អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំងរងការរិះគន់ ថា​​លើកតម្កើង​​រាជបុត្រ​ស្នងរាជ​អារ៉ាប៊ីសាអូឌីត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាប់ឈ្មោះ​​ថា​ជា​មេដឹកនាំ​ផ្តាច់ការ មិនគួររាប់​​អាន ព្រោះ​មាន​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​សម្លាប់​អ្នក​កាសែត​ ចាម៉ាល់ កាស៊ូហ្ស៊ី កាលពីជិត​បួនឆ្នាំ​មុន រាជបុត្រ​ស្នងរាជ​អារ៉ាប៊ីសាអូឌីត ម៉ូហាមេដ បេន សាលម៉ាន ឬ​ហៅ​កាត់​ថា MBS បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​អឺរ៉ុប ​ជាលើក​ទីមួយ គិត​ចាប់​តាំងពី​ឆ្នាំ​២០១៨មក។ បន្ទាប់​ពី​ប្រទេស​ក្រិក រាជទាយាទអារ៉ាប៊ីសាអូឌីត​ បាន​មក​ដល់​ក្រុង​ប៉ារីស នៅថ្ងៃព្រហស្បតិ៍​ទី ២៨កក្កដា និង​ត្រូវ​បាន​ប្រធានាធិបតី​បារាំង លោក អេម៉ាណុយអែល​ ម៉ាក្រុង រៀប​ចំអាហារ​ពេល​ល្ងាច​ទទួល ​នៅ​វិមាន​អេលីហ្សេទៀត។ ប៉ុន្តែ​​ ​ការ​ស្វាគមន៍នេះ បាន​រង​​ការ​​រិះគន់​ស្ទើរ​ពីគ្រប់​មជ្ឈដ្ឋាន ពិសេស​ពីក្រុម​អ្នកការពារ​សិទ្ធិមនុស្ស។

លោកប្រធានាធិបតី​បារាំង ម៉ាក្រុង និង​រាជបុត្រ​ស្នងរាជ​អារ៉ាប៊ីសាអូឌីត នៅវិមាន​អេលីហ្សេ ថ្ងៃទី ២៨ កក្កដា ២០២២
លោកប្រធានាធិបតី​បារាំង ម៉ាក្រុង និង​រាជបុត្រ​ស្នងរាជ​អារ៉ាប៊ីសាអូឌីត នៅវិមាន​អេលីហ្សេ ថ្ងៃទី ២៨ កក្កដា ២០២២ AP - Lewis Joly
ផ្សាយពាណិជ្ជកម្ម

សម្រាប់​​​អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នក​ការពារ​សិទ្ធិមនុស្ស និង​បក្ស​ប្រឆាំង​បារាំង ការ​ទទួល​ស្វាគមន៍​ព្រះ​អង្គម្ចាស់ ម៉ូហាមេដ បេន សាលម៉ាន ​រាជបុត្រ​ស្នង​រាជ​របស់​អារ៉ាប៊ីសាអូឌីត ដែល​ដោយ​ជាក់ស្តែង ជា​មេដឹកនាំរាជាណាចក្រ នៅ​ពេល​នេះ ជា​​ការ​លើក​តម្កើង ផ្តល់​កត្តិយស​ដល់​រាជបុត្រ​រូប​នេះ ឱ្យ​ត្រលប់​មក​ឡើង​​ឆាក​អន្តរជាតិ យ៉ាង​ពេញ​មុខ​មានមាត់​ឡើង​វិញ​​។ ខុស​ពី​​​អ្វី​ដែល​មេដឹកនាំ​បស្ចិម​លោក​ធ្លាប់​បាន​អះអាង​ កាលពី​ប៉ុន្មាន​ឆ្នាំមុន។

បើ​តាម​ចារកិច្ច​អាមេរិក​ ​រាជបុត្រ​ស្នងរាជ​អារ៉ាប៊ីសាអូឌីត ម៉ូហាមេដ បេនសាលម៉ាន ឬ​ហៅខ្លី​ថា MBS ជា​អ្នក​នៅ​ក្រោយ​​​ឃាត​កម្មសម្លាប់​អ្នក​កាសែត​ប្រឆាំង​ជាតិអារ៉ាប៊ីសាអូឌីត ចាម៉ាល់ កាស៊ូហ្ស៊ី នៅក្នុង​ស្ថានកុងស៊ុល​ប្រទេស​នេះ​ប្រចាំទីក្រុង​អ៊ីស្តង់ប៊ូល​របស់​តួកគី កាលពី​ឆ្នាំ​២០១៨។ នៅពេល​នោះ មេដឹកនាំប្រទេស​​លោក​ខាង​លិច​ ​បាន​ចាត់​ទុក​រាជបុត្រ​រូប​នេះ ថា​ជា​មេដឹកនាំ​ដែល​មិន​គួរ​រាប់រក។ ស្រាប់​តែ​ឥលូវ​ គ្រប់​គ្នា​ត្រលប់​មក​ទទួល​ស្វាគមន៍​រាជបុត្រ​អង្គ​នេះទៅ​វិញ ៖ កាលពី​ពីរសប្តាហ៍​មុន ប្រធានាធិបតី​អាមេរិក​ចូបៃដិន ទៅ​ជួប​រាជទាយាទMBS ដល់​ផ្ទះក្នុង​បំណង​លួង​លោម​ឱ្យ​ក្រុង​រីយ៉ាដ​​បូមប្រេង​បន្ថែម​ក្រែង​អាច​បញ្ចុះ​តម្លៃ​នៅលើ​ទីផ្សារ​បាន​ខ្លះ។ ហើយបន្ទាប់​ពី​បាន​ទៅ​ជួប​ដល់​ផ្ទះ​ដែរ​កាលពី​ខែ​ធ្នូ​២០២១ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៨​កក្កដា​នេះ លោក​ ម៉ាក្រុង បើក​ទ្វារ​ផ្ទះ​លា​កម្រាល​ព្រំ​ទទួល​នៅ​វិមាន​ប្រធានាធិបតី​អេលីហ្សេ​តែម្តង។ មិន​មែន​ជា​ការ​ទទួល​ធំដុំ​ដូច​ទទួល​ប្រធានាធិបតី​អេមីរ៉ាតអារ៉ាប់រួម កាលពី​សប្តាហ៍​មុន​មែន ប៉ុន្តែ​គ្រប់គ្រាន់នឹង​​បញ្ជាក់​ថា​ រាជបុត្រ​នេះ​អាច​ធ្វើ​ដំណើរ​ទៅ​ទីណា​ក៏​មាន​អ្នក​ស្វាគមន៍។

​បណ្តឹង​នៅ​តុលាការ​ក្រុង​ប៉ារីស

ក្រៅ​អំពី​សម្រែក​រិះគន់​ អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស​ពីរ បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​រាជបុត្រ​MBS ក្នុង​សំណុំ​រឿង​ឃាតកម្ម​សម្លាប់​អ្នកកាសែត​កាស៊ូហ្ស៊ី នៅតុលាការ​ក្រុង​ប៉ារីស នៅថ្ងៃ២៨កក្កដា​២០២២ ពីបទ​ផ្សំគំនិត​ធ្វើ​ទារុណកម្ម​និង​បំបាត់​ខ្លួន​ដោយ​បង្ខំ។ ប៉ុន្តែ​វិមាន​ប្រធានាធិបតី​បារាំង​ យល់​ថា​ឥស្សរជន​បរទេស​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ នៅប៉ារីស មាន​អភ័យឯកសិទ្ធិព្រហ្មទណ្ឌ។

ហើយ​ឆ្លើយ​តប​ទៅ​នឹងពាក្យ​រិះគន់ លោកស្រី​នាយករដ្ឋមន្ត្រី អេលីហ្សាប៊ែត ប៊ន ​បាន​បកស្រាយ​ពន្យល់​ថា ទស្សនកិច្ច​របស់​រាជបុត្រ​ស្នង​រាជ​អារ៉ាប៊ីសាអូឌីត​MBS មិនប៉ះពាល់​ដល់​គោលការណ៍​សិទ្ធិមនុស្ស​ដែល​បារាំង​គោរព​ទេ។ នៅក្នុង​ពិធី​ទទួល​ទានអាហារ​ការងារ​ល្ងាច​មិញ ប្រធានាធិបតី​បារាំង​បានឱកាស​​លើក​យក​បញ្ហា​ជា​ច្រើន​មក​ពិភាក្សា​ជាមួយ​រាជបុត្រ មាន​ជាអាទិ៍​បញ្ហា​សិទ្ធិមនុស្ស ថាមពល និង​ផលិតកម្ម​ប្រេង។

ចំណុច​ខ្លាំង​​របស់​រាជបុត្រអារ៉ាប៊ីសាអូឌីត

សង្គ្រាម​អ៊ុយក្រែន បាន​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​​ឡើង​ថ្លៃ​ខ្លាំង ដែល​​រុញ​ច្រាន​ឱ្យ​មាន​វិបត្តិ​អតិផរណា​ទៀត។ សម្រាប់​ក្រសែ​ភ្នែក​បស្ចិមលោក រីយ៉ាដ ជា​តួអង្គ​ដ៏​កម្រ​និង​ដ៏​សំខាន់​មួយ នៅលើ​ទីផ្សារ ដោយ​អាច​បង្កើន​ផលិតកម្ម​ប្រេង​របស់​គេ ដើម្បី​សម្រួល​ស្ថិរភាព​តម្លៃ​ប្រេង​បាន។ ដូច្នេះ ម៉ូហាមេដ បេន សាលម៉ាន ដែល​រាជទាយាទ​របស់​រាជាណាចក្រ​ប្រេង ត្រូវ​តែ​ក្លាយ​ជា​ដៃគូ​សន្ទនា​ ដែល​សក្តិសម ឬដែល​សឹង​ថា​​មិន​អាច​ខ្វះ​បាន​ផង សម្រាប់​មេដឹកនាំ​លោក​ខាង​លិច។ អារ៉ាប៊ីសាអូឌីត ជា​ប្រទេស​អ្នក​ផលិត​ប្រេង​និង​អណ្តូង​ប្រេង​ដ៏​មហាសាលជាងគេ​បំផុត​មួយ​។ នេះ​ហើយ​ជាចំណុច​ខ្លាំង​​ដ៏​ចម្បង​របស់​MBS លើ​ឆាក​អន្តរជាតិ។

ក្រៅ​អំពី​ទម្ងន់​របស់​អារ៉ាប៊ីសាអូឌីត នៅក្នុង​តំបន់​ ដែល​លោក​ម៉ាក្រុង​យល់​ថា បើ​ផាត់​ រាជបុត្រ​MBSទៅ​នឹងធ្វើ​ឱ្យ​ខាត​ប្រយោជន៍ នៅមាន​កត្តា​ជា​ច្រើនផ្សេង​ដែល​ជំរុញ​ឱ្យ​លោក​ ម៉ាក្រុង ត្រូវ​ផ្តល់​កត្តិយស​ស្វាគមន៍​រាជទាយាទ អារ៉ាប៊ីសាអូឌីត​នាពេល​នេះ។ ​ប្រឈម​នឹង​រុស្ស៊ី​ដែល​បង្ក​សង្គ្រាម​នៅអ៊ុយក្រែន បារាំង​ចាំបាច់​ត្រូវ​ងាក​ទៅ​រក​ក្រុមប្រទេស​ណា​ដែលបដិសេធ​មិន​កាន់​ជើង​ភាគី​ជម្លោះ ដូច​យ៉ាង​អាហ្វ្រិក​និង​ក្រុម​ប្រទេសប្រេង​​នៅឈូង​សមុទ្ទ​ពែក្យ​ ដើម្បី​កុំ​ឱ្យ​ប្រទេស​អស់​នេះ ឃ្លាត​កាន់​តែ​ឆ្ងាយ​ពី​ខ្លួន។ ក្នុង​​សំណុំ​រឿង​សន្តិសុខ​តំបន់ នុយក្លេអ៊ែរ​អ៊ីរ៉ង់ បារាំង​ចង់​រក​ភាព​ស្រុះ​ស្រួលឱ្យ​អ៊ីរ៉ង់​វិល​ត្រលប់​មក​គោរព​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥វិញ ដើម្បី​បញ្ចៀស​​វិបត្តិ​នុយក្លេអ៊ែរ​ដ៏គ្រោះថ្នាក់។ បើ​តាម​អ្ន​កវិភាគ អារ៉ាប៊ីសាអូឌីត ក៏​​ព្រួយ​បារម្ភ​ខ្លាំង នឹង​បញ្ហា​​​​នុយក្លេអ៊ែរអ៊ីរ៉ង់ដែរ​ ដូច្នេះអារ៉ាប៊ីសាអូឌីត ទំនង​ត្រូវ​ការធានាការ​ពារ​ប្រយោជន៍​ពី​បារាំង។ ឯ​បារាំង​ក៏​ត្រូវ​ការកិច្ចសហប្រតិបត្តិការ​ជាមួយ​អារ៉ាប៊ីសាអូឌីត​ដែល​សម្បូរ​លុយ សម្រាប់​មក​ទ្រទ្រង់​ក្រុមហ៊ុន​សហគ្រាស​បារាំង​ ក្នុង​បរិបទ​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដើរថយក្រោយ។

ម្យ៉ាង​ទៀត កាលពី​ពីរ​សប្តាហ៍​មុន​ លោក​បៃដិន ប្រធានាធិបតី​អាមេរិក បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​នៅ​តំបន់​ដើមបូព៌ា មាន​អ៊ីស្រាអែល ប៉ាឡេស្ទីន និង​អារ៉ាប៊ីសាអូឌីត តែ​លោក​ត្រលប់​មក​វិញ​ដៃ​ទទេ។ ដូច្នេះ​ដល់​ពេល​ដែល​ប្រធានាធិបតី បារាំង​ត្រូវ​បញ្ចេញ​ស្នាដៃ​ម្តង និង​បង្ហាញ​ថា​លោក​សកម្ម​ក្នុង​សំណុំ​រឿង​អន្តរជាតិ។

​ជំនួប​ ម៉ាក្រុង​-MBS បាន​លទ្ធផល​យ៉ាង​ណា ?

​បើតាម​សេចក្តី​ថ្លែងការណ៍​របស់​វិមាន​ប្រធានាធិបតី ប្រមុខ​ដឹកនាំទាំងពីរ បាន​បង្ហាញ​ចេតនា​បង្កើន​កិច្ចសហប្រតិបត្តិការ ដើម្បី​បន្ធូរបន្ថយ​ផល​រំខាន​នៃ​សង្គ្រាម​អ៊ុយក្រែន មក​លើ​តំបន់​អឺរ៉ុប តំបន់​ដើមបូព៌ា និង​លើ​ពិភពលោក។ ហើយ​នៅក្នុង​សារ​ថ្លែង​អំណរគុណ​របស់​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​ជូន​លោក​ប្រធានាធិបតី​ម៉ាក្រុង ព្រះ​អង្គម្ចាស់​MBS បាន​បញ្ជាក់​ពី​ឆន្ទៈ​រួម​នៃ​ការ​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​បារាំង​និង​អារ៉ាប៊ីសាអូឌីត ក្នុង​គ្រប់​វិស័យ​ ហើយ​បន្ត​កិច្ចសហប្រតិបត្តិការ និង​ការ​ពិគ្រោះ​យោបល់​គ្នា​លើ​គ្រប់​បញ្ហា​ដើម្បី​ប្រយោជន៍​រួម ព្រមទាំង​ពង្រឹង​សន្តិសុខ​និង​ស្ថិរភាព​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ