អានតួអត្ថបទ
បារាំង-ម៉ាលី

ម៉ាលី​លុបចោល​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​កងទ័ព​ជាមួយ​បារាំង​និង​អឺរ៉ុប

ទំនាក់ទំនង​ម៉ាលី និង​សម្ព័ន្ធមិត្ត​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជីហាត​ បាន​ធ្លាក់​ចុះកាន់​តែ​ដុនដាប​​មួយ​កំរិត​បន្ថែម​ទៀត។ ក្នុងខណៈ​ដែល​កងទ័ព​បារាំង (Barkhane បាខាន) និង​កងទ័ព​អឺរ៉ុប (Takuba តាគូបា) កំពុង​ចាប់​ផ្តើម​ដក​ខ្លួន​ចេញពីម៉ាលី ​នៅ​ល្ងាច​ថ្ងៃ​ចន្ទទី ២​ឧសភា​ម្សិលមិញ របប​សឹក​ម៉ាលី បាន​ប្រកាស លុប​ចោល​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​យោធា​ជាមួយបារាំង​និង​អឺរ៉ុប តែ​ម្តង។ ក្រសួងការបរទេស​ម៉ាលី​បាន​ជូន​ដំណឹង​ដល់​ភាគី​បារាំង​រួច​ហើយ។

ម៉ាលីប្រកាស​​លុបចោល​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​កងទ័ព​ជាមួយ​បារាំង​និង​អឺរ៉ុប
ម៉ាលីប្រកាស​​លុបចោល​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​កងទ័ព​ជាមួយ​បារាំង​និង​អឺរ៉ុប AFP - NIPAH DENNIS
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​អាន​ដោយ​អ្នកនាំពាក្យ​រដ្ឋាភិបាល តាម​កញ្ចក់​ទូរទស្សន៍​ជាតិ រដ្ឋាភិបាល​​ម៉ាលី បាន​បរិហារ​​កិច្ចសហប្រតិបត្តិការ​កងទ័ព​ ដែល​បារាំង​និង​ម៉ាលី​បាន​ចុះ​ហត្ថលេខាកាលពី ឆ្នាំ​២០១៤ ព្រមទាំងកិច្ចព្រមព្រៀង​យោធា​ដែល​ជា​​លក្ខន្តិកៈ​​កំណត់​អំពី​វត្តមាន​​កងទ័ព​បារាំង Barkhane ​និង​អឺរ៉ុប​Takuba នៅ​​លើ​ទឹកដី​ម៉ាលី។ ក្រុង​បាម៉ាកូ បានថែម​ទាំង​ប្រកាស​ ចាត់​ទុក​ជា​មោឃៈ ទៀតនូវ​ កិច្ចព្រមព្រៀង​រវាង​ម៉ាលី​ជាមួយ​បណ្តា​​អឺរ៉ុប នាំ​មុខ​ដោយ​បារាំង ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងភេវកម្ម​នៅ​សាហ៊ែល ឬ​ហៅ​កាត់​ថា​ប្រតិបត្តិការ​​ តាកូបា។

មូលហេតុ​នៃ​ការ​ផ្តាច់​​កិច្ចព្រមព្រៀង គឺ​បណ្តាល​មក​ពី ​​បារាំង​ដែល​​មានបញ្ជូន​ទាហាន​ទៅ​​ ​ម៉ាលីតាំងពី​ឆ្នាំ​២០១៣មក បាន​រំលោភយ៉ាង​ងងើល​អធិបតេយ្យភាព​ជាតិ​ម៉ាលី​។ នេះ​បើ​តាមការ​សេចក្តី​ថ្លែងការណ៍​ដដែល​ដែលរំ​លើក​​ថា​ បារាំង​បានធ្វើ​សកម្មភាព​ជា​ឯកតោភាគី​ ​នៅពេល​ប្រតិបត្តិការយោធារួម​ បារាំង​-ម៉ាលី ត្រូវ​ព្យួរ​នៅខែ​មិថុនា​ឆ្នាំ​២០២១ និង​ថែម​ទាំង​បាន​សម្រេច​ចិត្តដក​កងទ័ព​បាកាន និង​តាគូបាចេញ ដោយ​គ្មាន​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ម៉ាលីទេ។ ជាង​នេះ​ទៅ​ទៀត បារាំង​រំលោភដែនអាកាស​ជា​ច្រើន​ដង​ណាស់ បើ​ទោះ​បី​ជា​អាជ្ញាធរ​ម៉ាលី​បាន​បង្កើត​តំបន់​ហោះហើរ​ហាមឃាត់​យ៉ាង​ណា​ក៏​ដោយ​។

ការ​ជូន​ដំណឹង​លុបចោល​កិច្ចសហប្រតិបត្តិការ​យោធា​​​​បារាំង-ម៉ាលី នឹង​ចូល​ជា​ធរមាន​ ជា​ផ្លូវការ​នៅ​៦​ខែ​ទៀត​ខាងមុខ។ ផ្ទុយ​ទៅ​វិញ ម៉ាលី​សូម​រំលាយ​ចោល​ភ្លាម​នូវលក្ខន្តិកៈយោធា​ខែមីនា​២០១៣ (Status of Force Agreements)ដែល​ផ្តល់​កំណើតដំបូង​​ឱ្យកងកម្លាំង Serval បន្ទាប់​មក​ Barkhane និង​តាំងពី​ឆ្នាំ​២០២០មក ក្លាយ​ជា​កងកម្លាំងពិសេស​អឺរ៉ុប​ Takuba ។ ការ​រំលាយ​កិច្ចព្រមព្រៀងភ្លាម​មួយ​រំពេច​​នេះ អាច​ប៉ះពាល់​ដល់ដំណើរ​ការ​​ដក​កងទ័ព​បារាំង​និង​អឺរ៉ុប​ដែល​តាម​ធម្មតា​ត្រូវ​ការ​ពេលវេលា​ពី​៤​ទៅ​៦​ខែ។ ពុំ​ទាន់​មាន​ប្រតិកម្ម​ជា​ផ្លូវការ​មក​ពី​ខាង​បារាំងទេ។

សេចក្តី​សម្រេច​របស់​ម៉ាលី​ដើរ​ចេញ​ពី​​បារាំង​និង​ដៃគូ​អឺរ៉ុប ប្រព្រឹត្ត​ទៅ​ក្រោយ​ការ​បិទ​បន្ទាយ​​យោធា​បារាំង​ដ៏​ធំ​នៅ​ភាគ​ខាង​ជើង​ម៉ាលី។ កាលពីសប្តាហ៍មុន យោធា​បារាំង បាន​ទម្លាយ​ឱ្យ​ឃើញតាម​រយៈ​រូបភាព​ថត​ដោយ​ដ្រូន ​គំនរ​ឆ្អឹងនិង​សាកសព​ក្នុង​បន្ទាយ និង​បាន​ចោទ​ថា​ជា​ស្នាដៃ​របស់​ក្រុមប្រដាប់​អាវុធ​រុស្ស៊ី Wagner ។ រដ្ឋាភិបាលបាម៉ាកូ​បាន​បញ្ចេញ​ប្រតិកម្ម​ទាំង​កំហឹង​​នៅ​ថ្ងៃទី​២៧មេសា ចោទ​យោធា​បារាំងវិញ​ថាលួច​​ធ្វើ​ចារកិច្ច ឬ​វិទ្ធង្សនា ឬ​រំលោភ​ដែនអាកាសម៉ាលី។ តែ​​បារាំង​បាន​ច្រាន​ចោលពាក្យ​ចោទ​របស់​ម៉ាលី​ទាំងស្រុង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ