អានតួអត្ថបទ
អាល្លឺម់ង់-កញ្ឆា

អាល្លឺម៉ង់​អនុញ្ញាត​ឱ្យ​ប្រើ​កញ្ឆា​ជា​សាធារណៈ​ដោយ​ស្រប​ច្បាប់

កញ្ឆា​ក្លាយ​ជា​របស់​ស្រប​ច្បាប់ហើយ​នៅ​អាល្លឺម៉ង់។ ចាប់​ពី​ថ្ងៃ​ចន្ទទី​១​មេសា​២០២៤​នេះ​តទៅ ពលរដ្ឋ​ពេញ​វ័យ​អាល្លឺម៉ង់​ ​អាច​ដាំ​កញ្ឆា​បីដើម​សម្រាប់​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ និង​មានឬ​ទិញ​ កញ្ឆា​ ចំនួន​២៥​ក្រាម​ក្នុង​មួយ​ថ្ងៃ បាន​ដោយ​ស្រប​ច្បាប់។ ការ​​អនុញ្ញាត​ឱ្យ​​ប្រើប្រាស់​កញ្ឆា​ ​តាម​រយៈ​ការ​​ធ្វើ​កំណែទម្រង់​ច្បាប់ របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​រង​​ការ​រិះគន់យ៉ាង​ខ្លាំង​​ពី​សំណាក់បក្ស​​ប្រឆាំងនិង​ ការ​​​ព្រួយ​បារម្ភដ៏​ធំធេង​​របស់​ក្រុម​គ្រូពេទ្យ​ព្រម​ទាំង​​អ្នក​ច្បាប់​។

អាល្លឺម៉ង់​អនុញ្ញាត​ឱ្យ​ប្រើ​កញ្ឆា​ជា​សាធារណៈ​ដោយ​ស្រប​ច្បាប់​
អាល្លឺម៉ង់​អនុញ្ញាត​ឱ្យ​ប្រើ​កញ្ឆា​ជា​សាធារណៈ​ដោយ​ស្រប​ច្បាប់​ AP - Ebrahim Noroozi
ផ្សាយពាណិជ្ជកម្ម

ផ្ទុយពី​បារាំង​និង​ខុស​ពី​ហូឡង់ដែល​ផ្តល់​ត្រឹម​សិទ្ធិ​អនុគ្រោះឱ្យ​​ប្រើ​គ្រឿង​ញៀន​ អាល្លឺម៉ង់ជា​ប្រទេស​ដ៏​ធំ​ជាង​គេបង្អស់​ដំបូង​គេ​​នៅ​អឺរ៉ុប​ដែល​អនុវត្ត​ច្បាប់​សេរី​និយម​បំផុត​របស់​សហភាព​ អនុញ្ញាត​ឱ្យ​ជក់​ ទិញ កញ្ឆា​តាមទីសាធារណៈ និង​ដាំ​កញ្ឆា​នៅ​តាម​ផ្ទះ។

ចាប់​ពី​ថ្ងៃទី​១​មេសា​២០២៤​នេះ​តទៅ ពលរដ្ឋ​អាល្លឺម៉ង់​ពេញ​វ័យ​អាយុ​ចាប់​១៨​ឆ្នាំ​ឡើង​ទៅ អាច​ជក់ អាច​មាន​កញ្ឆា​ក្នុង​ហោបៅ​ចំនួន​​២៥​ក្រាម​ ដោយ​ស្រប​ច្បាប់​ នៅ​តាមទី​សាធារណៈ និងដល់​ទៅ​៥០ក្រាម​​ទុក​នៅក្នុង​ផ្ទះ។ តែ​សូម​ប្រយ័ត្ន ត្រូវ​​ជក់​ឱ្យ​ឆ្ងាយ១០០​ម៉ែត្រ ​ពី​របង​​សាលា​រៀន ​សួន​កុមារ និង​កន្លែង​ថ្នើរជើង។ ឯ​ការ​ដាំ​កញ្ឆា​តាម​ផ្ទះ សម្រាប់​បម្រើបម្រាស់​ឯកជន​វិញ ពល​រដ្ឋ​ម្នាក់ៗ​​មាន​សិទ្ធិ​ដាំ​បី​ដើម នៅ​តាម​យ៉​ផ្ទះ​របស់​ខ្លួន។

បើតាម​ច្បាប់ ការ​លក់​ចែក​ចាយ​កញ្ឆា ត្រូវ​ធ្វើ​ឡើង​ដោយ​សមាគម​ក្លឹបកញ្ឆា ដែល​អាច​លក់​កញ្ឆា​ទៅ​ឱ្យសមាជិក​ចំនួន​ ​យ៉ាង​ច្រើនបំផុត២៥​ក្រាម​​ក្នុង​មួយ​ថ្ងៃ​និង​មិន​ឱ្យ​លើស​៥០ក្រាម​ទេ​ក្នុង​មួយ​ខែ។ តែ​សមាគម​នេះ​នឹង​មាន​​ដំណើរការ​ចាប់​ពី​ថ្ងៃទី​១​កក្កដា​២០២៤​តែ​ប៉ុណ្ណោះ។ សម្រាប់​ពេល​នេះ​មាន​តែ​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ទេ​ដែល​មាន​កញ្ឆា​លក់។

សម្រាប់​រដ្ឋាភិបាល ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​កញ្ឆាដោយ​ចំហ ដោយ​មាន​​ច្បាប់គ្រប់គ្រង ជា​មធ្យោបាយឃុំ​គ្រង​ការ​ប្រើប្រាស់​ផង និង​ជាមធ្យោបាយ​​ប្រយុទ្ធ​ប្រឆាំងប្រកប​ដោយ​ប្រសិទ្ធភាព​​នឹងការ​ជួញ​ដូរ​គ្រឿង​ញៀន​ដោយ​ខុស​ច្បាប់​ និង​ការ​ប្រព្រឹត្ត​អំពើ​​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន​។ ប៉ុន្តែ​សម្រាប់​ក្រុម​ប្រឆាំង​ និង​អ្នក​ជំនាញ​សុខភាព ការ​បើក​ឱ្យ​ប្រើប្រាស់​កញ្ឆា​ដោយ​ស្រប​ច្បាប់ ជា​ដំណឹង​គួរ​ឱ្យ​ព្រួយ​បារម្ភ​ និង​ជា​​ហានិភ័យ​នាំ​ឱ្យ​មាន​កំណើន​ក្មេង​ជក់​កញ្ឆា។ ការ​ជក់​កញ្ឆា​អាច​ប៉ះពាល់​ខ្លាំង​ដល់​ខួរ​ក្បាល អ្នក​មាន​អាយុក្រោម​២៥​ឆ្នាំ​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​លូត​លាស់​នៅ​ឡើយ។

ចំណែក​ភ្នាក់ងារ​ប៉ូលិស​ត្រូវ​ប្រឈម​នឹង​ស្ថានភាព​មាន​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ ព្រោះ​ច្បាប់​មាន​ចែង​ច្រើន​ តែមិនទាន់​​ច្បាស់​លាស់។ ការ​ត្រួតពិនិត្យ​ឆែកឆេរ អាច​ជួប​កា​រស្មុគស្មាញ​ខ្លាំង ឬ​ធ្វើ​មិន​កើត​តែ​ម្តង​។ ខាង​អ្នក​ច្បាប់ និង​ចៅក្រម​ ត្រូវ​សើរើ​សំណុំ​រឿង​ជាង​២០ម៉ឺន​​ដែល​ពាក់​ព័ន្ធ​នឹង​កញ្ឆាឡើង​វិញ ដើម្បី​លុប​លាង​ឬ​ដោះលែង​ទោស សម្រប​​តាម​ច្បាប់​ថ្មី។ ក្នុង​ដំណាក់កាល​ដំបូង ប៉ូលិស​និង​តុលាការ​រង​​បន្ទុកការងារ​ច្រើន​ជាង​មុន​បន្តិច តែ​យូរ​ទៅ​ការងារ​នឹង​ស្រាល​វិញ។ នេះ​ជា​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ដោយ​បញ្ជាក់​ថា នយោបាយ​បង្ក្រាប​តឹង​រឹង ផ្តល់​បន្ទុក​ដល់​ប៉ូលិស​និង​រដ្ឋ​អាជ្ញាច្រើន​តែ​មិន​អាច​រារាំង​មនុស្ស​ឱ្យ​ឈប់​ជក់​កញ្ឆា​ទេ គឺ​មាន​តែ​លួច​ទៅ​ស្វែង​រក​ ​ពី​ក្រុម​ខុសច្បាប់ ហើយជា​គ្រឿង​ញៀន​គ្មាន​គុណភាពទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ