អានតួអត្ថបទ

បារាំង-អារ៉ាប៊ីសាអូឌីត៖ជំនួបរវាងលោកម៉ាក្រុង និងរាជទាយាទបេន សាលម៉ានរងការរិះគន់ពីក្រុមអង្គការសិទ្ធិមនុស្ស

នៅ​ក្នុង​ប្រទេស​បារាំង ប្រធានាធិបតី​លោក​ម៉ាក្រុង​បាន​ទទួល​ជួប​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន​នៅ​វិមាន​អេលីហ្សេ​នា​ថ្ងៃ​សុក្រ ទី១៦ មិថុនា។ ជំនួប​នេះ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ទទួល​ទានអាហារថ្ងៃត្រង់​ទល់​មុខ​គ្នា និង​បាន​ជជែក​គ្នា​លើ​សំណុំរឿង​អន្តរជាតិ​ធំៗ រួម​ទាំង​សំណុំរឿង​នៅ​តំបន់មជ្ឈិមបូព៌ា។ នេះ​ជា​លើកទី២ ដែល​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​អង្គ​នេះ​បាន​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​បារាំង។ តែ​ក៏​ដូច​ជា​នៅ​ក្នុង​ទស្សនកិច្ច​លើកទី១ កាល​ពី​ខែ​កក្កដា ឆ្នាំ ២០២២ ទស្សនកិច្ច​លើកទី២ នេះ​ក៏​បាន​ទទួល​រង​ការ​រិះគន់​ពី​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ដែរ។

 ប្រធានាធិបតី​បារាំងលោក​ម៉ាក្រុង​បាន​ទទួល​ជួប​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន​នៅ​វិមាន​អេលីហ្សេ ​ថ្ងៃ​សុក្រ ទី១៦ មិថុនា ឆ្នាំ ២០២៣។
ប្រធានាធិបតី​បារាំងលោក​ម៉ាក្រុង​បាន​ទទួល​ជួប​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន​នៅ​វិមាន​អេលីហ្សេ ​ថ្ងៃ​សុក្រ ទី១៦ មិថុនា ឆ្នាំ ២០២៣។ AP - Michel Euler
ផ្សាយពាណិជ្ជកម្ម

លោក​ម៉ាក្រុង និង​ព្រះអង្គម្ចាស់​បេន សាលម៉ាន​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់។ តែ​វិមាន​អេលីហ្សេ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​មុន​ទទួល​ទានអាហារ​ថ្ងៃ​ត្រង់​មួយ​ទល់​មួយ​ថា ជំនួប​ម៉ាក្រុង បេន សាលម៉ាន​មាន​កម្មវត្ថុ​ផ្តល់​ទស្សនវិស័យ​ទ្វេភាគី និង​សិក្សា​ពី​សំណុំរឿង​ធំៗ​សព្វថ្ងៃ មិន​ថា​នៅ​តំបន់​មជ្ឈិមបូព៌ា ឬ​សង្រ្គាម​អ៊ុយក្រែន​ទេ។ នៅ​ក្នុង​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​នេះ ប្រមុខរដ្ឋ​បារាំង​កំពុង​ព្យាយាម​ជំនះ​បណ្តាប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ឲ្យ​ថ្កោលទោស​រុស្ស៊ី។ តាម​វិមាន​អេលីហ្សេ លោក​ម៉ាក្រុង​ប្រាប់​ព្រះអង្គម្ចាស់​បេន សាលម៉ាន​ថា បញ្ហា​អ៊ុយក្រែន​ជា​រឿង​សំខាន់​នៅ​ក្នុង​លោក និង​ចង់​ដឹង​ថា តើ​អារ៉ាប៊ីសាអូឌីត​អាច​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​យ៉ាង​ម៉េច​ទៅ​លើ​សង្រ្គាម​អ៊ុយក្រែន។

ក្រៅ​ពី​រឿង​សង្រ្គាម​អ៊ុយក្រែន នៅ​មាន​រឿង​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ដូច​យ៉ាង​វិបត្តិ​នៅ​លីបង់ ឬ​នៅ​ស៊ីរី។ អារ៉ាប៊ីសាអូឌីត​ក៏​ដូច​ជា​អ៊ីរ៉ង់​រក្សា និង​មាន​ឥទ្ធិពល​ខ្លាំង​លើ​លីបង់។ ត្រង់​ចំណុច​នេះ បារាំង​ចង់​ឲ្យ​អារ៉ាប៊ីសាអូឌីត​និយាយ​ជាមួយ​អ៊ីរ៉ង់ និង​ប្រទេស​ផ្សេង​ដើម្បី​បង្កើត​ឲ្យ​មាន​លក្ខខណ្ឌ​អំណោយផល​មួយ​ដើម្បី​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​លីបង់។ ទន្ទឹម​គ្នា​នេះ អារ៉ាប៊ីសាអូឌីត​រួម​ទាំង​ប្រទេស​ផ្សេង​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​អាច​ជួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​លីបង់​ដែល​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន។ ប្រធានរឿង​ក្តៅ​មួយ​ទៀត​ដែល​លោក​ម៉ាក្រុង​ចង់​បាន​ការ​យល់​ឃើញ​ពី​ព្រះអង្គម្ចាស់​បេន សាលម៉ាន គឺ​ប្រពលភាព​នៃ​ការ​គំរាមកំហែង​របស់​អ៊ីរ៉ង់ និង​ចង់​ដឹង​ពី​របៀប​ដែល​ព្រះអង្គម្ចាស់​បេន សាលម៉ាន​ត្រូវ​ឆ្លើយ​តប​វិញ។

យ៉ាង​ណា​ក៏​ដោយ ការ​ដែល​លោក​ម៉ាក្រុង​ទទួល​ព្រះអង្គម្ចាស់​បេន សាលម៉ាន​លើកទី២ នេះ​ក៏​បាន​រង​ការ​រិះគន់​ពី​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ដូច​ការ​ទទួល​លើកទី១ ដែរ។ នេះ​ក៏​ដោយសារ​ថា ព្រះអង្គម្ចាស់​បេន សាលម៉ាន​ត្រូវ​បាន​ក្រសួង​ស៊ើបការណ៍​អាមេរិក​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​ឃាតកម្ម​សម្លាប់​អ្នកកាសែត​អារ៉ាប៊ីសាអូឌីត​លោក Jamal Khashoggi នៅ​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី​កាល​ពី​ឆ្នាំ ២០១៨។ បន្ទាប់​មក​ថ្មីៗ​នេះ គឺ​ការ​កាត់​ទោស​ប្រហារ​ជិវិត​យុវជន​អារ៉ាប៊ីសាអូឌីត​ចំនួន ៧នាក់​ក្រោម​លេស​បទឧក្រិដ្ឋកម្ម​ដែល​យុវជន​ទាំង ៧នាក់​បាន​ប្រព្រឹត្ត​នៅ​ពេល​ដែល​ពួក​គេ​ជា​ក្មេងជំទង់​មិន​ទាន់​ពេញ​វ័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ