អានតួអត្ថបទ
សហរដ្ឋអាមេរិក-អ៊ុយក្រែន

អូបាម៉ា​ថ្លែង​សរសើរ​ពី​វីរៈភាព​របស់​ប្រធានាធិបតី​អ៊ុយក្រែន​ចំពោះមុខ​មហិច្ឆិតា​របស់​រុស្ស៊ី

ក្នុង​ឱកាស​ជួប​សន្ទនា​គ្នា​រវាង​លោក​ប៉េត្រូ ប៉ូរ៉ូឆិនកូ ប្រធានាធិបតី​អ៊ុយក្រែន និង​លោក​បារ៉ាក់ អូបាម៉ា នៅ​សេតវិមាន​ ក្រុង​វ៉ាស៊ីនតោន លោក​អូបាម៉ា បាន​ថ្លែង​សរសើរ​ដល់​វីរៈភាព របស់​លោក​ប្រធានាធិបតី​អ៊ុយក្រែន ដែល​មាន​សេចក្តី​ក្លាហាន ដឹកនាំ​ប្រទេស​ឆ្លងកាត់​វិបត្តិ​នយោបាយ និង​សង្គ្រាម និង​ជាពិសេស ចំពោះ​មុខ​ការ​ឈ្លានពាន​ពី​សំណាក់​​នយោបាយ​វាទទី​របស់​រុស្ស៊ី។ ដោយ​បាន​សន្យា​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ ដើម្បី​ឲ្យ​អ៊ុយក្រែន​ ពង្រឹង​វិស័យ​យោធា អាមេរិក​បាន​បដិសេធ​ មិន​ផ្តល់​ជា​គ្រឿង​សព្វាវុធ​ដល់​អ៊ុយក្រែន​ទេ។

លោកប៉េត្រូ ប៉ូរ៉ូឆិនកូ​ ធ្វើ​សន្ទរកថា ​ថ្កោលទោស​រុស្ស៊ី​ដែល​​បាន​ឈ្លានពាន​អ៊ុយក្រែន ​លេប​ត្របាក់​យក​តំបន់​គ្រីម៉េ ​នោះ​ចំពោះ​មុខ​សភា​ជាន់ខ្ពស់​អាមេរិក កាល​ពី​ថ្ងៃ ១៨ កញ្ញា ២០១៤
លោកប៉េត្រូ ប៉ូរ៉ូឆិនកូ​ ធ្វើ​សន្ទរកថា ​ថ្កោលទោស​រុស្ស៊ី​ដែល​​បាន​ឈ្លានពាន​អ៊ុយក្រែន ​លេប​ត្របាក់​យក​តំបន់​គ្រីម៉េ ​នោះ​ចំពោះ​មុខ​សភា​ជាន់ខ្ពស់​អាមេរិក កាល​ពី​ថ្ងៃ ១៨ កញ្ញា ២០១៤
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទីមួយ​ហើយ​ ​ដែល​លោក​ប៉េត្រួ ប៉ូរ៉ូឆិនកូ បាន​ទៅ​ដល់​សេតវិមាន នៅ​ទីក្រុង​វ៉ាស៊ីនតោន ក្នុង​នាម​ជា​ប្រធានាធិបតី​អ៊ុយក្រែន ដើម្បី​ជួប​សន្ទនា​ដោយ​ផ្ទាល់​ ជាមួយ​លោក​បារ៉ាក់​អូបាម៉ា និង​ថ្លែងការណ៍​នៅ​ចំពោះមុខ​សភា​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក។ ស្ថិត​ក្នុង​បរិបទ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នៅ​អ៊ុយក្រែន និង​ដែល​មាន​ការ​លូកដៃ​ឈ្លានពាន​ពី​សំណាក់​រុស្ស៊ី លោក​ប្រធានាធិបតី​អ៊ុយក្រែន បាន​កាច់​ចង្កូត​ប្រទេស ទៅ​អែប​ជាប់​ជាមួយ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដើម្បី​ទទួល​បាន​នូវ​ការ​ការពារ និង​គាំទ្រ ទប់ទល់​ជាមួយ​ចង្កូម​របស់​រុស្ស៊ី។

 
លោក​បារ៉ាក់ អូបាម៉ា បាន​ថ្លែង​សរសើរ​អំពី​វីរៈភាព និង​សេចក្តី​ក្លាហាន​ក្នុង​ការ​សម្រេចចិត្ត របស់​លោក​ប៉ូរ៉ូឆិនកូ ដែល​បាន​ជ្រើសរើស​យក​លោកសេរី ក្នុង​ការ​អភិវឌ្ឍន៍​ជោគ​វាសនា​អណាគត​របស់​អ៊ុយក្រែន។ មួយវិញ​ទៀត លោក​អូបាម៉ា​ បាន​ថ្លែង​សរសើរ និង​គាំទ្រ លើ​ភាព​មោះមុត​របស់​លោក​ប៉ូរ៉ូឆិនកូ ដែល​បាន​ដាក់​ស្នើ​នូវ​គម្រោងការ​សន្តិភាព ដោយ​ក្នុង​នោះ​ លោក​បាន​សន្យា​ផ្តល់​ស្វ័យភាព​មួយ​ចំនួន​ដល់​ដែនដី​ភាគ​ខាងកើត​អ៊ុយក្រែន និង​បាន​សន្យា​ ថា​នឹងមិន​ចាប់​ទោស​អូស​ដំណើរ​ដល់​ពួក​ឧទ្ទាម។

លោក​បារ៉ាក់ អូបាម៉ា បាន​ព្រមព្រៀង​ប្រគល់​ទឹកប្រាក់​ចំនួន​៤៦លាន​ដុល្លារ ដើម្បី​ឲ្យ​អ៊ុយក្រែន​យក​ទៅ​ពង្រឹង​វិស័យ​ការពារ​ជាតិ។ ទោះបី​ជា​យ៉ាងណា អាមេរិក បាន​បដិសេធ​​មិន​ប្រគល់​អាវុធ​ដល់​ទាហាន​រដ្ឋាភិបាល​អ៊ុយក្រែន​ទេ។ រឿង​មួយ​ទៀត​នោះ គឺ​លោក​ប៉ូរ៉ូឆិនកូ ចង់​បាន​ការ​គាំទ្រ​របស់​អាមេរិក ក្នុងការ​ប្រគល់​ឲ្យ​នូវ​អភ័យឯកសិទ្ធិ​ពិសេស​ របស់​អង្គការ​អូតង់​ មក​ឲ្យ​អ៊ុយក្រែន។ ទាក់ទង​នឹង​បញ្ហា​នេះ លោក​អូបាម៉ា បាន​បដិសេធ ដោយ​លោក​យល់ឃើញ​ថា អភ័យឯកសិទ្ធិ​នោះ វា​នឹង​មិន​បាន​ជួយ​អ្វី​អ៊ុយក្រែន​ ឲ្យ​លើស​ពី​នេះ​ទេ។

សូម​រំលឹក​ផងដែរ​ថា វិបត្តិ​នៅ​អ៊ុយក្រែន បាន​ធ្វើ​ឲ្យ​រងើក​ភ្លើង​សង្រ្គាម​ត្រជាក់​រវាង​លោក​ខាងលិច និង​រុស្ស៊ី​ឆាបឆេះ​ឡើង​ញ។ រុស្ស៊ី​ដែល​បាន​គាំទ្រ​ពួក​ឧទ្ទាម ហើយ​បាន​បញ្ជូន​ទាហាន​ជាច្រើន​ពាន់នាក់​ ចូល​ដី​អ៊ុយក្រែន ត្រូវ​បាន​លោក​ខាងលិច​ថ្កោលទោស និង​ដាក់​ចេញ​ជា​បន្តបន្ទាប់​នូវ​ទណ្ឌកម្ម​សេដ្ឋកិច្ច។ ទោះ​បី​ជា​យ៉ាងណា ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន ហាក់​ធ្វើ​ហី​ មិន​ខ្វល់​នូវ​ការ​ចោទ​ប្រកាន់ និង​ទណ្ឌកម្ម​អ្វី​ទាំង​អស់ ព្រម​ទាំង​បាន​ ចោទ​អឺរ៉ុប​ថា​បាន​ធ្វើ​ផ្ទុយ​ពី​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី។ លោក​ពូទីន​ដែល​និយាយ​មិន​ទៀង ម្តងក្តៅ​ម្តងត្រជាក់ បាន​ថ្លែង​គាំទ្រ​គម្រោងការ​សន្តិភាព​ស្នើ​ដោយ​លោក​ប៉ូរ៉ូឆិនកូ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ រុស្ស៊ី​បាន​បញ្ជូន​ទ័ព​៤០០០នាក់​បន្ថែម​ទៀត ឲ្យ​ចល័ត​នៅ​តាម​ព្រំដែន​ក្នុង​តំបន់​គ្រីម៉េ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ