អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

អង់គ្លេសអ៊ុយក្រែន​​ចុះ​កិច្ចព្រមព្រៀង​សន្តិសុខទ្វេភាគី​ជា​ប្រវត្តិសាស្ត្រ

ក្នុង​ពេល​ដែល​ប្រមុខ​ការទូត​​បារាំងថ្មីបាន​ជ្រើសរើសធ្វើ​ដំណើរ​ទៅអ៊ុយក្រែន​ នៅ​ថ្ងៃ​សៅរ៍​ទី ១៣​មករា ​ជា​ទិសដៅ​ទស្សនកិច្ច​ដំបូង​គេ​ ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស​ក៏​បាន​អញ្ជើញ​ទៅ​ក្រុងកៀវដែរ ដោយ​គ្មាន​ប្រាប់​ដំណឹង​ជា​មុន​ទេ។ ហើយ​នាយករដ្ឋមន្ត្រី​អង់គ្លេសមិន​ទៅ​​ដៃ​ទទេឡើយ។ ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅក្រុង​គៀវ លោក រីស្ហ៊ី ស៊ូណាក់ បាន​ប្រកាស​ថា​ឡុងដ៍នឹង​​ផ្គត់ផ្គង់​អ៊ុយក្រែន​នូវ​ជំនួយ​ជិត​បីពាន់​លាន​អឺរ៉ូ សម្រាប់​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ។ ក្រៅ​អំពី​​ជំនួយ​ផ្នែក​យោធា​ អង់គ្លេស​នឹង​ចុះ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ​ជាមួយ​អ៊ុយក្រែន​ទៀត។

នាយក​រដ្ឋមន្ត្រី​អង់គ្លេសប្រកាស​​​ចុះ​កិច្ចព្រមព្រៀង​សន្តិសុខ​ជា​ប្រវត្តិសាស្ត្រ​ ជាមួយ​អ៊ុយក្រែន
នាយក​រដ្ឋមន្ត្រី​អង់គ្លេសប្រកាស​​​ចុះ​កិច្ចព្រមព្រៀង​សន្តិសុខ​ជា​ប្រវត្តិសាស្ត្រ​ ជាមួយ​អ៊ុយក្រែន AFP - ANDRII NESTERENKO
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ដោយ​ឥតព្រាង​ទុក​ទៅកាន់​ក្រុង​កៀវ លោក​នាយករដ្ឋមន្ត្រី​អង់គ្លេសមិន​ត្រឹម​តែ​សន្យាបង្កើន​​ជំនួយយោធា​ ​​ជិត​បីពាន់​លាន​អឺរ៉ូ ​សម្រាប់​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ដល់​អ៊ុយក្រែន​ទេ តែ​ថែម​ទាំង​ប្រកាស​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ស្តី​អំពី​​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​សន្តិសុខ​រវាង​កៀវ​និង​ឡុងដ៍ទៀត។ “ជា​កិច្ចព្រមព្រៀង​ដែល​មាន​លក្ខណៈ​​ប្រវត្តិសាស្ត្រ”។ នេះ​បើ​តាម​ប្រសាសន៍​​​របស់លោក​​ប្រធានាធិបតី ហ្សេឡេនស្គី។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មាន​ប្រទេស​មួយ​ព្រម​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អ៊ុយក្រែន​ ដើម្បីជួយគ្នា​​ផ្នែក​​សន្តិសុខដូច្នេះ។ បើ​តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង នៅពេល​ណា​អ៊ុយក្រែន​រង​ការ​បំពារបំពាន​ពី​អ្នក​ខាង​ក្រៅ ឬ​ស្ថានភាព​នៅ​អ៊ុយក្រែនបច្ចុប្បន្ន​ស្រាប់​តែ​​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​ខ្លាំង អង់គ្លេស​សន្យា​នឹង​ផ្តល់​ការ​សម្របសម្រួល​បន្ទាន់​ ក្នុង​រយៈ​ពេល​តែ​២៤ម៉ោង។ ​ជា​ចម្លើយ​តបត​ភ្លាម ដែល​អាច​ជា​បញ្ជូន​សម្ភារៈ​បរិក្ខារ​យោធា​ភ្លាម និង​ជា​ស្វ័យប្រវត្តិ​ទៅ​ឱ្យ​អ៊ុយក្រែន ដោយ​មិន​ចាំបាច់​សុំ។

នៅ​ចំពោះមុខ​សភា​អ៊ុយក្រែន ដោយ​មាន​លើក​ទង់ជាតិ​អង់គ្លេស​ ​លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​​​ស៊ូណាក់បាន​ អះអាង​ថា កិច្ចសហប្រតិបត្តិការ​នេះនឹង​នាំ​មក​នូវ​សន្តិសុខ​ ​អាវុធ​ប្រឆាំង​រថក្រោះ មីស៊ីល និង​គ្រាប់​កាំភ្លើង​ធំ ព្រមទាំង​ការ​បំពាក់​បំប៉ន​នាយ​ទាហានអ៊ុយក្រែន​​រាប់​ពាន់​នាក់​ទៀត។ ប៉ុន្តែ​សម្រាប់​រុស្ស៊ី ប្រសិន​បើ​អង់គ្លេស​ហ៊ាន​ដាក់​ទ័ព​នៅ​អ៊ុយក្រែន នោះ​មាន​ន័យ​ស្មើ​នឹង​ប្រកាស​សង្គ្រាម​រវាង​ឡុងដ៍និង​ម៉ូស្គូ​ហើយ។

ក្រៅ​អំពីជំនួយ​ដ៏​គួរ​ឱ្យ​សម្គាល់​របស់​​អង់គ្លេស រដ្ឋមន្ត្រីការបរទេស​បារាំង ដែល​ទើប​ចូល​កាន់​តំណែង​នៅ​ល្ងាច​​ថ្ងៃ​ព្រហស្បតិ៍ ក៏​បាន​ជ្រើសរើស​ធ្វើ​ដំណើរ​​ទៅ​ក្រុង​កៀវភ្លាម​ដែរ​នៅថ្ងៃ​សៅរ៍​ទី ១៣​មករា​នេះ។ នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​​អ៊ុយក្រែនជា​និង​បន្ត​ជា​អាទិភាព​របស់​បារាំង​ជា​និច្ច​បើ​ទោះ​បី​កំពុង​ប្រឈម​នឹង​វិបត្តិ​ដ៏​ច្រើន​ក៏​ដោយ។ នៅក្នុង​សន្និសីទកាសែត​ជាមួយ​សមភាគី​អ៊ុយក្រែន លោក​ប្រមុខ​ការទូត​បារាំង បាន​អះអាង​បារាំងនិង​អឺរ៉ុប​បន្ត​គាំទ្រ​ដោយ​ឥត​ងាករេ​ និង​គ្មាន​ប្រែប្រួល​​ មិន​ដូច​ការ​គិត​រ​បស់​រុស្ស៊ី​ទេ។ បារាំង​បាន​សន្យា​ទៀត​ថា​នឹង​ប្រើ​គ្រប់​ឥទ្ធិពល​ដែល​មាន​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ឱ្យ​អ៊ុយក្រែន​បាន​ទទួល​កញ្ចប់​ជំនួយ​៥០ពាន់​លាន​ ដែល​ជាប់​គាំង​ដោយ​សារ​វេតូ​របស់​ហុងគ្រី។

រដ្ឋមន្ត្រីការបរទេស​អ៊ុយក្រែន​បាន​បញ្ជាក់​ថា​កំពុង​ចរចា​ឈាន​ឆ្ពោះ​ទៅរក​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​បារាំង​អ៊ុយក្រែន បន្ទាប់​មក​អ៊ុយក្រែន​អឺរ៉ុប ដើម្បី​បង្កើន​សមត្ថភាព​យោធា​លើ​ដី​អ៊ុយក្រែន។

សូម​បញ្ជាក់​ថា​ តាំងពីផ្ទុះ​សង្គ្រាម​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​មក បារាំងបាន​ផ្តល់​ការគាំទ្រ​ដល់​ក្រុង​កៀវ​ទាំង​ផ្នែក​នយោបាយ​និង​យោធា តែ​មិន​គ្រប់​គ្រាន់​ បើ​តាម​ការ​​រិះគន់​ខ្លះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ