លោកហ្សេឡេនស្គីពោលថា អ៊ុយក្រែននឹងចាញ់សង្គ្រាម ប្រសិនបើគ្មានជំនួយពីអាមេរិក
ស្ថានភាពសមរភូមិនៅអ៊ុយក្រែន កំពុងតែដុនដាបខ្លាំង ដោយសារតែកងទ័ពអ៊ុយក្រែន គ្មានគ្រឿងសព្វាវុធគ្រប់គ្រាន់ ដើម្បីទប់ទល់ទៅនឹងកម្លាំងដ៏ខ្លាំងរបស់កងទ័ពរុស្ស៊ី។ ជាថ្មីម្តងទៀត លោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានថ្លែងយ៉ាងទទូច ថាអ៊ុយក្រែនត្រូវការនូវជំនួយយោធាយ៉ាងចាំបាច់បំផុត ពីសំណាក់សហរដ្ឋអាមេរិក។ បើគ្មានជំនួយពីអាមេរិកទេ នោះអ៊ុយក្រែននឹងចាញ់សង្គ្រាម។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៤៩
ថ្លែងក្នុងទឹកមុខយ៉ាងមុតមាំ លោកហ្សេឡេនស្គី បានលើកឡើងថា “ប្រសិនបើសភាខុនហ្ក្រេសអាមេរិក មិនជួយអ៊ុយក្រែននៅពេល អ៊ុយក្រែននឹងចាញ់សង្គ្រាម”។ ពាក្យសំដីនេះ គឺលោកប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ទៅតំណាងអង្គទូតសមាជិកនៃវេទិកាប្រមូលថវិការជួយអ៊ុយក្រែន United24 នៅក្នុងកម្មវិធីពិភាក្សាដោះដូរយោបល់ តាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍ កាលពីថ្ងៃអាទិត្យទី៧មេសា។
លោកហ្សេឡេនស្គី បន្ថែមថា បើគ្មានការជួយគាំទ្រពីសភាខុនហ្ក្រេស នោះអ៊ុយក្រែនប្រាកដជាជួបការលំបាកខ្លាំងណាស់ មិនអាចឈ្នះបានទេ ហើយក៏ប្រហែលជាមិនអាចរស់រួចជីវិត ក្នុងនាមជាប្រទេសមួយដែរ។ លោកហ្សេឡេនស្គីបន្តថា ប្រសិនបើអ៊ុយក្រែនចាញ់សង្គ្រាម នោះប្រទេសជិតខាតអ៊ុយក្រែននឹងត្រូវរុស្ស៊ីឈ្លានពានជាបន្តបន្ទាប់ ដោយមិនអាចចៀសផុតឡើយ ព្រោះរុស្ស៊ីនឹងមិនឈប់ត្រឹមនេះទេ។ ទន្ទឹមគ្នានេះ រុស្ស៊ីកំពុងតែប្រើយុទ្ធសាស្ត្រ “សង្រ្គាមនុយក្លេអ៊ែរ” ដើម្បីគំរាម បន្លាចបណ្តាប្រទេសលោកខាងលិចទាំងអស់។
គួរបញ្ជាក់ថា កញ្ចប់ជំនួយថវិកាជួយអ៊ុយក្រែន ចំនួន៦ម៉ឺនលានដុល្លារ ដែលបានស្នើដោយរដ្ឋាភិបាលលោកចូ បៃដិន កំពុងជាប់គាំងនៅសភាខុនហ្ក្រេស តាំងតែពីឆ្នាំមុន ដោយសារតែសមាជិកសភា បក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យមានការខ្វែងគំនិតគ្នាខ្លាំង។ ក្រុមសមាជិកសភាបក្សសាធារណរដ្ឋដែលគាំទ្រលោកដូណាល់ ត្រាំ បានធ្វើផ្គរធ្វើភ្លៀង រារាំងមិនឲ្យមានការអនុម័តយល់ព្រមកញ្ចប់ថវិកានេះ ដោយបានទាមទារឲ្យរដ្ឋភិបាលលោកចូ បៃដិន ត្រូវធ្វើតាមខ្លួន ទាក់ទិននឹងការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍។
នៅថ្ងៃចន្ទទី៨មេសានេះ តាមការគ្រោងទុក សមាជិកសភាខុសហ្រ្កេសអាមេរិក ត្រូវចាប់ផ្តើមចូលធ្វើការវិញ បន្ទាប់ពីឈប់សម្រាកមួយសប្តាហ៍។ គេសង្ឃឹមថា ការប្រជុំចរចាគ្នាស្តីពីកញ្ចប់ថវិកាដ៏ចាំបាច់ ដើម្បីជួយអ៊ុយក្រែននេះ នឹងត្រូវគេប្រញាប់ប្រញាល់ជជែក។ តែយ៉ាងណា ក្នុងបរិបទនៃការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មីនាពេលនះ ធ្វើឲ្យគេពិបាកសង្ឃឹមណាស់ ថាក្រុមបក្សពួករបស់លោកដូណាល់ ត្រាំ នឹងយល់ព្រមធ្វើសម្បទានឲ្យគណបក្សប្រជាធិបតេយ្យ។
គួរកត់សំគាល់ថា ដោយសារតែខ្វះខាតខ្លាំង កងទ័ពអ៊ុយក្រែនត្រូវបង្ខំចិត្ត សន្សំសំចៃគ្រាប់ និងប្រឹងប្រែងទប់កងទ័ពរុស្ស៊ីយ៉ាងត្រដាបត្រដួស។ ចំណែកកងទ័ពរុស្ស៊ីវិញ បានបន្ថែមកម្លាំងនិងសព្វាវុធយ៉ាងច្រើនសន្ធឹក នៅសមរភូមិខាងកើតអ៊ុយក្រែន និងបានបើកការវាយសង្គ្រុប មកលើទីតាំងយុទ្ធសាស្រ្តមួយចំនួន ធ្វើឲ្យអ៊ុយក្រែនត្រូវបង្ខំចិត្តវាយដកថយ។
យ៉ាងណាមិញ កាលពីថ្ងៃអាទិត្យកន្លងទៅ កងទ័ពអ៊ុយក្រែនបានទទួលស្គាល់ ថាកងទ័ពរុស្ស៊ីកំពុងសំរុកវាយខិតមកកាន់តែជិត តំបន់ Tchassiv Iar ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីក្រុង Kramatorsk។ លោក Oleg Kalachnikov អ្នកនាំពាក្យនៃកម្លាំងអ៊ុយក្រែនប្រចាំតំបន់នេះ បានថ្លែងការបារម្ភថា បើរុស្ស៊ីវាយយកតំបន់នេះបាន នោះបណ្តាញផ្លូវដែក ដឹកជញ្ជូនសព្វាវុធនិងស្បៀងរបស់កងទ័ពអ៊ុយក្រែន ដែលឈរជើងនៅដុនបាស អាចនឹងត្រូវកាត់ផ្តាច់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ