អានតួអត្ថបទ
រុស្ស៊ី-កេណ្ឌទ័ព

រុស្ស៊ីចាប់ផ្តើមកោះហៅយុវជនឲ្យបរិច្ចាគកិច្ចយោធា រយៈពេល ១ ឆ្នាំ

នៅរុស្ស៊ី ថ្ងៃចន្ទទី ១ មេសា ខាងមុខ ជាពេលចាប់ផ្តើមនិទាឃរដូវ (រយៈពេល ៣ ខែ កន្លះ រហូតដល់ថ្ងៃទី ១៥ កក្កដា) សម្រាប់កោះហៅយុវជនឲ្យ​បរិច្ចាគកិច្ចយោធា ស្របនឹងកាតព្វកិច្ច ចែងដោយរដ្ឋធម្មនុញ្ញ ។ តាមដែលអគ្គសេនាធិការកងទ័ព ប្រកាសឲ្យដឹងកាលពីថ្ងៃសុក្រទី ២៩ មីនា យុវជនដែលត្រូវកោះហៅនោះ គឺ ក្នុង វ័យពី ១៨ ឆ្នាំ ដល់ ៣០ ឆ្នាំ។

រុស្ស៊ីចាប់ផ្តើមកោះហៅយុវជនឲ្យបរិច្ចាគកិច្ចយោធា រយៈពេល ១ ឆ្នាំ 
រុស្ស៊ីចាប់ផ្តើមកោះហៅយុវជនឲ្យបរិច្ចាគកិច្ចយោធា រយៈពេល ១ ឆ្នាំ  © REUTERS/Alexey Pavlishak/File Photo
ផ្សាយពាណិជ្ជកម្ម

ពួកទាហានជ្រើសរើសថ្មីនេះ នឹងពុំត្រូវបញ្ជូនទៅកាន់ សមរភូមិអ៊ុយក្រែនឡើយ ប៉ុន្តែ ការ កោះហៅដែលប្រព្រឹត្តទៅ ២ ដង ក្នុង ១ ឆ្នាំ គឺជួនចំពេលដែល ពលរដ្ឋរុស្ស៊ីជាច្រើន នាំគ្នាខ្លាច ក្រែងត្រូវ កេណ្ឌទៅប្រយុទ្ធក្នុងជួរកងទ័ព។ “ និទាឃរដូវ សម្រាប់កោះហៅយុវជនឲ្យទៅបរិច្ចាគកិច្ចយោធា ចាប់ផ្តើមគឺនៅថ្ងៃទី ១ ខែ មេសា” -សេចក្តី នេះ ថ្លែងទៅពួកអ្នកកាសែត ដោយ មន្ត្រីជាន់ខ្ពស់ម្នាក់នៃ អគ្គសេនាធិការកងទ័ព លោកឧត្តមនាវីទោ Vladimir Tsimlianski ។ តាមប្រសាសន៍លោក ៖ រាល់តែទាហានថ្មីទាំងនោះ នឹងបរិច្ចាគកិច្ចយោធា រយៈ ពេល ១ ឆ្នាំ គឺ នៅលើ”ដែនដីសហព័ន្ធរុស្ស៊ី”។ លោក  Vladimir Tsimlianski ថ្លែងអះអាងតមកទៀត ៖ គេទាំងនោះនឹងពុំត្រូវបញ្ជូនទៅឈរជើង នៅតាមទីតាំងនៃ កងកម្លាំងប្រដាប់អាវុធ ក្នុងតំបន់ថ្មីៗ នៃប្រទេស រុស្ស៊ីឡើយ ពោលគឺ ដែនដីអ៊ុយក្រែន ៤ និយាយឲ្យចំ តំបន់ Donetsk Lougansk Kherson និង Zaporijjia ដែលសុទ្ធតែ ភ្ជាប់យកដោយរុស្ស៊ី ក្នុងឆ្នាំ ២០២២ ហើយ ក៏នឹងពុំចូលរួមឡើយ ក្នុង ប្រតិបត្តិការយោធា ពិសេស របស់ រុស្ស៊ី នៅអ៊ុយក្រែន។

ជាង ២ ឆ្នាំ មកហើយ រុស្ស៊ី បំពេញប្រតិបត្តិការវាយលុកនៅអ៊ុយក្រែន - ប្រតិបត្តិការដែលបានជំរុញ ទៅ ហើយ ឲ្យអាជ្ញាធររុស្ស៊ី ធ្វើកំណែនពួកយោធាចំនួន ជាង ៣ សែន នាក់ ក្នុង ឆមាសទី២ ឆ្នាំ ២០២២។

ពលរដ្ឋរុស្ស៊ីជាច្រើន នាំគ្នាខ្លាចក្រែងមានកំណែនកងទ័ពរលកទី២ ទោះបី លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ដែលជាប់ឆ្នោតសម្រាប់អាណត្តិថ្មី បាន ថ្លែងបញ្ជាក់ថា “ គ្មានអ្វីជាចាំបាច់ត្រូវធ្វើកំណែនថ្មីឡើយ”។

តាមតួលេខ ក្រសួងការពារជាតិរុស្ស៊ី ក្នុងឆ្នាំ ២០២៣ ការកោះហៅឲ្យបរិច្ចាគកិច្ចយោធា ក្នុង នីទាឃរដូវ បានប៉ះលើ យុវជនប្រមាណ ១៤៧.០០០ នាក់ ហើយការកោះហៅ សរទរដូវ គឺក្នុងចំនួន ១៣០.០០០ នាក់។ ចំណែក សម្រាប់ និទាឃរដូវ ឆ្នាំនេះ តំណាងអគ្គសេនាធិការកងទ័ព មិនបានលំអិតឲ្យដឹងឡើយ អំពី ចំនួនជាក់លាក់នៃ យុវជនដែលត្រូវកោះឲ្យបរិច្ចាគកិច្ចយោធា។

កាលពីកណ្តាលឆ្នាំមុន រុស្ស៊ី បានអនុម័តច្បាប់ ដែលដំឡើងវ័យយុវជន សម្រាប់ចូលបម្រើកងទ័ព គឺ ពី ២៧ ឆ្នាំ ដល់ វ័យ ៣០ ឆ្នាំ។

ប៉ុន្មានខែចុងក្រោយ រុស្ស៊ី ថ្លែងថា នៅតាមសមរភូមិអ៊ុយក្រែន កងទ័ពខ្លួនចេះតែរុលទៅមុខជាដរាប ទល់ នឹង កងទ័ពអ៊ុយក្រែន ដែលកំពុងខ្វះទាំង ចំនួនទាហាន ខ្វះទាំងស្បៀងសឹក មកពីជំនួយពីខាងបស្ចិមលោក ស្រាប់តែរួញខើចទៅ។

ក្នុងខែធ្នូ ចុងឆ្នាំកន្លងទៅ លោក វ៉្លាឌីមៀរ ពូទីន បានថ្លែងក្នុងសន្និសីទកាសែតប្រចាំឆ្នាំថា មានទាហានរុស្ស៊ី ចំនួន ៦១៧.០០០ នាក់ ឈរជើងនៅអ៊ុយក្រែន ក្នុងក្របខណ្ឌ នៃប្រតិបត្តិការសឹករុស្ស៊ី នៅទីនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ