អានតួអត្ថបទ
រុស្ស៊ី-បេឡារុស-អ៊ុយក្រែន

អ៊ុយក្រែន ចាត់ទុកថាបេឡារុស ត្រូវរុស្ស៊ីយកធ្វើជា « ចំណាប់ខ្មាំងនុយក្លេអ៊ែរ »

កាលពីថ្ងៃសៅរ៍ទី២៥មីនា​ លោក​ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រកាសថា នឹងដាកពង្រាយ​អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅលើទឹកដី​បេឡារុស ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី​។ ប្រតិកម្មចំពោះដំណឹងនេះ រដ្ឋាភិបាលអ៊ុយក្រែន បាន​ចាត់ទុកថាប្រទេសបេឡារុស កំពុងតែក្លាយជាចំណាប់ខ្មាំងនុយក្លេអ៊ែរ របស់រុស្ស៊ីហើយ​។

លោកពូទីន ចាប់រលាក់ដៃជាមួយលោកលូកាឆិនកូ ប្រធានាធិបតី​បេឡារុស ក្នុងទឹកមុខញញឺម នៅ​ក្នុងឱកាសជំនួបនៅក្រុងសាំងប៉េតេសបួរ ថ្ងៃទី​២៦ ធ្នូ ២០២២
លោកពូទីន ចាប់រលាក់ដៃជាមួយលោកលូកាឆិនកូ ប្រធានាធិបតី​បេឡារុស ក្នុងទឹកមុខញញឺម នៅ​ក្នុងឱកាសជំនួបនៅក្រុងសាំងប៉េតេសបួរ ថ្ងៃទី​២៦ ធ្នូ ២០២២ AP - Alexey Danichev
ផ្សាយពាណិជ្ជកម្ម

ចាប់ពីថ្ងៃទី​១កក្កដាទៅ កងទ័ពរុស្ស៊ីនឹងចាប់ផ្តើមបណ្តុះបណ្តាល​ទាហានជំនាញ ដើម្បីប្រើប្រាស់យន្តហោះចម្បាំងចំនួន​១០គ្រឿង ដែលនឹងត្រូវបំពាក់ដោយ​អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ​។ លោកពូទីន អះអាងទៀតថា កងទ័ពរុស្ស៊ីនឹងកសាងទីតាំងថ្មី​មួយកន្លែង ដើម្បីស្តុកអាវុធប្រភេទនេះ នៅក្នុងប្រទេសបេឡារុស ដោយលោក​ប្រធានាធិបតី​បេឡារុស បានអនុញ្ញាតរួចរាល់ហើយ។

លោកពូទីនអះអាងថា តាមរយៈការសម្រេចនេះ គឺរុស្ស៊ីមិនបាន​រំលោភបំពាន​ទៅលើការសន្យារបស់ខ្លួនជាលក្ខណៈអន្តរជាតិ ទាក់ទិននឹងការមិនរីកសាយភាពអាវុធនុយក្លេអ៊ែរនោះឡើយ​។ លោក​បន្ថែមថា ជាងនេះទៀត ការពិតទៅ អាមេរិកបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅតាមដែនដីសម្ព័ន្ធមិត្តគេ រាប់សិប​ឆ្នាំមកហើយ​។

លោក Oleksiï Danilov ទីប្រឹក្សាសន្តិជាតិអ៊ុយក្រែន បាន​បរិហារថា ក្រេមឡាំង កំពុងតែយក​បេឡារុស ជាចំណាប់ខ្មាំងនុយក្លេអ៊ែររបស់ខ្លួន​។ ការសម្រេចរបស់លោកពូទីននេះ គឺជាជំហានថ្មីមួយទៀត ធ្វើ​ឲ្យ​ស្ថិរភាពនយោបាយ​ផ្ទៃក្នុងបេឡារុស កាន់តែប្រឈមគ្រោះថ្នាក់។ មតិសាធារណៈបេឡារុស នឹងកាន់តែខឹង ស្អប់រុស្ស៊ី ព្រមទាំងលោកពូទីនកាន់តែខ្លាំង។

គួរបញ្ជាក់ដែរថា ការប្រកាសរបស់​លោកពូទីន ដាក់ពង្រាយ​អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅបេឡរុសនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេស បានអះអាងថា គេអាចនឹង​សម្រេច​បញ្ជូន​គ្រាប់កាំភ្លើងត្បាល់ផ្ទុកសារធាតុអ៊ុយរ៉ានីញ៉ូមខ្សោយ ទៅឲ្យអ៊ុយក្រែន។ ប្រតិកម្មចំពោះដំណឹងនេះ លោក​ពូទីនបាន​លើកឡើងថា រុស្ស៊ីមិនចង់អួតទេ តែគ្រាប់កាំភ្លើងត្បាល់ប្រភេទនេះ រុស្ស៊ីមាន​រាប់សែនគ្រាប់ឯណោះ ដែល​ពេលនេះរុស្ស៊ី​មិនទាន់បញ្ចេញយកមកប្រើទេ។

គួរកត់សំគាល់ដែរថា ដំណឹងថ្មីៗនេះ បានធ្វើឲ្យ​គេមានការព្រួយបារម្ភកាន់តែខ្លាំង ថាសង្គ្រាមនេះអាចឈានទៅដល់ការប្រើអាវុធនុយក្លេអ៊ែរ ទោះខ្សោយឬខ្លាំង។ ការបោះជំហានថ្មីរបស់លោកពូទីននៅពេលនេះ ហាក់ដូចជាផ្ទុយនឹងកាសន្យា ដែលលោក​បានប្រកាសរួមគ្នាជាមួយ​លោកស៊ី ជីនពីង នៅទីក្រុងម៉ូស្គូ កាលពីដើមសប្តាហ៍នេះ ដែលថា សង្គ្រាមនុយក្លេអ៊ែរនឹងមិនអាចផ្ទុះឡើងបានទេ ព្រោះវានឹងគ្មានអ្នកឈ្នះទោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ