អានតួអត្ថបទ
បារាំង-វៀតណាម-ការជួញដូរមនុស្ស

ករណីជនវៀតណាម៣៩នាក់ស្លាប់ក្នុងរថយន្ត៖ តុលាការបារាំងនឹងបើកសវនាការ កាត់ទោសជនជាប់ចោទ១៩នាក់

ករណីប្រទះឃើញសាកសព ជនជាតិវៀតណាម៣៩នាក់ ស្លាប់នៅ​ក្នុងរថយន្តមួយ​ នៅជាយ​ទីក្រុងឡុងដ៍ កាលពីខែតុលាឆ្នាំ​២០១៩ បាន​បង្កឲ្យ​មានការតក់ស្លុតជាខ្លាំង។ ឆ្លងកាត់ការស៊ើបអង្កេតជាង៣ឆ្នាំមកនេះ ចៅក្រមស៊ើបអង្កេតបារាំង បាន​ប្រកាស​កាលពីថ្ងៃពុធ ទី​២៤ឧសភា​ ថានឹង​ចាប់ផ្តើមនីតិវិធី ឈានទៅបើកសវនាកាជំនំជំរះទោស លើ​ជនសង្ស័យ​ចំនួន​១៩នាក់ ដែលចូលរួម​នៅក្នុងបណ្តាញ​ជួញដូរ និងដឹកជញ្ជូន​ជនអន្តោប្រវេសន៍​វៀតណាមខុសច្បាប់។

បុគ្គលិកកំពុងសែងម្ឈូសសពជនជាតិវៀតណាម ដែលគេដឹកបញ្ជូនពីទីក្រុងឡុងដ៍ ទៅដល់ក្រុងហាណូយ នៅថ្ងៃទី ៣០ វិច្ឆិកា ២០១៩l
បុគ្គលិកកំពុងសែងម្ឈូសសពជនជាតិវៀតណាម ដែលគេដឹកបញ្ជូនពីទីក្រុងឡុងដ៍ ទៅដល់ក្រុងហាណូយ នៅថ្ងៃទី ៣០ វិច្ឆិកា ២០១៩l AP
ផ្សាយពាណិជ្ជកម្ម

ចៅក្រម​ស៊ើបអង្កេតបារាំង២នាក់ បានសម្រេច​រុញឈ្មោះជនសង្ស័យចំនួន​១៩នាក់​ ឡើងទៅកាន់តុលាការ ដើម្បី​បើកសវនាការ នៅក្នុងសំណុំរឿងសាកសពជាតិ​វៀតណាម​៣៩នាក់ ស្លាប់ក្នុងរថយន្តដែលគេប្លុងចោលនៅជាយទីក្រុងឡុងដ៍​។ ជនសង្ស័យទាំង​១៩នាក់ មានខ្លះសញ្ជាតិវៀតណាម សញ្ជាតិ​បារាំង ចិន អាល់ហ្សេរី ឬម៉ារ៉ុក។

យោងតាមប្រភពស្និទ្ធនឹង​តុលាការបារាំង ជនសង្ស័យទាំងនោះ​​ ជាប់ចោទថាបានចូលរួមក្នុងបណ្តាញ​ជួញដូរ ​ជនអន្តោប្រវេសន៍វៀតណាម ដូចជា​អ្នករករថយន្ត អ្នកបើកបរ​ និងអ្នកបាន​ផ្តល់ជាទីកន្លែង​ស្នាក់នៅបណ្តោះអាសន្នដល់​ជនអន្តោប្រវេសន៍ នៅ​តំបន់​​ក្រុងប៉ារីស​។ បទល្មើសឃុបឃិត ក្នុងបណ្តាញ​ដឹកជញ្ជូន​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ អាចប្រឈមនឹងទោសជាប់ពន្ធនាគារ​១០ឆ្នាំ​។ ដោយឡែក មាន​​ជនសង្ស័យ​៤នាក់ ក្នុងចំណោម​ទាំង​១៩នាក់ នឹងត្រូវប្រឈមនឹងការចោទប្រកាន់​ពី​បទល្មើស មនុស្សឃាតដោយអចេតនា។ ជនសង្ស័យ​៦នាក់​ស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន និង​មាន​២នាក់ទៀត ​កំពុងរត់គេចខ្លួន។

សូមរំលឹកថា កាលពីខែតុលា ឆ្នាំ២០១៩ សាកសពជនជាតិវៀតណាម៣៩នាក់ ប្រុស​៣១នាក់ និងស្រី​៨នាក់ អាយុចន្លោះ​ពី​១៥ដល់៤៤ឆ្នាំ ត្រូវបាន​គេប្រទះឃើញនៅក្នុង​រថយន្តកាមីញ៉ុងមួយ ចតចោលនៅតំបន់ឧស្សាហកម្មមួយជាយទីក្រុង​ឡុងដ៍។​ ឆ្លងកាត់ការស៊ើបអង្កេតជិត​៤ឆ្នាំ ដោយមានការសហការ ពី​​អាជ្ញាធរបារាំង ប៊ែលហ្ស៊ិក និង​អង់គ្លេស បានបង្ហាញ​ឲ្យឃើញថា ករណីនេះពាក់ព័ន្ធនឹងបណ្តាញជួញដូរជនអន្តោប្រវេសន៍វៀតណាម ដែលមានប្រភពនៅ​បារាំង។ ជនអន្តោប្រវេសន៍វៀតណាម ​ត្រូវគេបញ្ជូន​ពីវៀតណាមមកដល់បារាំង បន្ទាប់មក​​ដឹក​បន្តទៅ​កាន់កំពង់ផែ Zeebruges ប្រទេសប៊ែលហ្ស៊ិក មុននឹង​ដឹកឆ្លងទូក ឆ្ពោះទៅកាន់អង់គ្លេស ជាទីដែលរថយន្ត​កាមីញ៉ុងមួយទៀត មកចាំដឹកបន្ត​។

បណ្តាញព័ត៌មានបារាំង AFP បានទាក់ទងជួបជាមួយ​ក្រុមគ្រួសារ​របស់ជនរងគ្រោះ ភាគច្រើនមានដើមកំណើតនៅខេត្តហាទិញ ដែលជាខេត្តក្រីក្រមួយនៅភាគខាងត្បូងវៀតណាម​។ បុរសជនម្នាក់ ដែលមានប្អូនស្រីអាយុ​២៦ឆ្នាំស្លាប់​ក្នុងចំណោមជនរងគ្រោះទាំង៣៩នាក់ បាន​ប្រាប់ថា មុននឹងស្លាប់ ​ប្អូនស្រីខ្លួន​បានផ្ញើសារទៅកាន់ទូរស័ព្ទរបស់ម្តាយ​នៅវៀតណាម ថាកំពុងតែស្លាប់ ដោយ​ថប់ ដកដង្ហើមលែងរួចនៅក្នុងរថយន្ត។

យោងតាមបណ្តាញព័ត៌មានបារាំង AFP ជនជាប់ចោទដែលជាជនជាតិវៀតណាមមេក្លោងបណ្តាញ​ជួញដូរនេះ បានអះអាងថាខ្លួន ធ្វើសកម្មភាពនេះ ដោយសារតែចង់ជួយ​ជីវភាពជនជាតិវៀតណាម​​គ្នាឯង។ តែយ៉ាងណា​ចៅក្រម​ស៊ើបអង្កេតបារាំង បានច្រានចោល អំណះអំណាងនេះ ដោយ​ផ្អែកថា នៅពីក្រោយ​សកម្មភាពនេះ គឺជនសង្ស័យ​បានសំឡឹងឃើញប្រាក់ចំណេញ​ដ៏សន្ធឹកសន្ធាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ