អានតួអត្ថបទ
អាកាសធាតុ-អព្យាក្រឹតកាបូន

សន្និសីទអន្តរជាតិកាន់តែចូលកៀក ប្រទេស​អ្នកមានកាន់តែចង់ដោះដៃពីកម្មវត្ថុអាកាសធាតុ

ប៉ុន្មានខែ​មុន​សន្និសីទអន្តរជាតិ​ស្តីពីអាកាសធាតុ​បើកទ្វារ​នៅទីក្រុង​ឌូបៃ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ទាមទារ​សុំ​ឲ្យ​ចិន និង​ក្រុម​ប្រទេស​អ្នកមាន​ប្រឹងប្រែង កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក​ឲ្យបាន​កាន់តែ​ច្រើន​ថែមទៀត ច្រើនជាង​មហិច្ចតា​ដែល​គេ​បាន​ដៅ​ទុក សម្រាប់​ឆ្នាំ ២០៥០។ តាមរបាយការណ៍​របស់​ទីភ្នាក់ងារថាមពលអន្តរជាតិ ចុះផ្សាយ​នៅថ្ងៃអង្គារ​ទី ២៦​កញ្ញា ពិភពលោក​ត្រូវការវិនិយោគ ​ជិត​៤,៥ទ្រីលាន​ដុល្លារ ក្នុងមួយឆ្នាំ ពោលគឺ​ជិត​៣ដង​នៃការវិនិយោគ​ឆ្នាំ ២០២៣ សម្រាប់ថាមពល​ស្អាតស្អំ ដែលមិនបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ ដើមហេតុ​នៃការឡើងកំដៅផែនដី។

នាយករដ្ឋមន្រ្តីអង់គ្លេស លោកស៊ូណាក់ប្រកាស​ពន្យារការអនុញ្ញាតឲ្យមានរថយន្តប្រើប្រេង​រហូតដល់​ឆ្នាំ ២០៣៥
នាយករដ្ឋមន្រ្តីអង់គ្លេស លោកស៊ូណាក់ប្រកាស​ពន្យារការអនុញ្ញាតឲ្យមានរថយន្តប្រើប្រេង​រហូតដល់​ឆ្នាំ ២០៣៥ AP - Justin Tallis
ផ្សាយពាណិជ្ជកម្ម

នៅក្នុងរបាយការណ៍ ចុះផ្សាយ​នៅថ្ងៃអង្គារ ទីភ្នាក់ងារ​ថាមពលអន្តរជាតិ បានអំពាវនាវ​ឲ្យ​មហាអំណាចចិន និងក្រុមប្រទេស​អ្នកមាន​បង្កើន​ល្បឿន ដើម្បីអាច​សម្រេចកម្មវត្ថុ​អព្យាក្រឹតកាបូន​របស់ខ្លួន ឲ្យ​បាន​មុន​កាលកំណត់។ សម្រេច​អព្យាក្រឹតកាបូន មានន័យថា ​កាត់បន្ថយ​​ការបញ្ចេញ​ឧស្ម័នកាបូនិក​ឲ្យ​មក​នៅ​កម្រិតទាប​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន ហើយ​ក្នុង​ពេល​ជាមួយ​គ្នានោះ បង្កើន​សមត្ថភាព​ក្នុង​ការស្រូប​យក​ឧស្ម័ន​ពី​បរិយាកាស នៅ​ក្នុង​បរិមាណ​ស្មើ​នឹង​ឧស្ម័ន ដែលគេ​មិន​អាច​កាត់បន្ថយបាន។ ការទូទាត់​ចុងក្រោយ គឺការបញ្ចេញ​ឧស្ម័ន​ទៅក្នុង​បរិយាកាស​នឹង​ត្រូវ​ធ្លាក់​មក​នៅ​ត្រឹម​កម្រិត​សូន្យ។

ហេតុអ្វី ចិន និង​ក្រុមប្រទេស​អ្នកមាន​ត្រូវ​ប្រឹងប្រែងបន្ថែមទៀត​ដើម្បី​សម្រេច​អព្យាក្រឹត​កាបូនរបស់ខ្លួន?

នៅក្នុងរបាយការណ៍​របស់​ខ្លួន ចេញផ្សាយ​នៅថ្ងៃអង្គារ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិទទួលស្គាល់ថា នៅប៉ុន្មាន​ឆ្នាំមកនេះ ពិភពលោក​មានការរីកចម្រើនច្រើន​នៅក្នុងការអភិវឌ្ឍ​វិស័យថាមពល​ស្អាតស្អំ ថាមពលកកើតឡើង​វិញ ដើម្បីជំនួស ថាមពល​ផូស៊ីល ដូចជា​ប្រេង ឧស្ម័ន ដែលជា​ប្រភពបញ្ចេញ​ឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ ដែលជា​ដើមហេតុ​នៃ​ការឡើងកំដៅផែនដី។ ផ្ទាំសូ្របកំដៅព្រះអាទិត្យ កង្ហារខ្យល់ សម្រាប់​ផលិត​ថាមពល​សូឡា វាយោអគ្គិសនី ក៏ដូចជា​ការប្រើប្រាស់​រថយន្តអគ្គិសនី បាន​រីក​ដុះដាល​ដូចផ្សិត នៅ​ទឹកដីអឺរ៉ុប អាមេរិក និង​នៅ​តាម​បណ្តាប្រទេស​ធំៗ​នៅអាស៊ី ជាពិសេស​ចិន ដែលកំពុង​នាំមុខគេ​ក្នុងពិភពលោក ក្នុងនាម​ជាអ្នកផលិត​លក់ផ្ទាំងសូឡា និង​ប្រើប្រាស់​រថយន្តអគ្គិសនី។

ប៉ុន្តែ យ៉ាងណាក៏ដោយ ការអភិវឌ្ឍ​ក្នុង​ល្បឿន​ដ៏គួរ​ឲ្យកត់សំគាល់ ក្នុងវិស័យផលិតថាមពល​ស្អាតស្អំ នៅតែមិនទាន់គ្រប់គ្រាន់ បើប្រៀបធៀប​នឹង​ទៅនឹង​ការល្មោភប្រើ​ថាមពល​ផូស៊ីល ប្រេង ឧស្ម័ន ធ្យូងថ្ម ដែលជាប្រភព​បញ្ចេញឧស្ម័ន​កាបូនិក។ តាមទីភ្នាក់ងារ​ថាមពលអន្តរជាតិ គ្មានអ្វីគួរឲ្យសង្ស័យ ដើម្បីទប់ស្កាត់​កុំ​ឲ្យកំដៅលើ​ផែនដី​កើនឡើង​ច្រើនជាង ១,៥អង្សា ក្រុមប្រទេស​ដែលទទួលខុសត្រូវ​ក្នុង​ការបញ្ចេញឧស្ម័នកាបូនិក ច្រើនជាងគេនៅក្នុងពិភពលោក ត្រូវ​សើរើ​កម្មវត្ថុអព្យាក្រឹត​កាបូន​របស់ខ្លួនឡើងវិញ។

សម្រាប់​ក្រុមប្រទេស​អភិវឌ្ឍ ដូចជា អាមេរិក និង​សហភាពអឺរ៉ុប ជាជាង​សម្រេច​អព្យាក្រឹត​កាបូន​ឆ្នាំ ២០៥០ គេ​ត្រូវ​បន្ថយ មក​នៅ​ត្រឹម​ឆ្នាំ ២០៤៥ ចំណែក​ចិន ដែលជា​ប្រទេស​បញ្ចេញឧស្ម័នកាបូនិកច្រើនជាង​គេបំផុត​ក្នុងពិភពលោក ត្រូវ​បង្ខិត មក​នៅ​ឆ្នាំ ២០៥០ ជាជាងឆ្នាំ ២០៦០ ទៅតាមការដៅកំណត់​របស់​លោក​ប្រធានាធិបតី​ស៊ី ជីនពីង​ឆ្នាំ ២០២០។

ក្រុម​ប្រទេស​អ្នកមាន និង​មហាអំណាច​ចិន​អាច​ប្រឹងប្រែង​សម្រេច​អព្យាក្រឹតកាបូនរបស់ខ្លួន ​ឲ្យ​បានកាន់តែឆាប់ តាមរយៈ ការចូលរួម​ជំរុញ​ការចំណាយ ការវិនិយោគ​លើ​ថាមពលស្អាតស្អំ។ នៅឆ្នាំ ២០២៣ ការចំណាយ​លើ​ថាមពល​កកើតឡើងវិញ មាន​ប្រមាណ ១,៨ទ្រីលានដុល្លារ។ ប៉ុន្តែ បើតាម​ការវាយតម្លៃ​របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ ពិភពលោក​ត្រូវការថវិកា​ជិត ៤,៥ទ្រីលាន​ដុល្លារ ក្នុងមួយឆ្នាំ សម្រាប់​អភិវឌ្ឍ ផលិត​ថាមពល​ដែល​មិនបញ្ចេញឧស្ម័នកាបូនិក។ គេត្រូវការ​ទឹកប្រាក់​វិនិយោគ​ដ៏ច្រើនសម្បើម​ទៅលើ​ថាមពល​កកើតឡើង​វិញ គឺ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យពិភពលោក​បែរខ្នង លែងប្រើថាមពល​ផូស៊ីល ប្រេង ឧស្ម័ន​និង​ធ្យូងថ្ម ប្រភពបញ្ចេញឧស្ម័នកាបូនិក។ សម្រាប់​ទីភ្នាក់ងារថាមពល​អន្តរជាតិ គេ​មានក្តីសង្ឃឹមច្រើន លើ​ការប្តេជ្ញាចិត្ត​របស់ចិន និង​ក្រុមប្រទេសអ្នកមាន ព្រោះថា សព្វថ្ងៃ នេះ ជាមួយ​ការកើនឡើង​នៃ​ថាមពលសូឡា  វាយោអគ្គិសនី ការបញ្ជារទិញ ប្រេង ឧស្ម័ន នៅក្នុង​ពិភពលោក​បាន​ធ្លាក់​ចុះ ២៥%​នៅ​ទសវត្សរ៍នេះ ហើយ​គេរំពឹងថា វា​នឹង​អាច​ធ្លាក់ថយចុះ បន្តទៀត ប្រមាណ ៣៥%នៅ​ឆ្នាំ ២០៣០។

សន្និសីទ​អាកាសធាតុ​កាន់តែ​ខិតចូលមកដល់ ប្រទេស​កាន់តែច្រើន​ចង់ដោះដៃ​ពីគោលដៅអាកាសធាតុ

មិនមែនជារឿងចៃដន្យឡើយ ដែល​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ចេញរបាយការណ៍​អំពាវនាវ​ឲ្យ​ក្រុមប្រទេស​អ្នកមាន​បង្កើនការប្រឹងប្រែង​ដើម្បីសម្រេច​អព្យាក្រឹត​កាបូន។ នៅពេល​ដែល​សន្និសីទអន្តរជាតិ​ស្តីពីអាកាសធាតុ លើកទី ២៨ ដែល​ត្រូវបើកទ្វារ​នៅប្រទេស​អេមីរ៉ាត់​អារ៉ាប់រួម គេ​សង្កេតឃើញ រដ្ឋាភិបាល​របស់​ប្រទេសអ្នកមាន​មួយចំនួន ស្រាប់តែ​ដោះដៃ លែង​ចង់អនុវត្តគោលនយោបាយ​អាកាសធាតុ ដូច​ការសន្យា​របស់ខ្លួន។

ទី១ គឺអង់គ្លេស។ កាលពី​សប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី រីស៊ី ស៊ូណាក់​បាន​ប្រកាស​ដំណឹង​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​បណ្តាល​ឲ្យ​មាន​រលកតវ៉ារិះគន់ខ្លាំង​ពីអ្នកការពារ​បរិស្ថាន។ តាមការប្រកាស​របស់​នាយករដ្ឋមន្រ្តីស៊ូណាក់ អង់គ្លេស នឹង​ពន្យារពេល ៥ឆ្នាំបន្ថែមទៀត រហូត​ដល់​ឆ្នាំ ២០៣៥ ដើម្បី​ហាម​ឈប់​ឲ្យ​គេប្រើ​ទាំងស្រុង​រថយន្ត​ប្រើប្រេង។ រដ្ឋាភិបាល​អង់គ្លេស​មុនៗ ធ្លាប់​កំណត់​ឆ្នាំ ២០៣០ ដែលជាឆ្នាំ​ចុងក្រោយ ដែលអង់គ្លេស​អនុញ្ញាត​ឲ្យមានចរាចរ​រថយន្តប្រើប្រេង។ ប៉ុន្តែ ការប្រកាស​របស់​លោកនាយករដ្ឋមន្រ្តី​ស៊ូណាក់ ​នឹង​ធ្វើ​ឲ្យអង់គ្លេស ដើរថយ មិនអាច​សម្រេច​កាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិក​តាមគោលដៅ​កំណត់ទុក​របស់ខ្លួន។

បន្ទាប់ពីអង់គ្លេស គឺ​បារាំង នៅពេល​លោកប្រធានាធិបតី​អេម៉ានុយអែល ម៉ាក្រុង​បាន​ប្រកាសកាលពីថ្ងៃ​ចន្ទទី ២៥ កញ្ញា​ថា បារាំង​អនុវត្តគោលនយោបាយ​បរិស្ថានតាមបែបបារាំង ពោល​គឺ​ជំរុញ ប៉ុន្តែ មិនបង្ខំ​ឲ្យប្រជាជនត្រូវ​តែកាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិក។ ជាក់ស្តែង តាម​ផែនការសម្រាប់​បរិស្ថាន ដែលលោកប្រធានាធិបតី​ម៉ាក្រុង ប្រកាស​កាលពីថ្ងៃ​ចន្ទ រដ្ឋាភិបាល​បារាំង​នៅតែអនុញ្ញាត​ឲ្យ​គេ​ប្រើ​ម៉ាស៊ីនកំដៅ​ដើរដោយថាមពល​ឧស្ម័ន ដែលជា​ប្រភពបញ្ចេញឧស្ម័នកាបូនិក។ ចំណែក​រដ្ឋ​នឹងនៅបន្ត​ផ្តល់​ថវិកា​១០០​អឺរ៉ូ ក្នុងមួយគ្រួសារ ដែល​នៅប្រើ​រថយន្ត​ប្រើប្រេង។ លោកប្រធានាធិបតី​ម៉ាក្រុង​ធ្លាប់​សកម្ម ចេញមុខខ្លាំងណាស់ ក្នុងរឿងបរិស្ថាន ប្រយុទ្ធប្រឆាំង​ការប្រែប្រួលអាកាសធាតុ ប៉ុន្តែ ផែនការ​សម្រាប់​បរិស្ថាន កាលពីថ្ងៃម្សិលមិញ សបញ្ជាក់​ថា បារាំង​បាន​ផ្លាស់ប្តូរ​ជំហរ របស់ខ្លួន​មកវិញ លែងចង់ធ្វើជា​អ្នកនាំមុខគេ​ក្នុងរឿង​កាត់បន្ថយ​ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

ហេតុអ្វី​អង់គ្លេស និង​បារាំងលែង​ចង់គោរព​ការសន្យា​អាកាសធាតុ?

រដ្ឋាភិបាល​បារាំង និងអង់គ្លេស ប្តូរជំហរ លែង​ចង់​អនុវត្ត​តឹងរ៉ឹង​នយោបាយ​អាកាសធាតុតទៅទៀត ដើម្បីហេតុផល​នយោបាយ។ នៅអង់គ្លេស ដោយសារតែ​ការបោះឆ្នោត​សភា​ខិតជិត​ចូលមកដល់ លោក​នាយករដ្ឋមន្រ្តីស៊ូណាក់​ទំនង​សើរើ​នយោបាយ​បរិស្ថាន​ដើម្បីបំពេញ​ចិត្ត​ម្ចាស់ឆ្នោត ដែល​កំពុង​ជួបបញ្ហាសេដ្ឋកិច្ច ទំនិញឡើងថ្លៃ ដែលគេជឿថា មានជាប់ទាក់ទង​នឹង​ប្រភពផ្គត់ផ្គង់ថាមពល។ តាម​ការប្រកាស​របស់​លោកនាយករដ្ឋមន្រ្តី​ស៊ូណាក់ ប្រជាជនអង់គ្លេស នៅតែ​អាច​បន្ត​ប្រើ​រថយន្តប្រើប្រេង ដោយ​មិនចាំបាច់​ត្រូវ​ប្រញាប់ប្រើរថយន្តអគ្គិសនីដែលមានតម្លៃថ្លៃ ចំណែក​ម្ចាស់ផ្ទះជួល​មិនចាំបាច់​ចំណាយលុយ​ដើម្បីប្តូរម៉ាស៊ីនកំដៅដែលបានមកពីប្រភពថាមពលប្រេង និងឧស្ម័ន។

នៅបារាំង រដ្ឋាភិបាល​មិនអាចធ្វើ​តាម​មហិច្ឆតា​អាកាសធាតុរបស់ខ្លួន ដូចជា បញ្ជា​ដាច់ណាត់​ឲ្យប្រជាជន​ឈប់ប្រើ​ម៉ាស៊ីនកំដៅ ប្រើឧស្ម័ន ឬត្រូវឈប់​ប្រើរថយន្តប្រើប្រេង​ដើម្បីចូលរួម​កាត់បន្ថយ​ការបញ្ចេញឧស្ម័ន​កាបូនិក​នោះទេ ព្រោះថា ទី ១ រដ្ឋាភិបាល​បារាំង​មិន​ចង់​ជួប​បញ្ហាវិបត្តិសង្គម រលកតវ៉ា​របស់​ចលនាអាវលឿងសាជាថ្មី។ ម្យ៉ាង រដ្ឋាភិបាល​បារាំង បារម្ភខ្លាចថា ក្រុមស្តាំនិយមជ្រុលនៅបារាំង អាចឡើងកូដ​ដូច​ក្រុម​ស្តាំនិយម​នៅអាល្លឺម៉ង់ ដែលកំពុង​ទទួលបាន​សំឡេងគាំទ្រ​ច្រើន​ក្នុងចំណោម​ប្រជាជន​អាល្លឺម៉ង់​ដែល​ជឿ​ថា ប្រជាជនអាល្លឺម៉ង់​កំពុង​ជាអ្នកចាញ់ប្រៀប ខាតបង់​ខ្លាំងជាងគេ​ដោយសារតែ​មហិច្ឆតា​អាកាសធាតុ​របស់​រដ្ឋាភិបាលអាល្លឺម៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ