អានតួអត្ថបទ
រុស្ស៊ី-សង្គ្រាមអ៊ុយក្រែន

ពលរដ្ឋរុស្ស៊ីសម្រុកចូលបម្រើកងទ័ពដើម្បីសងសឹកក្រោយភេរវកម្មសម្លាប់រង្គាលនៅម៉ូស្គូ

ថ្ងៃពុធទី ៣ មេសា ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសឲ្យដឹងអំពី “ការកើនឡើងដ៏សន្ធឹកសន្ធាប់” នៃចំនួនពលរដ្ឋរុស្ស៊ី ដែលនាំគ្នាសម្រុកទៅចុះឈ្មោះ ចូលបម្រើជួរកងទ័ព។ ផ្អែកតាមប្រភពដដែល ពលរដ្ឋរុស្ស៊ីទាំងនេះ ចង់ចូលបម្រើទ័ព ក្នុងមូលហេតុចម្បងមួយ ពោលគឺដើម្បី សងសឹកជូនជនជាតិរុស្ស៊ី ដែលបានបាត់បង់ជីវិតក្នុងអំពើភេរវកម្ម សម្លាប់រង្គាល នៅជាយក្រុងម៉ូស្គូ កាលពីថ្ងៃទី ២២ មីនា កន្លងទៅ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ជាង ១៤០ នាក់។ ត្រឹមអំឡុងពេល ១០ ថ្ងៃប៉ុណ្ណោះ មានពលរដ្ឋរុស្ស៊ី ជាង ១៦ ០០០ នាក់ បានចុះឈ្មោះដើម្បីចូលរួមក្នុងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែន នេះបើយោងតាមតួលេខ ដែលផ្តល់ឲ្យដោយក្រសួងការពារជាតិរុស្ស៊ី។

ពលរដ្ឋរុស្ស៊ីនាំគ្នាសម្រុកចូលបម្រើកងទ័ពដើម្បីសងសឹកក្រោយភេរវកម្មសម្លាប់រង្គាលនៅម៉ូស្គូ
ពលរដ្ឋរុស្ស៊ីនាំគ្នាសម្រុកចូលបម្រើកងទ័ពដើម្បីសងសឹកក្រោយភេរវកម្មសម្លាប់រង្គាលនៅម៉ូស្គូ AFP - MIKHAIL METZEL
ផ្សាយពាណិជ្ជកម្ម

ក្នុងប្រទេសរុស្ស៊ី យុទ្ធនាការជ្រើសរើសយោធាអាជីព កំពុងបន្តទៅ នៅលើបណ្តាញសង្គម និង តាមរយៈសេចក្តីប្រកាស ដែលគេបិទផ្សាយនៅតាមដងផ្លូវក្នុងទីក្រុងនានា។ នៅក្នុងសេចក្តីប្រកាស ជ្រើសរើសនោះ រដ្ឋាភិបាលរុស្ស៊ី សន្យាផ្តល់លក្ខខណ្ឌដ៏អំណោយផល ចំពោះអនាគតទាហានគ្រប់រូប។  ជាលទ្ធផល ក្រសួងការពារជាតិរុស្ស៊ីបានប្រាប់ឲ្យដឹងថា គិតចាប់ពីដើមឆ្នាំ២០២៤ នេះមក មានពលរដ្ឋរុស្ស៊ីជាង ១០០ ០០០ នាក់ ដែលបានចុះឈ្មោះចូលបម្រើក្នុងជួរកងទ័ពរុស្ស៊ី។ 

ដោយឡែក កាលពីចុងខែធ្នូ ឆ្នាំ ២០២៣ រដ្ឋមន្ត្រីការពារជាតិ លោក Serguei Shoigou ធ្លាប់បានដាក់គោលដៅ ដោយមានមហិច្ឆតាបង្កើនចំនួនយោធាអាជីពចុះកុងត្រា ឲ្យឡើងដល់ប្រមាណ ៧៤៥ ០០០ នាក់ គិតពី ពេលនេះ រហូតដល់ដំណាច់ឆ្នាំ ២០២៤ នេះ។ ពោលគឺ ធ្វើយ៉ាងដើម្បីជម្រុញចំនួនយោធារុស្ស៊ី ឲ្យឡើងដល់ ១ លាន ៥ សែន នាក់។

ទន្ទឹមគ្នានេះ ចាប់តាំងពី ថ្ងៃចន្ទទី ១ មេសា មក មានយុទ្ធនាការការកោះហៅយុវជន ក្នុងវ័យពី ១៨ ឆ្នាំ ដល់ ៣០ ឆ្នាំ ឲ្យចូលបំពេញកាតព្វកិច្ចយោធា រយៈពេល ១ ឆ្នាំ។ ជាសរុប មានយុវជនចំនួនប្រមាណ ១៥០ ០០០ នាក់ ដែលបានបំពេញកាតព្វកិច្ចនេះ។ ក្រុមយោធាខាងលើ នឹងពុំត្រូវគេបញ្ជូន ទៅកាន់សមរភូមិប្រយុទ្ធ នៅអ៊ុយក្រែនឡើយ នេះបើតាមការអះអាងរបស់ ក្រសួងការពារជាតិ និង វិមានក្រេមឡាំង។

គួររំឭកឡើងវិញថា លោក វ៉្លាឌីមៀរ ពូទីន នៅតែបន្តចោទ អ៊ុយក្រែន ថាជាអ្នកនៅពីក្រោយ អំពើភេរវកម្មនៅម៉ូស្គូ ទោះបីអង្គការរដ្ឋអ៊ីស្លាម បានចេញមុខអះអាងថាជាស្នាដៃរបស់ខ្លួនណាក្តី។ ជាច្រើនដង អ៊ុយក្រែន បានប្រកែកដាច់ខាត ថាខ្លួនពុំមានជាប់ពាក់ព័ន្ធនិង ការវាយប្រហារនេះឡើយ។ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ