អានតួអត្ថបទ
ចិន​-រុស្ស៊ី-G៧

ក្រុមប្រទេស​G៧ ខ្វល់​កាន់​តែ​ខ្លាំង​រឿង​ចិន​ជួយ​រុស្ស៊ី​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន

រដ្ឋមន្ត្រី​ការបរទេស​នៃ​៧​ប្រទេស​មាន​សេដ្ឋកិច្ច​នាំមុខ​គេ ហៅកាត់​ថា​G៧ បាន​សេចក្តី​ថ្លែងការណ៍​រួម នៅ​ថ្ងៃសុក្រ​ទី ១៩មេសា​២០២៤នេះ បញ្ជាក់​អំពី​កង្វល់​ដ៏​ធំធេង​ ជុំ​វិញ​ការ​ផ្ទេរ​សម្ភារៈ​បរិក្ខារ​ចិន​ទៅឱ្យ​រុស្ស៊ី។ ជំនួយចិន​នេះ​បាន​ជួយ​ពន្លឿន​ម៉ាស៊ីន​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។ នេះ​បើ​តាមក្រុមហ្សេ​៧​ដែល​មក​ជួប​​​ប្រជុំ​គ្នា​នៅ​ប្រទេស​អ៊ីតាលី។

ក្រុមប្រទេស​G៧ ខ្វល់​កាន់​តែ​ខ្លាំង​រឿង​ចិន​ជួយ​រុស្ស៊ី​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន
ក្រុមប្រទេស​G៧ ខ្វល់​កាន់​តែ​ខ្លាំង​រឿង​ចិន​ជួយ​រុស្ស៊ី​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន AP - Gregorio Borgia
ផ្សាយពាណិជ្ជកម្ម

ជំនួប​ប្រជុំ​ ថ្នាក់​រដ្ឋមន្ត្រីការបរទេសរបស់​ក្រុម​ប្រទេស​ហ្សេ៧ ​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​ទី​១៩​មេសា​២០២៤ ដោយ​ប្រកាស​បញ្ជាក់​អំពី​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​​របស់​ក្រុមហ៊ុន​ចិន​ដែល​បាន​បញ្ជូន​គ្រឿង​បន្លាស់​និង​គ្រឿង​បរិក្ខារ​ជា​ច្រើន​ទៅ​ឱ្យ​រុស្ស៊ី។ គ្រឿង​សម្ភារៈមាន​បម្រើបម្រាស់​ទ្វេ ​និង​គ្រឿង​បន្លាស់យោធា​​​ទាំងនោះ​ ត្រូវ​បាន​រុស្ស៊ី​យក​ទៅ​ប្រើប្រាស់​យ៉ាងទូលំទូលាយ​សម្រាប់​ពង្រឹង​ផលិតកម្មអាវុធ​របស់ខ្លួន។ នេះ​បើ​តាមខ្លឹមសារ​​​នៃ​សេចក្តី​ថ្លែងការណ៍​រួម​របស់​ក្រុម​​ហ្សេ៧ ដោយ​លម្អិតបន្ថែម​ទៀត​ថា ដោយ​សារ​ជំនួយ​ជា​សម្ភារៈ​បរិក្ខារអាច​ប្រើ​ក្នុង​វិស័យ​យោធា​នេះ ​ឧស្សាហកម្ម​យោធា​​រុស្ស៊ីត្រូវ​បាន​ស្តារ​និង​​រស់​រវើក​ឡើង​វិញ ហើយបាន​ពន្លឿន​ម៉ាស៊ីន​​សង្គ្រាមឱ្យ​​ក្លាយ​ជាទៅ​​កា​រគំរាមកំហែង​អ៊ុយក្រែនផង​ និងគំរាម​កំហែង​​សន្តិសុខព្រមទាំង​​សន្តិភាព​អន្តរជាតិ​ទាំងមូលផង។ ចិន​ត្រូវ​តែ​​មានទំនួល​ខុស​ត្រូវ​​បញ្ឈប់​ការ​ផ្តល់​ជំនួយដល់​រុស្ស៊ី​ ព្រោះ​ទង្វើ​​នេះ​នឹងរុញ​​ជម្លោះ​ឱ្យ​លង់​ផុង​កាន់​តែ​ជ្រៅ។ នេះ​បើ​តាម​​សេចក្តី​ថ្លែងការណ៍​រួម​​ហ្សេ៧ដដែល។

ចំណែក​លោក​អង់តូនី​ប្លីងកិន រដ្ឋមន្ត្រីការបរទេស​អាមេរិក​វិញ​ បាន​ថ្លែង​ចោទ​ប្រកាន់​ដោយ​ចំៗ ក្នុង​សន្និសីទ​កាសែត​ក្រោយ​ជំនួប​ហ្សេ៧ថា ចិន​​កំពុង​ចិញ្ចឹមដោយ​ប្រយោល​ជម្លោះ​នៅ​អ៊ុយក្រែន​។ ប្រសិន​បើ​ចិន​ចង់​មានទំនាក់ទំនង​ជា​​មេត្រីភាព​ជាមួយ​អឺរ៉ុប​និង​បណ្តា​ប្រទេស​ផ្សេង​ទៀត ចិន​មិន​អាច​ទៅ​ចិញ្ចឹម​ភាគី​ម្ខាង​ទៀត​ដែល​ជា​តំណាង​គ្រោះ​ថ្នាក់​ដ៏​ធំ​មិន​ធ្លាប់​មានរបស់​សហភាពអឺរ៉ុប​បាន​ទេ។ ​​ហេតុដូច្នេះ​ហើយ​បាន​ជា​ប្រមុខ​ការ​ទូត​អាមេរិក​លោក​អង់តូនី ប្លីងកិន បានកៀងគសម្ព័ន្ធមិត្ត​ ក្នុង​ក្រុមហ្សេ៧​ជាមួយ​គ្នា​ ជាពិសេស​គឺ​ក្រុម​ប្រទេស​នៅអឺរ៉ុប ត្រូវ​ជួយ​ដាក់​សម្ពាធ​លើ​ចិន​ឱ្យ​បន្ថយការ​ផ្តល់​​ជំនួយយោធា​ដល់​រុស្ស៊ី។

សហរដ្ឋ​អាមេរិក​ ដែល​ស្ថិត​នៅក្នុង​ចង្កោម​ប្រទេស​​ហ្សេ៧ ជាមួយ​ជប៉ុន កាណាដា បារាំង អាល្លឺម៉ង់ និង​អ៊ីតាលី ជា​ប្រធាន​ផ្លាស់​វេន​នា​ឆ្នាំ​នេះ បាន​អះអាង​ថា​សង្កេត​ឃើញ​តាំង​ពី​ជា​ច្រើន​ខែមក​ហើយ សកម្មភាព​ផ្ទេរ​រំលែក​គ្រឿង​សម្ភារៈ​បន្លាស់អាវុធ​ពី​ចិន​ទៅ​រុស្ស៊ី​ ដែល​អាច​បំប៉ន​ឧស្សាហកម្ម​អាវុធ​របស់​រុស្ស៊ី​ ហើយ​យក​ទៅ​ប្រើ​នៅ​លើ​សមរភូមិ​ប្រយុទ្ធ​លើ​ទឹក​ដី​អ៊ុយក្រែន​ទៀត។ ជាមួយ​នឹង​ពាក្យ​ចោទ​ប្រកាន់កាន់​តែ​ចំៗថា​ប៉េកាំង​គាំទ្រ​ម៉ូស្គូ​កាន់​តែ​ខ្លាំងឡើង ដោយ​ពង្វាង​ផ្លូវ​ អាមេរិក​យល់​ថា​ចិន​ចាប់​មាន​ចំណង​ផ្ទាល់​ជាមួយ​នឹងសង្គ្រាម​នៅ​អ៊ុយក្រែន​ហើយ។ ​សម្រាប់​វ៉ាស៊ីនតោន គំនូស​ក្រហម​ដែល​​លែង​អនុគ្រោះ​បាននោះ គឺ​ចិនមិន​​អាច​ ​​​​ផ្គត់​ផ្គង់​អាវុធ​ដោយ​ផ្ទាល់​ដល់​រុស្ស៊ី​សម្រាប់​ធ្វើ​សង្គ្រាម​អ៊ុយក្រែន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ