អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើអ្នកណានឹង​ចូលមកកាន់តំណែងនាយករដ្ឋមន្រ្តីអង់គ្លេសបន្តពីលោកស្រីលីហ្ហ ត្រាស្ស?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅប្រទេស​អង់គ្លេស​គណបក្ស​កាន់អំណាច​កំពុងចាប់ផ្តើម​នីតិវិធីបោះឆ្នោត​បន្ទាន់ ដើម្បី​ស្វែងរក​មនុស្ស​ថ្មី​មកកាន់តំណែង​នាយករដ្ឋមន្រ្តី បន្តពី​លោកស្រី​លីហ្ហ ត្រាស្ស ដែល​បាន​ប្រកាស​ចុះចេញ​ពី​តំណែង ដ៏ប្រថុចញ៉ុច បំផុត កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​តុលា។ នៅក្នុងចំណោមបេក្ខជន អាច​មានផងដែរ អតីតនាយករដ្ឋមន្រ្តី លោកបូរីស ចនសុន ដែល​ទើបលាលែង​ពីមុខតំណែង ដោយសារ​រឿងអាស្រូវ​កាលពីរដូវក្តៅ។ គណបក្សកាន់អំណាច​ត្រូវ​ចូលមក​កាន់តំណែង នាយករដ្ឋមន្រ្តីថ្មី ដឹកនាំ​រដ្ឋាភិបាល នៅក្នុង​កាលៈទេសៈ ដែល​អង់គ្លេស​កំពុង​វិបត្តិហិរញ្ញវត្ថុ និង​វិបត្តិនយោបាយ។

ទំព័រមុខ​របស់​កាសែត​អង់គ្លេស​ផ្សាយ​ពីការចុះចេញពីតំណែង​នាយករដ្ឋមន្រ្តី​របស់​លោកស្រី លីហ្ហ ត្រាស្ស និង​ការវិលត្រលប់​របស់​លោក​បូរីស ចនសុន​មកក្នុងឆាកនយោបាយអង់គ្លេស។ រូបភាព​នៅថ្ងៃទី ២១​តុលា ២០២២
ទំព័រមុខ​របស់​កាសែត​អង់គ្លេស​ផ្សាយ​ពីការចុះចេញពីតំណែង​នាយករដ្ឋមន្រ្តី​របស់​លោកស្រី លីហ្ហ ត្រាស្ស និង​ការវិលត្រលប់​របស់​លោក​បូរីស ចនសុន​មកក្នុងឆាកនយោបាយអង់គ្លេស។ រូបភាព​នៅថ្ងៃទី ២១​តុលា ២០២២ AP - David Cliff
ផ្សាយពាណិជ្ជកម្ម

ជាលើកទី១​ក្នុង​ប្រវត្តិសាស្រ្ត អង់គ្លេស​មាន​នាយក​រដ្ឋមន្រ្តី​ដែល​កាន់អំណាច​បានតិចថ្ងៃបំផុត នោះ គឺ​លោកស្រី​លីហ្ស ត្រាស្ស ដែល​បាន​បំណែក​កំណត់ត្រា ក្នុងនាម​ជា​នាយករដ្ឋមន្រ្តីអង់គ្លេស​ដែល​កាន់អំណាច បាន​ត្រឹម ៤៤ថ្ងៃ​ប៉ុណ្ណោះ។ បន្ទាប់ពី​លោកស្រី ប្រកាសលាចុះពី​តំណែង​ប្រមុខរដ្ឋាភិបាល​អង់គ្លេស គណបក្ស​អភិរក្សនិយម​ដែលជាបក្ស​កាន់អំណាច​បាន​ចាប់ផ្តើម​នីតិវិធី នៅថ្ងៃ​សុក្រ​នេះ ដើម្បី​ជ្រើសរើស​នាយករដ្ឋមន្រ្តី ថ្មី មកជំនួស លោកស្រី លីហ្ហ ត្រាស្ស។ ប្រធាន​ក្រុម​ប្រឹក្សា​កែទម្រង់​ផ្ទៃ​ក្នុង​បក្ស លោក​ហ្គ្រាហាំ ប្រាឌី (Graham Brady)​បាន​សន្យា​ថា អង់គ្លេស នឹង​មាន​នាយករដ្ឋមន្រ្តីថ្មី នៅ​ចុងសប្តាហ៍​ក្រោយ។

ដូចកាលបោះឆ្នោត​កាលពីខែ​កក្កដា​កន្លងទៅ ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្រ្តី​ថ្មី នេះ មិនមែន​ជាការបោះឆ្នោត ថ្នាក់ជាតិ ដែល​ប្រជាជនអង់គ្លេស​ទូទាំង​ប្រទេស ទៅបោះឆ្នោតជ្រើសរើស​នាយករដ្ឋមន្ត្រីថ្មីនោះទេ។ វាគឺជា​ការបោះឆ្នោត​ក្នុងជួរ​បក្ស​អភិរក្សនិយម ព្រោះថា បក្សនេះកំពុង​សំឡេង​ភាគច្រើន នៅក្នុងសភា​ស្រាប់ទៅហើយ។ ក្នុង​ករណីដែល​នាយករដ្ឋមន្ត្រី​លាឈប់​ពី​តំណែង មុនចប់អាណត្តិ​យ៉ាងដូច្នេះ គឺ​គណបក្ស​អភិរក្សនិយម ដែលជា​បក្សកាន់អំណាច ​ដែល​មានសិទ្ធិ​សម្រេច​ជ្រើសនាយករដ្ឋមន្ត្រី​ថ្មី តាមរយៈ ការបោះឆ្នោត​ផ្ទៃក្នុង ដើម្បី​ជ្រើសរើស​មេដឹកនាំ​បក្ស​ថ្មី។ មេដឹកនាំ​បក្សថ្មី​នឹង​ចូលកាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​ដោយ​ស្វ័យប្រវត្តិ។

អាច​ថា ក្នុង​រយៈពេល តែ ៤ខែ គណបក្ស​អភិរក្សនិយម​អង់គ្លេស បាន​បោះឆ្នោតផ្លាស់ប្តូរ​មេដឹកនាំ​បក្ស​ដល់ទៅ ២ដង។ លើកទី១ គឺ នៅពេល​លោកបូរីស ចនសុន ប្រកាស​លាចុះពីតំណែង​ប្រធានបក្ស ដោយសារ​តែ​រឿងអាស្រូវ​ភូតកុហក លួច​ជប់លៀង នៅក្នុង​ពេល​ប្រទេស​កំពុង​បិទខ្ទប់ ក្នុងអំឡុងវិបត្តិកូវីដ។ លើកទី​២​នេះ គឺ លោកស្រី លីហ្ហ ត្រាស្ស ដែលប្រកាស​ចុះចេញពីតំណែង​នាយករដ្ឋមន្រ្តី ដោយសារ​តែ គម្រោងច្បាប់​ហិរញ្ញវត្ថុ ដ៏​អប្រជាប្រិយភាព​របស់លោកស្រី។

មួយវិញទៀត ខុសពីការបោះឆ្នោត​ផ្ទៃក្នុងបក្ស​កាលពី​ខែ​កក្កដា ដែលត្រូវការពេលវេលា រាប់ខែ ការបោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានបក្សថ្មី ដែល​នឹង​ចូលកាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​ថ្មីបន្តពីលោកស្រី លីហ្ហ ត្រាស្ស លើកនេះ នឹង​ពង្រួញពេលវេលា​មកនៅត្រឹម ​១សប្តាហ៍ប៉ុណ្ណោះ។

ដើម្បី​អាចចូលរួម​ក្នុងការប្រកួតប្រជែង​យកតំណែង​ប្រធានបក្ស ឬ​នាយករដ្ឋមន្រ្តី បេក្ខជន​ត្រូវរក​សំឡេង​គាំទ្រ​របស់​សមាជិកសភា មកពីគណបក្ស អភិរក្ស​និយម យ៉ាងតិច ១០០សំឡេង ឲ្យ​បាន​ត្រឹម​ថ្ងៃចន្ទដើម​សប្តាហ៍ក្រោយ។ ដោយសារ​គណបក្ស​អភិរក្សនិយម​មាន​សំឡេង​៣៥៧ នៅ​ក្នុង​សភា ដូច្នេះ គេវាយតម្លៃថា នឹង​មាន​បេក្ខជន​តែ ៣នាក់ ប៉ុណ្ណោះ។ នៅថ្ងៃ​យប់​ថ្ងៃ​ចន្ទ សមាជិកសភា​មកពី​គណបក្ស​អភិរក្ស​និយម​ដដែល នឹង​បោះឆ្នោត ជ្រើសរើស​បេក្ខជនពីររូប។ ក្នុងករណីដែល​បេក្ខជន​១នាក់​ទទួលបាន​សំឡេង​គាំទ្រ​ផ្តាច់មុខ នៅ​សភា នោះ បេក្ខជន១នាក់​នោះ​នឹងត្រូវ​ជ្រើសរើស​ជា​នាយករដ្ឋមន្រ្តី​ភ្លាមតែម្តង។ ប៉ុន្តែ ក្នុងករណី​មាន​បេក្ខជន​២រូប ដែល​អាច​មាន​សំឡេងគាំទ្រ​ប្រកៀកប្រកើយគ្នា នោះ​សមាជិកទាំងអស់​របស់​បក្ស​អភិរក្ស​និយម ដែលមានចំនួន ជាង ១៧០ ០០០នាក់ នឹងមានពេល​​បោះឆ្នោត អេឡិចត្រូនិក រហូត​ដល់​ថ្ងៃសុក្រ ចុងសប្តាហ៍​ក្រោយ។ មានន័យថា នៅថ្ងៃ​សុក្រ​ទី ២៨ តុលា គេ​នឹង​ដឹងថា តើ​អ្នកណា​ដែលចូល​មកកាន់តំណែង​នាយករដ្ឋមន្រ្តី អង់គ្លេស​បន្តពីលោកស្រី លីហ្ហ ត្រាស្ស។

បេក្ខជន​បីរូបដែលលេចធ្លោ

គិត​រហូតមកដល់ថ្ងៃសុក្រ នៅមិនទាន់​បេក្ខជន​ណាម្នាក់ ចេញមុខ​ប្រកាស​ជា​ផ្លូវការ​សម្រាប់​ការប្រកួតប្រជែង​ដណ្តើម​តំណែង​ប្រធានបក្ស ឬ​តំណែង​នាយករដ្ឋមន្រ្តី​នៅឡើយទេ។ ប៉ុន្តែ គេសង្កេត​ឃើញមាន​បេក្ខជន​ដែលមាន​សក្តានុពល បីរូប។

ទីមួយ គឺលោក រីស្សី ស៊ុនណាក់​(Rishi Sunak) ដើមកំណើត​ឥណ្ឌា ដែល​ជា​មហាសេដ្ឋី និងធ្លាប់​ជា​អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល លោកបូរីស ចនសុន។ លោក​រីស្សី ស៊ុនណាក់​នេះ ធ្លាប់​ជា​បេក្ខជន​ប្រកួតប្រជែង​ទឹក​ចុងក្រោយ ជាមួយ លោកស្រី លីហ្ហ ត្រាស្ស។ លោក​ជា​បុគ្គល​ទី១ ដែល​សមាជិកសភា មកពីគណ​​បក្សអភិរក្សនិយម ​ពេញចិត្ត​ជាងគេ ប៉ុន្តែ លោកបាន​ចាញ់​លោកស្រី ត្រាស្ស កាលពីខែ កក្កដា ដោយសារលោក​​ទទួល​សំឡេងគាំទ្រតិច ក្នុងចំណោម​សមាជិកបក្ស។ អ្នកវិភាគ​មួយចំនួន​វាយតម្លៃ ថា ដោយ​មកពីមានការគាំទ្រច្រើន​របស់​សមាជិកសភា មកពីគណបក្ស​អភិរក្ស​និយម លោក រីស្សី ស៊ុនណាក់ នឹង​អាច​ជាប់ឆ្នោត ​ក្លាយជា​មេដឹកនាំ​បក្ស និង​ក្លាយជា​នាយករដ្ឋមន្រ្តី ដោយស្វ័យប្រវត្តិតែម្តង។

បេក្ខជន​ម្នាក់​ទៀត គឺ អតីត​រដ្ឋមន្ត្រី​ការពារជាតិ អ្នកស្រី ផែន្នី ម័រដូនត៍ (Penny Mordaunt)។ ដូច លោក​រីស្សី ស៊ុនណាក់ លោកស្រី ន្នី ម័រដូនត៍ ក៏ធ្លាប់ឈរឈ្មោះ និង​​ធ្លាប់​ចាញ់​ក្នុង​ដៃ​អ្នកស្រី​ លីស ត្រាស្ស ម្តងហើយ​កាលពី​រដូវ​ក្តៅ។

ចុងក្រោយគេ គឺ​លោក អតីតនាយករដ្ឋមន្រ្តី បូរីស​ចនសុនតែម្តង។ តាម​កាសែត​អង់គ្លេស លោកបូរីស ចនសុន ដែលបាន​ប្រកាស​លាចុះពីតំណែង ដោយសារ​តែ​រឿងអាស្រូវ ក៏​កំពុងតែ​រក​ផ្លូវ មក​ប្រកួត​ប្រជែង​ចង់កាន់អំណាចជាថ្មី ​ម្តងទៀតដែរ។

លោកបូរីស ចនសុន​មិនទាន់​ប្រកាស​ផ្លូវការ​បេក្ខភាព​របស់​លោកនោះទេ ប៉ុន្តែ សមាជិក​បក្ស​អភិរក្ស​និយមមួយចំនួន​កំពុង​ធ្វើយុទ្ធនាការចង់​ឲ្យ​លោកបូរីស ចនសុន​ត្រលប់មកវិញ ព្រោះគេ​យល់ថា មានតែ​លោក​ចនសុន​ម្នាក់គត់ ដែលអាច​បង្រួបបង្រួម​សមាជិកបក្ស ហើយ​លោក​មាន​សមត្ថភាព​ដើម្បី​ជំរុញ​ឲ្យបក្សឈ្នះឆ្នោត នៅ​២ឆ្នាំ​ខាងមុខ។

ប៉ុន្តែ សម្រាប់ មន្រ្តីបក្ស​កាន់អំណាច​ផ្សេងទៀត លោក​បូរីស ចនសុន ដែលកំពុង​ជាប់ក្នុងការស៊ើបអង្កេត​របស់​សភា ទាក់ទង​នឹង​ការចោទប្រកាន់​លើរឿងអាស្រូវ​រៀបចំ​ជប់លៀង ក្នុងពេល​ប្រទេស​កំពុង​ត្រូវ​បិទខ្ទប់ ដោយសារជំងឺរាតត្បាត​កូវីដ គួរ តែ​នៅ​ឃ្លាតឆ្ងាយ​ពីឆាកនយោបាយ​មួយរយៈសិន ព្រោះថា បើលោក​ចនសុន​ចង់ត្រលប់មកកាន់អំណាចវិញ នោះ វា​ជា​ការអាម៉ាស់ខ្លាំងណាស់ និងអាច​គំរាមកំហែង​អនាគត​កេរ្តិ៍ឈ្មោះ​របស់​បក្ស នៅក្នុង​ការបោះឆ្នោត​នៅ​អាណត្តិក្រោយ។

បញ្ហាគ្រប់ជំពូកកំពុងរង់ចាំអនាគតនាយករដ្ឋមន្រ្តីអង់គ្លេស

លោកស្រី លីហ្ហ ត្រាស្ស បាន​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​អង់គ្លេស បែបផ្លេកបន្ទោរ គឺ​មានរយៈពេល តែ​៤៤ថ្ងៃប៉ុណ្ណោះ ប៉ុន្តែ វា​បានធ្វើ​ឲ្យអង់គ្លេស​ជួប​វិបត្តិហិរញ្ញវត្ថុខ្លាំងមែនទែន។

គម្រោងច្បាប់​កាត់បន្ថយពន្ធ​ដ៏​អប្រជាប្រិយភាព​របស់​រដ្ឋាភិបាល​លោកស្រី ត្រូវ​បាន​លុបចោលទៅវិញមែន ប៉ុន្តែ វា​បាន​ធ្វើ​ឲ្យ​អ្នកវិនិយោគ បាត់បង់ជំនឿទុកចិត្ត​លើ​រដ្ឋាភិបាល និង​សេដ្ឋកិច្ច​របស់​អង់គ្លេស។ ដោយសារ​តែ​កង្វល់​របស់​អ្នកវិនិយោគ អត្រាការប្រាក់​បំណុល​របស់​អង់គ្លេស បានហក់ឡើង​រហូត​ដល់​៥% មុន​នឹង​ធ្លាក់ចុះមកវិញ នៅ​ជាង ៣% នៅក្រោយ លោកស្រី ត្រាស្ស ប្រកាស​ចុះចេញពីតំណែង​នាយករដ្ឋមន្រ្តី។

បន្ថែម​ពីលើនោះ វិបត្តិប្រាក់បំណុល កើនឡើង គឺ​វិបត្តិថាមពលឡើងថ្លៃ និង​វិបត្តិអតិផរណាដែលកំពុងដាក់សម្ពាធខ្លាំង​លើ​ប្រជាជន​អង់គ្លេស។

ដូច្នេះ មិនថា បេក្ខជនណា​នឹង​ចូលមកកាន់តំណែង​នាយករដ្ឋមន្រ្តីអង់គ្លេស​បន្ត​ពីលោកស្រី ត្រាស្ស​នោះទេ បេក្ខជន​នោះត្រូវ​រៀនសូត្រ​បទពិសោធន៍​របស់​លោកស្រី ត្រាស្ស ព្រោះថា ដោយសារ​តែ​ច្បាប់​កាន់បន្ថយ​ពន្ធ លើ​អ្នកមាន ដោយ​គ្មាន​ផែនការច្បាស់លាស់​ដើម្បី ជំរុញ សេដ្ឋកិច្ច លោកស្រី ត្រាស្សត្រូវ​ខ្ទាតចេញពីអំណាច ដែល​លោកស្រី​ទើបចូលកាន់បាន​តែ ៤៤​ថ្ងៃប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ