អានតួអត្ថបទ
បែលហ្ស៊ិក-គ្រឿងញៀន

រដ្ឋអំណាចបែលហ្ស៊ិករឹបអូសបានគ្រឿងញៀនជិត ១១០តោនក្នុងឆ្នាំ ២០២២ នៅកំពង់ផែអង់វែរ

នៅ​ថ្ងៃ​អង្គារ ទី១០ មករា រដ្ឋអំណាច​នៃ​ប្រទេស​បែលហ្ស៊ិក និង​ហូឡង់​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​រឹបអូស​បាន​គ្រឿងញៀន​កូកាអ៊ីន​កាល​ពី​ឆ្នាំ ២០២២ កន្លង​ទៅ។ កំពង់ផែ​រូតទែរដាម​ក្នុង​ប្រទេស​ហូឡង់ និង​កំពង់ផែ​អង់វែរ​ក្នុង​ប្រទេស​បែលហ្ស៊ិក​ត្រូវ​បាន​គេ​ស្គាល់​ជា​ទីកន្លែង​រត់ពន្ធ និង​ឆ្លង​កាត់​គ្រឿងញៀន​ពី​ទ្វីបអាមេរិកឡាទីន ពិសេស​ពី​ប្រទេស​ប៉ាណាម៉ា កូឡុំប៊ី និង​ប្រទេស​អេក្វាទ័រ​ចូល​ទ្វីប​អឺរ៉ុប។ តែ​ខណៈ​ដែល​ការ​រឹបអូស​នៅ​កំពង់ផែ​រូតទែរដាម​ក្នុង​ប្រទេស​ហូឡង់​ឆ្នាំ ២០២២ បាន​ស្គាល់​ការ​ធ្លាក់​ចុះ ការ​រឹបអូស​នៅ​កំពង់ផែ​អង់វែរ​ក្នុង​ប្រទេស​បែលហ្ស៊ិក​​ក្នុង​ប្រទេស​បែលហ្ស៊ិក​ឆ្នាំ ២០២២ បាន​ស្គាល់​កំណើន​ខ្លាំង ពោល​មាន​ជិត ១១០តោន។ បើ​ធៀប​នឹង​ឆ្នាំ ២០២១ គឺ​កើន​ថែម​ចំនួន ២០តោន។ គេ​បាន​មើល​ឃើញ​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ បែលហ្ស៊ិក ពិសេស​កំពង់ផែ​អង់វែរ​ហាក់​ក្លាយ​ជា​ទីកន្លែងជួញដូរ និង​ជា​ទីតាំង​ឆ្លងកាត់​គ្រឿងញៀន​ដ៏​ធំ​របស់​អឺរ៉ុប។ តើ​នេះ​មក​ពី​មូលហេតុ​អ្វី?។ យើង​ស្តាប់​លោក​ហ្វាប្រីស រីហ្សូលី អ្នកជំនាញម៉ាហ្វីយ៉ា និង​ឧក្រិដ្ឋកម្ម​កម្រិត​ធ្ងន់។

រដ្ឋអំណាចបែលហ្ស៊ិករឹបអូសបានគ្រឿងញៀនជិត ១១០តោនក្នុងឆ្នាំ ២០២២ នៅកំពងផែអង់វែរ។
រដ្ឋអំណាចបែលហ្ស៊ិករឹបអូសបានគ្រឿងញៀនជិត ១១០តោនក្នុងឆ្នាំ ២០២២ នៅកំពងផែអង់វែរ។ Corbis via Getty Images - Sander de Wilde
ផ្សាយពាណិជ្ជកម្ម

« ប្រទេស​បែលហ្ស៊ិក​តែង​ជា​តំបន់​ឆ្លង​កាត់​គ្រឿងញៀន និង​ជា​កន្លែង​លាង​លុយ​កខ្វក់។ តែ​អ្វី​ដែល​ខុស​គ្នា​នោះ​នៅ​ត្រង់​ថា កាល​ពី ១៥ឆ្នាំ​មុន ឬ​ច្រើន​ជាង​នេះ រដ្ឋអំណាច​បែលហ្ស៊ិក​បាន​សម្រចចិត្ត​ពង្រីក​កំពង់ផែ​អង់វែរ​ឲ្យ​កាន់​តែ​ធំ​ឡើង​ថែម​ទៀត​ដោយ​សាងសង់​បន្ថែម​នូវ​ចំណត​កប៉ាល់​ចំនួន​ពីរ​កន្លែង​ថ្មី​ដើម្បី​ទទួល​កុងតឺន័រ​ទំនិញ​បរទេស។

នេះ​ជា​និមិត្តរូប​នៃ​សកលភាវូបនីយកម្ម​​នៃ​ការ​ដោះដូរ។ តែ​ការ​ពង្រីក​កំពង់ផែ​អង់វែរ​នេះ​ក៏​ជា​ឱកាស​ល្អ​មួយ​សម្រាប់​ក្រុម​ជួញដូរ​គ្រឿងញៀន​ដែរ ខណៈ​ដែល​កំពង់ផែ​ក្នុង​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត ដូច​យ៉ាង​កំពង់ផែ​រូតទែរដាម​នៅ​ហូឡង់ ឬ​កំពង់ផែ​អំបួរ​នៅ​អាល្លឺម៉ង់​មាន​ភាព​ចង្អៀត និង​មាន​ការ​ត្រួតពិនិត្យ​តឹងតែង​ខ្លាំង។

ដល់​អ៊ីចឹង​ទៅ ក្រុម​ជួញដូរ​គ្រឿងញៀន​បាន​ផ្តោត​សកម្មភាព​ខ្លាំង​នៅ​កំពង់ផែ​អង់វែរ​ដោយ​ដឹក​គ្រឿងញៀន​តាម​កុងតឺន័រ​ឆ្លង​កាត់​កំពង់ផែ​អង់វែរ។ លើស​ពី​នេះ និង​ក្រោម​ហេតុផល​ផ្សេងៗ ការ​ត្រួតពិនិត្យ​នៅ​កំពង់ផែ​អង់វែរ​មាន​ភាព​ធូរស្រាល មិន​សូវ​តឹងតែង​ដើម្បី​ពន្លឿន​ការ​ធ្វើ​ចរាចរណ៍​ទំនិញ។ ដូច្នេះ​តាំង​ពី ១៥ឆ្នាំ ឬ ២០ឆ្នាំ ការ​នាំ​គ្រឿងញៀន ឬ​ទំនិញ​ផ្សេង​ទៀត​ចូល​តាម​កំពង់ផែ​អង់វែរ​មាន​ភាព​ងាយ​ស្រួល​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ ឆែកឆេរ​អ្វី​ទាំង​អស់។

គឺ​ទើប​តែ ៥ឆ្នាំ​កន្លង​ទៅ​នេះ​ទេ​ដែល​ក្រុម​គយ​បាន​ពង្រឹង​ការ​ត្រួតពិនិត្យ ឆែកឆេរ។ អ៊ីចឹង​ហើយ​បាន​ជា​គេ​ឃើញ​ជា​ប្រចាំ​ពី​កំណើន​នៃ​ការ​រឹបអូស​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពិសេស​កូកាអ៊ីន​នៅ​កំពង់ផែ​អង់វែរ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ