អានតួអត្ថបទ
សមុទ្ទ​-សីតុណ្ហភាព

សីតុណ្ហភាព​ផ្ទៃ​​​មហាសមុទ្ទ​ខែ​ឧសភា​ឡើង​​ក្តៅ​ខ្លាំង​បំផុត មិន​ធ្លាប់​មានក្នុង​កំណត់ត្រាមុនៗ

កាលពី​ខែ​មេសា កម្តៅផ្ទៃ​សមុទ្ទ បាន​បំបែកឯតទគ្គកម្ម​នៃ​សីតុណ្ហភាព​ប្រចាំ​ឆ្នាំ​ទៅ​ហើយ។ ចូល​ដល់​ខែ​ឧសភា សីតុណ្ហភាព​​ទឹក​មហាសមុទ្ទ​ មិន​បាន​ប្រសើរ​ទេ។ សីតុណ្ហភាព​ជា​មធ្យម​ប្រចាំ​ខែឧសភា​២០២៣ ឡើង​ខ្ពស់​ជា​ងមធ្យមភាគ​នៃ​ឧសភា​មុនៗ​ទាំងអស់ ពោលគឺ​ជា​ខែ​ដែល​ផ្ទៃ​មហាសមុទ្ទ​ក្តៅ​ជាង​គេ​បំផុត មិន​ធ្លាប់​មាន​កត់​ត្រា​ឡើយ។ នេះ​បើ​តាមសេចក្តី​ថ្លែងការណ៍​របស់​​ស្ថាប័នសង្កេតភពផែនដី​​​អឺរ៉ុបCopernicus ចេញ​ផ្សាយ​នៅថ្ងៃពុធទី ៧មិថុនា២០២៣។

​​មហាសមុទ្ទឡើង​​ក្តៅ​ខ្លាំង​បំផុតមិន​ដែល​ប្រទះក្នុង​កំណត់ត្រាមុនៗ
​​មហាសមុទ្ទឡើង​​ក្តៅ​ខ្លាំង​បំផុតមិន​ដែល​ប្រទះក្នុង​កំណត់ត្រាមុនៗ AP - Silvia Izquierdo
ផ្សាយពាណិជ្ជកម្ម

​​សីតុណ្ហភាព​មធ្យមនៃ​ផ្ទៃ​ទឹក​សមុទ្ទ​ទាំង​អស់​ លើក​លែង​តែ​សមុទ្ទ​ទឹកកក​នៅ​តំបន់​ប៉ូល ​ប្រចាំ​​ខែ​​ឧសភា២០២៣ គឺ ១៩,៧អង្សា។ មាន​ន័យ​ថា​ កម្តៅ​ទឹក​សមុទ្ទ​បាន​ឡើង​លើស​ ​មធ្យមភាគ នៃ​សីតុណ្ហភាព​ពីឆ្នាំ​១៩៩១-២០២០ ចំនួន​០,២៦អង្សា។

ស្ថាប័ន​អឺរ៉ុប Copernicus អាច​ចេញ​សេចក្តីសន្និដ្ឋាន​នេះ​បាន​ដោយ​ផ្អែក​លើ​ការ​វិភាគ​របស់​កុំព្យូទ័រ​ដែល​មានផ្ទុក​​ទិន្នន័យវាស់​កម្តៅ​​រាប់​ពាន់​លាន​ បាន​មក​ពី​ប្រព័ន្ធ​ផ្កាយ​រណប មក​ពីនាវា យន្តហោះ ឬ​ស្ថានីយ៍​ឧតុនិយមនៅ​ទូទាំង​ពិភពលោក។ ទិន្នន័យ​របស់​Copernicus ខ្លះ​មាន​អាយុ​កាល​តាំងពី​ឆ្នាំ​១៩៥០ តែ​ភាគ​ច្រើន​ចាប់​ពី​ឆ្នាំ​១៩៧៩មក។

មហា​សមុទ្ទ​ជា​អេប៉ុង​ស្រូប​កម្តៅ​​បញ្ចេញ​ដោយ​មនុស្ស​ចំនួន​ប្រមាណ​៩០% តែ​ការ​ឡើង​សីតុណ្ហភាព​​ផ្ទៃ​ទឹក​មហា​សមុទ្ទ​ ជាមូលហេតុ​នាំ​ឱ្យ​មាន​គ្រោះ​មហន្តរាយ​គ្មាន​ប្រៀប​ ជា​បន្ត​បន្ទាប់​គ្នា ដូច​ជា​ការ​រលាយ​ផ្ទាំង​ទឹកកក ការ​ឡើង​កម្ពស់​ទឹក​សមុទ្ទ មាន​រលក​កម្តៅ​នៅ​មហាសមុទ្ទ​ និង​មាន​អាស៊ីដកម្ម​​ទឹក​សមុទ្ទ (ទឹក​សមុទ្ទ​ឡើង​ជូរ)​ ដែល​នឹង​ធ្វើ​ឱ្យ​សមត្ថភាព​ស្រូប​ឧស្ម័នកាបូនិក​ របស់​ផ្ទៃ​មហាសមុទ្ទ​ធ្លាក់​ចុះ​​។ បច្ចុប្បន្ននេះ​ មហាសមុទ្ទ​ស្រូប២៥%​នៃ​​ឧស្ម័ន​ពុល​កាបូនិក​​ក្នុង​បរិយាកាស។

​ក្នុង​ខណៈ​ដែល​ឧសភា​ ២០២៣ ក៏​ជា​ខែ​មាន​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ជាងគេ​បំផុត​ទីពីរ ​សម្រាប់​​​​ភពផែនដី​ទាំង​មូល មាន​សញ្ញា​នៃការ​លេច​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ​ ក្នុង​តំបន់​អេក្វាទ័រ​ប៉ាស៊ីហ្វិកទៀត។ បាតុភូត​អែលនីញ៉ូ តែង​នាំ​ឱ្យ​មាន​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​នៅ​ផ្នែក​ខ្លះ​នៃ​ផែនដី និង​ភ្លៀង​ច្រើន​ជ្រុល​នៅ​មួយ​ប៉ែក​ទៀត ព្រមទាំង​ការ​ឡើង​កម្តៅ​សីតុណ្ហភាព​ខ្លាំង។ បាតុភូត​អែលនីញ៉ូ​ចុងក្រោយ​គេ​បាន​កើត​នៅ​ឆ្នាំ​២០១៨-១៩។ កាលពី​ដើម​ខែ​ឧសភា អង្គការ​ឧតុនិយម​ពិភពលោកព្យាករ​ថា​បាតុភូត​អែលនីញ៉ូ​នឹង​អាច​លេច​ឡើង ក្នុង​កំរិត​ប្រូបាប៊ីលីតេ៦០% ​នៅ​មុន​ខែ​កក្កដា និងឡើងដល់​៩០%​ នៅចន្លោះ​ពី​ពេល​នេះ​ដល់​ចុង​ខែ​កញ្ញា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ