អានតួអត្ថបទ
អាកាសធាតុ

សីតុណ្ហភាព​២០២៣ឡើង​​ក្តៅ​ខ្លាំង​ជាប់​ឯតទគ្គកម្មថ្មី​ COP28រង​សម្ពាធ

​២០២៣ ជា​ឆ្នាំដែល​មាន​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ នេះ​បើ​តាម​ភ្នាក់ងារអាកាសធាតុ​អឺរ៉ុប​Copernicus​ បន្ទាប់​ពី​បានសរុប​របាយការណ៍ឃើញ​​ថា​ វិច្ឆិកា​២០២៣ បាន​បំបែក​ឯតទគ្គកម្ម​កម្តៅ​​ជា​គម្រប់​៦​ខែ​ជាប់​គ្នា។ លទ្ធផល​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ ជា​សម្ពាធ​មួយ​កំរិត​បន្ថែម​ទៀត សម្រាប់​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​អាកាសធាតុ​COP28​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ក្រុងឌូបៃ។

សីតុណ្ហភាព​២០២៣ឡើង​​ក្តៅ​ខ្លាំង​ជាប់​ឯតទគ្គកម្មថ្មី​ COP28រង​សម្ពាធ​
សីតុណ្ហភាព​២០២៣ឡើង​​ក្តៅ​ខ្លាំង​ជាប់​ឯតទគ្គកម្មថ្មី​ COP28រង​សម្ពាធ​ DR
ផ្សាយពាណិជ្ជកម្ម

២០២៣​​នឹង​ក្លាយ​ជា​ឆ្នាំដែល​​មាន​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ជាងគេ​​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ព្រោះ​ខែ​វិច្ឆិកា​ទើប​កន្លងទៅថ្មី​នេះ ឡើង​ក្តៅ​​ខ្លាំង​លើស​កំណត់​ត្រា​ចាស់​ដល់​ទៅ​០,៣២​អង្សា ពោល​គឺ​ ​​ផ្ទៃ​ដី​មាន​សីតុណ្ហភាព​មធ្យម ១៤,២២​អង្សា។ ជាង​នេះទៅទៀត សីតុណ្ហភាព​មធ្យម​ប្រចាំ​ខែ​វិច្ឆិកា​២០២៣ ក្តៅ​ជាង​ខែ​វិច្ឆិកាក្នុង​សម័យ​មុន​ឧស្សាហកម្ម (១៨៥០-១៩០០)ចំនួន ​​​១,៧៥​អង្សា​និង​លើស​មធ្យមភាគ​កម្តៅ​ទូទៅ​​០,៨៨អង្សា។ នេះ​បើ​តាម​ភ្នាក់ងារ​អាកាសធាតុ​អឺរ៉ុប​Copernicus​​។

សម្រាប់​Copernicus ជាមួយ​នឹង​ការ​បំបែក​ឯតទគ្គកម្ម​កម្តៅ​៦​ខែ​ជាប់​គ្នា និង​ខែ​វិច្ឆិកា​ក្តៅ​ចម្លែកអស្ចារ្យ​ ដោយ​មាន​ពីរ​ថ្ងៃ​កម្តៅ​ឡើង​លើស​សម័យ​មុន​ឧស្សាហកម្មដល់​ទៅពីរ​អង្សា មាន​ន័យ​ថា​ឆ្នាំ​២០២៣ ជា​ឆ្នាំ​ដ៏​ក្តៅ​ជាងគេ​បំផុត​ដែល​ពុំ​ធ្លាប់​មាន​កត់​ត្រា​ពី​មុន​មក​ទេ។

តាំង​ពី​មករា​២០២៣​មក សីតុណ្ហភាព​​​មធ្យម​សម្រាប់​១១​ខែ​ដំបូង​នៃ​ឆ្នាំ​ ឡើង​ខ្ពស់ដល់​កំពូល​ គឺ​ក្នុង​កំរិត​១,៤៦​អង្សា​ លើស​សីតុណ្ហភាព​មធ្យម​ក្នុង​អំឡុង​ពេល​ពី​ឆ្នាំ​១៨៥០ដល់​១៩០០ និង​០,១៣​អង្សា​លើស​មធ្យមភាគ​ឆ្នាំ​២០១៦​ដែល​ជាប់​ឯតទគ្គកម្ម​ក្តៅ​ជាង​គេ​បង្អស់​ទៀត។​ នេះ​ស​ឱ្យ​ឃើញ​ថាក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ​​ ពិភពលោក​អាច​​រំកិល​កាន់​តែ​កៀក​នឹង​កម្មវត្ថុ​កំណត់​ដោយ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីសដែល​ចង់​ទប់​សីតុណ្ហភាព​ឱ្យ​ឡើង​ត្រឹម​១,៥​អង្សា​បើ​ប្រៀប​ទៅ​នឹង​សម័យ​មុន​ឧស្សាហកម្ម​ហើយ​។ បើ​ឧស្ម័នផ្ទះ​កញ្ចក់​នៅ​តែ​បន្ត​កើន​ឡើង នោះ​​សីតុណ្ហភាពនៅ​ឆ្នាំ​ខាង​មុខមិន​អាច​ត្រជាក់​ជាង​ឆ្នាំនេះ​បាន​ទេ។ នេះ​បើតាម​ម្ចាស់​​របាយការណ៍ដដែល ដោយ​បន្ថែម​ក្នុង​ន័យ​ដាក់សម្ពាធ​លើ​សន្និសីទ​អាកាសធាតុ​COP28​ថា អព្យាក្រិត្យ​កាបូន​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​សម្រាប់​អាកាសធាតុ​។ ​

នៅ​ថ្ងៃអង្គារ​ទី ៥​ធ្នូ​ម្សិលមិញ​ ក្រុម​អ្នក​ចរចា​អាកាសធាតុជិត​២០០​ប្រទេស កំពុង​តែ​ដុះ​ខាត់​គម្រោង​សម្រេច​ស្តីពី​ជោគ​វាសនា​ថាមពល​ធ្យូង​ថ្ម ឧស្ម័ន និង​ប្រេង ដែល​ជា​ប្រភព​ដ៏​ចម្បង​នាំ​ឱ្យភព​ផែន​ដី​​ឡើង​កម្តៅ ដោយសំណើ​​ច្រើន​យ៉ាង​៖ កំណត់​កម្មវត្ថុ​ដើរ​ចេញ​ពី​ថាមពលផូស៊ីល​ ដោយ​សម្របសម្រួល​គ្នា​​ ប៉ុន្តែ​អេមីរ៉ាតអារ៉ាប់​រួម​ជា​ម្ចាស់​ផ្ទះ​ និង​ចិន​មិន​ចង់​សម្រេច​អ្វី​ទាំង​អស់​​ទាក់​ទង​នឹងថាមពល​ផូស៊ីល​។ ដូច្នេះ​មាន​តែ​​ត្រូវ​លុប​ចោល​កថាខណ្ឌ​ដែល​ប៉ះពាល់​ខ្លាំង​ដល់​ប្រទេស​ប្រើ​ធ្យូង​ថ្ម​ដូច​យ៉ាង​ចិន​ អាហ្វ្រិក​ខាង​ត្បូង​ឬ​វៀតណាម។

បើ​តាម​អ្នក​ជំនាញ​អាកាសធាតុ​អង្គការ​សហប្រជាជាតិ GIEC មាន​តែការ​​កាត់​បន្ថយ​ថាមពល​ផូស៊ីលទាំងបី (ធ្យូងថ្ម​ប្រេងឧស្ម័ន) ឱ្យបាន​​៤៣%បើប្រៀប​នឹង​ឆ្នាំ​២០១៩ ​ឬត្រូវកាត់​បន្ថយ​​​ការ​ប្រើ​ថាមពល​ធ្យូង​ថ្ម​ឱ្យ​បាន​៧៥% នៅ​ឆ្នាំ​២០៣០​ទេ ទើប​សង្ឃឹមទប់​​ការ​ឡើង​កម្តៅ​ត្រឹម​១,​៥​អង្សា​បាន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ