អានតួអត្ថបទ

អ្នកជំនាញ៖អំណោយជាគ្រាប់ធញ្ញជាតិដែលលោកពូទីនឲ្យប្រទេសអាហ្រ្វិកមិនមែនជាអំណោយសប្បុរសធម៌សុទ្ធសាធទេ

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ កក្កដា ប្រទេស​រុស្ស៊ី​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូល​រុស្ស៊ី-អាហ្រ្វិក​នៅ​ក្នុង​ទីក្រុង Saint-Petersbourg។ មាន​គណៈប្រតិភូ​មក​ពី ៤៩ប្រទេស​អាហ្រ្វិក ក្នុង​នោះ​មាន​ប្រមុខ​ចំនួន ១៧នាក់​បាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំកំពូល​រុស្ស៊ី-អាហ្រ្វិក​ឆ្នាំ ២០២៣ នេះ។ កិច្ចប្រជុំកំពូល​លើក​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន និង​ចំ​ពេល​ដែល​រុស្ស៊ី​បាន​សម្រេចចិត្ត​មិន​បន្ត​កិច្ចព្រមព្រៀង​នាំ​ចេញ​គ្រាប់ធញ្ញជាតិ​អ៊ុយក្រែន។ ការ​ដែល​រុស្ស៊ី​មិន​ព្រម​បន្ត​កិច្ចព្រមព្រៀង​មួយ​នេះ​បាន​ជះ​ផលវិបាក​ដល់​បណ្តា​ប្រទេស​អាហ្រ្វិក​ដែល​ពឹង​លើ​គ្រាប់ធុញ្ញជាតិ​នាំ​ពី​អ៊ុយក្រែន។ តែ​ថ្លែង​នា​ឱកាស​បើក​កិច្ចប្រជុំកំពូល ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​បាន​សន្យា​ផ្តល់​គ្រាប់ធញ្ញជាតិ​រហូត​ដល់ ៥០ ០០០តោន​ឲ្យ ៦ប្រទេស​អាហ្រ្វិក​ដោយ​មិន​គិត​លុយ។ តើ​ជា​អំណោយ​ដោយ​សប្បរសធម៌ ឬ​មួយ​ជា​ការ​ដោះដូរ?។ មិនមែន​ជា​អំណោយ​សប្បុរសធម៌​មួយ​ទេ តែ​ក៏​មាន​បង្កប់​ដោយ​ថ្នូរ​ភូមិសាស្រ្តយុទ្ធសាស្រ្ត​នៅ​ក្នុង​នោះ​ដែរ នេះ​ជា​ការ​យល់​ឃើញ​របស់​អ្នកជំនាញ​លោក​សេបាស្យៀង អាប៊ីស។

ប្រធានាធិបតីរុស្ស៊ីលោកពូទីនថ្លែង​នៅ​ក្នុង​កិច្ចប្រជុំកំពូល​រុស្ស៊ី អាហ្រ្វិក​ក្នុង​ទីក្រុង​ Saint-Petersbourg ថ្ងៃទី២៧ កក្កដា ២០២៣។
ប្រធានាធិបតីរុស្ស៊ីលោកពូទីនថ្លែង​នៅ​ក្នុង​កិច្ចប្រជុំកំពូល​រុស្ស៊ី អាហ្រ្វិក​ក្នុង​ទីក្រុង​ Saint-Petersbourg ថ្ងៃទី២៧ កក្កដា ២០២៣។ AP - Pavel Bednyakov
ផ្សាយពាណិជ្ជកម្ម

« វា​ច្បាស់​ណាស់​ថា កាយវិការ​របស់​រុស្ស៊ី​ចំពោះ​ទ្វីប​អាហ្រ្វិក​ពេល​នេះ​មិនមែន​គ្មាន​ប្រយោជន៍​នោះ​ទេ។ នៅ​ពេល​ដែល​អស់​លោក​បាន​ស្នើ​បញ្ជូន​ផលិតផល​ចំណីអាហារ​ទៅ​ឲ្យ​ប្រទេស​មួយ​ចំនួន​ជាមួយ​នឹង​លក្ខខណ្ឌ​ដែល​ផ្ទុយ​ពី​ច្បាប់ទីផ្សារ​ផលិតផល​ចំណីអាហារ​នោះ មាន​ន័យ​ថា​អ្វី​ដែល​អស់លោក​បាន​ធ្វើ​ជាមួយ​ប្រទេស​ទាំង​នោះ​មិនមែន​ជា​កិច្ចសហប្រតិបត្តិការ​ទេ។ មាន​ន័យ​ថា​អ្វី​ដែល​អស់​លោក​បាន​ធ្វើ​នេះ​ប្រៀប​ដូច​ជា​ទង្វើ​ម៉ាហ្វីយ៉ា​មាន​បង្កប់​ដោយ​ថ្នូរ​អ៊ីចឹង​ដែរ ដូច​ជា​ថា ត្រូវ​មាន​សមានចិត្ត​ជាមួយ​ខ្ញុំ កុំ​រិះគន់​ទិតៀន​ខ្ញុំ​នៅ​អង្គការសហប្រជាជាតិ កុំ​បោះឆ្នោត​ប្រឆាំង​ខ្ញុំ​ទៅ​លើ​សេចក្តីសម្រេច​មួយ​ចំនួន​របស់​ក្រុមប្រឹក្សាសន្តិសុខ។

ក្នុង​ករណី​នេះ ខ្ញុំ​នឹង​បើក​រ៉ូប៊ីណេ​ឲ្យ​ធំ​បញ្ជូន​គ្រាប់ធញ្ញជាតិ​ឲ្យ​អស់​លោក ហើយ​ខ្ញុំ​ថែម​ទាំង​អាច​មិន​គិត​លុយ​ពី​អស់លោក ឬ​មួយ​ក៏​គិត​លុយ​ដែរ តែ​មិន​យក​ភ្លាមៗ​ទេ។ ចូរ​កុំ​ភ្លេច​ថា កិច្ចប្រជុំកំពូល​រុស្ស៊ី អាហ្រ្វិក​នៅ​ទីក្រុង Saint-Petersbourg នេះ​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​ទូទៅ​ដែល​មាន​ប្រទេស​មួយ​ចំនួន​ក្នុង​លោក​មិន​ចង់​ប្រកាន់​យក​ជំហរ​ណា​មួយ​ស្តីពី​សង្រ្គាម​អ៊ុយក្រែន​ទេ។ខ្ញុំ ខ្ញុំ​មាន​ការ​សោកស្តាយ​ខ្លាំង​ណាស់​ដែល​បាន​ឃើញ​រុស្ស៊ី​ប្រើ​នយោបាយ​ពាណិជ្ជកម្ម​កសិកម្ម​ដើម្បី​បង្កើន​ឥទ្ធិពល​របស់​ខ្លួន។

ចំណែក​ភូមិសាស្រ្តយុទ្ធសាស្រ្ត​របស់​បស្ចិមលោក​ស្តីពី​កសិចំណីអាហារ​នៅ​មាន​ភាព​អល់អែក​ដែល​អាច​ធ្វើ​ឲ្យ​បស្ចិមលោក​បាត់បង់​ទីផ្សារ និង​បាត់​ជាមួយ​គ្នា​នូវ​កិច្ចសន្ទនា​នយោបាយ និង​ការទូត​ជាមួយ​បណ្តា​ប្រទេស​អាហ្រ្វិក​ទាំង​នោះ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ