អានតួអត្ថបទ
យូណេស្កូ

យូនេស្កូ​បើក​សន្និសីទ​ពិភពលោកប្រឆាំង​​ព័ត៌មាន​ក្លែងក្លាយ​និង​សារ​ស្អប់​ខ្ពើម​តាម​អ៊ីនធ័រនែត

សន្និសីទ​ពិភពលោករបស់​អង្គការ​យូនេស្កូ​ បាននិង​កំពុង​ប្រព្រឹត្ត​ទៅ​​នៅទីក្រុង​ប៉ារីស នាថ្ងៃ​ពុធ​ទី​២១​កុម្ភៈ​និង​ព្រហស្បតិ៍​នេះ ក្រោម​ប្រធានបទ “ដើម្បី​​អ៊ីនធ័រនែតជាទី​គួរ​ឱ្យ​ទុកចិត្ត”។ តំណាង​រដ្ឋាភិបាល អង្គការ​ស្ថាប័ន​ផ្លូវការ ក្រុមហ៊ុន​សហគ្រាស​ឌីជីថល សកលវិទ្យាល័យ  និង​សង្គម​ស៊ីវិល​មក​ពីគ្រប់ជ្រុង​នៃ​ផែនដី ប្រមាណ​១៥០០​នាក់ដែល​មក​ចូល​រួម​ក្នុង​សន្និសីទ​ដោយផ្ទាល់​នៅប៉ារីស ឬ​តាម​ប្រព័ន្ធ​វីដេអូ​ ត្រូវ​ជជែក​រក​មធ្យោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត និង​ការបង្ហោះ​សារ​បែប​ស្អប់​ខ្ពើម​គ្នា​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត។ យូនេស្កូនឹង​ចេញគោលការណ៍​ណែនាំ​រួម​និង​អន្តរជាតិ នៅ​ពាក់កណ្តាល​ឆ្នាំ​២០២៣។

លោកស្រី​នាយិកា​អង្គការ​យូណេស្កូ Audrey Azoulay.
លោកស្រី​នាយិកា​អង្គការ​យូណេស្កូ Audrey Azoulay. AP - Francois Mori
ផ្សាយពាណិជ្ជកម្ម

រៀប​ចំ​ឡើង​តាម​ការ​អំពាវនាវ​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែរស៍ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ និង​ការ​បដិសេធ​មិន​ ទទួលការពិត​បំភ្លឺ​តាម​បែប​វិទ្យាសាស្ត្រ​​ យូនេស្កូគូស​បញ្ជាក់​​​ថា នេះ​ជា​សន្និសីទ​ពិភពលោក​លើក​ដំបូង​បង្អស់​ដែល​ឧទ្ទិស​ដល់​ការ​គំរាមកំហែង​​​ព័ត៌មាន​ទាំង​មូល និង​សេរីភាព​នៃ​ការ​បញ្ចេញ​យោបល់​តាម​ប្រព័ន្ធ​សង្គម។

សម្រាប់​លោកស្រី​នាយិកា​អង្គការ​ដើម្បី​ការអប់រំ ​វិទ្យាសាស្ត្រ និង​វប្បធម៌​របស់​អង្គការ​សហប្រជាជាតិ (អង្គការយូណេស្កូ) ប្រព័ន្ធ​អ៊ីនធ័រនែត បាន​ប្តូរផ្លាស់​របៀប​ប្រឈមនឹង​ពិភពលោក និង​មនុស្ស​ផ្សេង​ទៀត។ ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​អាចជា​​បដិវត្ត​ដែលមើល​រំលង​សិទ្ធិមនុស្ស សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ប្រជាធិបតេយ្យ ដូច្នេះដើម្បីរក្សា​តម្លៃ​​ព័ត៌មាន​​​ ជា​ទ្រព្យ​រួម​ ​យើង​ត្រូវ​ពិចារណា​និង​បញ្ចេញ​សកម្មភាព​រួម​។ នេះ​ជា​ប្រសាសន៍​របស់​លោកស្រី​នាយិកា​អង្គការយូណេស្កូ​ពេល​​ថ្លែង​បើក​សន្និសីទ​ ដោយ​សង្កត់​ធ្ងន់​ថា បណ្តាញ​សង្គម​ មាន​ចំណែក​ទទួល​ខុស​ត្រូវ​មួយ​ផ្នែក​ខាង​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ក្លែងកា្លយ​ និង​សារ​បញ្ឆេះ​ភាព​ស្អប់​ខ្ពើម​គ្នា ព្រមទាំង​មនោគមវិជ្ជា​ប្រឆាំង​។

សម្រាប់យូណេស្កូ មាន​ប្រទេស​ច្រើន​ហើយ​បាន​អនុម័ត ខ្លះ​គ្រោង​នឹង​អនុម័ត​ច្បាប់​ជាតិ​ ​ប្រឆាំង​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ ឬ​ក្លែងក្លាយ​ តែ​ច្បាប់​នោះ​ខ្លះ​ប៉ះពាល់​ខ្លាំង​ដល់​សិទ្ធិសេរីភាព​នៃការ​បញ្ចេញ​មតិ និង​យោបល់​របស់​ប្រជាពលរដ្ឋ។ ​ដូច្នេះ​​ ពិភពលោក​ត្រូវ​រួសរាន់​​អនុម័ត​ដំណោះស្រាយកំរិត​ពិភពលោក​​ដ៏​ស៊ីចង្វាក់​មួយ​ ដោយ​ឈ​រ​លើ​បទដ្ឋាន​អន្តរជាតិ​ក្នុង​វិស័យ​សិទ្ធិមនុស្ស។ យូណេស្កូ​ សង្ឃឹម​ថា​នឹង​អាច​សម្រេច​ផ្សព្វផ្សាយ​គោលការណ៍​រួម នៅ​ពាក់​កណ្តាល​ឆ្នាំ ​សម្រាប់​ឱ្យ​រដ្ឋាភិបាល អង្គការ​ស្ថាប័ន​ សង្គម​ស៊ីវិល​នានា ​យក​ទៅ​អនុវត្ត​។

ក្នុង​ចំណោម​​​វាគ្មិន​ចម្បងៗនៃ​​សន្និសីទ​ គេ​សង្កេត​ឃើញ​មាន​រូបលោកស្រី ម៉ារីយ៉ា រ៉េសា ជ័យលាភីណូបែល​សន្តិភាព​ជាតិ​ហ្វីលីពីនដែល​បាន​រៀប​រាប់​យ៉ាង​លម្អិត​អំពី​យុទ្ធនាការ​​ប្រឆាំង​នឹង​លោក​ស្រីដែល​ទទួល​​សារ​បែប​ស្អប់​ខ្ពើម​ ប្រមាណ​៩៨​សារ​ក្នុង​មួយ​ម៉ោង។ សុន្ទរកថា​របស់​ប្រធានាធិបតី​ប្រេស៊ីលលូឡា រំលឹក​អំពី​អំពើ​ហិង្សា​ញុះញង់​ដោយ​ក្រុម​ជ្រុលនិយម​ ក៏​មាន​អាន​ក្នុង​កម្មវិធី​បើក​សន្និសីទពិភពលោក​នេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ