អានតួអត្ថបទ
សេរីភាព-សាសនាអ៊ីស្លាម

ក្រុមប្រឹក្សាសិទ្ធិមនុស្ស អនុម័តសេចក្តីសម្រេចចិត្ត​​ថ្កោល​ទោស “អំពើដុតគម្ពីរកូរ៉ង់”

ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានបោះឆ្នោតកាលពីថ្ងៃពុធម្សិលមិញ អនុម័តសេចក្តីសម្រេចចិត្តថ្មីមួយ ដោយ​​បានថ្កោលទោស សកម្មភាព​យកភ្លើងដុតគម្ពីរកូរ៉ង់ ជាទីសក្ការៈនៃសាសនាអ៊ីស្លាម​ ព្រមទាំងសកម្មភាព​ញុះញង់រើសអើងស្អប់ខ្ពើមសាសនាជាទូទៅ។​ តែយ៉ាងណា ប្រទេសមួយចំនួនបានលើកឡើងថា​ ខ្លឹមសារនៃសេចក្តីសម្រេចចិត្តនេះ គឺវាប៉ះពាល់ដល់តម្លៃនៃ “សិទ្ធិសេរីភាពបញ្ចេញមតិ”​។

បុរសជនជាតិ​អ៊ីរ៉ាក់ ដែលបានដុតគុម្ពីរកូរ៉ង់ នៅខាងមុខ វិហារអ៊ីស្លាមក្នុងទីក្រុង​ Stockholm ប្រទេសស៊ុយអែត ថ្ងៃទី២៨ មិថុនា ២០២៣
បុរសជនជាតិ​អ៊ីរ៉ាក់ ដែលបានដុតគុម្ពីរកូរ៉ង់ នៅខាងមុខ វិហារអ៊ីស្លាមក្នុងទីក្រុង​ Stockholm ប្រទេសស៊ុយអែត ថ្ងៃទី២៨ មិថុនា ២០២៣ via REUTERS - TT NEWS AGENCY
ផ្សាយពាណិជ្ជកម្ម

ប្រទេសចំនួន​២៨ ក្នុងចំណោម​៤៧ បានបោះឆ្នោតគាំទ្រ លើអត្ថបទសេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស​ ដែល​មានខ្លឹមសារ ថ្កោលទោសចំពោះ​សកម្មភាព ​បែបស្អប់ខ្ពើមរើសអើងសាសនា ដូចដែលបាន​កើតឡើងនាពេលថ្មីៗ នៅទីសាធារណៈ និងដោយ​មានចេតនាគិតទុកមុន ដែលបាន​ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើ​តម្លៃជាទីសក្ការៈ នៃគម្ពីរកូរ៉ង់។ អត្ថបទនេះ បានអំពាវនាវ ឲ្យ​ប្រទេសទាំងអស់ត្រូវ​មានច្បាប់ផ្តន្ទាទោសឲ្យ​ធ្ងន់ ទៅលើអំពើរបៀបនេះ​។ តាមរយៈសេចក្តីសម្រេចចិត្តនេះ ក្រុមប្រឹក្សាសិទ្ធិមនុស្ស បាន​ទាមទារផងដែរ ឲ្យ​អង្គការសហប្រជាជាតិ ត្រូវតែ​កត់ឈ្មោះប្រទេសទាំងឡាយណា ដែលមិនទាន់មានច្បាប់បែបនេះ ហើយ​នឹងត្រូវរៀបចំ​ការប្រជុំតុមូលជាបន្ទាន់ ដើម្បី​​និយាយ​អំពីបញ្ហានេះ​។

សូមបញ្ជាក់ថា គឺប្រទេសប៉ាគីស្ថាន តាងនាមឲ្យប្រទេសសមាជិក នៃ​​អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម​​ ដែល​បាន​ផ្តួចផ្តើម​គំនិត​ ស្នើអត្ថបទសេចក្តីសម្រេចចិត្តមួយនេះ​។ ជាការស្នើដែលត្រូវបាន​ធ្វើ​ឡើង បន្ទាប់ពីមានករណី​ជនជាតិ​អ៊ីរ៉ាក់ម្នាក់ ជាជនភៀសខ្លួនរស់នៅប្រទេសស៊ុយអែត បាន​ដុតគម្ពីរកូរ៉ង់ ឆេះអស់ប៉ុន្មានសន្លឹក នៅខាងមុខ​ព្រះវិហារអ៊ីស្លាមដ៏ធំមួយ ក្នុងទីក្រុង​ស្តុកខូលម៍ កាលពីថ្ងៃទី២៨មិថុនា។

លោកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្ស បាន​លើកឡើងថា សេចក្តីសម្រេចចិត្តនេះ មាន​អត្ថន័យ​ប្រកបដោយ​តុល្យភាព  និងមិនបានចង្អុរថ្កោលទោសប្រទេសណាមួយ ​ដោយចំពោះនោះទេ។ លោក ចិន ស៊ូ អគ្គរដ្ឋទូតចិន ដែលបាន​បោះឆ្នោតគាំទ្រអត្ថបទនេះដែរនោះ បាន​លើកឡើងថា អំពើស្អប់ខ្ពើមមកលើ សាសនាអ៊ីស្លាម ពិតជាបាន​កើនឡើងខ្លាំងច្រើនណាស់។

គួរកត់សំគាល់ថា ការលើកឡើងរបស់អគ្គរដ្ឋទូតចិនបែបនេះ បានធ្វើឲ្យ​មន្ត្រីការទូតមួយចំនួន​ អស់សំណើចដែរ ព្រោះ​ចិនខ្លួនឯង ក៏​ត្រូវបាន​គេចោទថាបានធ្វើទុក្ខបុកម្នេញ​យ៉ាងខ្លាំង​ ទៅលើប្រជាជនអ៊ុយហ្កួរ និងសហគមអ្នកកាន់សាសនាអ៊ីស្លាមផ្សេងទៀតនៅខេត្តស៊ីនជាំង។​

គួរបញ្ជាក់ដែរថា ក្នុងចំណោមប្រទេសដែលបានបោះឆ្នោតបដិសេធទាំង​១២ប្រទេស គឺមាន​ភាគច្រើនជាប្រទេសលោក​ខាងលិច ដូចជាបារាំង អាល្លឺម៉ង់ អង់គ្លេស​ និងសហរដ្ឋអាមេរិកជាដើម​។​ លោកស្រី Michèle Taylor អគ្គរដ្ឋទូតសហរដ្ឋអាមេរិក បាន​លើកឡើងថា គេក៏​ថ្កោលទោសទង្វើដុតកុម្ពីកូរ៉ង់ដែរ តែ​អត្ថបទសេចក្តីសម្រេចចិត្តនេះ វា​មានខ្លឹមសារ​ ប៉ះពាល់ទៅលើសិទ្ធិសេរីភាព​បញ្ចេញមតិ។ ដូចគ្នាដែរ ប្រទេសមិចស៊ិក និងហុងឌូរ៉ាស ដែលបានបោះឆ្នោតអនុប្បវាទ បាន​លើកឡើងថា សេចក្តីសម្រេចចិត្តនេះត្រូវបានគេយកមកជជែកយ៉ាងតក់ក្រហល់ មិនអាចឲ្យមាន​ការយល់ស្របគ្នាទេ។ សម្រាប់ប្រទេសមិចស៊ិក ការបញ្ចេញមតិទាំងឡាយ​ដែលរិះគន់ទៅលើសាសនា វាមិនមែនសុទ្ធតែជា​ការញុះញង់ឲ្យ​មានអំពើហិង្សា ឬការ​ស្អប់ខ្ពើមរើសអើងសាសនាទាំង​អស់នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ