០​ថ្ងៃមកនេះ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន បាត់បង់​ប្រាក់ចំណូល ៤០០​លាន​អឺរ៉ូ ដែល​ក្រុមហ៊ុន​គួរ​រកបាន នៅក្នុង​រដូវបុណ្យទាន​ចុងឆ្នាំ។ សម្រាប់​ប្រធាន​ក្រុមហ៊ុន​SNCF ការខាតបង់​របស់​ក្រុមហ៊ុន​សម្រាប់​ឆ្នាំ ២០១៩ នឹង​មាន​ច្រើន​បន្ថែមទៀត ដោយសារ​ក្រុមសហជីព ប្រកាសបន្ត​ធ្វើ​កូដកម្ម គ្មាន​កាលកំណត់។

នៅ​ឆ្នាំ ២០១៨ ក្រុមហ៊ុន​SNCF បាន​ខាតបង់​ប្រាក់ចំណូល ជាង ៩០០​លាន​អឺរ៉ូ ដោយសារ ​បាតុកម្ម និង​កូដកម្ម រយៈពេល ៣ខែ​របស់​បុគ្គលិក​ក្រុមហ៊ុន ដើម្បី​ប្រឆាំង​នឹង​កំណែទម្រង់​ក្នុង​មុខងារ​សាធារណៈ​របស់​រដ្ឋាភិបាល​លោកម៉ាក្រុង។

ចាប់តាំង​ពីថ្ងៃទី ៥​ធ្នូ បុគ្គលិក​ក្រុមហ៊ុន​ដឹកជញ្ជូនបារាំង​ធ្វើកូដកម្ម មិនចូល​ធ្វើការ ដើម្បី​ប្រឆាំង​នឹង​សេចក្តីព្រាង​កំណែទម្រង់​ច្បាប់ ចូលនិវត្តន៍ ដែល​មាន​គម្រោង លុបចោល របបពិសេស ដែល​ភាគច្រើន​ជា​ផល​ប្រយោជន៍ របស់​អ្នកធ្វើការ​នៅ​ក្រុមហ៊ុន​ដឹកជញ្ជូន។ នៅ​ថ្ងៃ​អង្គារ​ដែល​ជា​ថ្ងៃទី ២០​នៃ​កូដកម្ម បាតុកម្ម និង​ជាថ្ងៃ​បុណ្យ​ណូអែល ដ៏សំខាន់​របស់​បារាំង រថភ្លើង​ដ៏លឿន TGV ប្រមាណ​៤០ភាគរយ​ប៉ុណ្ណោះ ដែល​រត់ សម្រាប់​ដឹក​អ្នកដំណើរ។

តាម​ប្រធាន​ក្រុមហ៊ុនអយស្ម័យយាន​បារាំង នៅពេល​ចលនា​ប្រឆាំង​មាន​រយៈពេល​កាន់តែវែង និង​កម្លាំងខ្លាំង គេ​ពិបាក​នឹង​ទប់​ឲ្យ​ឈប់ភ្លាមៗ​ណាស់។ ប្រធាន​ក្រុមហ៊ុន​SNCF ចង់​សំដៅ​ដល់​សហជីព​ក្រុមអ្នកបើកបរ​រថភ្លើង សំខាន់ៗ ដូចជា CGT CFDT ជាដើម ដែល​បាន​បដិសេធ​មិន​ឈប់ធ្វើ​កូដកម្ម សូម្បី​ក្នុង​រដូវបុណ្យណូអែល។ ជាលទ្ធផល បាតុកម្ម កូដម្ម​របស់​បុគ្គលិក​ក្រុមហ៊ុន ដឹកជញ្ជូន​បារាំង បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការធ្វើដំណើរ​ជាទូទៅ​របស់​ប្រជាជនបារាំង នៅ​ឱកាស​បុណ្យណូអែល។

វិបត្តិ​ជម្លោះ​សង្គម​បារាំង នឹង​ឆ្លងចូល​ទៅ​ឆ្នាំថ្មី​បន្តទៀត ព្រោះថា ក្រុមសហជីព​ប្រកាស​ធ្វើ​បាតុកម្ម កូដកម្ម គ្មានពេល​កំណត់ ដោយសារ​តែ​គ្មាន​ចម្លើយវិជ្ជមាន​ពី​ខាងរដ្ឋាភិបាល។ ពីពេលនេះ រហូត​ដល់​ថ្ងៃទី ៧ មករា ដែល​ជាថ្ងៃ ជួបចរចា​សាជាថ្មី រវាង​រដ្ឋាភិបាល និង​ក្រុមសហជីព នឹង​គ្មានអ្វី​ផ្លាស់ប្តូរ។ ប្រទេស​បារាំង ជាពិសេស​ទីក្រុង​ប៉ារីស នឹង​នៅ​បន្ត​ជាប់គាំង​ខ្លាំង ដោយសារ កូដកម្ម​ដែល​ធ្វើ​ឲ្យ​មាន​វិបត្តិ​គ្មាន​មធ្យោបាយ​ធ្វើដំណើរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ