អានតួអត្ថបទ
បារាំង-អារ៉ាប៊ីសាអូឌីត-ការទូត

លោក​​ម៉ាក្រុង​​ទៅ​​អារ៉ាប៊ីសាអូឌីតដើម្បី​​​​ពិភាក្សា​​ពី​​ស្ថិរភាព​​ក្នុង​​តំបន់

នៅថ្ងៃសៅរ៍​ ទី៤​ ធ្នូ​ លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង​បានទៅដល់​អារ៉ាប៊ីសាអូឌីត​ ដើម្បី​ពិភាក្សាជាមួយ​ព្រះរាជ​បុត្រ​បេន​សាល​ម៉ានអំពី​ស្ថិរភាព​ក្នុង​តំបន់​ ជាពិសេស​បញ្ហា​ទាក់ទង​នឹង​ប្រទេស​លីបង់​ដែល​កំពុង​រងគ្រោះ​ពី​វិបត្តិ​ជាច្រើន​។ ជាការ​គួរឲ្យ​កត់​សម្គាល់​ ទស្សនកិច្ច​ការ​ទូតនេះ​ធ្វើ​ឡើង ​ក្រោយ​លោក​​ប្រមុខ​រដ្ឋ​បារាំង​គូសបញ្ជាក់ថា​លោក​មិន​បាន​ព្រងើយ​កន្តើយ​ឡើយ​ចំពោះ​កំណត់ត្រា​សិទ្ធិ​មនុស្ស​របស់​ទីក្រុង​រីយ៉ាដ​។

នៅថ្ងៃសៅរ៍ ទី៤ ធ្នូ លោកប្រធានាធិបតីបារាំងម៉ាក្រុង បានទៅដល់អារ៉ាប៊ីសាអូឌីតដើម្បីពិភាក្សាជាមួយព្រះរាជបុត្របេនសាលម៉ានអំពីស្ថិរភាពក្នុងតំបន់។
នៅថ្ងៃសៅរ៍ ទី៤ ធ្នូ លោកប្រធានាធិបតីបារាំងម៉ាក្រុង បានទៅដល់អារ៉ាប៊ីសាអូឌីតដើម្បីពិភាក្សាជាមួយព្រះរាជបុត្របេនសាលម៉ានអំពីស្ថិរភាពក្នុងតំបន់។ VIA REUTERS - SAUDI ROYAL COURT
ផ្សាយពាណិជ្ជកម្ម

លោក​ប្រមុខរដ្ឋ​បារាំង​ម៉ាក្រុង​បានទៅ​ទីក្រុង​ជេតដា​ (Jeddah) របស់​អារ៉ាប៊ីសាអូឌីត​ ​បន្ទាប់​ពី​បញ្ចប់​ទស្សនកិច្ច​នៅ​អារ៉ាប់រួម​ និងកាតា​ដែលជាផ្នែកមួយ​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​ខ្លី​របស់លោក​នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស​។

ព្រះរាជ​បុត្រស្នងរាជ្យ​អារ៉ាប៊ីសាអូឌីត​ម៉ូហាមេដ បេនសាលម៉ាន​ បាន​ចាប់​ដៃ​ទទួល​ស្វាគមន៍​​លោកម៉ាក្រុង​នៅព្រះ​បរមរាជវាំង​មុនចាប់​ផ្តើមកិច្ចពិភាក្សា​និង​ទទួល​ទាន​អាហារ​ថ្ងៃត្រង់​ជាមួយគ្នា​។

លោកម៉ាក្រុង​បាន​ក្លាយជា​មេដឹកនាំ​លោកខាងលិចដំបូងគេ​ដែល​ជួបជាមួយ​ព្រះអង្គម្ចាស់ បេនសាលម៉ាន​នៅក្នុង​ប្រទេស​មហាសេដ្ឋីប្រេងចាប់តាំង​ពី​អ្នក​កាសែត​អារ៉ាប៊ីសាអូឌីតលោក​ខាស្ហូហ្ស៊ី​ត្រូវបាន​សម្លាប់នៅ​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ឯ​ទីក្រុង​អ៊ីស្តង់ប៊ុល កាលពី​ខែ​តុលា ឆ្នាំ ២០១៨​។ ករណីសម្លាប់​អ្នក​កាសែត​ខាស្ហូហ្ស៊ីដោយ​ភ្នាក់ងារ​អារ៉ាប៊ីសាអូឌីត​នេះបាន​ធ្វើឲ្យ​ព្រះអង្គម្ចាស់​បេនសាលម៉ាន​ខូច​មុខមាត់​យ៉ាងខ្លាំង​នៅលើ​ឆាក​អន្តរជាតិ​។

ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាននិយាយកាលពី​ថ្ងៃសុក្រ ទី៣ ធ្នូថា​ ការ​សន្ទនា​ជាមួយ​អារ៉ាប៊ីអាអូឌីត​គឺចាំបាច់​ដើម្បី​ស្ថិរភាព​នៅក្នុង​តំបន់​។ យ៉ាងណាក៏ដោយ លោកម៉ាក្រុង​ថាលោក​មិន​ដែល​ព្រងើយកន្តើយឡើយ​ចំពោះកំណត់ត្រា​សិទ្ធិ​មនុស្ស​របស់​ទីក្រុង​រីយ៉ាដ​។

ក្នុង​អំឡុងពេល​ពិភាក្សាជាមួយព្រះរាជបុត្រស្នងរាជ្យអារ៉ាប៊ីសាអូឌីត​ គេរំពឹងថា​ លោក​ប្រធានាធិបតី​​បារាំង​ក៏​ជជែកផងដែរពី​ប្រទេស​លីបង់​ដែល​កំពុង​រុំ​ព័ទ្ធ​ដោយ​វិបត្តិ ជាពិសេស​ សេដ្ឋកិច្ច​លីបង់​ដែល​កាន់តែ​ធ្លាក់ផុង​ចូល​ក្នុង​វិបត្តិ​ថែម​មួយ​កម្រិតទៀត​ ក្រោយ​ផ្ទុះ​ជម្លោះ​ការទូត​ដ៏​ក្តៅគគុក​ជាមួយ​រដ្ឋ​ឈូង​សមុទ្រ​ពែក្ស​មួយចំនួន​ក្នុងខែតុលា​។ ដោយខឹង​សម្បា​ចំពោះ​ការ​អត្ថាធិប្បាយ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​លីបង់ថា​សង្រ្គាម​នៅ​យេម៉ែន​​គឺជាការ​ឈ្លាន​ពាន​របស់​ខ្លួន​ អារ៉ាប៊ីសាអូឌីត​បាន​ហាម​ឃាត់​រាល់​ការ​នាំ​ចូលទំនិញ​ពី​លីបង់។

គេរំពឹងដែរថា​ លោក​ម៉ាក្រុង​អាច​រំងាប់​កំហឹង​របស់​អារ៉ាបីសាអូឌីតក្រោមហេតុផលនៃ​ការ​លាលែង​ចេញពី​តំណែង​របស់​រដ្ឋមន្ត្រីព័ត៌មានលីបង់លោក កកដាអ៊ី (Kordahi)​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ