អានតួអត្ថបទ
ន័រវែស-ការពារជាតិ

សង្គ្រាម​អ៊ុយក្រែន៖ ន័រវែសប្រកាស​​​ដំឡើង​ថវិកា​យោធាស្ទើរ​​ទ្វេ​ដង​​សម្រាប់​១២​ឆ្នាំ​ខាង​មុខ

ប្រឈម​នឹងសង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន​ដែល​រុញ​ច្រាន​ស្ថានភាព​សន្តិសុខ​កាន់​តែ​អាក្រក់ទៅ​ៗ​ ជា​លំដាប់​ នាយករដ្ឋមន្ត្រី​ន័រវែស បាន​ប្រកាស​គម្រោង​ដំឡើង​កញ្ចប់​ថវិកា​យោធា​ ស្ទើរ​មួយ​ពីរ ពី​ពេល​នេះ​ដល់​ឆ្នាំ​២០៣៦។ បណ្តា​សមាជិក​អូតង់មួយ​ចំនួន​ផ្សេង​ទៀត គ្រោង​នឹង​ដំឡើង​ថវិកា​យោធា​របស់​ខ្លួន​ដែរ​ឱ្យ​បាន​ដល់​៣%​នៃ​ផលិតផលសរុប​ក្នុង​ស្រុក​ផង។

ទាហាន​ន័រវែស​នៃ​កងពល​ Jeager GSV ឈរជើង​នៅ​ព្រំប្រទល់​ជាមួយ​រុស្ស៊ី ពេល​ធ្វើ​សមយុទ្ធ​អូតង់​ ខែមីនា​២០២៤
ទាហាន​ន័រវែស​នៃ​កងពល​ Jeager GSV ឈរជើង​នៅ​ព្រំប្រទល់​ជាមួយ​រុស្ស៊ី ពេល​ធ្វើ​សមយុទ្ធ​អូតង់​ ខែមីនា​២០២៤ AFP - JONATHAN NACKSTRAND
ផ្សាយពាណិជ្ជកម្ម

ពី​លើ​នាវាចម្បាំង ​លោក​នាយករដ្ឋមន្ត្រី​ន័រវែស Jonas Gahr Støre ​ បាន​​បង្ហាញ​សៀវភៅ​ស ស្តី​ពី​ផែនការ​ការពារ​ជាតិ ដោយ​អះអាង​ថា​ “ពង្រឹង​វិស័យការពារ​ជាតិ​ន័រវែសឱ្យឡើង​​ខ្លាំង នឹង​ធ្វើ​ឱ្យ​អ្នក​ចង់​គំរាម​កំហែង​សន្តិសុខ​យើង​និង​សម្ព័ន្ធមិត្ត ​ខ្លាច​”។ ន័រវែសសន្មត់​និង​​សំលឹង​ឃើញ​ថា ប្រទេស​​ត្រូវ​ប្រឈម​នឹង​អ្នក​ជិត​ខាង​ម្នាក់​ដ៏​គ្រោះ​ថ្នាក់​និង​ពិបាក​ស្មាន​បំផុត​ សម្រាប់​រយៈ​ពេល​ជា​យូរ​ឆ្នាំ​ទៀត។ នេះ​បើ​តាម​ប្រសាសន៍​បន្ថែម​របស់​លោក​ប្រមុខ​រដ្ឋាភិបាល ដោយ​ចុច​ចំ​ឈ្មោះ​រុស្ស៊ី​តែម្តង។

ដោយហេតុតែ​​ស្ថានភាព​សន្តិសុខអាច​​ធ្លាក់​ចុះ​ដុនដាប​ជា​និរន្ត​រ៍​ដូច្នេះ រដ្ឋាភិបាល​ន័រវែសបា​ន​ប្រកាស​​ស្នើ ដំឡើង​​ចំណាយ​ថវិកា​ការពារ​ជាតិ​ចំនួន ៥២ពាន់​លាន​អឺរ៉ូ​បន្ថែម​ទៀត​ សម្រាប់​ធ្វើ​ទំនើបកម្ម​កងទ័ព​ន័រវែស​ពី​ឆ្នាំ​២០២៤​ ដល់​ឆ្នាំ​២០៣៦។

ដើម្បី​សម្រេច​កម្មវត្ថុ​នេះ ន័រវែស​ដែល​ជា​សមាជិកអូតង់​ និ​ងដែល​មាន​ព្រំដែន​ជើង​គោក​ជាប់​រុស្ស៊ី​ប្រមាណ​១៩៨​គីឡូម៉ែត្រ​និង​ព្រំដែន​ទឹក​ក្នុង​សមុទ្ទ​ខាង​ជើង​Barents ដ៏​ល្ហហ្ហេវ​​នោះ នឹង​បញ្ជា​ទិញ​នាវា​ចម្បាំង​​៥​គ្រឿង​ថ្មី​បន្ថែម​ទៀត នាវាមុជទឹក​មួយ​គ្រឿង​ទៀតជា​គម្រប់​ទី​៥ នាវា​យោធា​តូច​ធំ​គ្រប់​ធុន​២៨គ្រឿង​ ឧទ្ធម្ភាគចក្រ ដ្រូន​សង្កេតការណ៍​លើ​ផ្ទៃ​សមុទ្ទ និង​ពិសេស​មីស៊ីល​ការពារអាកាស​ក្នុង​បរិមាណ​ដ៏​សន្ធឹក​សន្ធាប់ ព្រមទាំង​មធ្យោបាយ​ប្រយុទ្ធ​ជា​ច្រើន​ផ្សេង​ទៀត​។ នេះ​បើ​តាម​ខ្លឹម​សារ​លម្អិត​ចែង​ក្នុង​សៀវភៅ​ស។

តាម​រយៈ​ទំនើបកម្ម​នេះ ​​កំណើន​កញ្ចប់​ថវិកា​យោធា​ន័រវេស ត្រូវ​ប៉ោង​ឡើង​ធំ​ដល់​ទៅ​៨៣%។ ជា​កិច្ច​ខិត​ខំប្រឹង​ប្រែង​ផ្នែក​ថវិកា​​ជា​ប្រវត្តិសាស្ត្រ​ដែល​នឹង​បំពេញ​មហិច្ឆតាពីរ​ធំ​ទៀត​គឺ​ បង្កើន​ចំនួន​កងពល​យោធា​ថ្មើរជើង ​ពី​មួយ​កងពល ទៅ​បី​កង​ពល​ និង ពង្រឹង​មូលដ្ឋាន​ទ័ព​អាកាស​នៅ​​តំបន់វាល​ខាង​ជើង​ដ៏​ធំធេង​ Andoya ត្រង់​កន្លែង​ដែល​ន័រវែស​និង​រុស្ស៊ី​មាន​ព្រំដី​ជាប់​គ្នា។

នាអនាគតទៅ​ កញ្ចប់​ថវិកាការពារ​ជាតិ​ន័រវែស ត្រូវ​មាន​ទំហំ​ស្មើ​នឹង​៣%​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក មិន​មែន​ត្រឹម​២%​ដូច​កម្មវត្ថុ​កំណត់​ដោយ​អង្គការ​សម្ព័ន្ធអាត្លង់ទិក អូតង់​ទេ។ ឬ​អាច​និយាយ​បាន​ថា ៣%​នឹង​ក្លាយ​ជា​កំរិត​បទ​ដ្ឋាន​ចំណាយ​ថវិកា​យោធា​ថ្មី​ដែល​សមាជិក​អូតង់​មួយ​ចំនួន​ចង់​បាន​។ ប៉ូឡូញ ប្រទេស​ជាប់​របង​អ៊ុយក្រែន​ផ្ទាល់​ ធ្លាប់​បាន​ទទូច​ចង់​ឱ្យ​អូតង់​ដំឡើង​កញ្ចប់​ចំណាយ​យោធា​ដូច្នេះ​ តាំងពី​ជា​ច្រើ​សប្តាហ៍​មក​ហើយ​ ដោយ​រំលឹក​ថា រុស្ស៊ី​ បាន​ធ្វើ​​សង្គ្រាមបំប៉ន​សេដ្ឋកិច្ច​ និង​បន្ត​ឈ្លានពាន​លើទឹក​ដី​​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ