អានតួអត្ថបទ
បារាំង-ជនភៀសខ្លួន

ឆ្នាំ២០២២ បារាំងបាន​ផ្តល់​លិខិតស្នាម​ស្នាក់នៅក្នុងនាមជាជនភៀសខ្លួន ចំនួនជាង​៥៦០០០នាក់

ក្នុងឆ្នាំ​២០២២កន្លងទៅ បារាំងបាន​ផ្តល់​លិខិតស្នាមស្នាក់នៅស្របច្បាប់ ក្នុងនាមជាជនភៀសខ្លួន ទៅឲ្យ​មនុស្សចំនួន​ជាង​៥ម៉ឺន៦ពាន់នាក់។ នេះ​បើផ្អែកតាមរបាយការណ៍​ប្រចាំឆ្នាំ របស់​ការិយាល័យបារាំងគាំពារជនភៀសខ្លួន ចេញផ្សាយ​កាលពីថ្ងៃចន្ទ ទី​៣កក្កដម្សិលមិញ។ យោងតាមតួលេខនេះ ជាសរុបគឺបារាំង បាន​ទទួលយកជនភៀសខ្លួន បានជាង​​កន្លះលាននាក់ហើយ។

ជនភៀសខ្លួនធ្វើ់ជម្រកស្នាក់នៅតាមទីសាធារណៈ ក្នុងក្រុងប៉ារីស ក្បែរព្រែកជីក Saint Martin។ រូបថត ថ្ងៃទី ៤ មិថុនា ២០១៨
ជនភៀសខ្លួនធ្វើ់ជម្រកស្នាក់នៅតាមទីសាធារណៈ ក្នុងក្រុងប៉ារីស ក្បែរព្រែកជីក Saint Martin។ រូបថត ថ្ងៃទី ៤ មិថុនា ២០១៨ AP - Francois Mori
ផ្សាយពាណិជ្ជកម្ម

ឆ្នាំ​២០២២ មនុស្សចំនួន៥៦២៧៦នាក់ ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការការពាររបស់រដ្ឋបារាំង។ មានន័យថា ពួកគេត្រូវបានប្រគល់សិទ្ធិស្របច្បាប់ ឲ្យ​រស់នៅលើទឹកដីបារាំង ក្នុងនាមជាជនភៀសខ្លួន​។ ចំនួនតួលេខនេះ គឺដោយ​រាប់ទាំងការសម្រេចយល់ព្រម​ នៅថ្នាក់ដំបូងដោយ​ ការិយាល័យ​បារាំងគាំពារជនភៀសខ្លួន Ofpra និងទាំងអ្នកដែលបានដាក់ពាក្យ​ប្តឹងទាស់ ហើយត្រូវតុលាការជាតិនៃសិទ្ធិជ្រកកោន សម្រេចយល់ព្រម​។

គិតត្រឹមថ្ងៃទី​៣១ធ្នូ ២០២២ បារាំងបានផ្តល់​លិខិតស្នាមក្នុងនាមជាជនភៀសខ្លួន ចំនួនសរុប ៥៤៧១០២នាក់។ នេះបើផ្អែកតាមការិយាល័យបារាំងគាំពារជនភៀសខ្លួន។ ក្នុងរយៈពេល​៥ឆ្នាំជាប់គ្នាមកនេះ គឺជនភៀសខ្លួនមកពី​ប្រទេសអាហ្វហ្កានីស្ថាន ដែល​មានចំនួន​ច្រើនជាងគេ។ ក្នុងចំណោមពាក្យសុំទាំងអស់ ១៣១០០០ គឺមាន​១៧០០០ជាពាក្យសុំសិទ្ធិជ្រកកោនរបស់ជនភៀសខ្លួន​អាហ្វហ្កានីស្ថាន​។ ទំនោរនេះបាន​កើនឡើងខ្លាំង ជាពិសេសក្រោយការវិលត្រលប់មកកាន់អំណាចវិញ របស់​ក្រុមតាលីបង់​។

ដោយឡែក តួលេខចំនួនជនភៀសខ្លួនដែលបារាំងបានទទួល ក្នុងឆ្នាំ​២០២២នេះ គឺមិនបានរាប់បញ្ចូល​ជនភៀស​ខ្លួន​​ អ៊ុយក្រែនទេ ដែលបច្ចុប្បន្នមានចំនួន​ប្រមាណ​១សែននាក់នៅបារាំង​។ ​ច្បាប់បារាំង បានបង្កើតលក្ខន្តិកៈពិសេស សម្រាប់ប្រជាជនអ៊ុយក្រែន ដែលរត់គេចពីសង្គ្រាម​ឈ្លានបាន​របស់​រុស្ស៊ី ដោយ​អនុញ្ញាតឲ្យពួកគេ អាចស្នាក់នៅដោយស្របច្បាប់លើទឹកដីបារាំង ដោយ​មិនចាំបាច់​រៀបចំពាក្យសុំសិទ្ធិជ្រកកោន។

ដោយឡែក ក្នុងឆ្នាំ​២០២២កន្លងទៅ អាជ្ញាធរបារាំងក៏បានសង្កេតឃើញផងដែរ អំពីការកើនឡើងនៃចំនួនជនភៀសខ្លួន​មកពីរុស្ស៊ី។ យ៉ាងហោចណាស់ មានប្រជាជនរុស្ស៊ី​២៦១៧នាក់ ដែលបាន​មកសុំសិទ្ធិជ្រកកោននៅបារាំង ក្នុងឆ្នាំ​២០២២។ មូលហេតុដែល​ជនភៀសខ្លួនរុស្ស៊ីបាន​លើកឡើង គឺការបារម្ភពីសុវត្ថិភាពសន្តិសុខ ដោយសារពួកគេប្រឆាំងនឹងសង្គ្រាមឈ្លានពាន​ដែលរុស្ស៊ីធ្វើទៅលើអ៊ុយក្រែន ឬបារម្ភខ្លាចក្រែងត្រូវគេកេណ្ឌឲ្យទៅច្បាំងជាដើម​។

សូមបញ្ជាក់ថា អំឡុងពេល​នេះ រដ្ឋាភិបាលបារាំងកំពុងតែ​រៀបចំធ្វើសេចក្តីព្រាងច្បាប់ថ្មីមួយ ដើម្បីកំណែទម្រង់ច្បាប់​គ្រប់គ្រងជនភៀសខ្លួននិងអន្តោប្រវេសន៍។ កម្មវត្ថុរបស់​រដ្ឋាភិបាល​ គឺកាត់បន្ថយ​ពេលវេលារងចាំនៃការធ្វើ​នីតិវិធីសម្រេច ដើម្បីអាចបណ្តេញ​អ្នកដែល​មិនបានទទួលលិខិតស្នាម ចេញពីបារាំងឲ្យ​បានឆាប់បំផុត​។ ទន្ទឹមគ្នានេះ ការិយាល័យបារាំងគាំពារជនភៀសខ្លួន បាន​ប្រឹងប្រែងពន្លឿនរយៈពេលនីតិវិធី ពីជាង​៨ខែនៅឆ្នាំ​២០២១ មកនៅត្រឹមតែ​៥ខែ ជាមធ្យម ក្នុងឆ្នាំ​២០២២។ ជាមួយនឹងរយៈពេលនីតិវិធីខ្លី ចំនួន​អ្នកដែលបានទទួល​លិខិតស្នាមស្របច្បាប់ក៏បាន​កើនឡើងយ៉ាងរហ័ស ក្នុងពេលដ៏ខ្លី។ តែជាមួយ​គ្នានេះ អាជ្ញាធរធ្វើលិខិតអត្រានុកូលដ្ឋាន មានការយឺតយ៉ាវ មិន​អាចឆ្លើយតប​ ឲ្យទាន់ពេលវេលា។ ការិយាល័យបារាំងគាំពារជនភៀសខ្លួន បានអំពាវនាវ ឲ្យអាជ្ញាធរសាធារណៈប្រឹងប្រឹងផ្តល់លទ្ធភាពនិងមធ្យោបាយ ខណៈចំនួន​ជនភៀសខ្លួន​កាន់តែកើនឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ