អានតួអត្ថបទ
សង្គ្រាម​អ៊ុយក្រែន

អាល្លឺម៉ង់និង​​ចិន ​ចង់ពួតដៃ​សហការ​គ្នា ដើម្បីនាំមកនូវ​សន្តិភាព​ឲ្យ​​អ៊ុយក្រែន

ក្នុង​ជំនួបជាមួយ​​ប្រមុខរដ្ឋ​​ចិន នៅ​រដ្ឋធានីប៉េកាំង លោកអធិការ​បតីអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ ថ្លែងក្តីសង្ឃឹមថា ភាគី​ទាំង​ពីរ​នឹង​ធ្វើការរួម​គ្នា​ដើម្បីនាំមកនូវ​សន្តិភាព​នៅ​អ៊ុយក្រែន​។ ទន្ទឹម​នឹងគ្នា​នេះ​ ភាគី​ចិន លោក​​​ប្រធានាធិបតីស៊ី ជីនពីង បញ្ជាក់ដែរ នៅ​ថ្ងៃអង្គារ ទី​១៦មេសា ថា ចិន​មហាអំណាច​សេដ្ឋកិច្ច​លេខ២ ហើយ​អាល្លឺម៉ង់​មហាអំណាច​សេដ្ឋកិច្ច​ទី​​៣ គួរតែ​ពួត​ដៃ​សហ​ការ​គ្នា​ដើម្បី​ជំរុញ​សន្តិភាព​និង​ស្ថិរភាព​នៅលើពិភពលោក​។ ​

លោក អូឡាហ្វ ស្ហុលស៍ អធិការបតីអាល្លឺម៉ង់ ទៅ​ស្រុក​ចិន​ជាលើកទី២ ជួប​នឹងលោកប្រធានាធិបតី ស៊ី ជីនពីង ដើម្បី​សហការគ្នា នាំមកនូវសន្តិភាពឲ្យអ៊ុយក្រែន។​
លោក អូឡាហ្វ ស្ហុលស៍ អធិការបតីអាល្លឺម៉ង់ ទៅ​ស្រុក​ចិន​ជាលើកទី២ ជួប​នឹងលោកប្រធានាធិបតី ស៊ី ជីនពីង ដើម្បី​សហការគ្នា នាំមកនូវសន្តិភាពឲ្យអ៊ុយក្រែន។​ via REUTERS - Pool
ផ្សាយពាណិជ្ជកម្ម

សង្គ្រាម​ឈ្លាន​ពានរុស្ស៊ី​នៅអ៊ុយក្រែន ហើយ​និងការ​គគ្រឺត​កំញើញ​ប្រដាប់​អាវុធ​ពីសំណាក់កងទ័ព​​រុស្ស៊ី​ បាន​ជះឥទ្ធិពល​ផលអាក្រក់​សម្បើមណាស់ ចំពោះ​សន្តិ​សុខសុវត្ថិភាព​នៅ​អឺរ៉ុប​។ នេះ​គឺ​ជា​ប្រសាសន៍​​របស់​លោក អូឡាហ្វ ស្ហុលស៍ អធិការ​បតី​អាល្លឺម៉ង់ ដែល​ថ្លែងប្រកាស​ប្រាប់​លោក​​​ប្រធានា​ធិបតី ស៊ី ជីនពីង ដោយ​បញ្ជាក់​បន្ថែម​ថា សកម្មភាព​រុស្ស៊ី​ ​ជះឥទ្ធិពល​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​ដល់​ផលប្រយោជន៍​ជា​មូលដ្ឋាន​របស់​អឺរ៉ុប​ ព្រមទាំង​បំផ្លិច​បំផ្លាញ​សណ្តាប់​ធ្នាប់​អន្តរជាតិ​ និង​រំលោភ​​​បំពាន​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​ ពិសេស​គោលការណ៍​មិន​បំពាន​ព្រំដែន​រដ្ឋ​ដទៃ​។​

ភាគី​ថ្នាក់ដឹកនាំ​ចិន, បើតាម​ទូរទស្សន៍​រដ្ឋ​ចិន​ CCTV, ​​​ប្រធានាធិបតី ស៊ី ជីនពីង​ សង្កត់ធ្ងន់អំពី​ភាព​ចាំបាច់​ដែលត្រូវ​នាំមកនូវ​សន្តិភាព​​និងស្ថិរភាព ហើយ​ជៀសវៀង​ក្រព័ទ្ធដៃ​មិន​ធ្វើ​អ្វីសោះ ហើយ​សម្ងំ​ចាំតែ​កើបយក​ផលប្រយោជន៍​យ៉ាង​​អាត្មានិយម​។ លោក​ ស៊ី ជីនពីង​ ថែមទាំង​អំពាវនាវ​ទៀត​ផង​ថា​ «កុំ​ចាក់​សាំង​លើភ្នក់ភ្លើង​សង្គ្រាម»។ ចៅហ្វាយ​របបក្រុង​ប៉េកាំង លើកឡើងដែរថា ​ចិនមហាអំណាចសេដ្ឋកិច្ចលេខ២ ហើយអាល្លឺម៉ង់មហាអំណាចសេដ្ឋកិច្ចទី៣ គួរតែពួតដៃសហការគ្នាដើម្បីជំរុញស្ថិរភាពនៅលើពិភពលោក។ ​ជា​ជំហាន​ដំបូង បើតាម​លោក ស៊ី ជីនពីង គឺ​សំខាន់​បំផុត ត្រូវ​កាត់បន្ថយ​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកលោក។​​ លោកប្រមុខ​រដ្ឋ​ចិន​ ក៏​ចាត់ទុក​ថា​ ជាការ​ចាំបាច់​ខ្លាំងណាស់ ដែល​មហាអំណាច​ធំៗ​ ដូចជា​​អាល្លឺម៉ង់​និងចិន សហការ​គ្នា​​ដើម្បីទប់​ស្កាត់​ហានិភ័យ​និង​វិបត្តិ​សកល ដែល​សហគមន៍​អន្តរ​ជាតិ​កំពុងតែ​ជួប​ប្រទះ។

ក្នុង​ដំណើរ​ទស្សនកិច្ច​​ជាលើកទី២របស់​អធិការ​បតី​អាល្លឺម៉ង់នៅស្រុក​ចិន ចំនួន​ ៣ ថ្ងៃ​ លោក អូឡាហ្វ ស្ហុលស៍ ​លើកឡើង​ពី​​វិបត្តិ​អ៊ុយក្រែននេះ ក៏​ដើម្បី​​ឲ្យ​ថ្នាក់ដឹកនាំ​ចិន​ជួយ​និយាយ​បញ្ចុះបញ្ចូល​​ផ្លុំត្រ​ចៀក​ថ្នាក់ដឹកនាំ​រុស្ស៊ី ឲ្យ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន។ ដ្បិតថា តាំងពី​ផ្ទុះ​សង្គ្រា​ម​នៅអ៊ុយក្រែន​ នៅ​ដើម​ឆ្នាំ​២០២២មក​ ប្រទេស​ចិន​និង​រុស្ស៊ី រឹងរឹតតែ​ពង្រឹង​ចំណង​ទាក់ទងយ៉ាង​ស្និទ្ធល្មួត។​ ក៏ប៉ុន្តែ គេ​ត្រូវ​ដឹង​ថា​  ទោះ​ប្រយោល​ឬ​ដោយផ្ទាល់ក្តី រដ្ឋអំណាច​​ចិន​មិនដែល​រិះគន់​ថ្កោលទោសរុស្ស៊ីម្តង​ណា​ឡើយ អំពីការណ៍​ដែលរុស្ស៊ី​​ បញ្ឆេះ​ភ្លើង​សង្គ្រាម​ឈ្លានពាននៅ​​អ៊ុយក្រែន​។ ទោះយ៉ាងនេះក្តី ​ចំពោះ​​អាល្លឺម៉ង់ ​រាល់​​គ្រប់​ការ​ដោះស្រាយ​សំណុំបញ្ហា​វិបត្តិ​អន្តរជាតិ​​នីមួយៗ គេ​ពុំ​អាច​នឹង​មើលរំលង​​ចិន​បាន​សោះឡើយ​​។

ពេល​កន្លងទៅ​ ប្រទេស​ចិន​ធ្លាប់​បាន​អំពាវនាវ​ឲ្យភាគី​ជម្លោះ​ចរចា​សន្ទនាគ្នា ហើយចិន​ជំទាស់​ដាច់​ខាត​នឹងការ​ប្រើ​អាវុធ​បរមាណូ​ប្រល័យ​លោក ហើយ​ជំរុញ​ឲ្យ​​គោរពបូរណភាព​ដែនដី​ប្រទេស​នីមួយៗ មិន​ថា​នៅអ៊ុយក្រែន​និង​រុស្ស៊ី​នោះឡើយ។

​លើទិដ្ឋភាព​សេដ្ឋកិច្ចពាណិជ្ជកម្ម​, ប្រមុខ​រដ្ឋ​ចិន ស៊ី ជីនពីង​ បាន​គូស​បង្ហាញថា សារៈ​ប្រយោជន៍​​នៃកិច្ច​សហការ​សេដ្ឋកិច្ច​រវាង​ចិន​និងអាល្លឺម៉ង់ មិនត្រឹមតែ​នាំមកនូវ​ការ​រីក​ចម្រើន​​ទ្វេភាគី​នោះទេ តែ​វា​នឹង​ផ្តល់​ផល​ដល់​សេដ្ឋកិច្ច​ដល់​ទ្វីប​អឺរ៉ុប​និងអាស៊ី ហើយ​និង​ពិភ​ព​លោក​​ទាំង​មូល​៕​

លោកប្រធានាធិបតីស៊ី ជីនពីង បញ្ជាក់ថា ចិនមហាអំណាចសេដ្ឋកិច្ចលេខ២ ហើយអាល្លឺម៉ង់មហាអំណាចសេដ្ឋកិច្ចទី៣ គួរតែពួតដៃសហការគ្នាដើម្បីជំរុញសន្តិភាពនិងស្ថិរភាពនៅលើពិភពលោក។
លោកប្រធានាធិបតីស៊ី ជីនពីង បញ្ជាក់ថា ចិនមហាអំណាចសេដ្ឋកិច្ចលេខ២ ហើយអាល្លឺម៉ង់មហាអំណាចសេដ្ឋកិច្ចទី៣ គួរតែពួតដៃសហការគ្នាដើម្បីជំរុញសន្តិភាពនិងស្ថិរភាពនៅលើពិភពលោក។ AP - Kay Nietfeld

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ