អានតួអត្ថបទ
សុខភាព

មូលនិធិ​ពិភពលោក​ស្វែង​រក​ថវិកា​១៨ពាន់​លាន​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​ស៊ីដា របេង​និង​គ្រុនចាញ់

សន្និសីទ​លើ​កទី ៧​របស់​អង្គការ​មូលនិធិ​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ស៊ីដា របេង និង​គ្រុន​ចាញ់ ចាប់​បើក​ពី​ថ្ងៃ​ទី ១៨​ដល់​ថ្ងៃ​២១​កញ្ញា​នៅទីក្រុង​ញូវយ៉ក។ ដើម្បី​ឈាន​ទៅ​សម្រេច​កម្មវត្ថុលុប​បំបាត់​ជំងឺ​ទាំង​បី​ នៅ​​ឆ្នាំ​២០៣០​ អង្គការ​ត្រូវ​ការមូលនិធិ​ចំនួន ១៨​ពាន់​លាន​ដុល្លារ​សម្រាប់​រយៈ​ពេល​បី​ឆ្នាំ​ខាង​មុខ។

មូលនិធិ​ពិភពលោក​ស្វែង​រក​ថវិកា​១៨ពាន់​លាន​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​ស៊ីដា របេង​និង​គ្រុនចាញ់ នៅ​ប្រទេស​មាន​ចំណូលទាបនិង​មធ្យម
មូលនិធិ​ពិភពលោក​ស្វែង​រក​ថវិកា​១៨ពាន់​លាន​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​ស៊ីដា របេង​និង​គ្រុនចាញ់ នៅ​ប្រទេស​មាន​ចំណូលទាបនិង​មធ្យម AFP - AKRAM SHAHID
ផ្សាយពាណិជ្ជកម្ម

ពុំ​សូវ​ល្បី​ឈ្មោះដូចស្ថាប័នផ្សេងទៀតរបស់​អង្គការ​សហប្រជាជាតិ ​​មូលនិធិ​ពិភពលោកប្រឆាំង​នឹង​ជំងឺ​ស៊ីដា របេង និង​គ្រុនចាញ់ ដើរ​តួសំខាន់​ខ្លាំង​ណាស់​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ទាំងបី​នេះ។ គេ​ប៉ាន់​ប្រមាណ​ថា ក្នុង​រយៈ​ពេល​២០​ឆ្នាំ​កន្លង​មកនេះ កម្មវិធី​របស់​មូលនិធិបាន​សង្គ្រោះ​ជីវិត​មនុស្ស​បាន​៥០​លាន​នាក់។

ដើម្បី​អាច​សម្រេច​កម្មវត្ថុ​ និង​បន្ត​សង្គ្រោះ​ជីវិត​មនុស្ស មូលនិធិ​ពិភពលោក​ត្រូវ​បន្ត​ស្វះស្វែង​រក​ថវិកា​មក​បំពេញ​ហិបរបស់​មូលនិធិ ជា​រៀង​រាល់​បី​ឆ្នាំម្តង តាម​រយៈ​ការ​រៀប​ចំ​សន្និសីទ​ទ្រង់ទ្រាយ​ធំ​ប្រមូល​ផ្តុំ​រដ្ឋ​ ប្រទេស​នៅទូទាំង​ពិភពលោក ឱ្យ​ជួយ​បង់​វិភាគទាន។ នៅក្នុង​សន្និសីទ​ប្រមូលប្រាក់​វិភាគទាន​ កាលពី​លើក​មុន (ឆ្នាំ​២០១៩) ​មូលនិធិពិភពលោក​បាន​ទទួល​ថវិកា​ចំនួន ១៤​ពាន់​លាន​ដុល្លារ ពោល​គឺ​ជា​ចំនួន​ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដែល​អង្គការ​សុខភាព​ របស់​ពិភពលោក ណា​ធ្លាប់​បាន​ទទួល​ច្រើន​ដូច​ទេ។ នេះ​បើ​តាម​នាយិកា​ទំនាក់ទំនង​សាធារណៈ​របស់​អង្គការ​មូលនិធិពិភពលោក​ អ្នកស្រី Françoise Vanni។

នៅ​​ឆ្នាំ​នេះ មូលនិធិពិភពលោកមាន​កម្មវត្ថុ​ចង់​ស្វះស្វែង​​ប្រមូល​ថវិកា​ ​ឱ្យ​បាន​កាន់​តែ​ច្រើន​ជាង​មុន។ អង្គការ​ត្រូវ​ការហិរញ្ញវត្ថុ​យ៉ាង​ហោច​​​១៨ពាន់​លាន​ដុល្លារ​ សម្រាប់​រយៈ​ពេល​បី​ឆ្នាំខាង​មុខ ដើម្បី​បន្ត​សកម្មភាព​ទ្រទ្រង់​សុខភាព​នៅ​តាម​បណ្តា​ប្រទេស​មាន​ចំណូល​ទាប និង​មធ្យម​ ដែល​ ​ប្រឈម​នឹង​ជំងឺ​ស៊ីដា របេង និង​គ្រុនចាញ់ ជាង​គេ​។

​អ្នក​ស្រី Françoise Vanni ៖

“សន្និសីទ​របស់​យើង​លើក​នេះ​ មាន​កម្មវត្ថុ​ប្រមូល​ថវិកា​ឱ្យ​បាន​យ៉ាង​ហោច​១៨ពាន់​លាន​ដុល្លារ។ ហេតុអ្វី​១៨ពាន់​លាន​ដុល្លារ ? ១៨​ពាន់​លាន គឺ​​ច្រើន​ជាង​គម្រោង១៤ពាន់​លាន​កាលពី​បី​ឆ្នាំ​មុន​ ​ឆ្ងាយ​ណាស់។ ប៉ុន្តែ​គួរ​ឱ្យ​សោកស្តាយ នេះ​គឺ​បណ្តាល​មក​ពី​វិបត្តិ​កូវីដ​១៩។ វិបត្តិ​កូវីដ​១៩ បាន​ធ្វើ​ឱ្យ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ស៊ីដា របេង និង​គ្រុន​ចាញ់ ធ្លាក់​ចុះ។ ពីរ​ឆ្នាំ​កន្លងមក​នេះ សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ទាំងបី​បាន​ដើរ​​ថយក្រោយ។ នៅ​ឆ្នាំ​២០២១ សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ស៊ីដា របេង និង​គ្រុន​ចាញ់ បាន​ស្ទុះ​ឡើង​វិញ។ របាយការណ៍​ពិភពលោក​បាន​បង្ហាញ​ថា ប្រទេស​បាន​ទទួលជំនួយ​ថវិកា​​​ពី​មូលនិធិពិភពលោក​ ​បាន​ចាប់​ផ្តើម​សកម្មភាព​ឡើង​វិញ ស្តារ​ពេល​វេលា​បាត់​បង់​ទៅ​។ ប៉ុន្តែ​ស្តារ​អ្វី​ដែល​បាត់​បង់​មិន​គ្រប់​គ្រាន់​ទេ ព្រោះ​កាលពី​ឆ្នាំ​២០២០ ពេល​កំពុង​ពេញ​​វិបត្តិកូវីដ១៩ យើង​បាត់​បង់​សកម្មភាព​ខ្លាំង​ណាស់ ដែល​ចាំបាច់​ត្រូវ​ពន្លឿន​សកម្មភាព​មែន​ទែន​នៅពេល​នេះ ​ទើប​ត្រូវ​ការ​ថវិកា​​ច្រើន​ខ្លាំង​នោះ។

​​​កម្មវត្ថុ​បិទ​បញ្ចប់ការ​ចម្លង​​ជំងឺ​ស៊ីដា​ របេង​និង​គ្រុនចាញ់ នៅ​ឆ្នាំ​២០៣០ កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ ដោយ​នៅ​សល់​តែ​៨​ឆ្នាំ ទៀត​ទេ។ ដូច្នេះ ដើម្បី​សម្រេច​​ទិសដៅ​ដែល​កំណត់​ហើយ​និង​ពិសេស​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​​ យើង​ត្រូវតែ​មាន​ថវិកា​ច្រើនជាងមុន។ យើង​ត្រូវ​តែ​​ពន្លឿន​សកម្មភាព ​សង​អ្វី​មិន​បាន​បាត់​បង់​នៅ​ពេល​មាន​វិបត្តិ​កូវីដ​ និង​ដើម្បី​បិទ​​បញ្ចប់នៅ​ឆ្នាំ​២០៣០ ការ​រីករាលដាល​នៃ​​ជំងឺទាំង​បី៕"

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ