អានតួអត្ថបទ
ថាមពល​បៃតង-ការវិនិយោគ

អាកាសធាតុ៖ ត្រូវបន្ថែមការវិនិយោគលើថាមពលស្អាតស្អំ មួយ​គុណនឹង៧ដង នៅតាម​ប្រទេស​កំពុងអភិវឌ្ឍន៍

សំណុំរឿងថវិកាវិនិយោគ ដើម្បីដោះស្រាយ​វិបត្តិអាកាសធាតុ គឺជាចំណុចសំខាន់បំផុត សម្រាប់ប្រទេសក្រី និង​ប្រទេសកំពុងអភិវឌ្ឍន៍​។ យោងតាមរបាយការណ៍​ចុងក្រោយ របស់ទីភ្នាក់ងារថាមពលអន្តរជាតិ គឺ​វិស័យ​ថាមពលស្អាតស្អំ ដែលមិន​បញ្ចេញឧស្ម័ន​កាបូនិក គេត្រូវតែបន្ថែមទំហំថវិកា​វិនិយោគ រហូតដល់​៧ដង ចាប់ពីឆ្នាំ​២០៣០ទៅ ប្រសិន​បើពិភពលោកយើង ចង់ទប់ស្កាត់ការកើនឡើងកំដៅផែនដី មិន​ឡើងលើសពី​១,៥°c ។

បុគ្គលិក​កំពុងសំអាត​ផ្ទាំងសូឡា នៅក្នុងរោងចក្រផលិត​ផ្ទាំងសូឡាឥណ្ឌា នៅ​ជាយទីក្រុង​Hyderabad ថ្ងៃទី២៥ មករា ២០២៣
បុគ្គលិក​កំពុងសំអាត​ផ្ទាំងសូឡា នៅក្នុងរោងចក្រផលិត​ផ្ទាំងសូឡាឥណ្ឌា នៅ​ជាយទីក្រុង​Hyderabad ថ្ងៃទី២៥ មករា ២០២៣ AP - Mahesh Kumar A.
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ បានអំពាវនាវថា ការវិនិយោគទាំងសាធារណៈ ទាំងឯកជន ក្នុងវិស័យ​ថាមពល​មិនមែនប្រភព​ហ្វូស៊ីល ពោលគឺជា​ថាមពលស្អាតស្អំ គឺត្រូវ​បង្កើន​ទំហំ ឲ្យ​បានយ៉ាងហោច៣ដង នៅតាម​ប្រទេសកំពុងអភិវឌ្ឍន៍។ មានន័យថា ថវិកាវិនិយោគដែលមានប្រមាណ ៧៧០ពាន់លានដុល្លារ​ក្នុងឆ្នាំ​២០២២ នឹងត្រូវដំឡើងដល់ខ្ទង់ ២២០០ ទៅ ២៨០០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ​២០៣០​ទៅ​។

ទំហំនេះ ត្រូវតែបន្តរក្សាដដែល រហូតដល់ឆ្នាំ​២០៥០ ដើម្បីឈានទៅកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ទប់សីតុណ្ហភាព​ផែនដីយើង​ កុំ​ឲ្យ​ឡើងលើសពី ១,៥°C។ ហើយ​ប្រសិនបើគេដកប្រទេស​ចិន ចេញពី​ក្នុងចំណោម​ប្រទេសសេដ្ឋកិច្ច​លូតលាស់ គឺមានន័យថា ថវិកាវិនិយោគ​ក្នុងវិស័យថាមពលស្អាតស្អំ គឺត្រូវតែបង្កើន មួយ​គុណ​នឹង​៧ដងឯណោះ។ ពោលគឺ បង្កើន ពី​២៦០ពាន់លានដុល្លារ ឡើងទៅ ខ្ទង់ ១៤០០ ទៅ ១៩០០ពាន់លានដុល្លារ។ នេះបើផ្អែកតាម​ការសន្និដ្ឋាន នៃរបាយ​ការណ៍ ដែលត្រូវបានចូលរួម​ធ្វើ ដោយអង្គការ​ OCDE និង International Finance Corporation IFC ដែលជាផ្នែកមួយ​នៃធនាគារពិភពលោក​។

សូមបញ្ជាក់ថា របាយការណ៍​នេះ ត្រូវបាន​ចេញផ្សាយ​មួយថ្ងៃមុន​ជំនួប​កំពូល ស្តី​ពីកតិកាសញ្ញាហិរញ្ញវត្ថុថ្មី នៅទីក្រុង​ប៉ារីស ដែល​​មានកម្មវត្ថុ​​ពិភាក្សា​​គ្នា រៀចបំ​ផែនការហិរញ្ញវត្ថុ​ពិភពលោក​ ទប់ទល់វិបត្តិអាកាសធាតុ។ ដំណោះស្រាយ​ដែលត្រូវតែឆ្លងកាត់ ការធ្វើអន្តរកម្មថាមពល ពីថាមពលហ្វូស៊ីល មកថាមពលកកើតឡើងវិញ ឬថាមពលស្អាតស្អំ។

ដោយ​អនុឡោមតាមកិច្ចព្រមព្រៀងទីក្រុង​ប៉ារីសស្តីពីអាកាសធាតុ ការវិនិយោគលើថាមពលស្អាតស្អំ បាន​កើនឡើងយ៉ាងខ្លាំង។ ក៏ប៉ុន្តែ ៩០%នៃទំហំវិនិយោគទាំងនេះ គឺមាននៅតែតាមប្រទេសសេដ្ឋកិច្ចនាំមុខ និង​ប្រទេសចិន ខណៈដែលប្រទេសក្រីក្រ កំពុងអភិវឌ្ឍន៍ មានត្រឹមត​១០%​ប៉ុណ្ណោះ។ ក្នុងចំណោមថវិកា ៧៧០ពាន់លានដុល្លារ វិនិយោគក្នុ​ងវិស័យថាមពលស្អាតស្អំ គឺមាន​៣ភាគ៤ទៅហើយ ដែលមាននៅតែក្នុងប្រទេស​៣ធំៗ ចិន ឥណ្ឌា​ ប្រេស៊ីល​។

គួរដឹងថា បច្ចុប្បន្ននេះ ប្រជាជន​ប្រមាណ​៧៧៥លាននាក់ នៅតាមប្រទេសក្រីក្រ ប្រទេសកំពុងអភិវឌ្ឍន៍ ពុំមានចរន្តអគ្គិសនីប្រើប្រាស់ទេ កុំថាឡើយដល់ទៅថាមពលកកើតឡើងវិញ។ លោក Fatih Birol នាយកប្រតិបត្តិ​ទីភ្នាក់ងារថាមពល​អន្តរជាតិ បាន​លើកឡើងថា គេមិនអាចរំពឹងតែទៅលើការវិនិយោគសាធារណៈនោះទេ។ នៅតាម​ប្រទេសកំពុងអភិឌ្ឍន៍ ការវិនិយោគក្នុងវិស័យថាមពលស្អាតស្អំ គឺត្រូវតែមាន​ប្រភពយ៉ាងហោចពី​វិស័យឯកជន ចំនួន​៦០%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ