អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ស៊ូដង់ខាងត្បូង៖ការ​ប្រារព្ធខួប​ឯករាជ្យ​ជាតិ​ដែល​គ្រប​ដណ្តប់​ដោយ​សង្រ្គាមស៊ីវិល និង​គ្រោះទុរ្ភិក្ស

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃទី៩ កក្កដា ឆ្នំា ២០១៤ ស៊ូដង់ខាងត្បូង​បាន​រៀបចំ​ប្រារព្ធ​ខួប​គម្រប់ ៣ឆ្នំា​នៃ​ការ​ផ្តាច់​ខ្លួន​ចេញ​ពី​ស៊ូដង់​កាល​ពី​ថ្ងៃទី៩ កក្កដា ឆ្នំា ២០១១។ ក៏​ដូច​ជា​នៅ​ក្នុង​រយៈពេល ២ឆ្នំា​កន្លង​ទៅ​ដែរ ការ​រៀបចំ​បុណ្យ​ឯករាជ្យ​ក្នុង​ឆ្នំា ២០១៤ ត្រូវ​បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល​ប្រទេស​កំពុង​បន្ត​ញំាញី​ដោយ​សង្រ្គាមស៊ីវិល និង​គ្រោះអត់ឃ្លាន។ ជា​ថ្មី​ម្តង​ទៀត​នា​ឱកាស​ពិធី​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ឆ្នំា​ទី៣​នេះ លោក​ប្រធានាធិបតី​ស៊ូដង់ខាងត្បូង​សាលវ៉ា គៀរ​បាន​អំពាវនាវ​ចលនា​ឧទ្ទាម​ចូល​មក​កាន់​តុចរចា​ឡើង​វិញ។

លោក​រៀក ម៉ាស្ហា (រូបឆ្វេង) និង​លោក​សាលវ៉ា គៀរ (រូបស្តំា)
លោក​រៀក ម៉ាស្ហា (រូបឆ្វេង) និង​លោក​សាលវ៉ា គៀរ (រូបស្តំា) REUTERS/Andreea Campeanu
ផ្សាយពាណិជ្ជកម្ម

វា​ពិត​ជា​រឿង​មួយ​ធម្មតា និង​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទាល់​តែ​សោះ​ដែល​ប្រទេស​មួយ​បាន​រៀបចំ​ប្រារព្ធ​បុណ្យ​ខួប​ឯករាជ្យជាតិ​របស់​ខ្លួន។ តែ​អ្វី​ដែល​ហាក់​ដូច​ជា​ចម្លែក​បន្តិច​នៅ​ក្នុង​ប្រទេស​ស៊ូដង់​នោះ​គឺ​ថា ប្រទេស​អាហ្រ្វិក​មួយ​នេះ​បែរ​ជា​ត្រូវ​បាន​ពុះជ្រៀក​ជា​ពីរ​បំណែក​ទៅ​វិញ គឺ​ស៊ូដង់ខាងជើង និង​ស៊ូដង់ខាងត្បូង។ ស៊ូដង់ខាងត្បូង​ដែល​បាន​ផ្តាច់​ខ្លួន​ចេញ​ពី​ស៊ូដង់​តាម​ការ​ចង់​បាន​របស់​ប្រជាជន​ស៊ូដង់​នៅ​ប៉ែកខាងត្បូង​តំាង​ពី​ថ្ងៃទី៩ កក្កដា ឆ្នំា ២០១១ មក​ម្ល៉េះ។ ដូច្នេះ​ឃើញ​ថា អស់​រយៈពេល ៣ឆ្នំា​កន្លង​មក​ហើយ​ដែល​ស៊ូដង់ខាងត្បូង​បាន​ផ្តើម​រស់នៅ​ដោយ​ខ្លួន។ តែ​បញ្ហា​នៅ​ត្រង់​ថា ទន្ទឹម​នឹង​ការ​ត្រេកត្រអាល​ចំពោះ​ឯករាជ្យភាព​របស់​ខ្លួន រដ្ឋ​ដ៏​ក្មេង​ខ្ចី​មួយ​នេះ​ក៏​បាន និង​កំពុង​បន្ត​ញំាញី​ដោយ​សង្រ្គាមស៊ីវិល និង​កំពុង​ទទួល​ការ​គំរាមកំហែង​ដោយ​គ្រោះ​ទុរ្ភិក្ស​ផង​ដែរ។

អ៊ីចឹង​ហើយ​បាន​ជា​នា​ឱកាស​ពិធី​ប្រារព្ធ​បុណ្យឯករាជ្យ លោក​ប្រធានាធិបតី​ស៊ូដង់ខាងត្បូង​សាលវ៉ា គៀរ​បាន​អំពាវនាវ​ឲ្យ​ក្រុមឧទ្ទាម​ទម្លាក់​អាវុធ​ចុះ និង​ត្រឡប់​មក​កាន់​តុចរចា​សន្តិភាព​ជា​ថ្មី។ សូម​រម្លឹក​ជូន​ឡើង​វិញ​បន្តិច​ថា ក្រុមឧទ្ទាម​ដែល​កំពុង​ប្រឆំាង​លោក​សាលវ៉ា គៀរ​សព្វថ្ងៃ​នេះ គឺ​ជា​ក្រុម​ដែល​គំាទ្រ​លោក​រៀក ម៉ាស្ហា អតីត​អនុប្រធានាធិបតី។ រូប​លោក​រៀក ម៉ាស្ហា​ដែល​ត្រូវ​បាន​លោក​សាលវ៉ា គៀរ​ដក​ចេញ​ពី​តំណែង​កាល​ពី​ខែ​កក្កដា​ឆ្នំា ២០១៣។ ដូច្នេះ​ឃើញ​ថា ដើមចម​នៃ​សង្រ្គាមស៊ីវិល​នៅ​ស៊ូដង់ខាងត្បូង​បច្ចុប្បន្ន គឺ​បាន​កើត​ចេញ​ពី​អតីត​ដៃគូនយោបាយ​ទំាង​ពីរ​រូប​នោះ​ឯង។

តំាង​ពី​ថ្ងៃ​ទី១៥ ធ្នូ ឆ្នំា ២០១៣ មក ពោល​ប៉ុន្មាន​ខែ​ក្រោយ​ការ​ដក​តំណែង​លោក​រៀក ម៉ាស្ហា​មក ស៊ូដង់ខាងត្បូង​បាន​ផុង​ខ្លួន​ក្នុង​ទង្វើ​សម្លាប់​រង្គាល​រវាង​ជាតិពិន្ធុ និង​អំពើ​សាហាវ​យង់ឃ្នង​គ្រប់​រូបភាព។ ក្រោម​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ អតីត​ដៃគូនយោបាយ​ទំាង​ពីរ​នាក់​ក៏​បាន​យល់ព្រម​អង្គុយ​ចរចា​គ្នា និង​បាន​ចុះ​កិច្ច​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ចំនួន ៣ដង។ តែ​មក​ដល់​ម៉ោង​នេះ កិច្ចព្រមព្រៀង​ឈប់បាញ់​គ្នា​មាន​តែ​នៅ​លើ​ក្រដាស ដោយ​គូបដិបក្ខ​ទំាង​ពីរ​បន្ត​ប្រើ​ចុង​កំាភ្លើង​ដើម្បី​ជម្រះ​បញ្ជី​រវាង​គ្នា និង​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅ​វិញ ទៅ​មក។

ជា​ថ្មី​ម្តង​ទៀត​ពេល​នេះ និង​ក្រោម​ការ​អំពាវនាវ​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន លោក​សាលវ៉ា គៀរ និង​លោក​រៀក ម៉ាស្ហា​បាន​ព្យាយាម​ស្វែង​រក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​វិបត្តិ។ « បើ​យើង​មិន​បញ្ចប់​សង្រ្គាម​ទេ នោះ​នឹង​មាន​ជនស៊ីវិល​ស្លាប់​កាន់​តែ​ច្រើន​ថែម​ទៀត » នេះ​ជា​ការ​ព្រមាន​របស់​លោក​សាលវ៉ា គៀរ ដោយ​បាន​ស្នើ​គូបដិបក្ខ​ឲ្យ​ចូល​កាន់​តុ​ចរចា​ឡើង​វិញ។ រីឯ​លោក​រៀក ម៉ាស្ហា​ក៏​បាន​ប្រកាស​ត្រៀម​គ្នា​ដើម្បី​ត្រឡប់​ទៅ​កាន់​តុចរចា​ដែរ តែ​ជាមួយ​គ្នា​នេះ លោក​រៀក ម៉ាស្ហា​ក៏​បាន​ឆ្លៀត​វ៉ៃប្រហារ​ថា នៅ​ក្រោម​ការ​កាន់កាប់​របស់​លោក​សាលវ៉ា គៀរ ស៊ូដង់ខាងត្បូង​ស្គាល់​តែ​របប​ផ្តាច់ការ អនាធិបតេយ្យ អំពើពុករលួយ និង​គ្មាន​ការ​អភិវឌ្ឍន៍​ទេ។

វា​ពិត​ជា​រឿង​មួយ​ធម្មតា​ទេ​ដែល​អតីតដៃគូ​នយោបាយ​ទំាង​ពីរ​បាន​បន្ត​ចោទ​គ្នា​ទៅ​វិញ ទៅ​មក និង​ព្យាយាម​លើក​យក​ហេតុផល​សមស្រប​របស់​ខ្លួន​មក​ពន្យល់​បកស្រាយ។ តែ​អ្វី​ដែល​ឥស្សរជន​នយោបាយ​ទំាង​ពីរ​ហាក់​ដូច​ជា​មិន​បាន​លើក​យក​មក​បង្ហាញ​ប្រាប់​សហគមន៍​ជាតិ និង​អន្តរជាតិ​នោះ គឺ​ផល​វិបាក​ធ្ងន់ធ្ងរ​ដែល​ប្រទេស​កំពុង​ជួប​ប្រទះ​នា​ពេល​សព្វថ្ងៃ។ សង្រ្គាម​ស៊ីវិល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​រាប់សិបពាន់នាក់ និង​បាន​បង្ខំ​ឲ្យ​មាន​អ្នក​រត់​ចោល​ផ្ទះសម្បែង​ប្រមាណ​ជា ១លាន ៥សែននាក់​ផ្សេង​ទៀត។ ឥឡូវ​នេះ និង​អ្វី​ដែល​សហគមន៍​អន្តរជាតិ​កំពុង​បារម្ភ​ខ្លំាង​ជាង​គេ​នោះ គឺ​គ្រោះ​ទុរ្ភិក្ស​ដែល​បង្ក​ចេញ​ដោយ​សង្រ្គាមស៊ីវិល​នោះ​ឯង។

« ស៊ូដង់ខាងត្បូង ជា​ដែនដី​ជង្រុក​ប្រេងកាត តែ​ប្រទេស​ក្មេងខ្ចី​មួយ​នេះ​កំពុង​ស្ថិត​មាត់ជ្រោះ​នៃ​មហន្តរាយ​មនុស្សធម៌ » នេះ​ជា​ការ​ប្រកាស​របស់​លោកស្រី ហ៊ីដ ចនសុន ប្រធាន​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​ប្រចំា​ស៊ូដង់ខាងត្បូង​ដែល​ត្រូវ​បញ្ចប់​អាណត្តិ​ក្នុង​ឆ្នំា​នេះ។ យោង​តាម​លោកស្រី​ចនសុន ស៊ូដង់ខាងត្បូង​នឹង​ធ្លាក់​ក្នុង​គ្រោះ​ទុរ្ភិក្ស​ដ៏​រុំារ៉ៃ​មួយ​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិ​របស់​ខ្លួន​ទេ។ រីឯ​អង្គការ Oxfam ឯណោះ​បាន​ផ្តល់​ជា​តួលេខ​ច្បាស់​ថា មាន​ប្រជាជន​ស៊ូដង់ខាងត្បូង​ជិត ៤លាននាក់ ពោល​ស្មើ​នឹង ១ភាគ៤​នៃ​ប្រជាជន​សរុប​កំពុង​ទទួល​ការ​គំរាមកំហែង​ដោយ​គ្មាន​អាហារ​បរិភោគ។ យោង​តាម​អង្គការ Unicef មាន​កូនក្មេង​១នាក់​ក្នុង​ចំណោម ៣នាក់​គ្មាន​អាហារ​គ្រប់គ្រាន់​ទេ ហើយ​បើ​ពុំ​មាន​ការ​ជួយ​ឧបត្ថម្ភ​ឲ្យ​បាន​ទាន់​ពេល​វេលា​ទេ នោះ​នឹង​មាន​កូនក្មេង​ស្លាប់​យ៉ាង​តិច ៥០ ០០០នាក់​ពី​ពេល​នេះ ទៅ​ដល់​ដំណាច់​ឆ្នំា ២០១៤ នេះ។

តើ​វា​មិនមែន​ជា​រឿង​អាសន្ន​ដែល​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់​ទេ ឬ​យ៉ាង​ណា និង​ថា តើ​វា​ល្មម​ដល់​ពេល​ដែល​សហគមន៍​អន្តរជាតិ​ត្រូវ​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្លំាងក្លា​បន្ថែម​ទៀត​ហើយ ឬ?

មែនទែន​ទៅ អ្នក​ដែល​ត្រូវ​ឆ្លើយ​នឹង​សំណួរ​ខាង​លើ​មុន​គេ គឺ​ភាគី​ស៊ូដង់ខាងត្បូង​ខ្លួន​ឯង​តែ​ម្តង ពិសេស​គឺ​លោក​សាលវ៉ា គៀរ និង​លោក​រៀក ម៉ាស្ហា។ គឺ​តួអង្គ​ទំាង​ពីរ​រូប​នេះ​ឯង​ដែល​បាន​នំា​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​ស្ថានការណ៍​ដូច​សព្វ​ថ្ងៃ​នេះ។ ដូច្នេះ​អ្វី​ដែល​អ្នក​ទំាង​ពីរ​ត្រូវ​សម្រេច​មុន​គេ​នោះ គឺ​កិច្ចព្រមព្រៀង​សន្តិភាព​ជា​ស្ថាពរ​មួយ។ គ្មាន​បទ​ឈប់បាញ់​ពិត​ប្រាកដ ក៏​គ្មាន​បេសកកម្ម​មនុស្សធម៌​អន្តរជាតិ​ដែរ។ នៅ​ពេល​នោះ គ្រោះមហន្តរាយ​មនុស្សធម៌​នឹង​ចៀស​មិន​រួច ហើយ​អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ប្រវត្តិសាស្រ្ត​របស់​ប្រទេស គឺ​គ្មាន​នរណា​ក្រៅ​ពី​លោក​សាលវ៉ា គៀរ និង​លោក​រៀក ម៉ាស្ហា​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ