អានតួអត្ថបទ
យូណេស្កូ-កាកសំណល់ប្លាស្ទិក

អង្គការយូណេស្កូ បិទបញ្ចប់កិច្ចប្រជុំស្តីពី​​ការ​ប្រយុទ្ធប្រឆាំងនឹង​កាកសំណល់ប្លាស្ទិក

តំណាង​ប្រទេសចំនួន​១៧៥ប្រទេស បានមកជួយប្រជុំគ្នា ពេញមួយសប្តាហ៍​ នៅទីស្នាក់ការអង្គការ​យូណេស្កូ ក្នុង​ទីក្រុងប៉ារីស ដើម្បី​ជជែក​ពិភាក្សាគ្នា អំពីផែនការប្រយុទ្ធប្រឆាំង​នឹងកាកសំណល់​ប្លាស្ទិក។ ឆ្លងកាត់កម្មវិធី​ប្រជុំដ៏ធំ ដែលបានបិទបញ្ចប់កាលពីថ្ងៃសុក្រ​ម្សិលមិញនេះ សមាជិក​ទាំងអស់បានសន្មត់គ្នាថា នឹង​ដាក់ស្នើនូវ​អត្ថបទព្រាងទីមួយ នៃសន្ធិសញ្ញាស្តីពីការប្រយុទ្ធប្រឆាំង​នឹងកាកសំណល់ប្លាស្ទិក​ នៅរវាងចុងឆ្នាំ​២០២៤។

កុមារនីហ្សេរីយ៉ា អង្គុយនៅក្នុងទូករើសប្រមូលដបប្លាស្ទិក នៅតំបន់អាណាធិបតេយ្យ Makoko in Lagos ថ្ងៃទី ៨ វិច្ឆិកា ២០២២
កុមារនីហ្សេរីយ៉ា អង្គុយនៅក្នុងទូករើសប្រមូលដបប្លាស្ទិក នៅតំបន់អាណាធិបតេយ្យ Makoko in Lagos ថ្ងៃទី ៨ វិច្ឆិកា ២០២២ AP - Sunday Alamba
ផ្សាយពាណិជ្ជកម្ម

តំណាងអង្គការក្រៅរដ្ឋាភិបាល រួមជាមួយ​តំណាងប្រទេសចំនួន​១៧៥ប្រទេស បាន​មកជួបជុំគ្នា ក្រោម​ការផ្តួចផ្តើមគំនិត​របស់អង្គការយូណេស្កូ ដើម្បី​ជជែកអំពីគម្រោង​តាក់តែង​សន្ធិសញ្ញាអន្តរជាតិ ប្រយុទ្ធប្រឆាំងនឹងកាកសំណល់​ប្លាស្ទិក។ ជាអនាគតសន្ធិសញ្ញាដំបូងគេបង្អស់ ហើយដែលមាន​កម្លាំងចាប់បង្ខំផ្លូវច្បាប់ ឲ្យ​ប្រទេសហត្ថលេខីត្រូវតែគោរព។

ការជជែកគ្នាពេញមួយសប្តាហ៍ បាន​ចាប់ផ្តើមដោយ​ការលើកឡើងអំពីបញ្ហានីតិវិធីច្បាប់ មុននឹងអ្នកចូលរួមទាំងអស់ បែងចែកគ្នាជា២ក្រុម ដើម្បីសិក្សាពិចារណា ថាតើគួរដាក់ចុះនូវ​វិធានការអ្វីខ្លះ ដើម្បីឈាន​ទៅ​លប់បំបាត់នូវ​កាកសំណល់​ប្លាស្ទិកតាមប្រទេសនីមួយៗ​ ឬក៏​កំណត់អំពីកម្មវត្ថុពិភពលោក ដើម្បីដោះស្រាយ​បញ្ហានេះ​។ ប្រទេសទាំងអស់នឹងចាប់ផ្តើមបង្ហាញអត្ថបទព្រាង នៅក្រោយ​ពេលបានស្តាប់អំណះអំណាងរបស់ភាគីនីមួយ នៅក្នុងពេល​ប្រជុំចរចាលើកក្រោយ ដែលគ្រោងធ្វើនៅប្រទេសកេនយ៉ា នាខែវិច្ឆិកាខាងមុខ។

ប្រទេសដែលបានចូលរួមទាំងអស់ បានមូលមតិគ្នា ថានឹងរួមគ្នាតាក់តែងអត្ថបទមួយ ឈ្មោះ គម្រោងសូន្យ ដែល​នៅថ្ងៃអនាគត អត្ថបទនេះ នឹងក្លាយ​ជា​សន្ធិសញ្ញា​អន្តរជាតិមានកម្លាំងគតិយុទ្ធ ឈានទៅប្រយុទ្ធប្រឆាំងនឹងកាកសំណល់​ប្លាស្ទិក។ សមាជិកទាំងអស់ក៏បាន​សន្យាគ្នាដែរ ថានឹងជជែកអំពី​វិសាលភាពអនុវត្តនៃអត្ថបទនេះ ក៏ដូចជាគោលការណ៍ធំៗ រវាង​ដំណាក់កាលចរចាគ្នា​។

គួរកត់សំគាល់ថា កិច្ចប្រជុំមួយសប្តាហ៍​​នៅអង្គការយូណេស្កូ ស្តីពីកាកសំណល់ប្លាស្ទិកនេះ បាន​ចាប់ផ្តើម​យ៉ាងយឺត​យ៉ាវ​បំផុត ដោយ​៣ថ្ងៃដំបូងគ្មានចេញជាលទ្ធផលអ្វីទាំងអស់។ ប្រទេសខ្លះដូចជា អារ៉ាប៊ីសាអូឌីទ ចិន និងរុស្ស៊ីបានទាមទារ​ឲ្យ​សេចក្តីសម្រេច​របស់អង្គប្រជុំ ត្រូវតែអនុម័តដោយ​សម្លេងស្រុះស្រួលគ្នាជាឯកច្ឆ័ន្ទ ដែលមានន័យទេ បើមានប្រទេសតែ១ជំទាស់ គឺមិនអាចអនុម័តបាន​។

តំណាង​អង្គការ Greepeace បាន​លើកឡើងថាក្នុងពេលប្រជុំ ប្រទេសផលិតប្រេង ព្រមទាំងឧស្សាហកម្មថាមពលហ្វូស៊ីល បានប្រឹងប្រែងខ្លាំងសំបើមណាស់ ដើម្បី​ឲ្យ​អត្ថបទព្រាងនេះមានខ្លឹមសារខ្សោយបំផុត​។​ លោកស្រី​  Joëlle Hérin តំណាង Greepeace ស្វីស​បាន​លើកឡើងថា ការងារនៅវែងឆ្ងាយ​ខ្លាំងណាស់។ សន្ធិសញ្ញាអន្តរជាតិស្តីពីប្លាស្ទិក គឺត្រូវតែអាចអនុញ្ញាតឲ្យ​កាត់បន្ថយ​ឲ្យ​បានច្រើនបំផុត នូវការផលិតផលិត​ផលនានាធ្វើពីប្លាស្ទិក។ លោកស្រីសង្កត់បន្ថែមថា ការកាត់បន្ថយ​ការផលិតប្លាស្ទិក គឺជារឿងដ៏សំខាន់​មិនអាចខ្វះបាន ដើម្បីឈានទៅទប់ការកើនឡើងកំដៅ​ផែនដី មិន​ឲ្យឡើងលើសពី​១,៥°c៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ