អានតួអត្ថបទ
បារាំង-បួគីណាហ្វាសូ

បារាំង​ដក​ទ័ព​ចេញ​ពី​បួគីណាហ្វាសូ ហើយ​ហៅ​ឯកអគ្គរដ្ឋ​ទូត​ត្រលប់​ចូល​ស្រុក

បន្ទាប់​ពី​ម៉ាលី ​បួគីណាហ្វាសូគឺ​ជា​ប្រទេស​ទីពីរ​នៅ​តំបន់​អាហ្វ្រិកសាហ៊ែល ដែល​លែង​ត្រូវការ​​កង​ទ័ព​​បារាំង។ ​ជាមួយ​នឹង​ការ​សម្រេច​បញ្ចប់​វត្តមានកងទ័ព​បារាំង​នៅ​​បួគីណាហ្វាសូ នៅមួយ​ខែ​ទៀត តាមការ​ចង់​បាន​របស់​ម្ចាស់ផ្ទះ បារាំង​​​បាន​ប្រកាស នៅថ្ងៃព្រហស្បតិ៍​នេះ ​កោះ​ហៅ ឯកអគ្គរដ្ឋ​ទូត​របស់​ខ្លួនឱ្យ​ត្រលប់​ចូល​ស្រុក​វិញ ដើម្បី​ពិគ្រោះ​យោបល់។

បារាំង​ដក​ទ័ព​ចេញ​ពី​បួគីណាហ្វាសូ ហើយ​ហៅ​ឯកអគ្គរដ្ឋ​ទូត​ត្រលប់​ចូល​ស្រុក
បារាំង​ដក​ទ័ព​ចេញ​ពី​បួគីណាហ្វាសូ ហើយ​ហៅ​ឯកអគ្គរដ្ឋ​ទូត​ត្រលប់​ចូល​ស្រុក AFP - MICHELE CATTANI
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តី​ថ្លែងការណ៍ ក្រសួងការបរទេស​បាន​ពន្យល់​ថា​ត្រូវ​ការ​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋ​ទូត​បារាំង​ប្រចាំ​បួគីណាហ្វាសូ ដើម្បី​ពិចារណា​អំពី​ទស្សនៈ​វិស័យនៃ​​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​នាពេល​អនាគត។ ការ​ហៅ​ទូត​ត្រលប់​ចូល​ស្រុក​វិញ​ដើម្បី​​ពិគ្រោះ ជា​​ភាសា​ទូតដែលចង់​​បញ្ជាក់​អំពី​ការ​មិន​ពេញ​ចិត្ត​ ឬពេល​មាន​វិបត្តិការទូត​នឹង​គ្នា។ ហើយ​ការ​ហៅ​ទូត​បារាំង​ប្រចាំ​បួគីណាហ្វាសូ ប្រព្រឹត្ត​ទៅ​ចំពេល​ដែល​របប​សឹក​បួគីណាហ្វាសូ ស្នើ​សុំ​ឱ្យ​ប្តូរ​ទូត​ផង និង​តែ​មួយ​ថ្ងៃ​ក្រោយ​ការ​ប្រកាស​កងទ័ព​បារាំង​ចេញ​ពី​ប្រទេស​នេះ​ទៀត។

កាលពី​ខែ​ធ្នូ បួគីណាហ្វាសូ​បាន​ផ្ញើ​លិខិត​មួយ​សុំ​ឱ្យ​ប៉ារីស​ដូរ​​ឯកអគ្គរដ្ឋ​ទូត​ ដែល​បាន​និយាយអំពី​ស្ថានភាព​សន្តិសុខ​ប្រទេស​បួគីណាហ្វាសូ​​ជា​សាធារណៈ​។ តែ​ពុំ​ឃើញ​បារាំង​ប្តូរ​ផ្លាស់​អ្វីទេ។ ទំនាក់ទំនង​ហាក់​បាន​ប្រសើរ​ឡើង នៅពេល​​​រដ្ឋលេខាធិការ​បារាំងទៅ​បំពេញ​ទស្សនកិច្ច​នៅបួគីណាហ្វាសូថ្ងៃទី​១០ មករា​ ប្រកាស​ពង្រីក​ជា​ដៃគូ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជីហាតនិយម។ ប៉ុន្តែនៅថ្ងៃ​អង្គារម្សិលម្ង៉ៃ រដ្ឋាភិបាល​បួគីណាហ្វាសូ​ស្រាប់​តែ​ក្រលាស់​ចិត្ត​​ផ្ញើ​លិខិត​ផ្លូវការ​ បរិហារ​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៨ ស្តីពី​លក្ខន្តិកៈ​រក្សា​វត្តមាន​ទាហាន​បារាំង​ក្នុង​ប្រទេស​នេះ ដោយទុក​ពេល​ឱ្យ​បារាំង​មួយ​ខែ​សម្រាប់​ដក​ទ័ព​ចេញ​ពី​ទឹកដី​បួគីណាហ្វាសូ។ បារាំង​គ្មាន​ពាក្យ​អ្វី​ក្រៅ​អំពី​គោរព​តាម​សំណើ​ទេ។

ប្រឈម​នឹង​ទំនាក់ទំនង​អាប់អួរ និង​អារម្មណ៍​ប្រឆាំង​បារាំង​កាន់​ខ្លាំង​នៅក្នុង​ប្រទេស អ្នក​ទទួល​ខុស​ត្រូវ​បារាំង​បាន​ព្រលយ​តាំងពី​ជា​ច្រើន​ខែ​មក​ថា​កងកម្លាំងពិសេស​បារាំង​ចាំ​តែ​ម្ចាស់​ផ្ទះ​​សម្រេច​ចិត្ត​ប៉ុណ្ណោះ។ កងទ័ព​បារាំង​ទាំង​៤០០នាក់​ត្រូវ​ចាកចេញ​ពីបួគីណាហ្វាសូ​នៅ​ចុង​ខែកុម្ភៈ ចំណែកការ​ដក​សព្វាវុធ​នឹង​បញ្ចប់​នៅចុង​ខែមេសា។

លែង​ត្រូវការ​វត្តមានទ័ពបារាំង តែចង់​រក្សា​​ទំនាក់ទំនង​ការទូត នាយករដ្ឋមន្ត្រី​បួគីណាហ្វាសូ បាន​ធ្វើ​ដំណើរ​ទៅមូស្គូ ដោយ​ស្ងាត់ៗ​ រួច​​ប្រកាស​ថា​រុស្ស៊ី​គឺ​ជា​ជម្រើស​សមហេតុផល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ