អានតួអត្ថបទ
អឺរ៉ុប-អំពើ​ពុករលួយ

សំណុំ​រឿង​ពុករលួយ​ ៖ ប្រធានសភាអឺរ៉ុប​ប្រកាស​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ

​រឿង​អាស្រូវ​​ពុករលួយនៅសភា​អឺរ៉ុប កំពុង​អង្រួន​​ស្ថាប័ន​អឺរ៉ុប​ទាំង​មូល និង​បាន​ក្លាយ​ជា​ប្រធានបទ​សំខាន់​មួយ​ដែរ នៃ​ជំនួប​កំពូល​អឺរ៉ុបចុងក្រោយ​ប្រចាំ​ឆ្នាំ​ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃព្រហស្បតិ៍​និង​សុក្រ​ទី ១៥-១៦​ធ្នូ២០២២។ ក្នុងកម្មវិធី​បើក​ជំនួប​កំពូល ប្រធានសភា​អឺរ៉ុប លោកស្រី រ៉ូប៊ែរតា មេតហ្សូឡា Roberta Metsola បាន​ប្រកាស​ធ្វើ​កំណែទម្រង់​ ស៊ីជម្រៅ​ នៅ​ឆ្នាំ​២០២៣ ប្រឆាំង​នឹងអំពើ​ពុករលួយ​ដែល​ធ្វើ​ឱ្យ​អាប់​អោន​លទ្ធិប្រជាធិបតេយ្យ។

លោកស្រី​ប្រធាន​សភា Roberta Metsola, ធ្វើ​សន្និសីទកាសែត ក្នុង​ជំនួបកំពូល​សហភាពអឺរ៉ុប ថ្ងៃទី ១៥ ធ្នូ ២០២២
លោកស្រី​ប្រធាន​សភា Roberta Metsola, ធ្វើ​សន្និសីទកាសែត ក្នុង​ជំនួបកំពូល​សហភាពអឺរ៉ុប ថ្ងៃទី ១៥ ធ្នូ ២០២២ REUTERS - JOHANNA GERON
ផ្សាយពាណិជ្ជកម្ម

គ្មាន​​កំណត់​ជាផ្លូវការ​ក្នុង​របៀបវារៈ​នៃ​ជំនួបកំពូល​សហភាព​អឺរ៉ុប​លើក​នេះទេ ប៉ុន្តែ​​រឿង​អាស្រូវ​ពុក​រលួយនិង​ផលវិបាកសម្រាប់​អឺរ៉ុប​ បាន​លេច​ធ្លោ​ឡើង​​ក្លាយ​ជា​ប្រធាន​បទ​ដ៏​សំខាន់​មួយ​ទន្ទឹម​នឹង​សំណុំ​រឿង​ថាមពល​ឧស្ម័ន​ឡើង​ថ្លៃ និង​វិបត្តិ​អ៊ុយក្រែនដែរ។ ប្រមុខ​ដឹកនាំ​ប្រទេស​ជា​សមាជិក​សហភាពអឺរ៉ុប​ទាំង​២៧ ចាំបាច់​ត្រូវ​​ពិភាក្សា​ដោះស្រាយ​​​ដោយចៀសមិនរួច។

ក្នុង​សន្និសីទ​កាសែត​​បើក​ជំនួប​កំពូល ប្រធាន​សភា​អឺរ៉ុប លោកស្រី រ៉ូប៊ែរតា មេតហ្សូឡា បាន​ប្រកាស​សន្យា​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ ចាប់​ពី​ដើម​ឆ្នាំ​២០២៣​ទៅ​តែ​ម្តង ដោយ​គ្រោង​នឹង​ពង្រឹង​ជា​ពិសេស ការការពារ​អ្នក​ផ្តល់ព័ត៌មាន​ និង​ហាមឃាត់​លែង​ឱ្យ​មាន​ក្រុម​មិត្តភាព​ក្រៅផ្លូវការ​ជាមួយ​ប្រទេស​ទីបី​។ មាន​ចំណុច​ខ្វះខាត​ជា​ច្រើន​ដែល​ត្រូវ​លុប​បំបាត់​ មាន​ជាអាទិ៍​សកម្មភាព​របស់​អតីត​សមាជិកសភា​អឺរ៉ុប សកម្មភាព​​ចុះ​​បញ្ជី​ប្រកប​ដោយ​តម្លាភាព និង​សកម្មភាព​របស់​​បុគ្គល​ដែល​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​​សភាអឺរ៉ុប។​​ នេះបើ​តាម​ការ​លម្អិត​របស់​លោកស្រី​ប្រធានសភា​អឺរ៉ុប ដោយ​បាន​បញ្ជាក់​ថា នឹង​គ្មាន​ទេ​ករណី​និទណ្ឌភាព ហើយ​ក៏​គ្មាន​អ្វី​អាច​លាក់​នៅក្រោម​តុ​បាន​ដែរ។

នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្នុង​សម័យ​ប្រជុំ​​ពេញ​អង្គ ​ សមាជិក​សភាអឺរ៉ុប​បាន​អនុម័ត​ ស្ទើរ​ជា​ឯកច្ឆ័ន្ទ​រួច​ហើយ សំណើ​ផ្អាក​ទំនាក់ទំនង​ជា​បណ្តោះ​អាសន្ន​ជា​មួយ​នឹង​តំណាង​អ្នកការពារ​ផលប្រយោជន៍​ប្រទេសកាតា និង​បាន​សម្រេច​ព្យួរ​គ្រប់​កិច្ចការ​សភា​ដែល​មាន​ពាក់​ព័ន្ធ​នឹង​រាជាណាចក្រ​មួយ​នេះ ក្នុង​អំឡុង​ពេល​ធ្វើ​អង្កេត។

ជាក់​ស្តែង​ បើ​តាម​លោកស្រី​ប្រធានសភា អង្គការ​ក្រៅ​រដ្ឋាភិបាល No Peace Without Justice ដែល​សង្ស័យ​ថា​មាន​ជាប់​ប្រលាក់​ប្រលូស​នឹងរឿង​អាស្រូវ​​​ពុករលួយនៅ​សភា​អឺរ៉ុប​​ដែរ ត្រូវ​ព្យួរ​ទំនាក់ទំនង​ជាមួយ​អឺរ៉ុប​ហើយ។

សូមរំលឹក​ថា​រឿង​អាស្រូវ​ពុក​រលួយ​ កើត​ឡើង​ក្នុង​រង្វង់​សភា​អឺរ៉ុប​ទេ ប៉ុន្តែ​បញ្ហា​កំពុង​ចោទ​ឡើង​នៅ​ទូទាំង​ស្ថាប័ន​អឺរ៉ុប ដោយ​មាន​សមាជិក​សភា​ខ្លះ​ បាន​គូស​បញ្ជាក់​អំពី​ភាព​ចាំបាច់​នៃការ​អនុវត្ត​​តម្លាភាព​នៅ​ក្នុង​រង្វង់​ក្រុមប្រឹក្សា​និង​គណៈកម្មការ​អឺរ៉ុប​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ