អានតួអត្ថបទ
រុស្ស៊ី

ប្រធានរដ្ឋសភារុស្ស៊ី​ស្នើឲ្យរឹបអូសទ្រព្យសម្បត្តិ ពលរដ្ឋដែលគេចខ្លួនទៅ បរទេស ហើយ “បន្តុះបង្ហាប់”ជាតិឯង

ថ្ងៃសុក្រ ទី ១៣ មករា លោកប្រធានរដ្ឋសភារុស្ស៊ី បានស្នើឲ្យអនុម័តច្បាប់ ក្រោមឈ្មោះថា ប្រឆាំងនឹង “ពួកជនថោកទាប”  ក្នុងន័យ រឹបអូសយកទ្រព្យសម្បត្តិ ពលរដ្ឋណា ដែលក្រោយពីចាកចេញពី ប្រទេសរុស្ស៊ីទៅ នាំគ្នាទិតៀនពីបរទេសមក ប្រតិបត្តិការយោធា របស់ វិមានក្រេមឡាំង នៅ អ៊ុយក្រែន ។

សភារុស្ស៊ីនៅខែកក្កដាឆ្នាំ ២០២២
សភារុស្ស៊ីនៅខែកក្កដាឆ្នាំ ២០២២ © REUTERS - RUSSIAN STATE DUM
ផ្សាយពាណិជ្ជកម្ម

គិតចាប់ពីថ្ងៃទី ២៤ កុម្ភៈឆ្នាំ ២០២២ មក មានពលរដ្ឋរុស្ស៊ីរាប់សែននាក់ បានគេចខ្លួនចាកចេញពី ប្រទេសជាតិ ពីព្រោះគេមិនឃើញទៀតឡើយ អនាគតសម្រាប់រូបគេ នៅក្នុងស្រុកនេះ និងខ្លាចអាជ្ញាធរ ធ្វើ ទុក្ខទោសតាមផ្លូវច្បាប់ មកពីគេហ៊ានបញ្ចេញជំហរប្រឆាំង ព្រមទាំងខ្លាចត្រូវកេណ្ឌឲ្យចូលបម្រើ កងទ័ព។

ពួកជនថោកទាបរស់នៅក្នុងផាសុកភាពគឺដោយសារប្រទេសយើង ។ ហើយឥឡូវពួកគេ បន្តទទួល ចំណូលពីការជួលអចលនទ្រព្យខ្លួន ដែលស្ថិតនៅក្នុងស្រុក ទាំងនាំឲ្យខូចដល់ផលប្រយោជន៍ ប្រជាពលរដ្ឋ រុស្ស៊ី”- សេចក្តីនេះ សរសេរក្នុង Telegram ដោយ លោក Viatcheslav Volodine ប្រធាសភាឌូម៉ា ជា សភាជាន់ក្រោមនៃ រដ្ឋសភារុស្ស៊ី។ គាត់់បន្តមកទៀត ៖ ក្នុងពេលជាមួយគ្នា ពួកគេ ថែមទាំងបណ្តោយខ្លួន និយាយអាក្រក់ជាសាធារណៈអំពីប្រទេសរុស្ស៊ី  ប្រមាថមាក់ងាយ ទាហានយើង នាយទាហានយើង។

មកពីមូលហេតុនេះ លោក Volodine ស្នើដូចតទៅ ៖ ពិតជាត្រឹមត្រូវ បើបន្ថែមទៅលើក្រមព្រហ្មទណ្ឌ នូវ ចំណុចដែល ចែងអំពីការរឹបអូសយក ទ្រព្យសម្បត្តិពួកជនថោកទាប​នោះដែលនៅសល់ក្នុងប្រទេសរុស្ស៊ី

តបនឹងសំនួរ ស្តីពី សំណើលោក Volodine អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ ឆ្លើយដោយ មិនអស់សេចក្តីទេ។ តាមសំដីគាត់ ៖ នេះជាបញ្ហាសាំញ៉ាំ ហើយ ប្រាកដណាស់ សមហេតុសមផល ក្នុង កាលៈទេសៈដែលយើងកំពុងឆ្លងកាត់ ។ ម៉្លោះហើយ បានជាគេមិនអាចបើកឡើយ អ្វីដែលហៅថា “ ប្រអប់ នៃគ្រោះកាច” -ឃ្លានេះ ត្រូវបានលើកយកទៅសូត្រ ដោយ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី។

តំណាងក្រេមឡាំង សង្កត់ធ្ងន់ថា ៖ យើងត្រូវតែធ្វើយ៉ាងណា ដើម្បីឲ្យអ្នកដែលបានចាកចេញទៅ មានចំណង់ចង់ត្រឡប់មកវិញ។ គេសុទ្ធតែជា ពលរដ្ឋយើងស្មើភាព ហើយម្នាក់ៗ អាចមានមូលហេតុ ផ្ទាល់ខ្លួន ចាកចេញទោ។ ប៉ុន្តែ អ្នកណាដែលមិនលង់ខ្លួនជ្រៅទៅប្រកាន់អាកប្បកិរិយាសត្រូវមែនពិត ទល់នឹងប្រទេសយើង គេនៅតែជាពលរដ្ឋយើង ហើយយើងត្រូវតែតស៊ូ ដើម្បីគេ។

បើមកទល់ថ្ងៃនេះ នៅមិនទាន់មានចាត់វិធានការណាមួយជាក់លាក់ ដើម្បីក្រសោបយកទ្រព្យសម្បត្តិ ពួកដែលបន្តុះបង្អាប់ជាត់ឯងពីបរទេសមក សំណើលោកប្រធានសភាឌូម៉ា Volodine បានបង្កឲ្យមាន ប្រតិកម្មក្តួលក្តៅ និង ថប់បារម្ភទៅហើយ នៅតាមបណ្តាញសង្គម។

ប៉ុន្មានខែចុងក្រោយ អាជ្ញាធររុស្ស៊ី បានបង្កើនការបង្ក្រាបទល់នឹង ពួកបន្តុះបង្អាប់គុណូបការវិមាន ក្រេមឡាំង ដែលបន្តប្រតិបត្តិការយោធានៅអ៊ុយក្រែន។

ក្នុងបរិបទនេះ អាជ្ញាធរ បានដាក់ឲ្យដំណើរការទៅហើយ គឺច្បាប់ដែលប្រមើលឲ្យជាប់ពន្ធនាគារ រហូតដល់ ១៥ ឆ្នាំ ចំពោះ ការផ្សព្វផ្សាយពត៏មានណាចាត់ទុកថាក្លែងបន្លំ អំពី កងទ័ពរុស្ស៊ី។ ពួកប្រឆាំងភាគច្រើន សព្វថ្ងៃ ស្ថិតក្នុងស្ថានភាពនិរទេស ឬមួយ ស្ថិតនៅក្នុងគុក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ