អានតួអត្ថបទ

បែលហ្ស៊ីក និង អ៊ីរ៉ង់ ចុះកិច្ចព្រមព្រៀង​ដោះដូរ​អ្នក​ទោស

នៅថ្ងៃ​អាទិត្យ​ ទី​១៣វិច្ឆិកា ប្រធានាធិបតីអ៊ីរ៉ង់ បានសម្រេច​​ផ្តល់​សច្ចាប័ន​លើកិច្ចព្រមព្រៀងដោះដូរអ្នកទោស រវាង​ បែលហ្ស៊ីក និង អ៊ីរ៉ង់។ នេះបើតាម​ការ​បញ្ជាក់​របស់ទីភ្នាក់​ងារ​ព័ត៌មាន​រដ្ឋអំណាច​អ៊ីរ៉ង់។  កិច្ចព្រមព្រៀង​នេះ បាន​ធ្វើ​ពង្រាង​ច្រើន​ខែ​មកហើយ និង​ដែលត្រូវ​ជជែក​ពិភាក្សា​នៅ​សភា​អ៊ីរ៉ង់ ផង។ ​ភាគីប្រទេស​បែលហ្ស៊ីកវិញ កិច្ចព្រ​មព្រៀង​នេះ ត្រូវ​រង​ការ​រិះគន់​ជាខ្លាំង​ ពី​សំណាក់​ពលរដ្ឋ​ខ្លះ​និងអ្ន​កប្រឆាំង​រដ្ឋាភិបាល​។

الیویه وان‌دکاستیل، شهروند بلژیکی در فوریه ۲٠۲۲ در تهران بازداشت شده است.
الیویه وان‌دکاستیل، شهروند بلژیکی در فوریه ۲٠۲۲ در تهران بازداشت شده است. © twitter
ផ្សាយពាណិជ្ជកម្ម

កិច្ច​ព្រមព្រៀងដោះដូរអ្នកទោសរវាង​អ៊ីរ៉ង់​និង​បែលហ្ស៊ីក​​នេះ មុន​នឹងត្រូវប្រធានាធិបតីអ៊ីរ៉ង់​ អេប្រាហ៊ីម រ៉ៃស៊ី ចុះ​ហត្ថលេខាយល់ព្រម គឺ​ត្រូវឆ្លង​កាត់​ដំណាក់​កាល​ច្រើន​នៅ​តេហេរ៉ង់។ ​រដ្ឋសភា​អ៊ីរ៉ង់អនុម័ត​តាំងតែ​ពីខែ​សីហា ហើយ ​ក្រុមប្រឹក្សា​ឆ្មាំ​បដិវត្តន៍​ជាតិ យល់​ព្រម​ឯកភាពនៅតែតុលា ហើយ​និង​ឆ្លង​​សេចក្តី​សម្រេច​របស់​ចៅ​ក្រម​តុលាការ​​ដំបូង​មួយ​ទៀត ដែលត្រូវ​​ពិនិត្យ​មើល​​ធម្មនុញ្ញភាព។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ​ អ៊ីរ៉ង់​ សង្ឃឹម​ថា នឹង​បាន​ពលរដ្ឋ​ត្រឡប់​ទៅប្រទេសដើមវិញ។ ជនជាតិ​អ៊ីរ៉ង់ រាប់​រយនាក់ ត្រូវ​តុលាការ​បែលហ្ស៊ីក កាត់ទោស​ពីបទប្រព្រឹត្ត​អំពើ​ភេរវកម្ម​។ ​ជាក់ស្តែង អ្នក​ការទូត​អ៊ីរ៉ង់​ម្នាក់ ឈ្មោះ Assadollah Assadi ត្រូវកាត់ទោស​ឆ្នាំ២០២១ ឲ្យ​ជាប់ក្រោយ​ចម្រឹងដែក ២០​ឆ្នាំ​ ពីបទ​មានចេតនា​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ភេរវកម្ម​។​

ចំណែក​ភាគី បែល​ហ្ស៊ីល វិញ ពលរដ្ឋ​មួយ​ចំនួន​និង​បក្ស​ប្រឆាំង​បាន​រិះគន់​ជាខ្លាំង។ ប៉ុន្តែ សមាជិក​រដ្ឋសភា​ មតិ​ភាគច្រើន បាន​សម្រេច​ចំពោះ​កិច្ចព្រមព្រៀង​ដោះដូរអ្នក​ទោស​​នេះ ហើយ​​ រដ្ឋាភិបាល​បែលហ្ស៊ីល យល់ថា កិច្ចព្រមព្រៀង​នេះ ជា​ជម្រើស​តែមួយ​​សម្រាប់​សភាពការបន្ទាន់ និង​ដើម្បី​គោល​បំណង​មនុស្សធម៌ផង​​។ ​​នោះ គឺ​ចង់​រំដោះ​ជន​ជាតិ​បែលហ្ស៊ីកដែល​ជាប់​ឃុំនៅ​អ៊ីរ៉ង់។ នៅក្នុង​នោះ ក៏​មាន​ម្នាក់​ឈ្មោះ អូលីវីយ៉េ វ៉ាន់ដឺ​កាស្ទេល (Olivier Vandecasteele) ជាអ្នក​ធ្វើការ​ខាង​សប្បុរសធម៌​ ដែលត្រូវ​រដ្ឋអំណាច​អ៊ីរ៉ង់​ចាប់ឃុំ​ ជាង ​៩ ខែ​មកហើយ។ គ្រួសារ​របស់​​ Olivier Vandecasteele បាន​សុំ​ឲ្យ​អាជ្ញាធរ​រក​មធ្យោបាយ​ជាបន្ទាន់ ព្រោះ​បញ្ហា​សុខភាព​របស់​អ្នក​ជាប់ឃុំ និង​លក្ខខណ្ឌ​មិនល្អ​នៅ​ក្នុង​ពន្ធនាគារ​អ៊ីរ៉ង់។​

​លក្ខខណ្ឌមិនប្រសើរ​ក្នុងមន្ទីរ​អ៊ីរ៉ង់ ក៏ត្រូវ​រដ្ឋាភិបាល​បារាំងរិះគន់ដែរ។ បារាំង​ដែល​មាន​ជនជាតិ​ខ្លួនច្រើននាក់​ កំពុង​តែ​ជាប់​ឃុំ​នៅ​អ៊ីរ៉ង់​។​ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​បរទេស​ អ្នក​ស្រី​​ Catherine Colonna បាន​បញ្ជាក់​ប្រាប់​កាសែត​ Le Parisien ​នៅ​ចុង​សប្តាហ៍ ថា​ ពលរដ្ឋ​បារាំងនិងអ៊ីរ៉ង់មាន​សញ្ជាតិ​បារាំង​ ចំនួន​ ៧ នាក់ កំពុងតែ​រង​ការ​ឃុំ​ឃាំង​នៅ​ពន្ធនាគារ​អ៊ីរ៉ង់។ ជាច្រើន​ខែមកហើយ កាណាល់​ខ្សែបណ្តាញ​ការទូត ត្រូវកាត់​ដាច់ រវាងទីក្រុង​ប៉ារីសនិងតេហេរ៉ង់ ពីព្រោះ​តែ បារាំង​និងអ៊ីរ៉ង់ បា​នដកទូត​រៀង​ខ្លួន ព្រោះតែ​ទំនាស់​ជុំវិញសំណុំ​រឿង​នុយក្លេអ៊ែរអ៊ីរ៉ង់​​។

ថ្មីៗនេះ ប្រធានាធិបតី​បារាំង​បាន​អញ្ជើញ​ស្ត្រីអ្នក​នយោបាយប្រឆាំង​អ៊ីរ៉ង់មកប៉ារីស​ក្នុងកិច្ចប្រជុំ​ស្តីពីសន្តិភាព​ ហើយ​លោក ម៉ាក្រុង​ បាន​សរសើរ​វរភាព​របស់​នារី​អ៊ីរ៉ង់ ដែល​នឹង​ឈរ​តវ៉ា​បាតុកម្ម​ច្រើន​សប្តាហ៍​មកនេះ។ ថ្នាក់ដឹកនាំ​អ៊ីរ៉ង់ ខឹង​នឹងប្រធានាធិបតី​បារាំង ហើយ​ចាត់ទុកសម្តីលោកម៉ាក្រុង​ថា​គួរឲ្យ​ខ្មាស។

បើ​តាម​សង្គម​ស៊ីវិល​ រដ្ឋអំណាច​អ៊ីរ៉ង់ បាន​ចាប់ឃុំ​ពលរដ្ឋ​ជាង​១៥០០០នាក់​ហើយ ព្រោះតែបាតុកម្ម​ ​ពីរ​ខែ​មកនេះ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ