អានតួអត្ថបទ

អង្គការសហប្រជាជាតិព្រមានពីគ្រោះថ្នាក់គំរាមកំហែងបរិស្ថាន ដោយសារ​ការបូមយកខ្សាច់សមុទ្រ

ក្រុមអ្នកវិទ្យាសាស្រ្តសម្រាប់បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​ពីគ្រោះថ្នាក់គំរាមកំហែង​ជីវចម្រុះ និង​ភាពធន់របស់​ឆ្នេរសមុទ្រ ដោយសារ​ការបូម ជីក​យក​ដី​ខ្សាច់សមុទ្រ​ក្នុងទ្រង់ទ្រាយធំ។ តាមអ្នកជំនាញ​បរិស្ថានរបស់អង្គការសហប្រជាជាតិ ខ្សាច់ និងគ្រួស​ប្រមាណ ៦ពាន់​លាន​តោន​ត្រូវគេបូម​យក​ចេញពី​សមុទ្រ ក្នុង​រយៈពេល​១ឆ្នាំៗ។ ជាបរិមាណ​ដ៏ច្រើនសន្ធឹកសន្ធាប់ ហួស​សមត្ថភាព​ផលិតបាន​របស់​ធម្មជាតិ។

កន្លែងបូមខ្សាច់នៅ​រដ្ឋតិចសាស់
កន្លែងបូមខ្សាច់នៅ​រដ្ឋតិចសាស់ AP - Brett Coomer
ផ្សាយពាណិជ្ជកម្ម

អង្គការសហប្រជាជាតិ​បានទាញសញ្ញាអាសន្នស្តីពីគ្រោះថ្នាក់បំផ្លាញបរិស្ថាន និងការគំរាមកំហែង​ជីវិតសត្វ​ក្នុងសមុទ្រ ដោយសារតែការធ្វើអាជីវកម្ម​បូមយកខ្សាច់ និងគ្រួស​ពី​ក្នុងសមុទ្រ។ តាមអ្នកជំនាញ​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​មួយ​ឆ្នាំៗ ដីខ្សាច់ និងគ្រួស​ប្រមាណ ៦ពាន់លាន​តោន ត្រូវ​គេបូម​យកចេញ​ពី​សមុទ្រ។

នេះជា​លើកទី​១ ដែល​ក្រុមអ្នកជំនាញរបស់អង្គការ​សហប្រជាជាតិ ផ្នែកបរិស្ថាន​អាចវាយតម្លៃ បរិមាណ​ដីខ្សាច់​ដែលគេជីកបូម​ពី​សមុទ្រ ដោយ​ប្រើកម្មវិធី​បញ្ញាសិប្បនិម្មិត និង​ប្រព័ន្ធកំណត់អត្តសញ្ញាណ​របស់​កប៉ាល់បូម និង​ដឹកជញ្ជូនដីខ្សាច់​នៅក្នុង​ពិភពលោក។

តាមអ្នកជំនាញ​ខាងលើ បរិមាណខ្សាច់ និង​គ្រួស​ដែលគេ​បូមចេញពីសមុទ្រ​អាច​មានច្រើនជាងនេះ ព្រោះថា មាន​តែ​កប៉ាល់​ប្រមាណ ៥០%​ប៉ុណ្ណោះ ដែល​ចុះឈ្មោះ ក្នុង​ប្រព័ន្ធ​កំណត់​អត្តសញ្ញាណស្វ័យប្រវត្តិ។ ម្យ៉ាង សកម្មភាពបូម​ខ្សាច់ ទ្រង់ទ្រាយតូច និង​របៀបគ្រួសារ មិនត្រូវបាន​រាប់បញ្ចូល​ក្នុង​ការគន់គណនា​របស់​ក្រុមជំនាញបរិស្ថានឡើយ។

អង្គការសហប្រជាជាតិ​ធ្លាប់​វាយតម្លៃថា នៅក្នុងចំណោមដីខ្សាច់ និង​គ្រួស ៥០ពាន់លាន​តោន​ដែលគេ​ប្រើ ក្នុងមួយឆ្នាំៗ សម្រាប់​សំណង់ មាន ខ្សាច់​ប្រមាណ ៦ពាន់លាន​តោន ត្រូវគេ​បូមចេញពីសមុទ្រ។ សមុទ្រ​ខាងជើង សមុទ្រនៅអាស៊ីអាគ្នេយ៍ និង​ឆេ្នរសមុទ្រ​អាមេរិក​សុទ្ធសឹងជាទីតាំងបូមខ្សាច់ដ៏សស្រាក់សស្រាំខ្លាំង។ ចិន អាមេរិក ហូឡង់ និងប៊ែលហ្ស៊ិក​ជា​ប្រទេស​ដែល​មាន​កប៉ាល់ធំៗ បូមខ្សាច់សមុទ្រ​ច្រើនជាងគេ នៅក្នុង​ពិភពលោក។

តាមអ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ ប៊ែលហ្សិក​ផ្ទាល់​ដែលបូមយកខ្សាច់​នៅ សមុទ្រ​ខាងជើង នៅអឺរ៉ុប ដឹងថា បើសិន​ជា​នៅ​បន្ត​ល្បឿន​ដូចសព្វថ្ងៃនេះ ប៊ែលហ្ស៊ិកអាច​មាន​ខ្សាច់បូម​សម្រាប់​រយៈពេល​តែ​៨០ឆ្នាំទៀតប៉ុណ្ណោះ បន្ទាប់ពីនោះ គឺ​លែងមានខ្សាច់បូមតទៅ​ទៀត។

បន្ថែមពីលើសកម្មភាពបូមខ្សាច់របស់​មនុស្ស អ្នកជំនាញ​ព្រមាន​ពីការបាត់បង់ខ្សាច់ធម្មជាតិ ប្រមាណ ពី ១០ ទៅ ១៦ពាន់លាន​តោន ដែល​ទឹកទន្លេហូរនាំយកទៅចាក់ចោល​ក្នុងមហាសមុទ្រ​ក្នុងមួយឆ្នាំៗ។

សម្រាប់អ្នកជំនាញ របស់​អង្គការ​សហប្រជាជាតិ សង្គមរស់នៅរបស់មនុស្ស​ពឹងផ្អែកខ្លាំង​លើ​ខ្សាច់ ជា​គ្រឿងសំណង់ សម្រាប់​សង់​ផ្ទះ សាលារៀន មន្ទីពេទ្យ ផ្លូវថ្នល់ កញ្ចក់ ឬ​ស្ថានីយវារីអគ្គិសនី ប៉ុន្តែ ជាមួយគ្នានោះ ខ្សាច់​ក៏ដើរតួនាទីសំខាន់ដែរ​សម្រាប់​ជីវិត ជីវចម្រុះក្នុងសមុទ្រ និងជីវិតរស់នៅ​របស់មនុស្ស​នៅតាម​ឆ្នេរសមុទ្រ ព្រោះថា ដីខ្សាច់ដើរតួជាអ្នកកាពារ​ទប់ទល់​នឹង​ការឡើងកំពស់ទឹកសមុទ្រ។ ដូច្នេះ ការបូម​យកដីខ្សាច់ច្រើន​ហួសហេតុ ហួសសមត្ថភាព​ផលិត​របស់ធម្មជាតិ មិនត្រឹម​គំរាមកំហែង​បរិស្ថាន ប៉ុន្តែ វាគ្រោះថ្នាក់ ប៉ះពាល់ ដល់ជីវភាព​រស់នៅ ការធ្វើអាជីវកម្ម ប្រាក់​ចំណូល​សេដ្ឋកិច្ច​របស់​ប្រជាជន​រស់នៅ​ជាប់មាត់សមុទ្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ