អានតួអត្ថបទ
ជំងឺ​របេង

អង្គការ​សុខភាព​ពិភពលោក​ស្វាគមន៍​កំណើននៃការ​ពិគ្រោះ​និង​​ព្យាបាលជំងឺ​របេង

របេង​ជា​មូលហេតុ​ទីពីរ​នៃមរណភាព​នៅ​លើ​ពិភពលោក​។ ប៉ុន្តែ​ដោយ​សារ​​កំណើន​ផ្នែក​ធ្វើ​រោគ​វិនិច្ឆ័យ​និង​ការ​ព្យាបាល​ ​អត្រា​មរណៈដោយ​ជំងឺ​របេង​​បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ឆ្នាំ​២០២២។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អង្គការ​សុខភាពពិភពលោក។

បើ​តាម​អង្គការសុខភាពពិភពលោក របេង​ជាមូលហេតុទីពីរ​​នៃ​មរណភាព​ដោយ​ជំងឺ​ឆ្លង​
បើ​តាម​អង្គការសុខភាពពិភពលោក របេង​ជាមូលហេតុទីពីរ​​នៃ​មរណភាព​ដោយ​ជំងឺ​ឆ្លង​ © Getty Images - Vladimir Vladimirov
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍​ថ្មី ​អង្គការ​សុខភាពពិភពលោកបាន​រំលឹក​ថា​ផលរំខាន​បង្ក​ឡើង​ដោយ​វិបត្តិ​កូវីដ​១៩បាន​ធ្វើ​ឱ្យ​​អត្រា​មរណភាព​ដោយ​ជំងឺ​​របេង​​កើន​ឡើង​​​​នៅ​ឆ្នាំ​២០២០​និង​២០២១ ដោយ​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់ឡើង​​បន្ថែម​ជិត​កន្លះ​លាន​នាក់។

​ប៉ុន្តែ​និន្នាការ​ចាប់​ប្តូរ​ផ្លាស់ ការ​​វិនិច្ឆ័យ​រោគ និងការ​​​ព្យាបាលជំងឺ​របេង​ ចាប់​សកម្មនិង​មាន​កំណើន​ឡើង​វិញ នៅ​ឆ្នាំ​២០២២​កន្លង​ទៅ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​បាត់​បង់​ជីវិត​តិច​ជាង​មុន​ ​គឺ​តែ​ប្រមាណ​១,៣​លាន​នាក់​នៅ​ឆ្នាំទល់​នឹង​១,៤​លាន​នាក់​កាលពី​ឆ្នាំ​២០២០និង​២០២១។ របាយការណ៍ដដែល​​បាន​លម្អិត​ទៀត​ថា​ ក្នុង​​ឆ្នាំ​២០២២​ មាន​​អ្នក​ជំងឺប្រមាណ​៧​លាន​៥​សែន​បាន​ចូល​មក​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​របេង​ ពោល​គឺច្រើន​ជាង​កាលពី​ឆ្នាំ​២០២១​ចំនួន​​១៦%​និង​ដល់​ទៅ​២៨%​បើ​ប្រៀប​ទៅនឹង​​ឆ្នាំ​២០២០។ សម្រាប់​អង្គការ​សុខភាពពិភពលោក នេះ​ជា​កំណើន​ដ៏​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ទេ​គិត​ចាប់​តាំង​ពីស្ថាប័ន​​អង្គការសហប្រជាជាតិ​ចាប់​ផ្តើម​តាម​ដាន​ជំងឺ​នេះ​នៅ​ឆ្នាំ​១៩៩០​មក។

អាច​ព្យាបាល​ជាសះស្បើយ​ និងបញ្ចៀស​បាន ជំងឺ​របេង​នៅ​តែ​ជា​មូលហេតុ​ទីពីរ​នៃមរណភាពដោយ​ជំងឺ​ឆ្លង​​​នៅ​លើ​ពិភពលោក ​បន្ទាប់​ពី​ជំងឺ​កូវីដ​១៩ និង​សម្លាប់​មនុស្ស​ច្រើន​ជាង​ជំងឺ​អេដស៍​ឬ​ស៊ីដា ដល់​ទៅ​ពីរ​ដង។ បង្ក​ឡើង​ដោយ​បាក់តេរី​ដែល​ចម្លង​ចូល​តាម​ផ្លូវ​ដង្ហើម​ និង​វាយលុក​ជា​ពិសេស​ទៅ​លើ​សួត របេង​នៅ​តែ​បន្ត​ចម្លង​ បង្ក​ឱ្យ​មាន​អ្នក​ឆ្លង​​ថ្មី​កើន​ឡើង​ជា​លំដាប់។ នេះ​បើ​តាម​កំណត់​សម្គាល់​របស់​អង្គការ​សុខភាព​ពិភពលោក​ ដោយ​​ប៉ាន់​ប្រមាណ​ថា មាន​មនុស្ស​ផ្ទុក​ជំងឺ​របេង​ចំនួន​ប្រមាណ​១០លាន​៦សែន​នាក់​នៅ​ក្នុង​ឆ្នាំ​២០២២​ ទល់​នឹង​១០លាន​បី​សែន​នាក់​កាលពី​ឆ្នាំ​២០២១ និង​តែ​១០លាន​នាក់​កាលពី​ឆ្នាំ២០២០។

អង្គការ​សុខភាព​ពិភពលោក​អះអាង​ថា ករណី​ឆ្លង​ថ្មី​អាច​នឹង​ចាប់​ផ្តើម​ថយ​ចុះ​នៅឆ្នាំក្រោយ​ ឬ​​ឆ្នាំក្រោយមួយ​ទៀត។ ចំណែក​កំណើន​អ្នក​ឆ្លង​ថ្មីពេល​នេះ​ឆ្លុះ​ឱ្យ​ឃើញ​ថាសេវា​សុខាភិបាល​ចាប់​ដំណើរការ​ឡើង​វិញ​នៅក្នុង​បណ្តា​ប្រទេស​ជា​ច្រើន​បន្ទាប់​ពី​រអាក់​រអួល​ដោយ​កូវីដ។ តែ​កម្មវត្ថុ​ជា​យុទ្ធសាស្ត្រ​ប្រកប​ដោយ​មហិច្ឆតា​របស់​​អង្គការ​សុខភាពពិភពលោក ដែល​ចង់​កាត់​បន្ថយ​អត្រា​អ្នក​ឆ្លង​ថ្មី​ឱ្យ​បាន៥០%​នៅ​ឆ្នាំ​២០២៥ ទំនង​ជា​មិន​អាច​សម្រេច​បាន​ទេព្រោះ​ករណី​អ្នក​ឆ្លង​ថ្មី​បាន​ថយ​ចុះ​ត្រឹម​៨,៧%​ប៉ុណ្ណោះ​តាំងពី​ឆ្នាំ​២០១៥មក។ ពីរ​​ភាគ​បី​នៃ​បរិមាណ​អ្នក​ជំងឺ​របេង​​សរុប​នៅ​លើ​​ពិភពលោក​ផ្តុំ​តែ​លើ​៨ប្រទេស​ប៉ុណ្ណោះ​គឺ ឥណ្ឌា ឥណ្ឌូណេស៊ី ចិន ហ្វីលីពីន ប៉ាគីស្ថាន នីហ្សេរីយ៉ា បង់ក្លាដែស និង​សាធារណរដ្ឋ​កុងហ្កោ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ